សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

ប៉ូលិស​រារាំង​ពលរដ្ឋ​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​អ្នក​ពាក់ព័ន្ធ​ជម្លោះ​ដី​៦​នាក់


ក្រុម​អ្នក​ភូមិ​ជាច្រើន​នាក់​មក​ពី​ឃុំ​ចែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​នាំគ្នា​តវ៉ា​សុំ​ឲ្យ​តុលាការ​ខេត្ត​បាត់ដំបង ដោះលែង​អ្នក​ភូមិ​ចំនួន ៦​នាក់ ដែល​សមត្ថកិច្ច​ប៉ូលិស​ចាប់​ខ្លួន​តាម​ដីកា​តុលាការ​ខេត្ត​បាត់ដំបង ទាក់​ទិន​នឹង​ករណី​ទំនាស់​ដីធ្លី។
RFA/Soun Sophalmony
១៩-កក្កដា-២០១២៖ សមត្ថកិច្ច​ប៉ូលិស​ព្យាយាម​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​តុលាការ​ខេត្ត​បាត់ដំបង។
ប៉ុន្តែ គម្រោង​ការ​លើក​គ្នា​មក​តវ៉ា ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​រារាំង ហើយ​បាន​ជ្រើសរើស​តំណាង​អ្នក​ភូមិ​ចំនួន ៧​នាក់ ឲ្យ​ចូល​ទៅ​ជួប​ជាមួយ​តំណាង​អយ្យកា​វិញ។
តំណាង​អ្នក​ភូមិ​ចំនួន ៧​នាក់ បាន​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​កក្កដា បន្ទាប់​ពី​បាន​ចូល​ទៅ​ជួប​ជាមួយ​តំណាង​អយ្យកា​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដើម្បី​សុំ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​ចំនួន ៦​នាក់ ដែល​សមត្ថកិច្ច​ប៉ូលិស​ចាប់​ឃាត់​ខ្លួន កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១២ ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​នៅ​ចំណុច​អណ្ដូង​កន្ទួត ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។
លោក ប៊ុត សំបូរ អធិការ​នគរបាល​ស្រុក​បាណន់ ដែល​បាន​នាំ​ប្រជាពលរដ្ឋ​ចំនួន ៧​នាក់ ចូល​ទៅ​ជួប​តំណាង​អយ្យកា នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា តុលាការ​កំពុង​ចាត់​ការ​ទៅ​តាម​នីតិវិធី​លើ​ករណី​ជន​ជាប់​សង្ស័យ​បី​នាក់។
លោក​បន្ត​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ សមត្ថកិច្ច​ប៉ូលិស​បាន​ឃាត់​ខ្លួន​មនុស្ស​បី​នាក់​តាម​ដីកា របស់​តុលាការ ក្នុង​នោះ​មាន​ឈ្មោះ សើរ សាមេន ឃឿន សារ៉េត និង​យឹម វិរៈ។
ចំណែក​ឯ​បី​នាក់​ទៀត​មាន​ឈ្មោះ ឌី សាវុធ រៀម រួន និង​ឈួយ ស៊ីន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ដែរ ដោយ​សារ​តែ​ពួក​គេ​បាន​ព្រួត​គ្នា​វាយ​តតាំង​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​ក្នុង​ការ​អនុវត្ត​ដីកា អាច​ត្រូវ​តុលាការ​ពិចារណា​ដោះលែង​ឲ្យ​រួច​ខ្លួន​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ជំនួប​រវាង​អ្នក​ភូមិ និង​តំណាង​អយ្យកា​នេះ គេ​នៅ​ពុំ​ទាន់​បាន​ដឹង​ពី​លទ្ធផល​បែប​ណា​នោះ​ទេ។
លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ដំបង បាន​មាន​ប្រសាសន៍​ថា មន្ត្រី​នគរបាល​យុត្តិធម៌ បាន​បញ្ជូន​ជន​ដែល​ត្រូវ​ឃាត់​ខ្លួន​មក​ឲ្យ​តំណាង​អយ្យកា។ តំណាង​អយ្យកា​កំពុង​ធ្វើ​ការ​សាកសួរ ប៉ុន្តែ​នៅ​ពុំ​ទាន់​ដំណើរការ​នីតិវិធី​បែប​ណា​ទេ។ លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាក់​ថា តុលាការ​បាន​ចេញ​ដីកា​សម្រាប់​មនុស្ស​តែ​បី​នាក់​ទេ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត ស្រាប់​តែ​មាន​មនុស្ស​ជាច្រើន​នាក់​ទៀត​ចូល​ទៅ​ជួយ ទើប​មាន​ការ​ឃាត់​ខ្លួន​ច្រើន​នាក់​ដូច្នេះ។
លោក នួន សាន៖ «មុន​ដំបូង ដោយ​សារ​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​មនុស្ស​បី​នាក់ ហើយ​យើង​ធ្វើ​ដីកា​អញ្ជើញ​គាត់​យក​មក ហើយ​ដល់​ពេល​យើង​កំពុង​អនុវត្ត​ដីកា មាន​មនុស្ស​ច្រើន​ប្រតាយប្រតប់​សមត្ថកិច្ច​ហ្នឹង ដើម្បី​យក​បងប្អូន​បី​នាក់​ទៅ​វិញ។ ប៉ុន្តែ​សមត្ថកិច្ច​យើង​មិន​អនុញ្ញាត​ឲ្យ​គាត់​យក​ទៅ ព្រោះ​ក្នុង​ពេល​បំពេញ​កិច្ចការ​អញ្ចឹង គាត់​ត្រូវ​ឃាត់​ខ្លួន​ពីរ​រូប​បី​រូប​ហ្នឹង ពី​បទល្មើស​ជាក់ស្ដែង​ដោយ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​សមត្ថកិច្ច​កំពុង​ប្រតិបត្តិការ​ហ្នឹង»
លោក អ៊ឹង ហួម អាយុ​៦៦​ឆ្នាំ រស់​នៅ​ឃុំ​ចែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង និង​ត្រូវ​ជា​ម្តាយ​របស់ សើរ សាមេន បាន​ស្រែក​ទ្រហោ​យំ​ដោយ​រៀបរាប់​ថា កូន​គាត់​អត់​មាន​ទោស​កំហុស​ទេ។ លោកស្រី​ចោទ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ ជា​អ្នក​យក​ដី​លក់ ហើយ​ទម្លាក់​កំហុស​មក​លើ​ប្រជាពលរដ្ឋ។
លោកស្រី ហ៊ន ទី ត្រូវ​ជា​ប្រពន្ធ​របស់​ឈ្មោះ ឃឿន សារ៉េត បាន​ថ្លែង​ថា ក្រុម​អ្នក​ភូមិ​ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​ចំនួន ៦​នាក់​នោះ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ លោកស្រី​បញ្ជាក់​ថា ប្ដី​លោកស្រី និង​មនុស្ស​៥​នាក់​ផ្សេង​ទៀត​នោះ ពុំ​មាន​ទោស​កំហុស​នោះ​ឡើយ។
លោកស្រី ហ៊ន ទី៖ «មិន​មាន​យក​លុយ​មួយ​កាក់ បើ​មិន​ជឿ​យក​ប្រជាជន​មក​ប្រជុំ បើ​សិន​ថា​លក់​កន្លះ​ហិកតារ ប្ដី​ខ្ញុំ​សុខ​ចិត្ត​ដើរ​ចូល​គុក ហើយ​វា​ចេះ​តែ​ថា​អញ្ចេះ ថា​វា​ចង់​លក់​ទាំងអស់​នេះ អា ម៉ម សង អា ជិន សំអន ហ្នឹង វា​ស៊ីញេ​វ៉ៃ​ត្រា​ថា បង​ប្អូន​ឯង​ទៅ​វិញ ដី​នេះ​ទុក​ឲ្យ​ប្រជាជន​ពេល​ចេញ​ទៅ​ផុត វា​យក​ម៉ៃខូ ជីក​ទល់​ភ្លឺ»
