សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាព្រះប្រធានគណបក្សនរោត្តមរណឫទ្ធិ
ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ និងអគ្គលេខាធិការរបស់ព្រះអង្គ គឺលោកសៅ រ៉ានី បានឈ្លោះគ្នាតាមរយៈលិខិតជុំវិញការបង្រួបបង្រួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច។ លោកសៅ រ៉ានី បានធ្វើលិខិតទៅព្រះអង្គម្ចាស់ ស្នើអោយព្រះអង្គសម្រាកពីនយោបាយមួយរយៈ ដើម្បីលោកដឹកនាំការបង្រួបបង្រួមគណបក្ស នរោត្តម រណឬទ្ធិ និងហ្វ៊ុនស៊ីនប៉ិច។ នៅថ្ងៃនេះ ព្រះអង្គម្ចាស់រណឬទ្ធិបានឆ្លើយតបតាមលិខិតវិញថា លោកសៅ រ៉ានី ចង់ចរចាជាមួយអ្នកណា គឺជាសិទ្ធិរបស់លោកសៅ រ៉ានី ប៉ុន្តែលោកសៅ រ៉ានីមិនអាចយកព្រះនាម និងឈ្មោះគណបក្សនរោត្តម រណឬទ្ធិទៅប្រើប្រាស់បានឡើយ។
ក្រោយពីបរាជ័យនៃការរួបរួមធ្វើសម្ព័ន្ធភាពជាមួយគណបក្សហ្វ៊ុនស៊ីនប៉ិច គណបក្សនរោត្តម រណឬទ្ធិកំពុងតែមានបញ្ហារង្គោះរង្គើផ្ទៃក្នុង។ ប្រធានគណបក្សនរោត្តម រណឬទ្ធិ គឺព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ និងអគ្គលេខាធិការគណបក្សនេះ គឺលោកសៅ រ៉ានី ដែលគេដឹងថាជាមន្ត្រីស្និទ្ធនឹងព្រះអង្គម្ចាស់ មិនបាននិយាយទល់មុខគ្នាទេ តែបានឆ្លើយឆ្លងលិខិតជាមួយគ្នាទៅវិញ ជុំវិញការបង្រួបបង្រួមជាមួយគណបក្សហ្វ៊ុនស៊ីនប៉ិច។
លិខិតដែលត្រូវបានផ្ញើថ្វាយសម្តេចឪ ថ្វាយព្រះមហាក្សត្រ និងព្រះអង្គម្ចាស់រណឬទ្ធិនោះ លោកសៅ រ៉ានី បានស្នើអោយព្រះអង្គម្ចាស់យាងសម្រាកពីនយោបាយមួយរយៈ ដើម្បីទុកលទ្ធភាពអោយថ្នាក់ដឹកនាំមួយចំនួនដើរតួចរចាបង្រួបបង្រួមជាមួយគណបក្សហ្វ៊ុនស៊ីនប៉ិច។ សំណើរបស់លោកសៅ រ៉ានីមិនត្រូវបានស្វាគមន៍ពីព្រះអង្គម្ចាស់ឡើយ។ នៅក្នុងលិខិតឆ្លើយតបទៅលោកសៅ រ៉ានី នៅថ្ងៃព្រហស្បតិ៍នេះ ព្រះអង្គម្ចាស់មិនបានហាមឃាត់លោកសៅ រ៉ានី មិនអោយបន្តការងារបង្រួបបង្រួមទេ តែក៏មិនអោយលោកសៅ រ៉ានីចរចាក្នុងនាមព្រះអង្គ និងក្នុងនាមគណបក្សដែលលោកសៅ រ៉ានី ជាអគ្គលេខាធិការគណបក្សនោះដែរ។
ព្រះអង្គម្ចាស់បានសរសេរប្រាប់លោកសៅ រ៉ានីថា ព្រះអង្គមិនទទួលស្គាល់ជាដាច់ខាតនូវលទ្ធផលណាមួយដែលកើតចេញពីការចរចារវាងលោក សៅ រ៉ានី និងលោកណាមួយ ឬគណបក្សណាមួយនោះ។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកសៅ រ៉ានីបញ្ជាក់ថា លោកនឹងមិនបញ្ឈប់ការងារចរចាបង្រួបបង្រួមនេះឡើយ ហើយលោកក៏នៅតែជាអគ្គលេខាធិការគណបក្សនរោត្តម រណឬទ្ធិដដែល។ លោកសៅ រ៉ានីពន្យល់ថា លោកគ្រាន់តែធ្វើជាអ្នកសម្របសម្រួលសម្រាប់សមាជិករបស់គណបក្សនរោត្តម រណឬទ្ធិថ្នាក់ខេត្តមួយចំនួនធំ ដែលចង់ឃើញការរួបរួមគ្នានេះ។ ចំពោះលោកសៅ រ៉ានី បើទោះជាគណបក្សនរោត្តម រណឬទ្ធិមិនរួមជាមួយគណបក្សហ្វ៊ុនស៊ីនប៉ិច តែគណបក្សក៏មិនអាចរារាំងឆន្ទៈបុគ្គលដែលចង់ទៅរួមជាមួយគណបក្សហ្វ៊ុនស៊ីនប៉ិចនោះដែរ។
ទំនងជាអាចមានសមាជិកគណបក្សនរោត្តម រណឬទ្ធិខ្លះបានសម្រេចចិត្តចាកចេញពីព្រះអង្គម្ចាស់រណឬទ្ធិ ហើយទៅចូលរួមជាមួយគណបក្សហ្វ៊ុនស៊ីនប៉ិចមែន នេះបើគេស្តាប់ឮប្រសាសន៍លោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ីនប៉ិច នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ បង្ហើបប្រាប់អ្នកកាសែត លោកញឹក ប៊ុនឆៃបាននិយាយថា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អាចនឹងមានការរៀបចំពិធីទទួលសមាជិកគណបក្សនរោត្តម រណឬទ្ធិ។
គណបក្សសត្រូវបងប្អូនមិនដែលមានជោគជ័យក្នុងការរួមគ្នាវិញឡើយ បន្ទាប់ពីបានបែកគ្នានៅក្នុងឆ្នាំ២០០៦មកនោះ។ ការប្រេះស្រាំបានកើតមានជាថ្មីទៀតនៅលើកចុងក្រោយនេះបើទោះជាតំណាងគណបក្សទាំងពីរ គឺព្រះអង្គម្ចាស់ រណឬទ្ធិ និងលោកញឹក ប៊ុនឆៃបានឈានដល់ការចុះហត្ថលេខារួបរួម ក្រោមការសម្រសម្រួលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏ដោយ៕
No comments:
Post a Comment
yes