សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 1, 2012

មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​នៅ​ខេត្ត​ភាគ​ឧត្ដរ សុំ​ក្រសួង​ជួយ​ជំរុញ​ប្រាក់​ខែ​ឲ្យ​បាន​ឆាប់


សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ បាន​អំពាវ​នាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ជួយ​ចាត់​វិធានការ និង​ជំរុញ​ប្រាក់​ខែ​របស់​ពួក​គេ ឱ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​តែ​ពួក​គេ​បាន​រង់ចាំ​បើក​ប្រាក់​ជាច្រើន​ខែ​មក​ហើយ។
លោក បូ យ៉ាត គឺជា​សមាជិក​ម្នាក់​របស់​ក្រុម​ប្រឹក្សា​ស្រុក​ឆែប នៃ​ខេត្ត​ព្រះវិហារ លោក​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​ទី​៣០ ខែ​មិថុនា ថា ក្រុម​របស់​លោក​បាន​រង់ចាំ​ប្រាក់​ខែ ចំនួន​៤​ខែ​មក​ហើយ ចាប់​តាំង​តែ​ពី​អំឡុង​ខែ​មិនា រហូត​មក​ដល់​ខែ​មិថុនា នេះ។
លោក បូ យ៉ាត៖ «រាជការ​នេះ​អត់​មាន​ប្រាក់​ចំណូល​មក​ពី​ណា​ទេ រង់ចាំ​តែ​មើល​ប្រាក់​ខែ។ នេះ​មាន​ការ​លំបាក​ដែរ ការ​ចាយ​វាយ​ក្នុង​គ្រួសារ ដោះស្រាយ​ក្នុង​ជីវភាព​អី​ក៏​ដោយ មិន​ទាន់​ពេល​វេលា ត្រូវ​ការ​ប្រើ​ប្រាស់​លុយ​កាក់​​អី​ហ្នឹង ក៏​អត់​មាន​អី​ប្រើ។ អីចឹង គឺ​សុំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ខាង​រដ្ឋាភិបាល​ខាង​លើៗ​ជួយ​បង្ខំ ធ្វើ​ម៉េច​ប្រាក់​ខែ​ឱ្យ​បាន​ធ្លាក់​មក​ឆាប់»
ចំណែក​លោក សួន ន័យ ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សង្គមថ្មី នៃ​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា លោក​មាន​ចម្ងល់​យ៉ាង​ខ្លាំង ហេតុ​អ្វី​បាន​ជា​ប្រាក់​ខែ​របស់​លោក​មាន​ការ​យឺត​យ៉ាវ ចំនួន​៣​ខែ​មក​ហើយ? មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​ដដែល បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​បើក​ប្រាក់​ខែ​នៅ​តែ​បន្ត​យឺត​យ៉ាវ​ទៅ​ទៀត គឺ​មន្ត្រី​នៅ​ក្នុង​ស្រុក​របស់​លោក​ខ្លះ ដែល​មាន​ជីវភាព​ខ្វះខាត​ខ្លាំង មិន​អាច​ទ្រាំ​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​របស់​រដ្ឋាភិបាល​បាន​យូរ​អង្វែង​ទេ។

