សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 17, 2012

លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមព្រៀង​បង្កើត​បក្ស​ថ្មី


មេដឹកនាំ​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី និង​មេដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​គ្នា​មួយ បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។
RFA/Tin Zakariya
ប្រធាន​គណបក្ស​ សម រង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) និង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ក្នុង​សន្និសីទ​កាសែត​​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២។
ការ​ព្រមព្រៀង​គ្នា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នឹង​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​នៅ​ពេល​ខាង​មុខ ដោយ​រំលាយ​ឈ្មោះ​គណបក្ស​ទាំង​ពីរ​វិញ​នោះ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ជាប់​គាំង​ក្នុង​ការ​បង្រួបបង្រួម​គ្នា​អស់​រយៈពេល​ជាង ៣​ឆ្នាំ​កន្លង​មក។
មេដឹកនាំ​គណបក្ស​ទាំង​ពីរ លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ​មាន​គម្រោង​បង្កើត​គណបក្ស​ថ្មី​មួយ​នៅ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៧ កក្កដា។
ការ​ថ្លែង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្ដីការ​គណបក្ស សម រង្ស៊ី តាម​រយៈ​វីដេអូ ខនហ្វឺរិន (Video Conf​erence) ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា ជា​ទី​កន្លែង​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ទៅ​ជួប​គ្នា​ដើម្បី​ចរចា​គ្នា។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​បាន​រួបរួម​គ្នា និង​កំពុង​រៀបចំ​បង្កើត​គណបក្ស​ថ្មី​នៅ​ពេល​ខាង​មុខ​នោះ គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​សម្រេច​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ។
ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​ការ​បង្កើត​គណបក្ស​ថ្មី​នោះ ស្ថាប័ន​ទាំង​ពីរ​នេះ គឺ​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុ​ប្រធាន។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ទាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី មិន​ទាន់​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​ទេ​ថា តើ​គណបក្ស​បង្កើត​ថ្មី​នោះ​មាន​ឈ្មោះ​អ្វី និង​បង្កើត​នៅ​ក្នុង​ខែ​ណា​នោះ​ទេ?
ប៉ុន្តែ​លោក កឹម សុខា បាន​បញ្ជាក់​ថា គណបក្ស​ថ្មី​គឺ​នឹង​បង្កើត​ក្នុង​ពេល​ឆាប់ៗ​នេះ ដែល​កើត​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​នេះ មាន​យន្តការ​ច្បាស់លាស់ គឺ​ខុស​ពី​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពី​មុន។
គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ជាប់​គាំង​អំពី​ការ​បង្រួបបង្រួម​គ្នា​អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​គ្នា​កាល​ពី​ឆ្នាំ​២០០៩ មក។
ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ស្វាគមន៍​ចំពោះ​ការ​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស។ លោក ផៃ ស៊ីផាន អះអាង​ថា ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ហើយ​គ្រោង​នឹង​បង្កើត​គណបក្ស​មួយ​ថ្មី​ទៀត​ក៏ដោយ ប៉ុន្តែ​មិន​អាច​ប្រកួត​ប្រជែង​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នៅ​អាណត្តិ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ខាង​មុខ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​ពន្យល់​ថា នេះ​ជា​ជំហាន​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដែល​គណបក្ស​ទាំង​ពីរ​បាន​បង្រួបបង្រួម​គ្នា។ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ការ​បង្រួបបង្រួម​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នេះ សំឡេង​ឆ្នោត​នឹង​កើន​ឡើង។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត​នឹង​ទទួល​ស្គាល់​គណបក្ស​ថ្មី ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បញ្ចូល​គ្នា​គ្រោង​បង្កើត​នោះ ឬ​យ៉ាង​ណា​ទេ? ពីព្រោះ​ថា គ.ជ.ប. កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​បង្កើត​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត គឺ​សំដៅ​ទៅ​លើ​លោក សម រង្ស៊ី មិន​ឲ្យ​មាន​សិទ្ធិ​ក្នុង​ការ​ដឹកនាំ​គណបក្ស​របស់​លោក​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី អះអាង​ថា លោក​មិន​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ​ទេ ពីព្រោះ​ថា ស្ថានភាព​ប្រទេស​កម្ពុជា នឹង​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ពេល​ខាង​មុខ។
មន្ត្រី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា គណបក្ស​ទាំង​ពីរ​ត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​គម្រោង​បង្កើត​គណបក្ស​ថ្មី ពីព្រោះ​ថា នៅ​ពេល​គណបក្ស​ទាំង​ពីរ​រំលាយ​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​តែមួយ ដោយ​បង្កើត​គណបក្ស​ថ្មី​នោះ អាសនៈ​សភា​ដែល​គណបក្ស​ទាំង​ពីរ​មាន​នា​ពេល​បច្ចុប្បន្ន​ក៏​នឹង​រលាយ​ដែរ៕

No comments:

Post a Comment

yes