សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

កម្ពុជា-ឥណ្ឌូនេស៊ី នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង


រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​រិះរក​មធ្យោបាយ​បន្ធូរបន្ថយ​ស្ថានការណ៍​ជម្លោះ​តានតឹង នៅ​សមុទ្រ​ចិន​ខាង​ត្បូង។
RFA/Sok Serey
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង (ស្ដាំ) និង​ជា​ឧបនាយក​រដ្ឋមន្ត្រី ជួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Letalegawa) (ឆ្វេង) នា​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១២។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​កក្កដា ដើម្បី​រាយការណ៍​ដោយ​ផ្ទាល់ និង​ជា​បន្ទាន់​មួយ​ជូន​លោក ហោ ណាំហុង ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន (Asean) ផ្ដោត​លើ​ស្ថានការណ៍​ជម្លោះ​តានតឹង នៅ​សមុទ្រ​ចិន​ខាង​ត្បូង។
នៅ​ក្នុង​ជំនួប​នោះ លោក ហោ ណាំហុង និង​លោក ម៉ាទី ណាតាឡេហ្គាវ៉ា បាន​ឯកភាព​គ្នា​ថា​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ បញ្ជាក់​អំពី​ជំហរ​របស់​អាស៊ាន (Asean) ស្ដីពី​ដំណោះស្រាយ​ជម្លោះ​តានតឹង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។
នៅ​មុន​ពេល លោក ម៉ាទី ណាតាឡេហ្គាវ៉ា បាន​មក​ជួប​លោក ហោ ណាំហុង នៅ​ពេល​នេះ គឺ​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស នៅ​ប្រទេស​ហ្វីលីពីន (Philippines) និង​វៀតណាម (Vietnam) កន្លង​ទៅ​ថ្មីៗ​នេះ។

ក្រោយ​ពី​ជំនួប​រយៈពេល​ជាង​កន្លះ​ម៉ោង នៅ​ឯ​ក្រសួង​ការ​បរទេស នៅ​ទីក្រុង​ភ្នំពេញ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ថា លោក​គ្រោង​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា៖«ចេញ​ផ្សាយ​ចំណុច​ជា​គោលការណ៍​នេះ ហើយ​ដល់​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង៦​យល់​ស្រប​ហើយ ខ្ញុំ​នឹង​ជួប​អស់​លោក​នៅ​ថ្ងៃ​ស្អែក នៅ​ពេល​រសៀល​ម៉ោង​៣កន្លះ ដើម្បី​ជម្រាប​ជូន​អំពី​ចំណុច​ជា​គោលការណ៍​នេះ។ ខ្ញុំ​ជា​ប្រធាន​អាស៊ាន នេះ ធ្វើ​ការ​សម្រប​សម្រួល ធ្វើ​យ៉ាង​ណា​ឲ្យ​វា​មាន​លទ្ធផល​ល្អ ឲ្យ​មាន Concession (ការ​បន្ធូរបន្ថយ) ក្នុង​ពេល​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នេះ តែង​តែ​ទាក់​ទង​ជាមួយ​ខ្ញុំ ចរចា​គ្នា»
ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទាក់ទង​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន មួយ​ចំនួន​ទៀត ដើម្បី​បន្ធូរបន្ថយ និង​ដោះស្រាយ​បញ្ហា​ជម្លោះ​តានតឹង​នោះ។ អាស៊ាន​នៅ​តែ​រក្សា​ការ​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​នានា ជាពិសេស​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។
លោក ម៉ាទី ណាតាឡេហ្គាវ៉ា៖ «គោលការណ៍​ទាំង​នោះ ត្រូវ​បាន​កត់​សម្គាល់​រួច​ហើយ ហើយ​ខ្ញុំ​បាន​រាយការណ៍​ជូន​ប្រធាន​អាស៊ាន នូវ​អ្វី​ដែល​ជា​គោលការណ៍​ទាំង​នោះ។ បើ​សិន​ណា​មាន​ការ​ឯកភាព​គ្នា​លើ​គោលការណ៍​ទាំង​នោះ នា​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ គឺ​ប្រធាន​អាស៊ាន​នឹង​មាន​សិទ្ធិ​ប្រកាស​ជា​ផ្លូវការ ស្ដីពី​ជំហរ​របស់​អាស៊ាន។ អស់​លោក​អ្នក​បាន​ដឹង​ហើយ​ថា អាស៊ាន​តាំង​ចិត្ត​អនុវត្ត​តាម​គោលការណ៍​នៃ​ក្រម​ប្រតិបត្តិ ស្ដីពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ អាស៊ាន​បន្ត​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែក​លើ​ច្បាប់​ស្ដីពី​សមុទ្រ និង​ច្បាប់​អន្តរជាតិ។ អាស៊ាន​បន្ត​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​មិន​ប្រើ​កម្លាំង។ អាស៊ាន​ចង់​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ស្ដីពី​សមុទ្រ​នៅ​ឆ្នាំ​១៩៨២»
លោក ម៉ាទី ណាតាឡេហ្គាវ៉ា បាន​បញ្ជាក់​ថា អាស៊ាន​មាន​កិច្ច​ការងារ​ជាច្រើន​ទៀត​ត្រូវ​ធ្វើ​នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ។
ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​កំពុង​តែ​មាន​ជម្លោះ​តានតឹង​ជាមួយ​ប្រទេស​ចិន នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ មាន​ប្រទេស​ហ្វីលីពីន (Philippines) វៀតណាម (Vietnam) ម៉ាឡេស៊ី (Malaysia) និង​ប្រទេស​ប្រ៊ុយណេ (Brunei)។
ជំនួប​ជា​បន្ទាន់​រវាង​លោក ហោ ណាំហុង ជាមួយ​លោក ម៉ាទី ណាតាឡេហ្គាវ៉ា នៅ​ពេល​នេះ គឺ​នៅ​គ្រា​ដែល​ភាគី​ជម្លោះ​មាន​ប្រទេស​ហ្វីលីពីន និង​វៀតណាម ជាមួយ​ប្រទេស​ចិន កំពុង​តែ​ឡើង​កម្ដៅ​ខ្លាំង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ប្រធាន​អាស៊ាន នៅ​ក្នុង​ឱកាស​បិទ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៤៥ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា កន្លង​ទៅ​នេះ​បាន​ប្រកាស​ថា លោក​មិន​អាច​ចេញ​សេចក្តី​ប្រកាស​លទ្ធផល ឬ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​បាន​ទេ ដោយ​សារ​តែ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន មិន​បាន​ចុះ​សម្រុង​គ្នា​លើ​ដំណោះស្រាយ ស្ដីពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។
លោក ហោ ណាំហុង បាន​សម្ដែង​ការ​សោកស្ដាយ ដោយ​លោក​បាន​បញ្ជាក់​ថា អាស៊ាន​មិន​មែន​ជា​តុលាការ​ទេ ប៉ុន្តែ​អាស៊ាន​មាន​តួនាទី​ជា​អ្នក​សម្រប​សម្រួល​ក្នុង​រឿង​នេះ៕

No comments:

Post a Comment

yes