សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

អាជ្ញាធរខេត្តពោធិ៏សាត់ ចោទប្រជាពលរដ្ឋរស់នៅ ភូមិកំពង់ក្ដី ឃុំក្រពើពីរ ស្រុកវាលវែង ថាបង្កើតតំបន់អបគមន៏បង្ខំឲ្យរុះរើ តែការពិតយកដីទៅលក់ឲ្យឈ្មួញសោះ


បន្ទាប់ពីមានបាតុភាពជម្លោះដីធ្លីដ៏ក្តៅគគុកមួយ រវាងអាជ្ញាធរមានសមត្ថកិច្ច ជាមួយនិងប្រជា​ពល​រដ្ឋស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះកាលពីពេលកន្លងទៅនេះ ពី​បទ​បង្កើតតំបន់អបគមន៏ ។ ជាថ្មីម្តងទៀតនៅលើទឹកដីនៃខេត្តពោធិ៏សាត់ ក៏មាន​ករណី​នៃការចោទ​ប្រកាន់ដូចគ្នានេះមកលើប្រជាពលរដ្ឋផងដែរ ។

សូមជំរាបថាយ៉ាង​ហោច​ណាស់​មាន​ផ្ទះ​របស់ប្រជាពលរដ្ឋ​ជាង​៥០០ខ្នង ដែល​ស្ថិត​នៅ​​ចំណុច​ស្រែ​យក្ស​ ភូមិ​កំពង់ក្ដី ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្តពោធិ៏សាត់ ត្រូវ​បាន​រុះរើ និង​ពលរដ្ឋ​ម្នាក់ ត្រូវ​បាន​កម្លាំង​ចម្រុះ​ធ្វើ​ការ​ឃាត់​ខ្លួន នៅ​ខណៈ​ពេល​ដែលអាជ្ញាធរបាន​បើក​យុទ្ធនាការ​បណ្តេញ​ពលរដ្ឋ​ឲ្យ​ចាក​​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ ដោយ​ចោទ​ប្រកាន់​ពី​បទ​រស់​នៅ​អនាធិបតេយ្យ ទន្ទ្រាន​យក​ដី​រដ្ឋ​ខុស​ច្បាប់ និង​បង្កើត​តំបន់​អបគមន៏ ។


តំណាង​ប្រជាពលរដ្ឋ​ចំនួន៦០០គ្រួសារលោក ជិន វន ​​ ដែល​កំពុង​តែ​គេច​ខ្លួនពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ ដែល​បាន​ចោទ​ពី​បទ​បំផុស​ឲ្យ​ពលរដ្ឋ​ ចូល​ទន្ទ្រាន​យក​ដី​រដ្ឋ និង​បង្កើត​តំបន់​អបគមន​នោះបានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា អាជ្ញាធរ​ចម្រុះ​ដែល​មាន​ប៉ូលិស​ ប៉េអឹម​ប្រមាណ៥០នាក់ ​បាន​ចុះ​មក​រុះ​រើ ​បង្ខំ​ឲ្យ​ពលរដ្ឋចាក​ចេញ​ពី​លំនៅដ្ឋាន និង​តាម​ស្វែង​រក​ចាប់​ខ្លួន​ពួក​លោក ​។ លោក ជិន វន ដែលជាតំណាងរបស់ប្រជាពលរដ្ឋចំនួន៦០០គ្រួសារ នៅក្នុងភូមិ​កំពង់ក្ដី ឃុំ​ក្រពើពីរ ស្រុក​វាលវែងបានបន្តថា លោក​ធ្វើ​អ្វីៗ​ដើម្បី​ឲ្យ​ប្រជាជន​ក្រីក្រ​មាន​ដី​រស់​នៅ ហើយ​លោក​​ធ្វើ​គឺ​អនុវត្ត​ទៅ​តាម​ច្បាប់ត្រឹមត្រូវមិនមានការក្លែងបន្លំអ្វីឡើយ ។ ហើយបែរ​ជា​គេ​ចោទ​លោក​​ថា​បង្កើត​តំបន់​អបគមន​ប្រឆាំង​នឹង​គេ​ទៅ​វិញ​ ។ លោក ជិន វន បាននិយាយទាំងឆ្ងល់ថា តើលោក​មាន​អ្វី​ធ្វើ​អបគមន​នោះ​? ហើយលោកក៏​មិន​បាន​ធ្វើ​ដូច​ជា​ការ​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរនោះដែរ ។
លោក ជិន វន បាន​ឲ្យ​ដឹង​ទៀត​ថា​ មុន​នឹង​លោក​ចូល​មក​រស់​នៅ​ក្នុង​ទីតាំងខាងលើនេះ ដែល​ជា​ដី​របស់​ជន​ជាតិ​ភាគ​តិច​រស់​នៅកាល​ពី​មុន​នោះ ​លោក​បាន​ស្នើ​សុំ​ទៅ​លោក​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ រដ្ឋ​សភា អាជ្ញាធរ​ស្រុក ឃុំ ដើម្បី​ឲ្យ​ពលរដ្ឋ​ចំនួន​២០៣ គ្រួសារ​រស់នៅ​លើ​ផ្ទៃ​ដីចំនួន​៧០០០ហិកតា​ នៅ​ក្នុង​ឆ្នាំ២០០៨ហើយលោក​មេឃុំ​ និង​អភិបាល​ស្រុក​ ក៏​បាន​យល់​ព្រម​តាម​សំណើ​របស់លោកផងដែរ ។

