សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

បក្ស​ប្រឆាំង​ពីរ​ព្រម​រួបរួម​គ្នា​បង្កើត​បក្ស​ថ្មី

ភ្នំពេញៈ គណបក្ស សម រង្ស៊ី និង​គណបក្ស សិទិ្ធមនុស្ស កាល​ពី​ម្សិលមិញ​បាន​ចុះ​កិច្ច​ព្រមព្រៀង បង្កើត «ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ» ជា​ឈ្មោះ​បណ្តោះ​អាសន្ន​មួយ ក្នុង​អំឡុង​ពេល​ដែល​គណបក្ស​ទាំង​ពីរ កំពុង​រៀបចំ​បង្កើត​គណបក្ស​ថ្មី​មួយ ដើម្បី​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ឆ្នាំ ក្រោយ​នេះ។
លទ្ធផល​នៃ​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន គឺ​សមាជិក​ជាន់​ខ្ពស់ នៃ​គណបក្ស​ទាំង​ពីរ​ បាន​ព្រមព្រៀង តែងតាំង​ លោក សម រង្ស៊ី ជា​ប្រធាន នៃ​គណបក្ស​ដែល​នឹង​បង្កើត​ថ្មី និង​លោក កឹម សុខា ជា​អនុ​ប្រធាន។ ​តាម​កិច្ច​ព្រមព្រៀង ដែល​ចុះ​ហត្ថលេខា​ ដោយ លោក សម រង្ស៊ី និង​លោក កឹម សុខា គណបក្ស​ថ្មី ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នោះ ត្រូវ​កំណត់​ឲ្យ​មាន​គណៈកម្មាធិការ​ចំនួន​៣​ក្នុង​នោះ​មាន គណៈកម្មាធិការ​នីតិប្បញ្ញត្តិ គណៈកម្មាធិការ​ប្រតិបតិ្ត និង​គណៈកម្មាធិការ​វិន័យ។
យ៉ាង​ណា​ក៏​ដោយ ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​តែ​ស្ទាក់​ស្ទើរ ក្នុង​ការ​បញ្ជាក់​ពី​ឈ្មោះ​គណបក្ស​ថ្មី​ និង​កាល​បរិច្ឆេទ​ច្បាស់​លាស់ ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នោះ​។

លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា តាម​រយៈ​វីដេអូ ពី​ទីក្រុង​ម៉ានីល​នៅ​ទីស្នាក់​ការ​គណបក្ស សម រង្ស៊ី ថា៖ «​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី នឹង​មាន​គណបក្ស​ប្រឆាំង​ថ្មី​១ ​ដែល​ជា​លទ្ធផល នៃ​ការ​បង្រួប​បង្រួម​របស់​គណបក្ស សម រង្ស៊ី​និង​គណបក្ស សិទិ្ធមនុស្ស»។
លោក កឹម សុខា ​ថ្លែង​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ក្នុង​ជំហាន​ទី ១ នឹង​ធ្វើ​យុទ្ធនាការ ដើម្បី​ឲ្យ​មាន​ចលនា​ប្រជាធិបតេយ្យ​រួម​មួយ​ ក្នុង​ចំណោម​អ្នក​ស្នេហា​ជាតិ និង​អ្នក​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា​៖ «យើង​នឹង​មាន​បញ្ជី​បេក្ខជន​គណបក្ស​តែ​មួយ ដាក់​ទៅ​ក្រសួង​មហា​ផ្ទៃ ដើម្បី​ប្រកួត​ប្រជែង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៣»។
លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នឹង​ជំរុញ​ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប ដើម្បី​ឲ្យ​ការ​បោះឆ្នោត ក្នុង​ពេល​ខាង​មុខ អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ និង​ថា​ ការ​រួប​រួម​គ្នា​នេះ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ភិតភ័យ។
មេបក្ស​ដែល​រស់នៅ​និរទេស​រូប​នេះ បញ្ជាក់​ថា​៖«​ចាប់​ពី​ឥឡូវ​នេះ​ទៅ សករាជ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ត្រូវ​ផ្លាស់​ប្តូរ ហើយ​គណបក្ស​ទាំង​ពីរ បាន​សម្រេច​ចិត្ត​បំពេញ​បេសកកម្ម​សម្រាប់​ជាតិ ហើយ​យើង​សូម​អំពាវនាវ​ ទៅ​អ្នក​ស្នេហា​ជាតិ​ និង​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់ រួបរួម​គ្នា ដើម្បី​សង្គ្រោះ​ជាតិ»។
លោក​ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ ក៏​ប៉ុន្តែ​លោក​ធ្លាប់​បាន​មាន​ប្រសាសន៍​កាល​ពី​ពេល​កន្លង​មក​ថា គណបក្ស​ប្រជាជន មិន​ខ្វល់​ពី​ការ​រួប​រួម​គ្នា​របស់​គណបក្ស​ប្រឆាំង​នោះ​ឡើយ​។
លោក ទេព នីថា ​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ថា ច្បាប់​ស្តីពី​គណបក្ស​នយោបាយ បាន​ចែង​ថា គណបក្ស​នយោបាយ​ អាច​បង្កើត​សម្ព័ន្ធ​ភាព ឬ​បង្កើត​គណបក្ស​នយោបាយ​ថ្មី ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​បង្រួប​បង្រួម​គ្នា​ជា​គណបក្ស​តែ​មួយ​ មាន​ឈ្មោះ​ថ្មី ពួក​គេ​ត្រូវ​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ។ ​លោក នីថា បាន​បន្ថែម​ថា៖ «ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​គូស​បញ្ជាក់​ថា គណបក្ស​នយោបាយ អាច​ប្រឈម​នឹង​ការ​បាត់បង់​អាសនៈ នៅ​ក្នុង​រដ្ឋ​សភា ប្រសិន​បើ​ការ​បង្រួប​បង្រួម ប្រើ​ឈ្មោះ​គណបក្ស​ថ្មី»។
ប៉ុន្តែ លោក កឹម សុខា បាន​ថ្លែង​ថា បញ្ហា​បាត់បង់​អាសនៈ​ក្នុង​រដ្ឋ​សភា​របស់​គណបក្ស សម​ រង្ស៊ី និង​គណបក្ស សិទិ្ធមនុស្ស នឹង​មិន​មែន​ជា​ឧបសគ្គ នៃ​ការ​បង្រួប​បង្រួម​គណបក្ស​ទាំង​ពីរ​ឡើយ។
លោក បន្ថែម​ថា៖ «​យើង​យល់​ដឹង​អំពី​ច្បាប់​ ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ដោយ​មិន​បាត់​បង់​អាសនៈ​ក្នុង​រដ្ឋ​សភា»។
លោក​គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ ខុម ហ្វ្រែល (COMFREL) ថ្លែង​ថា លោក សម រង្ស៊ី និង​ លោក កឹម សុខា ​នឹង​ត្រូវ​មាន​ផែនការ​យុទ្ធសាស្រ្ត​អំពី​ពេលវេលា និង​របៀប​ ដែល​ពួក​គេ ចុះ​ឈ្មោះ​គណបក្ស​ថ្មី​ដើម្បី​កុំ​ឲ្យ​បាត់បង់​កៅអី ដែល​មាន​រួច​ហើយ​ នៅ​ឃុំ​សង្កាត់ និង​នៅ​ថ្នាក់​ជាតិ។ លោក​ពន្យល់​ថា៖ «​ប្រសិន​បើ​រួម​បញ្ចូល​ជា​គណបក្ស​តែ​មួយ វា​មាន​ន័យ​ថា ​គណបក្ស​មួយ​ទៀត នឹង​បាត់​បង់​កៅអី​ទាំងអស់។ នេះ​ជា​ហេតុផល ដែល​ពួក​គេ​ ត្រូវ​តែ​បង្កើត​គណបក្ស​បី​​»។
នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី ៣ មិថុនា ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ គណបក្ស​សមរង្ស៊ី​ទទួល​បាន​សំឡេង​ចំនួន ២០,៨​ ភាគរយ ហើយ​គណបក្ស​សិទ្ធិមនុស្ស​ ទទួល​បាន​សំឡេង​ចំនួន ៩,៨ ​ភាគរយ។
