ក្មេងតូចកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ជា
ក្នុងរាជធានីភ្នំពេញ កាលពីខែមុន
ជូនលោកការីនិពន្ធ
ក្នុងនាមជាពលរដ្ឋម្នាក់ ខ្ញុំឆ្ងល់ថា គ្រោះធម្មជាតិមានរាល់ថ្ងៃឬ បានជាឲ្យតែកាកបាទក្រហមមានកម្មវិធីម្តងៗ អស់លោកឯកឧត្តម មន្ត្រីរាជការ ទាំងស៊ីវិលទាំងប្រដាប់អាវុធ ទាំងអ្នកឧកញ៉ា និងឧកញ៉ា ព្រមទាំងក្រុមហ៊ុនតូចធំ ពពាក់ពពូននាំគ្នា យកលុយទៅចូលរួមឧបត្ថម្ភសម្បើមម្ល៉េះ ឬក៏ដោយសារប្រធានកាកបាទក្រហមកម្ពុជា គឺជាភរិយាដ៏មហិមា របស់នាយករដ្ឋមន្ត្រី ដែលល្បីថា កាន់អំណាចយូរ តែជាតិនៅតែក្រ ឬក៏ដោយសារផលប្រយោជន៍? ឬក៏មានតែកាកបាទក្រហម ដែលដឹកនាំដោយលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតទី១ ប៊ុន រ៉ានី ទេ ទើបជាអ្នកជួយសមជាងគេ រីឯស្ថាប័នផ្សេងៗទៀត ជួយមិនសូវសម?
បើខ្ញុំចាំមិនភ្លេចទេរាល់ទិវាបុណ្យ ទិវាសមោសរ ទិវាជួបសប្បុរសជនទិវាអឌ្ឍចន្ទក្រហមដែលពាក់ព័ន្ធជាមួយកាកបាទ ក្រហមកម្ពុជា គេតែងតែឃើញ មានអស់លោក លោកស្រី ឯកឧត្តម ជំទាវ ឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការតាមមន្ទីរក្រសួង ទាំងទាហាន ប៉ូលិស ប៉េអឹម អ្នកវិនិយោគិន និងក្រុមហ៊ុនស្ទើរតែទាំងអស់នៅស្រុកខ្មែរនាំគ្នាយ៉ាងគគ្រឹក គគ្រេងសស្រាក់សស្រាំ ទៅចូលរួម ហាក់ដូចជាខ្លាចលោកជំទាវទី១ អន់ចិត្ត ឬក៏ហាក់ដូចជាមានសមានចិត្តគិតគូរសម្បើមណាស់ ដល់អង្គការកាកបាទក្រហម១នេះ ដោយម្នាក់ៗ ចូលរួមសុទ្ធតែរាប់សែន រាប់ម៉ឺន និងរាប់ពាន់ដុល្លារ USA តាមឋានានុក្រមតូចធំដូចគេចាប់ដាក់ សូម្បីតែព្រះសង្ឃដែលរស់ដោយសារតែចង្ហាន់បិណ្ឌបាត ពីឧបាសក ឧបាសិកាសោះ ក៏មានលុយរាប់ពាន់ រាប់ម៉ឺនដុល្លារ និងអង្កររាប់សិបតោន យកទៅចូលរួមឧបត្ថម្ភលាកជំទាវប្រធានកាកបាទក្រហមដែរ ដែលម្តងៗកាកបាទក្រហម ប្រមូលបានយ៉ាងតិចពី ៨-១០ លានដុល្លារ (ប្រាំបីទៅដប់លានដុល្លារអាមេរិក) ដូចគេរៀបចំទុកមុនអ៊ីចឹង មិនបាច់ខំប្រឹងទៅស្រែក ទៅអំពាវនាវ ទៅដាក់ខ្លួនឱនលំទោនស្អីទេ គឺមកស្រួលៗតែម្តង តែបើស្ថាប័ន ផ្សេង អង្គភាពផ្សេង ជាពិសេសគឺមន្ទីរពេទ្យព្យាបាលកុមារក្រីក្រអត់យកប្រាក់គន្ធ បុប្ផា និងមន្ទីរពេទ្យជ័យ វរ្ម័នទី ៧ ទាំង ៥ ដែលត្រូវការលុយដើម្បីសង្គ្រោះជីវិតមនុស្សដែរនោះ ជាពិសេសគឺកុមារ ហេតុអ្វីក៏លំបាកម្ល៉េះ? ម្តេចក៏អត់មានអស់លោក ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងមន្ត្រីរាជការតូច ធំ ផ្កាយ ២ ផ្កាយ ៣-៤ ណានាំ គ្នាពពាក់ ពពូនទៅចូលរួមឧបត្ថម្ភ ចូលរួមជួយអ៊ីចឹងផងឬក៏មកពីគ្មានប្រយោជន៍ដល់ខ្លួន?