លោក សួន ន័យ៖ «ដំណើរ​មិន​ដឹង​មក​ពី​អ្វី បច្ចេកទេស​យ៉ាង​ម៉េច បាន​ជា​យឺត​យ៉ាវ? មិន​ដឹង​ជា​គេ​យក​លុយ​ទៅ​ដាក់​អី ឬ​ក៏​យក​លុយ​ទៅ​ឃោសនា​បាត់​មិន​ដឹង​អី​មិន​ដឹង។ ពិបាក​ខ្លាំង​ណាស់ ទី​១ គឺ​ការងារ​បម្រើ​ប្រជារាស្ត្រ ដូច​ជា​ធ្វើ​ដំណើរ​ចេញ​ចូល ឬ​ក៏​ស្បៀង​អាហារ ហូប​ចុក​អី ពិបាក​ច្រើន​មែន​ទែន ដោយ​សារ​បាត់​បង់​ប្រាក់​ខែ​នោះ​យូរ​ខែ យូរ​ថ្ងៃ ហើយ​ចុះ​តាម​មូលដ្ឋាន​ធ្វើ​ការ​ដើម្បី​បម្រើ​រាស្ត្រ គឺ​វា​ខ្វះ​សាំង​ចាក់​ម៉ូតូ ខ្វះ​អី​សព្វ​គ្រប់​បែប​យ៉ាង។ ធ្វើ​ការ​ក្នុង​ប៊ុយរ៉ូ​សាលាស្រុក​ហ្នឹង ចង់​រត់​ចេញ​ទៅ​ស៊ី​ឈ្នួល​ដី​ក្រហម ចង់​អី​អស់​ហើយ ដោយ​សារ​តែ​រឿង​យឺត​យ៉ាវ​ប្រាក់​ខែ»
ទោះ​យ៉ាង​ណា មិន​ទាន់​មាន​មន្ត្រី​រដ្ឋាភិបាល​ណា​មួយ បាន​ឆ្លើយ​តប​ចំពោះ​ការ​យឺត​យ៉ាវ​ប្រាក់​ខែ​របស់​ក្រុម​ប្រឹក្សា​ស្រុក​ទាំង​នោះ​ថា​បណ្ដាល​មក​ពី​បញ្ហា​អ្វី​នៅ​ឡើយ​ទេ។
លោក ខូយ ឃុនហ៊ ជា​នាយក​រដ្ឋបាល​សាលា​ខេត្ត​ព្រះវិហារ បាន​សុំ​មិន​ធ្វើ​ការ​ពន្យល់​អំពី​បញ្ហា​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់​រវល់​ប្រជុំ​ការងារ​គណបក្ស។
ចំណែក​នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ គឺ​មន្ត្រី​ក្រុម​ប្រឹក្សា​ក្រុង និង​ស្រុក​ចំនួន​៥ ក៏​មាន​បញ្ហា​ប្រាក់​ខែ​យឺត​ចំនួន​៣​ខែ មក​ហើយ​ដែរ។
គេ​ដឹង​ថា សម្រាប់​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក គឺ​ទទួល​បាន​ប្រាក់​ខែ ៧០​ម៉ឺន​រៀល និង​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ម្នាក់​ទទួល​បាន ៥០​ម៉ឺន​រៀល ក្នុង​១​ខែៗ។
លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង បាន​មាន​ប្រសាសន៍​ថា ការ​យឺត​យ៉ាវ​នៃ​ប្រាក់​ខែ​របស់​ក្រុម​ប្រឹក្សា​ស្រុក ខេត្ត​នេះ បើ​សិន​ជា​មាន​ភាព​យឺត​យ៉ាវ​ដោយ​សារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នោះ គឺ​វា​អាច​យឺត​នៅ​គ្រប់​ខេត្ត​ទាំង​អស់​នៃ​ប្រទេស ក៏​ប៉ុន្តែ​មិន​ដូច្នេះ​ទេ គឺ​ខេត្ត​ខ្លះ​មិន​មាន​បញ្ហា​យឺត​យ៉ាវ​ឡើយ ដែល​ធ្វើ​ឱ្យ​លោក​មិន​យល់។
លោក សុន ឆ័យ យល់​ឃើញ​ថា សម្រាប់​អនាគត ដើម្បី​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ​បើក​ប្រាក់​ខែ មន្ត្រី​ក្រុម​ប្រឹក្សា​ថ្នាក់​ខេត្ត និង​ស្រុក គួរ​តែ​រដ្ឋាភិបាល​ចាត់​ចែង​ឱ្យ​មាន​ការ​បើក​សៀវភៅ​គណនេយ្យ​ធនាគារ​ដោយ​ផ្ទាល់​ខ្លួន​ម្នាក់ៗ ហើយ​រដ្ឋ​គ្រាន់​តែ​បញ្ចូល​ប្រាក់​ខែ​ទៅ​តាម​លេខ​គណនេយ្យ​ទាំង​នោះ ដើម្បី​ឱ្យ​មន្ត្រី​ម្នាក់ៗ​អាច​ទៅ​បើក​ផ្ទាល់​ខ្លួន​ពី​ធនាគារ ដោយ​មិន​បាច់​រង់ចាំ​ទៀត​ទេ។ ការ​ធ្វើ​បែប​នេះ វា​ជា​វិធានការ​មួយ​ក្នុង​ការ​លុប​បំបាត់​ការ​ពន្យារ​លុយ​ទុក​ចង​ការ ឬ​ក៏​ការ​កេងប្រវ័ញ្ច​ទៅ​លើ​ប្រាក់​ខែ​ទាំង​នោះ​ផង៕

No comments:

Post a Comment

yes