សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

សមាជិក​ចលនា​សុវណ្ណ​ភូមិ​សុំ​ពន្លឿន​សវនាការ​ឧទ្ធរណ៍

120718_09a
​ក្រុម​ដែល​តុលាការ​​ចោទជា​​​សមា​ជិក​​​ចលនា​សុ​វណ្ណ​ភូមិ 
ពេល​នាំឡើង​ស​វនាការ​ពីខែតុលា​ឆ្នាំមុន​​
ភ្នំពេញៈ ក្រុម​គ្រួសារ​និង​មេធាវី​ការ​ពារ​ក្តី​របស់​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ កាល​ពី​ឆ្នាំ​មុន ដោយ​សារ​តែ​ជា​សមាជិក​នៃ​ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ហៅ​ថា ចលនា​កង​ទ័ព​សុវណ្ណភូមិ បានស្នើ​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​ដោះ​លែង​បុរស​ម្នាក់​នោះ​ឲ្យ​មាន​សេរីភាព កាល​ពី​ម្សិល​មិញ។
លោក វី សុទ្ធ អាយុ ៣៤ ឆ្នាំ ជា​កូន​ប្រុស​របស់​លោក ផ្លត វី អាយុ ៦៣ ឆ្នាំ បាន​ថ្លែង​ថា ឪពុក​លោក​ជា​ជន​គ្មាន​កំហុស ហើយ​ត្រូវ​គេ​ល្បួង​បញ្ចុះ​បញ្ចូល​ដោយ​លោក ផេង ឌីម៉ា មន្រ្តី​ជាន់​ខ្ពស់​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ឲ្យ​បន្លំ​ខ្លួន​ជ្រៀត​ចូល​ក្នុង​ចលនា​កង​ទ័ព​សុវណ្ណ​ភូមិ ដើម្បី​ប្រមូល​ព័ត៌មាន​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា។
លោក វី សុទ្ធ បាន​រៀប​រាប់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា៖ «​គាត់​មិន​មែន​ជា​ជន​ក្បត់​ជាតិ​នោះ​ទេ ប៉ុន្តែ ​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​កម្ពុជា ហើយ​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​ចំនួន ១៥ ឆ្នាំ»។ លោក​បាន​បញ្ជាក់​ថា ឪពុក​របស់​លោក ដែល​ជា​អតីត​គ្រូ​ថ្នាំ​បុរាណ មាន​កូន​ប្រាំបួន​នាក់​ត្រូវ​ថែ​ទាំ​។ «​ដើម្បី​រក​យុត្តិ​ធម៌​ឲ្យ​គាត់ ខ្ញុំ​សូម​សាលា​ឧទ្ធរណ៍​យក​រឿង​ក្តី​របស់​គាត់​បើក​សវនា​ការ​ឲ្យ​ បានឆាប់ ហើយ​រក​យុតិ្ត​ធម៌​ឲ្យ​គាត់ និង​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព»។

លោក ផ្លត​ វី ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៦នាក់​ ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​កាល​ពី​ខែ​តុលា ​ឆ្នាំមុន ពី​បទ​បង្កើត​ចលនា​ប្រដាប់​អាវុធ​ខុស​ច្បាប់។ នៅ​ពេល​នោះ លោក ជា សារ៉ាន់ មេ​ដឹកនាំ​ក្រុម​នេះ​បាន​ថ្លែង​ថា ក្រុម​នេះ​បាន​បង្កើត​ឡើង​នៅ​ពេល​មន្រ្តី​រដ្ឋាភិបាល​តៃវ៉ាន់ បាន​ផ្តល់​ប្រាក់ ២០​លាន​ដុល្លារ​អាមរិក ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ជា​ការ​អះអាង​ដែល​គ្មាន​ភស្តុ​តាង​។
លោក ជា សុភី មេធាវី​ការ​ពារ​លោក ផ្លត វី បាន​បដិសេធ​ថា កូន​ក្តី​របស់​លោក​ មិន​បាន​ពាក់​ព័ន្ធ​នឹង​ក្រុម​នេះ​ទេ។
លោក​លើក​ឡើង​ថា៖ ​«​កូនក្តី​ខ្ញុំ​ត្រូវ​ចាត់​តាំង​ដោយ​មន្រ្តី​រដ្ឋាភិ​បាល​កម្ពុជា​ឲ្យ ចូល​រួម និង​ធ្វើ​ការ​ជាមួយ​នឹង​ចលនា​ប្រដាប់​អាវុធ​នេះ ដើម្បី​ប្រមូល​ព័ត៌មាន​ពី​សកម្ម​ភាព​របស់​ចលនា និង​រាយ​ការណ៍​ជូន​រដ្ឋាភិបាល​»។
លោក​បាន​សង្កត់​ធ្ងន់​លើ​ភាព​គ្មាន​កំហុស​របស់​លោក ផ្លត វី ហើយ​បាន​អំពាវ​នាវ​ឲ្យ​តុលាការ​ឧទ្ធរណ៍​ពន្លឿន​សវនា​ការ។
លោក ផ្លត វី ​និយាយ​ផ្ទាល់ កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ ថា ការ​ចូល​រួម​ចលនា​របស់​លោក​បាន​ដឹង និង​ឯក​ភាព​យល់​ព្រម​ពី​លោក ផេង ឌីម៉ា។ លោក ផេង ឌីម៉ា មិន​អាច​ទាក់​ទង​បាន​ទេ​ កាល​ពី​ម្សិលមិញ​ ហើយ​មន្រ្តី​សាលា​ឧទ្ធរណ៍​ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ​។ លោកង៉ែត សា​រ៉ាត ​អគ្គ​ព្រះ​រាជ​អាជ្ញា​រង​សាលា​ឧទ្ធរណ៍ បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ​រឿង​ក្តី​នេះ៕ 

No comments:

Post a Comment

yes