សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

លោក ជួង ជូងី ចូលបំភ្លឺនៅតុលាការខេត្តកណ្តាល ទាក់ទងទៅនិងបណ្តឹងប្តឹងលោក លឹម សុគន្ថា តែនៅមិនទាន់ទទួលបានលទ្ធផល


កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន ធ្វើការកោះហៅ​លោក ជូ​ង ជូ​ងី មេធាវីការពារក្តីលោក មាស ប៉េង ជំទប់ទី១របស់គណបក្ស សម រង្ស៊ី ដើម្បីឲ្យចូល​ឆ្លើយបំភ្លឺនៅសាលាដំបូង​ខេត្តកណ្តាល ។​

​លោក​មេធាវី ជូ​ង ជូ​ងី បាន​បញ្ជាក់ថា លោក​ចូល​បំភ្លឺ​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​
ធ្វើការបំភ្លឺទៅនឹងពាក្យបណ្តឹង​របស់លោក ដែលបានប្តឹង​លោក​ចៅក្រម លឹម សុគ​ន្ថា ពីបទ​ក្លែង​លិខិត​សាធារណៈ យោងទៅតាម​ក្រមព្រហ្មទណ្ឌ ។ លោកថា កាលពីពេល ​កន្លងមក​លោក​ លឹម សុគន្ថា បានធ្វើ​លិខិត​ក្លែង​ចំនួន​ពីរ គឺ​ដីការ​សម្រេច​ឃុំខ្លួនលោក ​មាស ប៉េង និង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ ។​

​លោក ជូ​ង ជូ​ងី បាន​ឲ្យ​ដឹង​បន្ត
ទៀតថាបន្ទាប់ពីធ្វើការសាកសួររូបលោកហើយ តំណាង​អយ្យការ​បាន​សន្យាថា លោក​នឹង​បង្គាប់​ឲ្យ​លោក​ លឹម សុគ​ន្ថា ធ្វើការ​ឆ្លើយបំភ្លឺ​មក​លោក​ដែលជាតំណាង​អយ្យការ​វិញ ​ហើយតំណាង​អយ្យការ​នឹង​កោះហៅ​រូបលោកឲ្យចូល​ចូល​បំភ្លឺ​ម្តងទៀត​នៅពេល​ក្រោយដោយមិនមានការកំណត់ពេលវេលាឲ្យបានច្បាស់លាស់នោះទេ ​។ 


លោក ជួង ជូងី បានបន្តថាតាមផ្លូវច្បាប់លោក លឹម សុគន្ថា ដែលបានល្មើសទៅនិងមាត្រា ៦២៩ នៃក្រមព្រមទ័ណ្ឌ គឺត្រូវមានទោសចាប់ពី៥ឆ្នាំទៅ១០ឆ្នាំ ។​ហើយក៏ត្រូវជាប់ពន្ធនាគារតាំងពីយូ ណាស់មកហើយផងដែរ ដូចអ្វីដែលលោកបានចាប់លោក មាស ប៉េង ឬលោក ម៉ឹក ជា ភ្លាមៗ កាលពីពេលកន្លងទៅនោះ មិនត្រូវពន្យាពេលមកដល់ពេលនេះនោះទេ ៕

សូមជំរាបជូនផងដែរថានៅក្នុង​ពាក្យបណ្ដឹងរបស់លោក ជូ​ង ជូ​ងី ដែលបានដាក់កាលពីថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ២០១២ បាន​ជម្រាបជូន​លោក​ព្រះរាជអាជ្ញា​ថា « កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១១ កូនក្ដី​ខ្ញុំ​ឈ្មោះ មាស ប៉េង ត្រូវបាន​លោក លឹម សុគ​ន្ថា ចៅក្រម​ស៊ើបសួរ បង្គាប់​ឲ្យ​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ នៅ​សាលាដំបូង​ខេត្តកណ្ដាល ​។ ក្រោយពី​បាន​សួរ​យក​ចម្លើយ​ចប់ ម៉ោង​ជិត១២ថ្ងៃត្រង់ឈ្មោះ មាស ប៉េង ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​ពន្ធនាគារ​ខេត្តកណ្ដាល ​។ ពេលនោះ ខ្ញុំបាទ​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក មាស ប៉េង បាន​ទារ​រក​ដីកា​សម្រេច​ឃុំខ្លួន​ឈ្មោះ មាស ប៉េង ប៉ុន្តែ​លោក​ចៅក្រម លឹម សុគ​ន្ថា មិនមាន​ដីកា​សម្រេច​ឃុំខ្លួន​បង្ហាញ​ខ្ញុំ​ទេ​។ ​ខ្ញុំ​បានទាមទារ​រក​ដី​កាស​ម្រេច​ឃុំខ្លួន​លោក មាស ប៉េង ជាច្រើនលើកលោក​ចៅក្រម លឹម សុគ​ន្ថា ក៏​នៅតែ​មិនមាន​
ដីកា​សម្រេច​ឃុំខ្លួនលោក មាស ប៉េង បង្ហាញ​ខ្ញុំ​ដែរ » ។​