បញ្ហា​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​សកម្មភាព​រឹងមាំ​ឆ្ពោះ​ទៅ​រក​ការ​រួម​បញ្ចូល​គ្នា​នេះ បាន​ចាប់​ផ្តើម​បន្ទាប់​ពី​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ទទួល​សំឡេង​គាំទ្រ គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ថ្មីៗ​នេះ។
បញ្ហា​អាច​ភាន់​ច្រឡំ ចំពោះ​ការ​បង្កើត​គណបក្ស​ទីបី នឹង​ត្រូវ​ការ​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​ទៅ​ប្រជាជន។ នេះ​បើ​តាម​លោក ហង្សពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត ​និង​មិន​លម្អៀង​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់ និកហ្វិក (NICFEC)។
លោក​ថ្លែងថា៖ «ប្រសិន​បើ​ពួក​គេ ចង់​បង្កើត​គណបក្ស​ពិសេស​មួយ ពួក​គេ​ចាំបាច់ ត្រូវ​កសាង​ទំនុក​ចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា​មុន​ការ​បោះឆ្នោត​ជាតិ»។ លោក​គិត​ថា៖ «ពួក​គេ​ត្រូវ​ការ​ពេលវេលា និង​ការ​ពិភាក្សា​បន្ថែម​ទៀត​»។
លោក​គល់ បញ្ញា ចង្អុល​បង្ហាញ​ថា ការ​រួបរួម​គ្នា របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ«វា​អាច​នឹង​មាន​ការ​កើន​ឡើង​នៃ​សំឡេង គាំទ្រ​។ វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ក្តី​សង្ឃឹម មាន​ក្តី​សង្ឃឹម​ឡើង​វិញ ចំពោះ​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​មួយ ​និង​ជំរុញ​ទឹក​ចិត្ត​ប្រជាជន​ដែល​បាក់​ទឹក​ចិត្ត​ ឲ្យ​ទៅ​បោះឆ្នោត​ឡើង​វិញ»។
ចំនួន​អ្នក​ទៅ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់ មាន​ត្រឹម​ប្រមាណ​តែ​៦០ ភាគរយ ប៉ុណ្ណោះ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បាន​ចាត់​ទុក​ការ​មូល​មាត់​គ្នា បង្កើត​ជា​គណបក្ស​ថ្មី​មួយ​ថា ជា​ជោគជ័យ របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ ដែល​ប៉ុន​ប៉ង​រួប​រួម​គ្នា តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០០៨ មក​។ លោក​មាន​ប្រសាសន៍​ថា៖ «ការ​វិញ​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ​របស់​គណបក្ស​ប្រឆាំង​ទាំង​ ពីរ​នេះ អាច​នឹង​ធ្វើ​ឲ្យ​សំឡេង​អ្នក​គាំទ្រ កើន​ឡើង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣​»។ ប៉ុន្តែ​លោក​ឡៅ ម៉ុងហៃ មិន​ទាន់​សន្មតថា ការ​បញ្ចូល​គ្នា​ ឲ្យ​ក្លាយ​ទៅ​ជា​គណបក្ស​ប្រឆាំង​ថ្មី​មួយ ជា​ការ​ងាយ​ស្រួល​នោះ​ទេ ពី​ព្រោះ​វា​មាន​ជាប់​ទាក់ទង ទៅ​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ជាច្រើន​។
ក្រៅ​ពី​ចុះ​កិច្ច​ព្រមព្រៀង​បង្កើត​គណបក្ស​ថ្មី​ គណបក្ស​ប្រឆាំង​ទាំង​ពីរ​ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ផង​ដែរ​ថា គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ​រួម​កម្លាំង​គ្នា​តែ​មួយ ដោយ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ «ស្រប​តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ខ្មែរ ដើម្បី​សង្គ្រោះ​ប្រទេស​ជាតិ ឲ្យ​ទាន់​ពេលវេលា តាម​រយៈ​ការ​ផ្លាស់​ប្តូរ​នយោបាយ ក្នុង​បំណង​បញ្ចប់​អំណាច​ផ្តាច់​ការ​បច្ចុប្បន្ន​ ដែល​បម្រើ​បរទេស​ឈ្លាន​ពាន​»។ សេចក្តី​ថ្លែងការណ៍​បន្ត​ថា៖«​គណបក្ស​ទាំង​ពីរ​ យល់​ឃើញ​ថា ការ​ផ្លាស់​ប្តូរ​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​អហិង្សា តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ និង​យុត្តិធម៌។ ក្នុង​ន័យ​នេះ គណ​បក្ស​ទាំង​ពីរ ទាម​ទារ​ដាច់​ខាត​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សមាស​ភាព គ.ជ.ប»។
លោក​ឡៅ ម៉ុង​ហៃ មិន​យល់​ស្រប​ឡើយ ការ​ប្រើ​ពាក្យ ចលនា​ប្រជាធិបតេយ្យ សង្គ្រោះ​ជាតិ ដោយ​លោក​គូស​បញ្ជាក់​ថា ស្ថានភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មិន​ទាន់​ដល់​ថ្នាក់​ត្រូវ​ប្រើ​ពាក្យ​សង្គ្រោះ ជាតិ ដូច​កាល​ពី​អំឡុង​សម័យ​សង្គ្រាម​នោះ​ឡើយ​៕ 


No comments:

Post a Comment

yes