នៅ​ក្នុង​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន ចុះ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១២ លោក នួន សាន ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា ឈ្មោះ សើរ សាមេន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ឈ្មោះ ឃឿន សារ៉េត ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ និង​ឈ្មោះ យឹម វិរៈ ហៅ​ប្រុស អាយុ ៤២​ឆ្នាំ អ្នក​ទាំង​បី​ស្នាក់​នៅ​ភូមិ​គោករកា ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។
ពួក​គេ​បាន​តាំង​ខ្លួន​ជា​អាជ្ញាធរ​ឃោសនា​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​ដី ហើយ​ឲ្យ​បង់​ប្រាក់​ឲ្យ​ពួក​គេ​តាំង​ពី​ដើម​ឆ្នាំ​២០១២ រហូត​មក​ដល់​បច្ចុប្បន្ន។
ករណី​នេះ តុលាការ​យល់​ឃើញ​ថា ឈ្មោះ​ជន​ជាប់​សង្ស័យ​ទាំង​បី​នាក់ បាន​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ឆករកា ដោយ​អំពើ​របស់​ពួក​គេ​ជា​ចេតនា​ទុច្ចរិត ដែល​ច្បាប់​មាន​ចែង និង​បញ្ញត្តិ​ឲ្យ​ផ្ដន្ទាទោស។
ប្រធាន​សម្រប​សម្រួល​សមាគម អាដហុក (Adhoc) លោក យិន ម៉េងលី បាន​ថ្លែង​ថា ករណី​នេះ​តុលាការ​បាន​ចោទ​ប្រជាពលរដ្ឋ​បី​នាក់ ពី​បទ​ឆបោក។ រឿង​នេះ​ជាប់​ពាក់ព័ន្ធ​រឿង​ដី ប៉ុន្តែ​អ្វី​ដែល​អង្គការ​មើល​ឃើញ គឺ​ការ​អនុវត្ត​មិន​ស្មើភាព​គ្នា។ មិន​ស្មើ​គ្នា​ត្រង់​ចំណុច​ប្រជាពលរដ្ឋ គាត់​តែងតែ​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​អាជ្ញាធរ​ភូមិ​ឃុំ ជា​អ្នក​យក​ដី​របស់​រដ្ឋ និង​ដី​របស់​ប្រជាពលរដ្ឋ​លក់។ ប្រជាពលរដ្ឋ​បាន​ធ្វើ​ពាក្យ​បណ្ដឹង​ជា​ច្រើន ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​ណា​ចុះ​ទៅ​ស្រាវជ្រាវ​ថា តើ​ដី​នោះ​លក់​ពិត​ប្រាកដ​មែន​អត់។ ចំណែក​ឯ​ឈ្មួញ​ដែល​បាន​ដី​នៅ​តំបន់​នោះ​រាប់​សិប​ហិកតារ សមាគម អាដហុក ចោទ​សួរ​ថា តើ​ពួក​គេ​បាន​ដី​នោះ​មក​ពី​ណា?
លោក យិន ម៉េងលី៖ «នេះ​ជា​ចំណុច​អវិជ្ជមាន​មួយ ដែល​មិន​មាន​ការ​ចាត់​ការ តែ​នៅ​ពាក់ព័ន្ធ​ទៅ​ដល់​រឿង​នេះ មិន​ទាន់​មាន​បណ្ដឹង​ពី​ខាង​ជន​រងគ្រោះ​ផង គ្រាន់​តែ​មាន​របាយការណ៍​របស់​ស្នងការ​ទេ ខាង​សមត្ថកិច្ច ខាង​តុលាការ លោក​ចាត់​ការ​ដោយ​រួសរាន់។ ដូច្នេះ យើង​ឃើញ​ចំណុច​ទាំង​ពីរ​នេះ​មាន​ភាព​ខុស​គ្នា​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ អញ្ចឹង​ករណី​នេះ យើង​តាម​ដាន​ទៀត ហើយ​យើង​ផ្តល់​មេធាវី​ជូន​ពួក​គាត់ ប្រសិន​បើ​មាន​ការ​ឃុំ​ខ្លួន​ពួក​គាត់​ពាក់​ព័ន្ធ​នឹង​បទ​ឆបោក​នេះ»
លោក នួន សាន ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា ការ​សម្រេច​ឃុំ​ខ្លួន ឬ​មិន​ឃុំ​ខ្លួន​ជន​ជាប់​សង្ស័យ គេ​អាច​ដឹង​បាន​នៅ​ថ្ងៃ​ស្អែក នៅ​ពេល​ខាង​តំណាង​អយ្យកា​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ៕

No comments:

Post a Comment

yes