​ពាក្យបណ្ដឹង​ដដែល​បាន​បន្តថា
« ក្រោយពី​ហេតុការណ​បានកើត​ឡើង​រួច ទើប​លោក លឹម សុគ​ន្ថា បានរៀបចំ​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន និង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​បិទបាំង​អំពើ​ទុច្ចរិត​របស់ខ្លួន បំភាន់ បំភ្លៃ​ការពិត មួលបង្កាច់ ទម្លាក់កំហុស​ដោយ​ទុច្ចរិត​ថា មេធាវី​ដណ្ដើម​ដីកា​ឲ្យ​រហែក​មួយ​សន្លឹក » ។​

នៅក្នុងពាក្យបណ្ដឹង​របស់លោក ជូ​ង ជូ​ងី បាន​បន្ថែមថា « លោក លឹម សុគ​ន្ថា មិនមាន​វត្ត​មាននៅ​ពន្ធនាគារ​ទាល់តែសោះ តែបែរជា​ហ៊ាន​ប្រឌិត​រឿង​មួលបង្កាច់ ទម្លាក់កំហុស​ដោយ​ទុច្ចរិត​បែបនេះ » ។​

ទាក់ទងទៅនិងករណីខាងលើនេះផងដែរ លោក គីម សួរភីរិទ្ធិ តំណាងរាស្រ្តរបស់គណបក្ស​ សម រង្ស៊ី ក៏បានលើកឡើងចំពោះករណីរបស់​លោក មាស ប៉េង ផងដែរថា នីតិវិធីរបស់​តុលាការ​ហាក់បីដូចជាបង្ហាញពីភាពស្មុគស្មាញ ហើយធ្វើឲ្យលោក មាស ប៉េង ដែលជាជនរងគ្រោះបន្តរ​ទទួលរងនូវភាពអយុត្តិធម៌ ។ ហើយលោកគិតថាតុលាការមិនគូរ អូសបន្លាយសុំណុំរឿងរបស់​លោក មាស ប៉េង រហូតមកដល់ពេលនេះនោះទេ ព្រោះលោក មាស ប៉េង មានភារកិច្ចជាច្រើន​ដើម្បី​បំរើរាស្រ្ត និងប្រទេសជាតិ ។

លោក គីម សួរភីរិទ្ធិ ក៏បានធ្វើការសុំណូមពរទៅដល់រដ្ឋាភិបាល ជាពិសេសគឺក្រសួងយុត្តិធម៌ ក៏ដូចជាស្ថាប័នតុលាការមេត្តាពិនិត្យករណីរបស់លោក មាស ប៉េង ដែលជាជំទប់ទី១របស់គណ បក្ស សម រង្ស៊ី ឡើងវិញ ។ ហើយលោកថាលោក មាស ប៉េង គឺមិនបានប្រព្រឹត្តអ្វីខុសដូចជាការ ចោទប្រកាន់របស់លោក លឹម សុគន្ថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល​បានធ្វើការ​ចោទប្រកាន់ពីបទ « អ្នកផ្តើមគំនិតប្រើអំពើហិង្សាលើអ្នកកាន់កាប់ អចលនវត្ថុដោយសុច្ចរិត » នោះទេ ។ លោកថាសំខាន់បំផុតនោះគឺរដ្ឋាភិបាលត្រូវតែក្រលែកមើលមន្រ្តីខិលខូចរបស់
ខ្លួន​​ដែលជានិច្ចជាកាល គឺតែងតែមានការជាប់ពាក់ព័ន្ធក្នុងការរឹបអូស និងគេងបន្លំទ្រព្យ​សម្បត្តិ​របស់រដ្ឋ ជាពិសេសគឺដីធ្លីនេះតែម្តង ។

