សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

គ.ជ.ប.​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត


មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ការ​​បោះ​ឆ្នោត​នៅ​ទូទាំង ២៤ រាជធានី ខេត្ត ដើម្បី​ឲ្យ​ពលរដ្ឋ​ត្រៀម​លក្ខណៈ​​​ចូល​រួម​ពិនិត្យ និង​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន។
RFA/Sok Serey
ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១២។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា ថា យុទ្ធនាការ​នេះ គ.ជ.ប. ក៏​បាន​​​ជំរុញ​ឲ្យ​មន្ត្រី​ដឹកនាំ​តាម​រាជធានី-​ខេត្ត ​ក្រុមប្រឹក្សា​ឃុំ​​-​សង្កាត់ ស្មៀន​ឃុំ​-សង្កាត់ និង​តំណាង​​ស្ថាប័ន ឲ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​ប្រជាពលរដ្ឋ។
លោក​បន្ត​ថា យុទ្ធនាការ​នេះ​មាន​គោល​ដៅ​កែ​លម្អ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ដែល​​ត្រូវ​រៀបចំ​បញ្ជី​បោះឆ្នោត​មួយ​ប្រកប​ដោយ​គុណភាព​សំរាប់​បំរើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣។
លោក ទេព នីថា បន្ថែម៖ «សូម​មេត្តា​យក​ចិត្ត​ទុក​ដាក់​បំពេញ​ឯកសារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចូន​ឯក​សារ​មក គ.ជ.ប. លុប​ឈ្មោះ​អ្នក​មិន​ស្រប​ច្បាប់ ឬ​ក៏​អ្នក​អស់​លក្ខខណ្ឌ​ទៅ​តាម​ច្បាប់​បោះ​ឆ្នោត​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ហើយ​ក៏​សូម​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ចេញ​ឯក​សារ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​បំពេញ​លក្ខខណ្ឌ​ចុះ​ឈ្មោះ​បោះ​ឆ្នោត»

