សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

គណបក្សថ្មីដែលកើតចេញពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ កុំពុងតែធ្វើឲ្យបក្សកាន់អំណាចភ័យពីការចាញ់ឆ្នោត

លោក កឹម សុខា និង លោក សម រង្ស៊ី ចាប់ដៃគ្នាចងជាសម័្ពន្ធភាព

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធានកំពុងតែមានការចាប់អារម្ភពីសំណាក់ប្រជាពលរដ្ឋ ឥស្សរជននយោ​បាយ និងមន្រ្តីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមជាមួយនិងថ្នាក់ដឹកនាំប្រទេសសេរី ប្រ​កាន់​​យករបបប្រជាធិបតេយ្យ នៅលើពិភពលោកផងដែរ ក្នុងការដែលមេដឹកនាំប្រជាធិប​តេយ្យ​ទាំង​ពីររូប បានសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ ក្នុងការព្រួតដៃគ្នាដើម្បី​ធ្វើការសង្គ្រោះ​ប្រ​ជា​​​ពល​រដ្ឋ និងប្រទេសជាតិ ពីការគ្រប់គ្រងអំណាចផ្តាច់ការនាពេលបច្ចុប្បន្ននេះ ។

នៅក្នុងកិច្ចសម្ភាសន៏ជាមួយនិងវិទ្យុអន្តរជាតិដែលផ្សាយជាខេមរភាសាក្នុងពេលដែលកំពុង​តែ
បំពេញបេសកកម្មការងារនៅលើទឹកដីសហរដ្ឋអាមេរិកលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី និងជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានមានប្រសាសន៏ឲ្យដឹងថា ចល​នា​ប្រ​ជាធិបតេយ្យសង្គ្រោះជាតិ បេសកកម្មចំបងៗដែលកំពុងបំពេញធ្វើនៅពេលនេះគឺ ការស្វែងរក​ការគាំទ្រពីប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន និងការស្វែងរកការអន្តរាគមន៏ ពីអន្តរជាតិដើម្បី​ឲ្យ​មាន​ការបោះឆ្នោតត្រឹមត្រូវ សេរី យុត្តិធម៌ និងគោរពគោលការប្រជាធិបតេយ្យ ។
លោក សម រង្ស៊ី បន្តថា ការបោះឆ្នោតនៅប្រទេសកម្ពុជាអាចធ្វើទៅបានត្រឹមត្រូវ លុះត្រាតែមាន​ការរៀបចំ​គណៈ​កម្មាធិការរៀបចំការបោះឆ្នោតជាតិឡើងវិញ ឲ្យមានភាពឯករាជ្យ ត្រឹមត្រូវ អព្យាក្រឹត្ត ដើម្បីធានា​ឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធដូចគ្នា ស្មើរគ្នា និងមាន​លទ្ធភាព ក្នុងការចូលរួមការ​បោះ​ឆ្នោត ។ លោកបន្តថា ជាមួយគ្នានោះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏កំពុងតែស្វែងរកការ ជួយអន្តរាគមន៏ពីអន្តរជាតិផងដែរ ក្នុងការផ្តល់សិទ្ធិដល់រូបលោកដើម្បីបានវិលចូលធ្វើ​នយោ​បាយ​នៅក្នុងស្រុកវិញ និងដើម្បីចូល​រួមការប្រគួតប្រជែងជាមួយនិងគណបក្ស​កាន់អំណាច​សព្វ​ថ្ងៃ ក្នុង​ឋានះលោកជា​ប្រធាន ចលនា​ប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលនិងបង្កើតគណ​បក្សថ្មី​នៅពេលខាងមុខនេះដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ គឺឲ្យស្របទៅតាមអ្វីដែល​ជា​ឆន្ទៈ​របស់អ្នកប្រជាធិបតេយ្យចង់បាន ហើយការបោះ ឆ្នោតនៅពេលខាងមុខនេះគឺមានតែ​២​គណ​បក្ស​ប៉ុណ្ណោះដែលជាប៉ូលដ៏សំខាន់គឺប៉ូលអ្នកប្រជាធិបតេយ្យគណបក្ស សង្គ្រោះជាតិ និងប៉ូលអ្នកកាន់អំណាចផ្តាច់ការសព្វថ្ងៃ​គណបក្សប្រជាជន ។
លោក សម រង្ស៊ី ថ្លែងទៀតថា មូលហេតុទាំងអស់នេះហើយដែលតម្រូវឲ្យអ្នកប្រជាធិបតេយ្យ​ទាំងអស់ត្រូវតែរួមមូលមតិគ្នាតែមួយ រួមកម្លាំងគ្នាដើម្បីបើកទំព័រប្រវត្តិសាស្រ្តថ្មីជូនប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដ៏អភ័ព្វរបស់យើង ដែលរស់នៅរងទុក្ខក្រោមអំណាចផ្តាច់ការអស់ជាច្រើនឆ្នាំ មកហើយនោះ ។