គួររំលឹកជូនថាលោក មាស ប៉េង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២ ត្រូវ​បានលោក លឹម សុគន្ថា ចៅក្រមស៊ើបសួរ បានបញ្ជាឲ្យនគរបាលចាប់ខ្លួនលោក មាស ប៉េង យក​ទៅឃុំទាំងពុំ​មានដីកាសម្រេចឃុំខ្លួននោះឡើយ បើទោះបីជាកាលណោះលោក ជូង ជូងី ដែលជាមេធាវី ការ​ពារក្តីជូនលោក មាស ប៉េង ទាមទាឲ្យលោក លឹម សុគន្ថា បង្ហាញដីកាឃុំខ្លួន​យ៉ាងណាក៏ដោយ ក៏លោក លឹម សុគន្ថា នៅតែមិនបានបញ្ចេញ និងមិនមានដីកាបង្ហាញមក​លោក ជូង ជូងី ដដែល​គឺបានចាប់លោក មាស ប៉េង យកទៅពន្ធនាគារ ខេត្តកណ្តាលទាំងបំពាន ។ ក្រោយមក​ទើប​លោក លឹម សុគន្ថា លោក វង្ស ប៊ុនវិសុទ្ធ និងលោក ស៊ុម បូរ៉ា បានឃុំឃិតគ្នា​ធ្វើដីការ​សម្រេចឃុំ​ខ្លួនបណ្តុះអាសន្ន និងធ្វើដីកាបង្គាប់ឲ្យឃុំខ្លួនក្លែងបន្លំ បំភ្លៃការពិត ដាក់ចូល​ទៅក្នុងសុំណុំរឿង​ខាងលើ ដែលដីកាទាំងនោះគឺមានកំហុសជាច្រើនសឹង​រាប់ភ្លិច ។ ដែលមានដូចជា​ចុះ​ថ្ងៃ​ទី២០
ខែឧសភា ឆ្នាំ២០១១ ប៉ុន្តែលោក លឹម សុគន្ថា បានដាក់ថាសំណុំរឿង​ចុះថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ២០១០ ទៅវិញ ហើយ នៅត្រង់កន្លែងកាលបរិច្ឆេទលោក លឹម សុគន្ថា បាន​ចុះកាលបរិច្ឆេទ កណ្តាល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១ ដែលមានស្នាមកែលេខ៣ និងដាក់ថា​ឆ្នាំ​២០១ ដែល​បច្ចុប្បន្នកាលនោះ គឺឆ្នាំ២០១១ មិនមែនឆ្នាំ២០១ នោះទេ និងនៅមានបញ្ហាជាច្រើនទៀត​ដែល​លោកចៅ​ក្រម​ស៊ើប​សួរ លឹម សុគន្ថា បានធ្វើទាំងបំពាននិងរំលោភលើច្បាប់នោះ រួមជាមួយនិង​ការជាប់ពាក់ព័ន្ធ​បញ្ហា​មួយចំនួនជាមួយនិងលោកមេធាវី ជូង ជូងី ផងដែរ ។

សូមរំលឹកថាលោក មាស ប៉េង ជំទប់ទី១ជាប់ឆ្នោតរបស់គណបក្ស សម រង្ស៊ី នៅឃុំបន្ទាយដែក ស្រុកកៀន​ស្វាយ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ វេលា​ម៉ោង៨និង​៣០​នាទីព្រឹក នៅហាងការហ្វេ​មួយស្ថិ​ត​នៅក្នុងឃុំបន្ទាយដែក តាមដីការបស់​សាលា​ដំបូងខេត្តកណ្តាល រហូតមកដល់ពេល នេះនៅមិនទាន់បើកសវនាការ​ដើម្បីជំនុំជម្រះ​នៅ​ឡើយ​ទេ ៕

No comments:

Post a Comment

yes