លោក ព្រឹទ្ធាចារ្យ មុត ប៊ាន ព្យាយាមនិយាយជាមួយនឹងចាស់ៗ
និងកូនចៅពេលភ្ញាក់ដឹងខ្លួនពីស្លាប់វិញ
លោកតា មុត ប៊ាន ថតរូបជាមួយនឹងកូន ចៅ ចៅទួត ចៅលួត
ភ្នំពេញៈ អាចារ្យភ្លុកដែលកំពុងបិទភ្នែកសញ្ជឹងសូត្រព្រះធម៌យ៉ាងរត់មាត់ ស្ទាត់ជំនាញនោះ បានភ្ញាក់ក្រញាងខ្លួនស្ទើរស្ទុះរត់ស្រែកហៅគេឯងថា ជួយផង! ខ្មោចលង! ជួយផង! ខ្មោចលង! ខណៈពេលកំពុងអង្គុយសូត្រៗ ស្រាប់តែខ្លួនប្រាណព្រឹទ្ធាចារ្យចាស់អាយុ១០២ឆ្នាំ ដែលគេម្នាក់ៗគិតថាបានស្លាប់ទៅហើយ ហើយកំពុងរៀបចំធ្វើពិធីបុណ្យតាមប្រពៃណីនោះ បានស្ទុះងើបក្រញាងដៃជើងគួរឲ្យភ្ញាក់ផ្អើលនោះ។
លោកតាអាចារ្យមានប្រសាសន៍ថា៖«ពេលខ្ញុំកំពុងសូត្រធម៌ជូនដំណើរគាត់នោះ ស្រាប់តែគាត់លើកដៃជើង ស្ទុះបម្រះ ម្នាក់ៗស្រឡាំងកាំងគ្រប់គ្នា»។
ហេតុការណ៍ដែលបង្កការភ្ញាក់ផ្អើល និងភ័យខ្លាចមួយរំពេចដល់អាចារ្យភ្លុក ចាស់ទុំ និងអ្នកភូមិផងមួយនេះបានកើតឡើងនៅក្នុងភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចះ ខណៈដែលលោកព្រឹទ្ធាចារ្យ មុត ប៊ាន ព្រះជន្ម១០២ឆ្នាំ បានធ្លាក់ខ្លួនមានអាការស្តូកស្តឹង ហើយក៏បាត់ដង្ហើមសូន្យឈឹង ដែលធ្វើឲ្យកូនចៅទួញយំសោកបោកខ្លួន និងរៀបចំធ្វើកម្មវិធីបុណ្យសពតាមប្រពៃណីនោះ។
លោកតា មុត ប៊ាន ត្រូវបានអ្នកស្រុកអ្នកភូមិស្គាល់ថាជាព្រឹទ្ធាចារ្យគួរឲ្យគោរព ម្នាក់ ហើយលោកអាចរស់នៅមានអាយុរហូតដល់ជាងរយឆ្នាំឯណោះ។ ពិសេសជាងនេះទៅទៀត លោកតា មុត ប៊ាន ក៏ជាហោរាគន់គូរទស្សន៍ទាយតាមក្បួនរឿងរាមាយណៈ ឬរឿងរាមកេរ្តិ៍ដ៏ពូកែម្នាក់ផងដែរ។
លោកយាយ មុត សាំងហេន អាយុ៦៥ឆ្នាំ ដែលត្រូវជាកូនស្រីទី៥របស់ព្រឹទ្ធាចារ្យ មុត ប៊ាន បានរៀបរាប់ពីដំណើររឿងថា កាលពីមួយខែមុនពេលគាត់បានធ្លាក់ខ្លួនឈឺហើយនោះក៏ស្ទើរតែជាលើក ទី១ហើយដែលគាត់មានអាការបែបនោះ។ លោកយាយបន្តថា គាត់បានធ្លាក់ខ្លួនស្គមយ៉ាងខ្លាំង ហើយគាត់ក៏ចាប់ផ្តើមលែងដឹងខ្លួនក្រោយពេលគាត់អង្គុយរួចដួលនោះ។ នៅពេលនោះកូនចៅ ចៅទួត ចៅលួត គ្មានអ្នកណាម្នាក់សង្ឃឹមនោះទេ។
កូនស្រីវ័យ៦៥ឆ្នាំរូបនេះបាននិយាយថា៖«ពុក[មុត ប៊ាន]គាត់បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ហើយចាស់ទុំក៏បានមកជួបជុំគ្នាដើម្បីសូត្រធម៌ឲ្យគាត់រាល់ថ្ងៃ តែថ្ងៃមួយនោះគាត់ក៏លែងដឹងខ្លួន គាត់ចាប់ផ្តើមមានអាការស្លេកស្លាំងគួរឲ្យបារម្ភ កូនចៅនាំគ្នាភ័យគ្រប់គ្នា»។
លោកយាយ បានបន្តថា ដោយសារតែគាត់មានសភាពធ្ងន់ធ្ងរបែបនេះ កូនចៅគ្រប់កន្លែង ទាំងអ្នករស់នៅភ្នំពេញ នៅប្រទេសអាល្លឺម៉ង និងអាមេរិកក៏បានមកជុំគ្នា ពេលនោះ គាត់ក៏បានលើកដៃសំពះផ្តែផ្តាំកូនចៅ និងចាស់ទុំទាំងអស់គ្នា ហើយក៏ភ្លឹកបាត់ដង្ហើមតែម្តង ភាពសំណោកសោកសង្រេងក៏ផ្ទុះឡើងនូវសំឡេងទួញយំទ្រហឹងលើផ្ទះឈើមួយ នោះ ព្រោះម្នាក់ៗបានគិតថា គាត់បានលាចាកលោកយើងនេះទៅហើយ តែកូនចៅមិនអស់ចិត្តទេនៅចាំមើលគាត់ជិតមួយថ្ងៃ តែគ្មានសង្ឃឹមក៏ស្វះស្វែងរៀបចំធ្វើបុណ្យសពតែម្តង។
