សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 4, 2012

ស្រ្តី​បឹង​កក់​ប្រតិកម្ម​នឹង​សម្តី​ស្នង​ការ​រង​ក្រុង

120803_08
មន្ត្រី​នគរ​បាល​រាជ​ធានី​ម្នាក់​នេះ ទាត់​ទៅលើស្រ្តី​​អ្នកភូមិ​បឹង​កក់​​
នៅ​ក្នុង​ការ​បង្ក្រាប​​ការតវ៉ាកាល​ពី​ថ្ងៃ​ទី ២៧ ខែមិថុនា​

ភ្នំពេញៈ ស្ត្រី​រង​គ្រោះ​រលូត​កូន ក្នុង​ព្រឹត្តិ​ការណ៍​វាយ​បង្ក្រាប​យ៉ាង​ហិង្សា ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាជ​ធានី កាលពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា បាន​បញ្ចេញ​ប្រតិ​កម្ម​តប ទៅ​នឹង​ការ​លើក​ឡើង​របស់​លោ​ក ភួង ម៉ាឡៃ ស្នង​ការ​រង​នគរ​បាល​រាជ​ធានី​ដែល​ត្រូវ​បាន​ភ្នំពេញ​ ប៉ុស្តិ៍ ដក​ស្រង់​សម្តី​យក​មក​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១​ខែ​សីហា នោះ​ថា ជា​ការ​លើក​ឡើង​ដោយ​«គ្មាន​សីល​ធម៌ និង​ជា​ការ​ប្រមាថ​ដល់​ស្ត្រី​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា»។
កាលពី​ថ្ងៃ​ទី ៣១ ខែ​កក្កដា ឆ្នាំ​ ២០១២ បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​ឈ្មោះ បូវ ស្រី​ស្រស់ អាយុ ២៥ ឆ្នាំ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលា​ការ​រាជ​ធានី​ភ្នំ​ពេញ ប្រឆាំង​លោក ភួង ម៉ា​ឡៃ និង​លោក សុខ ពេញ​វុធ អភិបាល​រង​ខណ្ឌ​ដូន​ពេញ ព្រម​ទាំង​មន្ត្រី​នគរ​បាល​ម្នាក់​ទៀត ដែល​ជា​ជន​ដៃ​ដល់ ពីបទ «ប្រើ​អំពើ​ហិង្សា ដោយ​ចេតនា​» ទៅ​លើ​អ្នក​ភូមិ​ដែល​ធ្វើ​ការ​តវ៉ា​ដោយ​អហិង្សា លោក​ភួង ម៉ា​ឡៃ បាន​ផ្ដល់​បទ​សម្ភាស ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ តាម​ប្រព័ន្ធ​ទូរស័ព្ទ ជុំវិញ​បញ្ហា​បណ្ដឹង​របស់​ស្ត្រី​រង​គ្រោះ ដោយ​បាន​លើក​ឡើង​បែប​ជា​លក្ខណៈ​សំណួរ​មក​ភ្នំពេញ​ប៉ុស្តិ៍​វិញ​ថា​៖ «តើ​ស្ត្រី​រង​គ្រោះ​ក្មេង​ឬក៏​ចាស់ ហើយ​តើ​គាត់​ប្ដឹង​ហ្នឹង​ចង់​ឲ្យ​ខ្ញុំ​សង​កូន​គាត់​វិញ ឬ​យ៉ាង​ណា? ខ្ញុំ​សូម​ប្រាប់​វិញ​ថា បើ​គាត់​ចង់​ឲ្យ​ខ្ញុំ​សង​កូន​វិញ ខ្ញុំ​ក៏​នៅ​ក្មេង​ដែរ...»។

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឲ្យ​អ្នក​ស្រី បូវ ស្រី​ស្រស់ និង​ស្ត្រី​ក្នុង​សហគមន៍​បឹង​កក់​មួយ​ចំនួន មាន​ប្រតិកម្ម​តប​វិញ កាល​ពី​ម្សិល​មិញ ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​ដោយ​បាន​ផ្ដោត​សំខាន់ ទៅ​លើ​សម្រង់​សម្ដី​នេះ ហើយ​ពួក​គាត់ បាន​យល់​ឃើញ​ថា ការ​លើក​ឡើង​បែប​នេះ​ គឺជា​ការ​ប្រមាថ មក​លើ​រូប​គាត់​ជា​ស្ត្រីរង​គ្រោះ​ផង និង​ជា​ការ​ទទួល​សារភាព​ថា គាត់​ (ភួង ម៉ា​ឡៃ) ជាអ្នក​បញ្ជា​ឲ្យ​មន្ត្រី​នគរ​បាល វាយ​បង្ក្រាប​មក​លើ​អ្នក​ស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ថ្ងៃទី ២៧ ខែ​មិថុនា​នោះ។
នៅ​កន្លែង​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​ធ្វើ​សន្និ​សីទសារ​ព័ត៌មាន​ក្នុង ភូមិ ២២ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ អ្នក​ស្រី បូវ ស្រី​ស្រស់ បាន​និយាយ​ក្នុង​បទ​សម្ភាស​ដាច់​ដោយ​ឡែក​មួយ ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «​ខ្ញុំ​យល់​ថា ការ​លើក​ឡើង​របស់​គាត់​[លោក ភួង ម៉ាឡៃ]​បែប​នេះ​គឺ​ជាការ​ប្រមាថ​មក​លើ​រូប​ខ្ញុំ និង​ស្ត្រី​ក្នុង​សហគមន៍​បឹង​កក់»។ អ្នក​ស្រី​បាន​បញ្ជាក់​ថា៖​«ខ្ញុំ​មិន​ប្ដឹង​ឲ្យ​គាត់​សង​កូន​ខ្ញុំ​វិញ​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​គាត់​ទទួល​ទោស​កំហុស និង​នាំ​ខ្លួន​ជន​ដៃ​ដល់​ទៅ​ផ្ដន្ទា​ទោស​តាម​ច្បាប់ ប៉ុណ្ណោះ»។
ជាមួយ​គ្នា​នោះ​ អ្នក​ស្រី​បាន​អំពាវ​នាវ សុំ​ឲ្យ​តុលាការ​ ចាត់​វិធាន​ការ​ ចំពោះ​ពាក្យ​បណ្ដឹង​របស់​អ្នក​ស្រី ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌ ចំពោះ​អ្នក​ស្រី និង​ទារក​ជាង​ពីរ​ខែ​ក្នុង​ផ្ទៃ​របស់​អ្នក​ស្រី ​ដែល​បាន​បាត់​បង់​ទៅ។
លោក​ភួង ម៉ា​ឡៃ ស្នង​ការ​រង​រាជធានី​ភ្នំពេញ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​បន្ថែម​ទៀត​បាន​ទេ កាល​ពី​ម្សិល​មិញ ជុំវិញ​ការ​លើក​ឡើង​របស់​លោក កាល​ពី​ថ្ងៃ​ទី ​៣១ កក្កដា ដែល​នាំ​ឲ្យ​ស្ត្រី​រង​គ្រោះ ​និង​ស្រ្តី​អ្នក​ភូមិ​សហ​គមន៍​បឹង​កក់ បាន​បញ្ចេញ​ប្រតិកម្ម​តប​នេះ​៕

No comments:

Post a Comment

yes