លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានរិះគន់ការដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជាថា កំពុងធ្វើឲ្យសម្បត្តិធនធានធម្មជាតិ មានបឹងបួរ ដី រ៉ែ ឧស្ម័ន ប្រេងកាត និងអាគារសាធារណរបស់រដ្ឋរងការបាត់បង់។
អង្គការឃ្លាំមើលបរិស្ថានពិភពលោក ក្លូបល វីតណេស (Global Witness បានចាត់ទុកប្រទេសកម្ពុជា ថាជាប្រទេសសម្រាប់លក់។
មន្ត្រីរដ្ឋាភិបាលពុំអាចស្នើសុំការបំភ្លឺបានទេចំពោះការចោទប្រកាន់នេះ។ តែទោះជាបែបណាក្ដី លោក ហ៊ុន សែន ក្នុងពេលកន្លងទៅនេះ បានចេញប្រតិកម្មជាសាធារណ ដោយលោកហៅការរកឃើញនោះថា អង្គការឃ្លាំមើលបរិស្ថាននេះថា ជាចោរ។
មន្ត្រីជាន់ខ្ពស់របស់គណបក្ស សម រង្ស៊ី បានហៅការគ្រប់គ្រងរដ្ឋដោយគណបក្សប្រជាជនសព្វថ្ងៃថា បានធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដី ទ្រព្យសម្បត្តិរដ្ឋ ត្រូវលក់ដូរដូចទំនិញលើទីផ្សារ និងធនធានធម្មជាតិ ត្រូវបានមន្ត្រីក្នុងជួរបក្សកាន់អំណាចបំផ្លាញគ្មានសល់។
ការថ្លែងដោយរិះគន់ត្រង់ៗ របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី សំដៅដល់ការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ដោយចោទប្រកាន់ថា ការដឹកនាំរយៈពេល ៣០ ឆ្នាំ ក្រោមរបបគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ ពិតជាគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជំរុញឲ្យនាវាកម្ពុជា អាចឈានទៅរកភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ស្មើភាព និងថាជារដ្ឋ ដែលមានប្រជាធិបតេយ្យសំបកក្រៅប៉ុណ្ណោះ។
ការអះអាងរបស់លោក យឹម សុវណ្ណ បែបនេះ គឺធ្វើឡើងនៅក្នុងសមាជលើកទី២ របស់គណបក្ស សិទ្ធិមនុស្ស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ កក្កដា ឆ្នាំ ២០១២។
លោក យឹម សុវណ្ណ បន្តថា៖ «ដីសម្បទាន ដែលជារបស់យើងទាំងអស់គ្នា ត្រូវគេពុះច្រៀកឲ្យបរទេស។ ឈឺចាប់ទេបងប្អូន? ឈឺចាប់ណាស់។ ទ្រព្យសម្បត្តិជាតិ ត្រូវគេបំផ្លាញលក់ខ្ទេចខ្ទីគ្មានសល់។ ក្រសួងមន្ទីរក្លាយទៅជាក្រុមហ៊ុនឯកជន លក់សេវាសាធារណគូបដិបក្ខរបស់យើងមានតែមួយគត់ទេ និយាយឲ្យច្បាស់ថ្ងៃនេះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សកាន់អំណាច»។
កាលពីឆ្នាំ២០០៨ អង្គការឃ្លាំមើលពិភពលោក ឬក្លូបលវិតនេស ដែលមានមូលដ្ឋាននៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស បានចេញរបាយការណ៍របស់ខ្លួនមួយកម្រាស់ ៩៨ ទំព័រ ដាក់ចំណងជើងថា កម្ពុជាប្រទេសសម្រាប់លក់។
ក្លូបល វីតណេស បានបរិយាយថា របៀបដែលក្រុមវរជនកម្ពុជា បានចាប់ក្ដាប់ឧស្សាហកម្មដកស្រង់ធនធានរបស់ប្រទេស ដោយប្រមូលទ្រព្យសម្បត្តិសន្ធឹកសន្ធាប់សម្រាប់ខ្លួន ហើយកាប់ធនធានឈើព្រៃរបស់ប្រទេសដោយរួមទាំងធនធានរបស់រដ្ឋជាច្រើន ត្រូវដោះដូរពីរដ្ឋទៅឯកជន ដោយយកផលចំណេញ ហើយកំពុងពង្រីកវិស័យពាណិជ្ជកម្មសម្រាប់ខ្លួន។