នៅពេលដែលសំនួរត្រូវបានចោទសួរថា ទាក់ទងទៅនិងបេក្ខភាពរបស់លោក សម រង្ស៊ី ជានា​
យករដ្ឋមន្រ្តី ដែលមានការសម្រេចដោយមតិរួមរបស់ថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យ ដោយ លោក ហ៊ុន សែន ធ្លាប់បានប្រកាស់ហើយថា រូបលោកត្រូវបានកាត់ទោស ដូចច្នេះហើយ លោក​មិនអាចឈរឈ្មោះជាតំណាងរាស្រ្ត សម្រាប់ឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្ររបានទេតើរូប លោក​ត្រូវធ្វើយ៉ាងដូចម្តេច ? សំនួរមួយនេះពិតជាមានន័យ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបលោក មានចំងល់គ្រប់គ្នា ហើយត្រូវបានលោក សម រង្ស៊ី ដែលជាប្រធាន ចលនាប្រជាធិបតេយ្យ និង​ឆ្ពស់ទៅធ្វើជាប្រធានគណបក្ស សង្គ្រោះជាតិ ដែលនិងបង្កើតក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលមាន រូបលោក កឹម សុខា ជាអនុប្រធានគណបក្សផងដែរនោះ លោក សម រង្ស៊ី បានធ្វើការបកស្រាយ ដើម្បីបញ្ចប់ចំងល់នេះយ៉ាងដូច្នេះថា ស្ថានការណ៏មិនមែននៅហ្នឹងថ្កល់អញ្ចឹងជារៀងរហូត​នោះ​ទេ ពីព្រោះមិនមែនលើកទី១ទេដែលរូបលោកត្រូវបានគេបណ្តេញចេញពីរដ្ឋសភា ឬលប់ឈ្មោះ​របស់លោកចេញពីបញ្ជីឈ្មោះអ្នកតំណាងរាស្រ្ត ត្រូវគេកាត់ទោស ត្រូវគេប្រកាស់មិនឲ្យចូល​រួម​ក្នុងឆាកនយោបាយនោះ ហើយលើកនេះក៏ដូចជាលើកមុនៗផងដែរ ករណីខាងលើនេះ និង​មាន​ដំណោះស្រាយនយោបាយ ដោយលោកបានបញ្ជាក់ថា ព្រោះរឿងរបស់លោកមិនមែន ជារឿង​របស់តុលាការទេ ហើយតុលាការនៅស្រុកខ្មែរ ប្រជាពលរដ្ឋរបស់យើងលោកបានជ្រាបហើយ​ថា​តុលាការស្រុកខ្មែរ ជាតុលាការពុករលួយ តុលាការឡប់ឡែ តុលាការអយុត្តិធម៌ មិនអាចយកជា​ការបាននោះទេ ហើយមិនមែនតែប្រជារាស្រ្តខ្មែរទេដែលស្អប់ខ្ពើមតុលាការនៅស្រុកខ្មែរ លោក​ថា​សូម្បីតែនៅអន្តរជាតិក៏គេមិនឲ្យតម្លៃតុលាការនៅស្រុកខ្មែរដែរ ។

លោក សម រង្ស៊ី បានបន្តរទៀតថា ដូចនេះហើយការសម្រេចរបស់តុលាការនៅស្រុកខ្មែរមិនអាច យកជាការបានជាស្ថាពរនោះទេ នឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខដើម្បីឲ្យមាន​ការបោះឆ្នោតត្រឹមត្រូវ ហើយការបោះឆ្នោតត្រឹមត្រូវអាចដំណើរការទៅបានដូចជាលោកបាន​ជំ​រាបមកពីខាងដើមយ៉ាងដូច្នោះ គឺទី១ ទាមទាឲ្យមានការផ្លាស់ប្តូរសមាសភាពក្បាលម៉ាស៊ីននៅ គ..ប ទី២ គឺឲ្យមានគូប្រគួតប្រជែងរបស់គណបក្សកាន់អំណាចចូលរួម ដែលគូរប្រគួតប្រជែង របស់គណបក្សកាន់អំណាចគឺមានតែគណបក្ស សង្គ្រោះជាតិ ដែលបានបង្កើតឡើងដោយអ្នក ប្រជាធិបតេយ្យដែលកើតចេញពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ រវាងការរួមបញ្ចូលគ្នាពី គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។ ដូចច្នេះការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្ក​ដា ឆ្នាំ២០១៣ ខាងមុខនេះគឺត្រូវតែមានតំណាងប៉ូលគណបក្សនយោបាយធំៗទាំងពីរចូលរួម ហើយប្រសិនបើខ្វះប៉ូលណាមួយ ឬតំណាំងគណបក្សណាមួយដើម្បីចូលរួមការបោះឆ្នោតគឺមាន ន័យថា ឈ្នះឆ្នោតតែម្នាក់ឯង គឺមិនមានអ្នកណាគេទទួលស្គាល់នោះឡើយ ។