ម្ភៃឆ្នាំហើយ ដែលមន្ទីរពេទ្យគន្ធបុប្ជា ព្យាបាលជំងឺកុមារក្រីក្រអត់យកប្រាក់នេះ បានដំណើរការនៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់វេជ្ជបណ្ឌិតជនជាតិស្វ៊ីសឈ្មោះ Dr Beat Richner។ ២០ ឆ្នាំមានក្មេងជាង ១ លាននាក់ ត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យទាំងនោះ មិនត្រឹមតែប៉ុណ្ណោះលោកបានថែមទាំងជួយកាត់បន្ថយ ការចំណាយរបស់រដ្ឋាភិបាលទៅលើបុគ្គលិក រាជការថែមទៀតផងតាមរយៈការឧបត្ថម្ភប្រាក់បៀវត្សរ៍ប្រចាំខែ ដល់វេជ្ជបណ្ឌិត និងបុគ្គលិកមន្ទីរពេទ្យអស់រយៈពេល ២០ ឆ្នាំថែមទៀតផង ឃើញថានេះ គឺជាវីរភាពសម្បើមណាស់ សម្រាប់ប្រជាជនកម្ពុជា ដែលគ្មានអស់លោក លោកជំទាវ ឯកឧត្តម អ្នកឧកញ៉ា ផ្កាយ ២ ផ្កាយ ៣ ផ្កាយ ៤ ណាអាចធ្វើដូចនោះឡើយ ហើយក៏ជាមោទនភាពសម្បើមណាស់ដែរ សម្រាប់រដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខនោះ។
ដើម្បី ជីវិតកុមារជាង ១ លាននាក់ ២០ ឆ្នាំកន្លងមកនេះ លោកវេជ្ជបណ្ឌិត Dr Beat Richner បានខិតខំលះបង់គ្រប់បែបយ៉ាងទាំងកម្លាំងកាយ ចិត្ត និងប្រាជ្ញាដើម្បីរកប្រាក់ មកផ្គត់ផ្គង់មន្ទីរពេទ្យទាំងប្រាំនេះ ឯរដ្ឋាភិបាលបែរជាលែងដៃធ្វើមិនដឹង គិតតែពីរឿងមុខមាត់ របស់ក្រុមបក្សពួកខ្លួន នៅលើឆាកអន្តជាតិ ខ្វល់ដែរពីសុខទុក្ខប្រជាជន ប៉ុន្តែគ្រាន់តែខ្វល់បង្គ្រប់កិច្ចប៉ុណ្ណោះ។
តាមដឹង រដ្ឋាភិបាលធ្លាប់បានផ្តល់ប្រាក់ ២ លានដុល្លារក្នុងមួយឆ្នាំ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ជា ប៉ុន្តែរដ្ឋាភិបាល បានផ្អាកទៅវិញតាំងពីឆ្នាំ ២០០៦។ សូម្បីតែប្រាក់ ២លានដុល្លារ ដែលមិនស្មើនិងការបាត់បង់ថវិកាជាតិដោយសារអំពើពុករលួយនៅក្នុង ប្រទេសកម្ពុជាក្នុងមួយថ្ងៃផង ក៏រដ្ឋាភិបាល ដាច់ចិត្ត កាត់ផ្តាច់ទៅវិញកើតដែរ ខណៈដែលមន្ទីរពេទ្យដ៏ល្បីល្បាញក្នុងការព្យាបាលជំងឺកូនក្មេង មិនយកប្រាក់មួយនេះ កំពុងតែបំពេញការងារសកម្មយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះអាយុ ជីវិតកុមារកម្ពុជា។
យោងតាមប្រសាសន៍របស់លោកDr Beat Richner ជំងឺកុមារនៅក្នុងប្រទេសកម្ពុជាកំពុងតែធ្វើឲ្យប៉ះពាល់ដល់អនាគតនៃ ប្រទេសកម្ពុជា តើហេតុអ្វីក៏ជនបរទេសម្នាក់នេះ ព្រួយបារម្ហពីអនាគតកម្ពុជា? គឺដោយសារតែក្មេងៗទាំងអស់នោះ គឺជាទំពាំងស្នងឫស្សី ។ ចុះអស់លោកនាម៉ឺនមន្ត្រីវិញ ឬក៏អាងថា កូនរាស្ត្រ ណាអន់អី អន់ទៅ ឲ្យតែកូនអញពូកែ ព្រោះកូនអញទៅរៀននៅក្រៅប្រទេស? ដោយសារតែការព្រួយបារម្ភនេះធ្វើឲ្យ Dr Beat Richner ខ្វាយខ្វល់ដល់ថ្នាក់ដាក់ខ្លួន ទៅកូតវីយ៉ូឡុង ដើម្បីរកប្រាក់មកទ្រទ្រង់ សង្គ្រោះមន្ទីរពេទ្យកុំឲ្យដួលរលំ តើគួរឲ្យអៀនខ្មាសទេ? ហេតុអ្វីក៏អស់លោកដែលធ្លាប់ជួយឧបត្ថម្ភ កាកបាទក្រហមកម្ពុជារាប់ម៉ឺន រាប់សែនដុល្លារក្នុងពេលដែលមានទិវាកាកបាទក្រហមម្តងៗ មិននាំគ្នាចូលរួមជួយផង ឬក៏ជួយមកមន្ទីរពេទ្យ ដែលជួយកុមារកម្ពុជា អត់យកប្រាក់នេះឥតមានប្រយោជន៍?
៧ មករា ដែលជួយរំដោះដោយវៀតណាម នាំគ្នាដឹងគុណចងចាំខ្លាំងណាស់! ចុះលោក Dr Beat Richner ជួយដែរនោះ ហើយមានរយៈពេល ២០ ឆ្នាំដែរហើយ ហេតុអ្វីក៏មិននាំគ្នាដឹងគុណគាត់ផង វាអាក្រក់មើលពេកទេដឹង?
No comments:
Post a Comment
yes