ក្លូបលវិតនេស បន្តថា ធនធានទាំងនោះ រួមទាំងដី ធនធានជលផល កោះ ឆ្នេរសមុទ្រទេសចរណ៍ រ៉ែ ឧស្ម័ន និងប្រេងកាតជាដើម។ ប្រទេសកម្ពុជាត្រូវគេរកឃើញថា ជាប្រទេសកំពុងត្រូវបានបែងចែក ហើយលក់ចេញយ៉ាងឆាប់រហ័ស។ នៅក្នុងរយៈ ១៥ ឆ្នាំកន្លងមកនេះ ដីរបស់ប្រទេសចំនួន ៤៥% ត្រូវបានទិញដោយអ្នកវិនិយោគឯកជន។
ក្រុមអ្នកឃ្លាំមើលការវិវត្តស្ថានភាពសង្គមគិតថា ដរាបណារដ្ឋាភិបាលពុំបានពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធិភាពទេនោះ មានន័យថា ការគ្រប់គ្រងចំណូល ដែលបានមកពីវិស័យធនធានធម្មជាតិអាគារ ឬទ្រព្យសម្បត្តិសាធារណរបស់រដ្ឋនឹងបានទៅលើតែមនុស្សមួយក្រុម។
លោក សន ជ័យ អ្នកសម្របសម្រួលបណ្ដាញរួបរួមគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ លោកគិតថា ចលនានៃការផ្លាស់ប្ដូរនៅក្នុងសង្គម គឺជាជាចរន្តនៃលំហូរក្នុងការអភិវឌ្ឍ ដែលប្រទេសនិមួយៗ តែងត្រូវធ្វើដោយចៀសមិនបាន។
ក៏ប៉ុន្តែ លោក សន ជ័យ បញ្ជាក់ថា អ្វីដែលធានាពីការផ្លាស់ប្ដូរនេះ រដ្ឋាភិបាលគួរបង្កើតប្រព័ន្ធនៃការដេញថ្លៃមួយដោយឯករាជ្យ និងតម្លាភាពចំពោះចំណូល ដែលបានមកពីការដោះដូរអាគារ ឬពីធនធានធម្មជាតិមានដូចជារ៉ែ និងឧស្ម័នជាដើម។
លោកបន្តថា៖ «តើនីតិវិធីនៃការដេញថ្លៃហ្នឹង មានការបើកទូលាយបើកចំហឲ្យមានការចូលរួមពីសាធារណជនដែរឬក៏អត់? នេះជាអ្វីដែលយើងចង់ឃើញ ហើយក៏យើងចង់បានដែរ ធ្វើម៉េចឲ្យមានតម្លាភាព »។
វិទ្យុអាស៊ីសេរីពុំអាចស្នើសុំការអត្ថាអធិប្បាយពីមន្ត្រីរដ្ឋាភិបាលកម្ពុជាបានទេ ជុំវិញការរកឃើញរបស់គណបក្សប្រឆាំងនេះ។
ក៏ប៉ុន្តែកាលពីឧសភាឆ្នាំ ២០១០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មជាសាធារណមួយ ចំពោះអង្គការឃ្លាំមើលបរិស្ថានអន្តរជាតិពិភពលោកក្លូបលវិតនេស ដែលមានមូលដ្ឋាននៅទីក្រុងឡុងដុងប្រទេសអង់គ្លេស។
ថ្លែងនៅក្នុងសន្និសីទអន្តរជាតិស្ដីពីការធ្វើអាជីវកម្មរ៉ែ លោកហ៊ុន សែន បានប្រតិកម្មទៅនឹង ក្លូបល វីតណេស ដែលចោទរដ្ឋាភិបាលខ្មែរថា បានប្រព្រឹត្តអំពើពុករលួយទាក់ទងនឹងការប្រើប្រាស់ថវិកាជាតិ ដែលការជីករុករករ៉ែ នៅក្នុងប្រទេសកម្ពុជាពុំមានតម្លាភាព។
លោក ហ៊ុន សែន ចាត់ទុករបាយការណ៍របស់អង្គការឃ្លាំមើលបរិស្ថាននេះថា ជាចោរ។
បើទោះជាយ៉ាងណានេះក្ដី លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី ស្ដីបន្ទោសថា ការគ្រប់គ្រងរដ្ឋដោយគណបក្សប្រជាជនកម្ពុជា បានបង្កផលលំបាកជាច្រើន ដល់ពលរដ្ឋតាមរយៈគោលនយោបាយនៃការផ្ដល់ដីសម្បទានសេដ្ឋ និងបន្តឲ្យមានអំពើពុករលួយដែលចាក់ឫសកាន់តែជ្រៅ ដែលជាមូលហេតុនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