លោក ជិន វន បានបន្តរទៀតថា ដោយ​សារ​តែ​ការ​រស់នៅរបស់ពលរដ្ឋទាំងនោះ​យូរ​ទៅ​ ក៏បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួនផ្សេងទៀត ចូល​មក​រស់នៅ​បន្ថែម​​ជា​ហូរហែគឺចាប់​តាំង​ពីឆ្នាំ​២០០៩ រហូត​ដល់​ពេលបច្ចុប្បន្ននេះ​ ដែល​ធ្វើ​ឲ្យចំនួនប្រជា​ពលរដ្ឋមានការ​កើនឡើង​រហូត​ដល់​ចំនួន៦០០គ្រួសារ ​។ លោក ជិន វន បានឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​យុទ្ធនាការ​របស់​អាជ្ញាធរ​ចម្រុះ​ទាំងនោះ គឺបាន​ចាប់ធ្វើឡើង​តាំង​ពី​ថ្ងៃ​ចន្ទមកម្លេះ ហើយនៅក្នុងយុទ្ធនាការរបស់ពួកគេនោះ អាជ្ញាធរ​ក៏បានចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ដែល​ជាជន​ពិការផងដែរ និង​កំពុង​តែ​ស្វែង​រក​តាម​ចាប់​ខ្លួន​ពួក​លោក​ចំនួនបី​នាក់​បន្ថែមទៀត

ចំណែកឯលោក ប៊ុល ស៊ុន អាយុ៦១ឆ្នាំ​ ដែល​ត្រូវ​អាជ្ញាធរ​ចោទ​ប្រកាន់​ពី​បទ បង្កើត​តំបន់​អបគមន៏ និងកំពុងតែតាមចាប់ខ្លួនផងដែរនោះ ក៏បាន​ថ្លែង​ប្រាប់ស្រដៀងទៅនិងលោក ជិន វន ថា
កាលពីថ្ងៃច័ន្ទ គឺមាន​កម្លាំង​ចម្រុះ​ប្រមាណ​ជា​៥០នាក់ រួមជាមួយនិង​កម្មករ​ប្រមាណជាង២០០នាក់ ដែលត្រូវ​បាន​អាជ្ញាធរ​ជួល​មក​ឲ្យ​រុះរើ​ផ្ទះ​របស់ពលរដ្ឋ​ទាំង​អស់នៅតំបន់ស្រែ​យក្ស​ ភូមិ​កំពង់ក្ដី ឃុំ​ក្រពើពីរ ស្រុក​វាលវែង​ ដោយ​ក្រុម​កម្មករ​ទាំង​នោះទទួល​បាន​ប្រាក់​ឈ្នួលក្នុង​ម្នាក់​ចំនួន២​ម៉ឺន​រៀល​ ដើម្បីយកតំបន់នោះទៅលក់ឲ្យឈ្មួញ ។ លោក ប៊ុន ស៊ុន បន្តរថា​ទាំងអស់នេះ​គឺជាល្បិច​របស់លោក ឆេ ឈីវ ដែលជាអភិបាលស្រុកវាលវែង ក្នុងការប្រព្រឹត្តអំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៏របស់ខ្លួន និងបក្ខពួក បែជាមកចោទប្រកាន់ពួកគាត់ដែល​ជាពលរដ្ឋស្លូត​ត្រង់ ថាមកបង្កើតតំបន់អបគមន៏ទៅវិញ ។ លោកថាឯណាទៅច្បាប់ស្រុកខ្មែរ មានទេភាព​យុត្តិ​ធម៌​សម្រាប់ប្រជាពលរដ្ឋក្រីក្រទុនខ្សោយនោះ ! ។
លោក ជិន វន និងលោក ប៊ុន ស៊ុន បានធ្វើការបដិសេធថា ពួកលោក​មិន​បាន​ញុះ​ញង់​ឲ្យប្រជា ពលរដ្ឋ​​ចូល​មក​រស់​នៅ​ក្នុង​តំបន់​ខាងលើនេះដោយខុសច្បាប់ ​និង​បង្កើត​តំបន់​អបគមន​ស្អី​នោះ​ទេ គឺ​ពួកគាត់បានចូលមករស់នៅតំបន់ខាងលើនេះគឺមានការស្នើសុំត្រឹមត្រូវ ហើយការរស់នៅរបស់​ពួកគាត់គឺមិនមែនទើបតែមកនៅនោះទេ គឺពួកគាត់បានចូលមករស់នៅទីនេះ​តាំងពីឆ្នាំ២០០៨​មក​ម្លេះ ។