ចំណែកឯលោក កឹម សុខា ដែលជាអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានមាន
ប្រសាសន៏នៅក្នុងកិច្ចសម្ភាសន៏នោះផងដែរថា  ឥឡូវនេះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងឡើងៗពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដែលធ្វើឲ្យ គណបក្សកាន់អំណាចសព្វថ្ងៃ គេភ័យស្លន់ស្លោហើយកំពុងតែរកគ្រប់វិធីដើម្បីបំបែកបំបាក់ ចល នាប្រជាធិបតេយ្យសង្គ្រោះជាតិ ហើយជាមួយគ្នានោះក្រុមគណបក្សកាន់អំណាច​សព្វថ្ងៃក៏​កំពុង​តែ​ស្រែក និង ធ្វើប្រជាភិថុតិ ដល់ប្រជាពលរដ្ឋមិនឲ្យចូលរួម ឬគាំទ្រ ចលនាប្រជាធិប​តេយ្យ​សង្គ្រោះជាតិ ព្រោះដោយសារតែពួកគេដឹងថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណ​បក្ស សង្គ្រោះជាតិ ដែលនឹងបង្កើតនាពេលដ៏ខ្លីខាងមុខនេះ នឹងចូលមកបញ្ចប់អំណាចផ្តាច់ការ​របស់ពួកគេនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។

លោក កឹម សុខា បានបន្តថាកម្លាំង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺរឹងមាំខ្លាំងណាស់ គណបក្សកាន់អំណាចមិនអាចបំបែកបានឡើយ លោក កឹម សុខា បានបន្តថា យើងដឹងហើយ ពេលណាខ្មែរបែកបាក់គ្នាខ្មែរស្លាប់ ពេលណាខ្មែរបែបបាក់គ្នាខ្មែរបាត់ដី ពេលណាខ្មែរបែកបាក់ គ្នាខ្មែរត្រូវបរទេសឈ្លានពាន​ ហើយយើងដឹងថាអ្នកណាជាអ្នកធ្វើគឺបរទេសដែលគេចង់បានដី របស់យើង ដែលគេខ្ចីដៃខ្មែរសម្លាប់ខ្មែរ ហើយរូបលោកក៏ចង់ផ្ញើរសារទៅកាន់គណបក្សកាន់អំ ណាចផងដែរថា ប្រសិនបើគណបក្សកាន់អំណាចចង់កំទេស និងបំបាត់ អ្នកប្រជាធិបតេយ្យ​ និងបរទេសគេខ្ចីដៃ​គណ​បក្សកាន់​អំណាចសម្លាប់​អ្នកប្រជាធិបតេយ្យអស់ហើយនោះ នៅពេល​ក្រោយគេនឹងសម្លាប់ពួកអស់លោកវិញ ហើយសូមកុំសង្ឃឹមថា មរតកនយោបាយរបស់ពួក​អស់​លោកទុកតឲ្យកូន របស់អស់លោកនោះ គឺជាក់ស្តែងការពិតទុកតឲ្យកូនយួនទេ ប្រសិនបើ​ហ៊ាន​តែអស់អ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម នៅស្រុកខ្មែរ ។

សូមជំរាបជូនផងដែរថា នៅក្នុងដំណើរបំពេញបេសកកម្មរបស់លោក សម រង្ស៊ី និងលោក កឹម សុខា នៅសហរដ្ឋអាមេរិក លោកនិងចុះទៅតាមបណ្តារដ្ឋនានាដើម្បីបន្តស្វែងរកការគាំទ្រពីសំ ណាក់ប្រជាពលរដ្ឋខ្មែរនៅទីនោះ ក៏ដូចជាចូលជួបជាមួយនឹងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ នឹងថ្នាក់ដឹកនាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ ហើយបន្ទាប់មកថ្នាក់ដឹកនាំ ច​ល​នាប្រជា​ធិបតេយ្យសង្គ្រោះជាតិ ទាំងពីរនិងបន្តដំណើរទៅតាមបណ្តាប្រទេសនានានៅ​លើពិភព​លោក​ជាបន្ត​ទៀតដើម្បីជួបជាមួយពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំអន្តរជាតិ​ប្រទេសប្រជាធិប​តេយ្យ​ផ្សេង ៕   


No comments:

Post a Comment

yes