ភ្នំពេញ: ពិធីប្រកាសរួមបញ្ចូលគ្នាជាគណបក្សតែមួយ រវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ ខេត្តកំពង់ចាម បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១២ ក្រោមអធីបតីភាព លោក ទុំ សំបូរ ប្រធានក្រុមការងារគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រចាំខេត្តកំពង់ចាម និងលោក ថាវ គឹមឡុង អគ្គលេខាធិការរងគណបក្ស នរោត្តម រណឫទ្ធិ។
ក្នុងពិធីនោះ សកម្មជនមកពីគណបក្ស នរោត្តម រណឫទ្ធិ ចំនួន១៥ រូប ដឹកនាំដោយ លោក ថាវ គឹមឡុង ដែលរួមមាន សមាជិកក្រុមការងារបោះឆ្នោត អនុប្រធានប្រតិបត្តិខេត្ត និងប្រធាន-អនុប្រធានប្រតិបត្តិស្រុក មកពីស្រុកចំនួន១១ ត្រូវបានប្រកាសបញ្ចូលក្នុងរចនាសម្ព័ន្ធគណបក្សហ្វ៊ុនស៊ិនប៉ិចតែមួយ ចាប់ពីថ្ងៃនេះតទៅ។
ក្នុងពិធីនោះ សកម្មជនមកពីគណបក្ស នរោត្តម រណឫទ្ធិ ចំនួន១៥ រូប ដឹកនាំដោយ លោក ថាវ គឹមឡុង ដែលរួមមាន សមាជិកក្រុមការងារបោះឆ្នោត អនុប្រធានប្រតិបត្តិខេត្ត និងប្រធាន-អនុប្រធានប្រតិបត្តិស្រុក មកពីស្រុកចំនួន១១ ត្រូវបានប្រកាសបញ្ចូលក្នុងរចនាសម្ព័ន្ធគណបក្សហ្វ៊ុនស៊ិនប៉ិចតែមួយ ចាប់ពីថ្ងៃនេះតទៅ។
លោក ទុំ សំបូរ បានមានប្រសាសន៍ថា នេះគឺជាការរួមបញ្ចូលគ្នាជាលើកទី១ រវាងគណបក្សទាំងពីរ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ហើយក៏ជាសញ្ញាជោគជ័យមួយ សម្រាប់គណបក្សរាជានិយម ដែលបានបែកបាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយយើងត្រូវរួមសាមគ្គីគ្នា ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងការអធ្យាស្រ័យគ្នា។
នាឱកាសនោះលោក ថាវ គឹមឡុង ក៏បានលើកឡើងអំពីការបង្រួបបង្រួមគណបក្សរាជានិយមទាំងពីរនេះ យោងតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ដោយមានសម្តេចនាយករដ្ឋមន្ត្រីធ្វើជាមេបា។
លោកបានមានប្រសាសន៍បន្តថា នេះជាការរួបរួមតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលចង់ឃើញកម្លាំងរាជានិយមរស់នៅក្នុងដំបូលតែមួយ ហើយធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាស្វែងរកការគាំទ្រ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខ។
លោក ថាវ គឹមឡុង បានបញ្ជាក់បន្ថែមថា “ក្រៅពីសមាជិកទាំង១៥រូប នៅថ្ងៃនេះ នៅមានសមាជិកគណបក្សនរោត្តម រណឫទ្ធិ ជាច្រើនទៀតនៅទូទាំងខេត្តកំពង់ចាម រួមមានប្រតិបត្តិស្រុក និងឃុំ ដែលកំពុងរៀបចំ និងស្នើសុំបញ្ចូលទៅក្នុងរចនាសម័ន្ធគណបក្សហ្វ៊ុនស៊ិនប៉ិច ជាបន្តបន្ទាប់”។
ជាការកត់សម្គាល់ ការប្រកាសពីការរួបរួមរវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ នាពេលនេះ ធ្វើឡើង ដោយមិនមានការឯកភាពពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទេ។ គណបក្សនរោត្តម រណឫទ្ធិ កំពុងបែកបាក់ ដោយអ្នកជិតស្និទ្ធនឹងលោក សៅរ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ ដែលត្រូវសម្តេចក្រុមព្រះ ប្រកាសដកតំណែង បានចាកចេញពីព្រះអង្គ ហើយទៅរួបរួមនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ៕
No comments:
Post a Comment
yes