គួរជំរាបជូនផងដែរថា កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ២០១២នេះ កង​កម្លាំង​ចម្រុះ​ប្រមាណ​១០នាក់ បាន​ចុះ​ទៅ​អនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​បង្ខំ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ខេត្តក្រចេះ​ ឲ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ​ ដោយ​ចោទ​ប្រកាន់​ថា​ រស់នៅ​អនាធិបតេយ្យ​ និង​បង្កើត​តំបន់​អបគមន ហើយ​នៅ​ក្នុង​ហេតុការណនោះ​ អាជ្ញាធរ​បាន​បាញ់​យុវតីម្នាក់​អាយុ១៤ឆ្នាំស្លាប់នៅនឹងកន្លែង និង​ឃាត់​ខ្លួន​មនុស្ស​ចំនួន៨នាក់​ និង​មេ​ខ្លោងចំនួន៥​នាក់ ដែល​ត្រូវ​បានចោទប្រកាន់កំពុងតែ​រត់​គេច​ខ្លួន ដែលមុខសញ្ញាធំគឺ ប៊ុន រដ្ឋា ជាមួយគ្នានោះលោក ម៉ម ស៊ូណង់ដូ ប្រធានសមាគមន៏អ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុ សំបុកឃ្មុំ ក៏ត្រូវបានអាជ្ញាធរ​ធ្វើការចាប់ខ្លួន និងដាក់ឃុំនៅពន្ធនាគារព្រៃស ផងដែរ ដោយត្រូវបានចោទពីបទជាប់ពាក់ព័ន្ធ​ទៅ​និងករណីបង្កើតតំបន់អបគមន៏នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនេះ ។  

អ្នកសង្កេតការណ៏បានលើកឡើងថា គេចាំមើលថាតើថ្នាក់លើនិងដោះស្រាយករណីខាងលើនេះ ជូនប្រជាពលរដ្ឋដោយរបៀបណា ។ ហើយលោក ភួង សុធា​ មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិ
មនុស្ស​អាដហុក​ ប្រចាំខេត្ត​ពោធិ៏សាត់ បាន​ឲ្យ​ដឹង​ថា​ បើ​ពិនិត្យ​តាម​ឯក​សារ​គឺ​ពលរដ្ឋបាន​ស្នើសុំ​រស់​នៅ​ក្នុង​តំបន់​នោះ​តាំង​ពី​ឆ្នាំ២០០៨ មកម្លេះដូចអ្វីដែលជាការលើកឡើងរបស់ពួកគាត់ ។​ លោក​ថាទង្វើ​របស់​អាជ្ញាធរ​ ក្នុង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លីនៅតំបន់ស្រែ​យក្ស​ ភូមិ​កំពង់ក្ដី
ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្តពោធិ៏សាត់ គឺ​បានធ្វើផ្ទុយ​ទៅ​នឹង​អនុសាសន​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ដែល​ថា​រាល់​ទំនាស់​ដី​ធ្លី​ មិន​ត្រូវ​ចាប់​ពលរដ្ឋ​នោះ​ទេ​ តែ​អាជ្ញាធរ​បាន​ចាប់​ពលរដ្ឋ​ ហើយ​រុះរើ​ផ្ទះ​ពលរដ្ឋ​អស់​រលី​ង​។ លោក​បញ្ជាក់​ថា​ បើ​អាជ្ញាធរចោទថា​ប្រជាពលរដ្ឋ​រស់នៅ​ខុស​ច្បាប់​លើ​ដី​រដ្ឋ និង​បង្កើត​តំបន់​អបគមន​ ហេតុ​អី​ក៏មិន​ហាម​ពលរដ្ឋ នៅ​ពេល​ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើ​សុំនោះ​តែ​ម្តង​ទៅ​ ហេតុ​អ្វី​ក៏​ទើប​មក​ចាត់​ការ​នៅ​ពេល​នេះ​ទៅវិញ

No comments:

Post a Comment

yes