សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោកម៉ម សូណង់ដូបណ្តោះអាសន្នកាលពីវេលាម៉ោងជាង១រសៀលនេះ។ សង្គមស៊ីវិលបានសម្តែងក្តីកង្វល់ចំពោះករណីលោកម៉ម សូណង់ដូដែលជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលរដ្ឋាភិបាលចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការញុះញង់អោយមានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
លោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំដ៏មានប្រជាប្រិយភាព និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នហើយ ក្រោយពីបានសាកសួរអស់រយៈជាង៣ម៉ោង។ នេះបើតាមការអះអាងរបស់ក្រុមមន្ត្រីសិទ្ធមនុស្ស។
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោកចាន់ សូវេតបានថ្លែងថា ប្រធានវិទ្យុសំបុកឃ្មុំដ៏ប្រជាប្រិយត្រូវបានឃុំខ្លួនក្រោមបទចោទចំនួន៤ចំនុចដែលសុទ្ធតែជាបទចោទធ្ងន់ធ្ងរ។ លោកចាន់ សូវេតបញ្ជាក់យ៉ាងដូច្នេះ៖«បទចោទទាំង៤នោះសុទ្ធតែមិនអាចលើកលែងបាន។ ជាបទចោទធ្ងន់ធ្ងរដែលទាមទារអោយមានការស៊ើបអង្កេត»។ មន្ត្រីអាដហុកចង់បញ្ជាក់ថា បទល្មើសទាំងនេះតម្រូវអោយមានការឃុំខ្លួនដើម្បីស៊ើបអង្កេត ហើយមិនអាចដោះលែងលោកម៉ម សូណង់ដូអោយមានសេរីភាពបាន។
ប៉ុន្តែសម្រាប់លោក ចាន់ សូវេត ព្រឹត្តិការណ៍ឃុំខ្លួនប្រធានសមាគមអ្នកប្រជាធិបតេយ្យនេះ គឺជាកង្វល់មួយថ្មីទៀតរបស់ក្រុមអង្គការការពារសិទ្ធិមនុស្ស។
មន្ត្រីអាដហុកបានថ្លែងប្រាប់គេហទំព័រថ្មីៗថា៖«វាជាការចាប់ខ្លួនអ្នកប្រជាធិបតេយ្យដែលមានប្រជាប្រិយភាពម្នាក់។ លោកម៉ម សូណង់ដូគឺជានាំសារ នាំកង្វល់របស់ប្រជាពលរដ្ឋទៅអោយរដ្ឋាភិបាល។ ឥឡូវគាត់ក្លាយជាជនល្មើសទៅវិញ។ យើងសោកស្តាយ។ នេះជាលើកទី៣ហើយដែលលោកម៉ម សូណង់ដូត្រូវបានចាប់ឃុំខ្លួន»។
ការចាប់ខ្លួនលោកម៉ម សូណង់ដូរពាក់ពន្ធ័នឹងករណីចាប់ដីខុសច្បាប់ នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភាដែលនាំដល់ការបង្ក្រាប និងធ្វើឲ្យកុមារីម្នាក់ស្លាប់។ បទល្មើសទាំង៤ដែលតុលាការខេត្តក្រចេះចោទលោកម៉ម សូណង់ដូ រួមមានទី១ -ជាអ្នកផ្តួចផ្តើមគំនិត ប្រឆាំងអ្នករាជការ សាធារណៈ ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤ -ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់៕
No comments:
Post a Comment
yes