លោកបន្តថា៖ «ប្រជាពលរដ្ឋក្រដោយសារអំពើពុករលួយនេះ គឺជាឫសគល់តែមួយគត់។ គណបក្សកាន់អំណាចគណបក្សប្រជាជនជន រួមទាំងបក្សពួករបស់គេ ធ្វើមានធ្វើបានធ្វើមហាសេដ្ឋីលើគំនរទឹកភ្នែករបស់ប្រជាពលរដ្ឋ។ វិបត្តិដីធ្លីរាប់លាននាក់ធ្វើឲ្យបាត់បង់ដីធ្លីធ្វើស្រែចម្ការ ធ្វើឲ្យប្រជាជនយើងជាប់ពន្ធនាគារ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅលំបាកវេទនា»។
កាលពីថ្ងៃទី១០ ខែមិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) បានចេញផ្សាយ របាយការណ៍មួយរបស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលថា អំពើពុករលួយ គឺជាមូលហេតុមួយ ក្នុងចំណោមហេតុផលផ្សេងទៀត ដែលជាមុខសញ្ញានៃការរំលោភសិទ្ធិមនុស្ស។
អង្គការតម្លាភាពអន្តរជាតិរកឃើញថា ប្រទេសកម្ពុជា ស្ថិតនៅលេខរៀងទី ១៦៤ ក្នុងចំណោមប្រទេស ១៨៣ នៅលើពិភពលោក ដែលមានអំពើពុករលួយ។
ចំណែកលោក ព្រាប កុល ជានាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិកម្ពុជា។ លោកគិតថា រដ្ឋាភិបាលគួរបង្កើតយន្តការទៅលើកំណែទម្រង់គោលនយោបាយរបស់ខ្លួនបន្ថែមទៀត។ លោកបន្តថា បើទោះជារដ្ឋាភិបាលបានសម្រេចទិសដៅក្នុងពេលកន្លងទៅនេះតាមចក្ខុវិស័យរបស់ខ្លួនមួយចំនួនហើយក្ដី តែភាពខ្វះចន្លោះ នៅតែជាបញ្ហាប្រឈមនៅឡើយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ។
លោកបន្តថា៖ «មានការខិតខំប្រឹងប្រែងព្យាយាមរបស់រាជរដ្ឋាភិបាល ក្នុងការលើកតម្កើងឲ្យមានការទទួលខុសត្រូវ និងតម្លាភាព ទៅលើលទ្ធកម្ម ឬការដេញថ្លៃនេះដែរ គ្រាន់តែចំណុចទាំងនេះ នៅមិនទាន់បានល្អគ្រប់ជ្រុងជ្រោយនៅឡើយទេ»។
កាលពីឆ្នាំ ២០០៧ អង្គការឃ្លាំមើលបរិស្ថានពិភពលោក ក្លូបល វីតណេស បានចេញផ្សាយរបាយការណ៍មួយ ដែលដាក់ចំណងជើងថា "ខ្សែស្រឡាយអ្នកលក់ជាតិ" ដែលភ្ជាប់រូបភាពមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាសំខាន់ៗ ជាច្រើនរូប។ របាយការណ៍នោះ ធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញប្រតិកម្ម។ មួយឆ្នាំបន្ទាប់ ពោលគឺកាលពីឆ្នាំ ២០០៨ អង្គការមួយនេះ បានចេញផ្សាយរបាយការណ៍របស់ខ្លួនមួយថ្មីទៀត ដោយដាក់ចំណងជើងថា "ប្រទេសសម្រាប់លក់"។ របាយការណ៍នេះបានរកឃើញថា បើទោះជាប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងលឿននៅប៉ុន្មានឆ្នាំកន្លងមកនេះក្តី តែប្រជាជនភាគច្រើននៅតែក្រីក្រ ហើយខ្វះធនធានសំខាន់ជាមូលដ្ឋាន។
សន្ទស្សន៍អភិវឌ្ឍន៍មនុស្សឆ្នាំ ២០០៧ របស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិបានដាក់ប្រទេសកម្ពុជាជាលំដាប់ថ្នាក់ទី ១៣១ ក្នុងចំណោម ១៧៧ ប្រទេស ដោយ ៧៨%នៃប្រជាជន ត្រូវគេប៉ាន់ស្មានថា រស់នៅដោយប្រាក់តិចជាង ២ ដុល្លារក្នុងមួយថ្ងៃ៕
No comments:
Post a Comment
yes