សេចក្ដី​ប្រកាស​ព័ត៌មាន គ.ជ.ប. ចុះ​ថ្ងៃ​ទី​១៤ ខែ​សីហា ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ អន្តរាគមន៍​ទៅ​មេ​ឃុំ ចៅ​សង្កាត់ និង​​ស្មៀន​ឃុំ សង្កាត់ ឲ្យ​ចូល​រួម​បំពេញ​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​ស្រប​តាម​ប្រតិទិន​កំណត់​របស់ គ.ជ.ប.។
បន្ថែម​លើ​នេះ គ.ជ.ប. បាន​ស្នើ​ទៅ​មន្ត្រី​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​នៅ​គ្រប់​ម្ចាស់​រោងចក្រ​សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​នានា ត្រូវ​អនុញ្ញាត​ឲ្យ​​និយោជិត កម្មករ កម្មការិនី បាន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ឲ្យ​បាន​គ្រប់​គ្នា។
យ៉ាង​ណា​ក៏​ដោយ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ឲ្យ​ចូល​រួម​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឬ​លុប​ឈ្មោះ​ស្ទួន ​លុប​ឈ្មោះ​សមាជិក​គ្រួសារ​ដែល​ស្លាប់ ឬ​ផ្លាស់​ទីលំនៅ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​នា​ដើម​ខែ​កញ្ញា ត​ទៅ។
ទាក់​ទិន​បញ្ហា​នេះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel)។ លោក​បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​ខ្លួន​បាន​ត្រៀម​ភ្នាក់ងារ​ចំនួន ២៥០​នាក់ ដើម្បី​ឃ្លាំ​មើល និង​ផ្ដល់​ការ​អប់រំ​ប្រជាពលរដ្ឋ​ជុំវិញ​​ដំណើរ​​​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ឆ្នាំ​២០១២។ ជាង​នេះ​ទៅ​ទៀត ខុមហ្វ្រែល ក៏​មាន​កម្មវិធី​អប់រំ​ព័ត៌មាន​ជុំវិញ​ការងារ​បោះ​ឆ្នោត​តាម​វិទ្យុ និង​ទូរស័ព្ទ​ថែម​ទៀត។
លោក គល់ បញ្ជា៖ «បើ​សិន​ជា​ពួកគេ​មាន​ចម្ងល់​អី គេ​អាច​ទូរស័ព្ទ​មក​សារ​សំឡេង ដើម្បី​ស្តាប់​ការ​ពន្យល់​អំពី​រឿង​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត តាម​រយៈ​លេខ ០១០ ៨០២ ៧៧៧ និង ០១៥ ៨០២ ៧៧៧ និង​ផ្សាយ​តាម​វិទ្យុ​អេហ្វអឹម ១០៥​មេហ្គាហឺត្ស ពី​ម៉ោង ៧​កន្លះ ដល់​ម៉ោង ៨​កន្លះ ជា​រៀង​រាល់​ព្រឹក»
លោក​បន្ត​ថា កង្វល់​បាត់​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​តែ​ជា​បញ្ហា​ចោទ​ក្នុង​ថ្ងៃ​បោះ​​​​ឆ្នោត។ ក្រៅ​ពី​នេះ លោក គល់ បញ្ញា បញ្ជាក់​ថា សំរាប់​កម្មករ ឬ​ពលរដ្ឋ​ផ្លាស់ប្ដូរ​ទីលំនៅ​ថ្មី​នៅ​មាន​ផល​វិបាក​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។
ទោះ​យ៉ាង​ណា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ដើម្បី​ជំរុញ​ឲ្យ​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​ឆ្នាំ​២០១២ មាន​ដំណើរ​ការ​ល្អ គ.ជ.ប. កំពុង​ផលិត​ស្ប៉ត​អប់រំ និង​ត្រៀម​ចាក់​ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ និង​តាម​មេក្រូ ​ក្នុង​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត។
រយៈពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ សង្កាត់ ​ឆ្នាំ​នេះ មាន​រយៈពេល ៤២​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២។
​​រី​ឯ​ពេល​វេលា​នៃ​ការ​ចុះ​ឈ្មោះ​តំណាង​គណបក្ស​នយោបាយ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​​​ទី​៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២។ ចំណែក​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ (កើត​មុន ឬ​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​១៩៩៥) ដែល​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឬ​បាន​ផ្លាស់​ទី​លំនៅ​ចូល​ក្នុង​ឃុំ​សង្កាត់​មាន​សិទ្ធិ​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ការិយាល័យ​ណា​មួយ​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​កំពុង​រស់​នៅ។
គ.ជ.ប.​ប្រកាស​ឲ្យ​ចុះ​ឈ្មោះ​សង្កេតការណ៍​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឲ្យ​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ ចុះ​ឈ្មោះ​សង្កេតការណ៍​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣។
គ.ជ.ប. បាន​កំណត់​ពេល​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អន្តរជាតិ ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​ដោយ​ត្រូវ​ចុះ​ឈ្មោះ​នៅ​ទីស្ដីការ គ.ជ.ប. ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៣។
ដោយ​ឡែក​តំណាង​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ចាត់​តាំង​តំណាង​ពេញ​សិទ្ធិ​របស់​ខ្លួន​ម្នាក់ ដើម្បី​សង្កេត​ការ​មើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ សង្កាត់​នីមួយៗ ដោយ​ត្រូវ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​តំណាង​របស់​ខ្លួន​ទៅ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ តាម​ទម្រង់​បែប​បទ​លេខ ១០ ០៧ ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២។
រី​ឯ​ការ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​តំណាង​គណបក្ស​នយោបាយ​ក្នុង​ដំណាក់កាល​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ គណបក្ស​នយោបាយ​ដែល​មាន​បញ្ជី​បេក្ខជន​ឈ្មោះ​បោះ​ឆ្នោត មាន​សិទ្ធិ​បញ្ជូន​តំណាង​ពេញ​សិទ្ធិ ១​នាក់ និង​តំណាង​បម្រុង ១​នាក់ ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត ដើម្បី​ចូល​រួម​សង្កេត​មើល​ការ​បោះ​ឆ្នោត​តាម​ការិយាល័យ​បោះ​ឆ្នោត៕

No comments:

Post a Comment

yes