មនុស្ស ៥នាក់ស្លាប់ និង ៣នាក់ទៀតរងរបួសក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធមួយ នាផ្សារក្នុងស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។
សមត្ថកិច្ចប្រដាប់អាវុធចម្រុះរបស់ខេត្តសៀមរាប មានកម្លាំងកងរាជអាវុធហត្ថ និងប៉ូលិស ប្រមាណជាង ៣០០នាក់ បានរាយបណ្ដាក់តាមប្រមាញ់ក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងស្វិតស្វាញជាច្រើនម៉ោង កាលពីរសៀលថ្ងៃច័ន្ទ ទី២៣ ខែកក្កដា។
ចោរប្លន់ប្រដាប់អាវុធ ១ក្រុម មានគ្នា ៤នាក់ បានចូលទៅប្លន់ទូរមាសនៅក្នុងផ្សារស្រុកពួក ចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប កាលពីវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃច័ន្ទ ទី២៣ កក្កដា ដោយយកបានមាស និងលុយកាក់មួយចំនួន។
លោក ថង សាគុណ ជាស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ។ លោកបានមានប្រសាសន៍កាលពីវេលាម៉ោងជាង ៣រសៀលថា សមត្ថកិច្ចចម្រុះបានចំណាយពេលប្រហែល ៣ម៉ោង ក្នុងការតាមពួនស្ទាក់ចាប់ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះ ដោយមានការបាញ់អាវុធតគ្នាជាច្រើនលើក។ ក៏ប៉ុន្តែទោះយ៉ាងណាក្រុមចោរប្លន់ មិនព្រមឱ្យសមត្ថកិច្ចចាប់ខ្លួនទេ គឺបានចាប់ប្រជាពលរដ្ឋ ៤នាក់ ធ្វើជាចំណាប់ខ្មាំង ហើយនៅទីបំផុតក្រុមចោរទាំង ៤នាក់បានត្រូវគ្រាប់កាំភ្លើងស្លាប់ជាបន្តបន្ទាប់។
លោក ថង សាគុណ៖ «វាមានឡានកូរ៉ូឡា (COROLA)១គ្រឿង ហើយម៉ូតូ ១គ្រឿង គ្នាវា ៤នាក់ មានអាវុធខ្លី ២ដើម អាវុធអាកា ១ដើម ហើយគ្រាប់បែក ២គ្រាប់។ វាមកប្លន់បាន វាច្រកសម្ភារៈ និងកាបូបខ្មៅមួយ បើកឡានចេញរត់គេចមកខាងខេត្តបន្ទាយមានជ័យ។ មកដល់កន្លែងភូមិ ឃុំល្វា កម្លាំងយើងបានដាក់អន្ទាក់ចាំនៅហ្នឹង វាលោតចុះពីលើឡាន ហើយរត់កាត់វាលស្រែទាំង៤។ ម្ល៉ោះហើយយើងប្រើប្រាស់កងកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាលខេត្ត ព្រហ្មទណ្ឌធ្ងន់ ស្រាល ហើយកម្លាំងអធិការនគរបាលស្រុក ពិសេសគឺកម្លាំងពួកអន្តរាគមន៍ខាងបញ្ញា តាមជាប់អស់រយៈពេលប្រហែលជា ៣ម៉ោង ចម្ងាយប្រហែលជា ៥គីឡូ ទៅ ៦គីឡូដី កាត់វាលស្រែ ហើយបាញ់តគ្នាទៅមកច្រើនគ្រាប់។ នៅពេលដែលវាទាល់ច្រកហើយ វាគប់គ្រាប់បែក តែគ្រាប់បែកវាអត់ផ្ទុះ។ ចោរទាំង ៤នាក់ហ្នឹងសាហាវណាស់ វាតស៊ូរហូតទាល់តែដល់ដំណាក់កាលចុងក្រោយ គឺវាមិនព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចយើងចាប់ទេ»។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការតាមប្រមាញ់ក្រុមចោរប្លន់ជាច្រើនម៉ោងនោះ គឺមន្ត្រីប៉ូលិសម្នាក់បានរងរបួសក្រុមចោរ ៤នាក់បានស្លាប់ និងប្រជាពលរដ្ឋម្នាក់ដែលក្រុមចោរចាប់ធ្វើជាចំណាប់ខ្មាំង ត្រូវពួកចោរបាញ់សម្លាប់ និងប្រជាពលរដ្ឋ ២នាក់ទៀតបានរងរបួស៕
No comments:
Post a Comment
yes