លោកយាយ មុត សាំងហេន បាននិយាយថា៖ «មុននឹងភ្លឹក គាត់បានលើកដៃសំពះលាតាៗ និងកូនចៅ ហើយបានប្រាប់ថា ថ្ងៃអង្សារបស់គាត់បានមកដល់ហើយ គាត់ក៏បានភ្លឹកបាត់តែម្តង។ លោកអាចារ្យបានដុតទៀនគោល[ទៀនធំៗសម្រាប់ដុតជូនដំណើរមនុស្ស ស្លាប់] សូត្រធម៌ជូនដំណើរគាត់។ លោកអាចារ្យចាស់ទុំ កូនចៅកំពុងតែបិទភ្នែកស្មិងស្មាធិ៍សូត្រធម៌នោះ ស្រាប់តែគាត់បម្រះលើកដៃជើងដឹងខ្លួនឡើងវិញ ហើយចាប់ផ្តើមនិយាយ តែយើងស្តាប់អត់ច្បាស់ទេ ព្រោះគាត់មានស្លេសច្រើន»។
លោកយាយបានបញ្ជាក់ថា៖«ម្នាក់ៗភ្ញាក់ផ្អើលប្រហោងពោះធ្លុងស្ទើរ គ្រប់គ្នា នៅពេលសុខៗស្រាប់តែអ្នកស្លាប់ទៅហើយរស់ឡើងវិញនោះ»។
ចៅទួតវ័យ២៨ឆ្នាំលោក ហន សុភ័ក្ត្រ បានបន្ថែមទៀតថា ក្រោយពេលភ្ញាក់ពីភ្លឹក តាទួត មុត ប៊ាន ស្ទើរមានកម្លាំង និងអាចធ្វើអ្វីបានដូចមុន ហើយគាត់បានប្រាប់ជាថ្មីថា លោកតាទួតមិនទាន់អស់អាយុទេ ហើយលោកតាបានដាក់អាយុមរណាជាថ្មីថា ប្រហែលជា២ឆ្នាំទៀត ទើបដល់អាយុ។
សុភ័ក្ត្រ បន្តថា ចាស់ទុំ បងប្អូន កូនចៅមានការហួសចិត្តគ្រប់គ្នាៗ នៅពេលដែលដង្ហើមបានផុតទៅហើយ ស្រាប់តែពេលធ្វើបុណ្យគាត់ក្រោកឡើងធ្វើមិនដឹងបែបនេះ។ រឿងនេះត្រូវបានលោកអាចារ្យ និងចាស់ទុំ មានប្រសាសន៍ថា ១០០នាក់គ្មានអ្នកដូចគាត់នោះទេ។
ចៅទួតរូបនេះបាននិយាយថា៖«ឥឡូវហ្នឹង គាត់អាចនិយាយបានធម្មតា គាត់អាចអង្គុយលេង មើលប្រដាល់ និងពិសាអីៗបានដូចមុន តែក្រោកដើររាងពិបាកបន្តិច»។
បានប្រហែលប៉ុន្មានថ្ងៃក្រោយដឹងខ្លួនវិញ ព្រឹទ្ធាចារ្យ មុត ប៊ាន បានមានប្រសាសន៍ដោយសំឡេងញ័រៗមួយៗថា នៅពេលភ្លឹកហ្នឹងហាក់ដូចជាមានគេមកយកព្រលឹងគាត់ទៅឆ្ងាយដែរ តែភ្លាមនោះក៏ហាក់មានអ្នកមានបារមីមកជួយរំដោះមកវិញតែម្តង។
ដោយព្យាយាមរំឭកពេលធ្វើដំណើរខណៈភ្លឹកនោះ លោកតាមុត ប៊ាន បានមានប្រសាសន៍ថា៖«ខ្ញុំដូចជាមិនសូវចាំច្បាស់ទេ តែខ្ញុំនៅចាំថា មានគេពីរនាក់បានមកយកខ្ញុំទៅ ហើយខ្ញុំក៏ដើរទៅជាមួយគេបានប្រហែល៤ភូមិក៏ស្រាប់តែមានអ្នក ផ្សេងមកជួយខ្ញុំ ហើយក៏នាំខ្ញុំត្រឡប់មកវិញ។ ឥឡូវខ្ញុំកំពុងនិយាយជាមួយចៅហ្នឹងហើយ»។
លោកតាបានបន្តទាំងញញឹមថា៖«ឥឡូវតាមានសុខភាពល្អដូចមុន តាមិនងាយទៅណាទេ។ តានៅអាចទស្សន៍ទាយបានដូចមុន។ តាគិតថា ១០៤ឆ្នាំទើបអាយុសង្ខាររបស់តា»។
គួរបញ្ជាក់ថា ប្រពន្ធលោកតា មុត ប៊ាន បានស្លាប់ចោលលោកតានៅអាយុ៩៣ឆ្នាំកាលពីជាងមួយឆ្នាំមុន។ អ្នកទាំងពីរមានកូនចំនួន១១នាក់ ស្លាប់អស់៣នាក់កាលពីជំនាន់ប៉ុល ពត ហើយពេលនេះ លោកតាមានចៅ ចៅទួត ចៅលួត ប្រមាណជាង១០០នាក់៕
No comments:
Post a Comment
yes