សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

លោក ហង្ស ពុទ្ធា ថាច្បាប់ស្ដីពី ហិរញ្ញវត្ថុ សម្រាប់គណបក្ស នយោបាយ ពិតជាចាំចាច់


ភ្នំពេញ៖ មន្រ្ដីអង្គការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និចហ្វិច បានថ្លែងឲ្យដឹង ថា ច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ដែលត្រូវឲ្យមាន ការបង្កើតច្បាប់នេះឲ្យបានឆាប់រហ័ស។
នាយកអង្គការ និចហ្វិច លោក ហង្ស ពុទ្ធា បានថ្លែងនៅថ្ងៃទី២៨ ខែសីហា នេះ ថា ការបង្កើត ឲ្យមាន ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយនេះ ពិតជាមានសារៈសំខាន់ ព្រោះ ក្នុងការប្រើប្រាស់ ថវិការបស់ស្ថាប័នឬ អង្គភាពណាមួយ ត្រូវមានការកំណត់ឲ្យបាន ច្បាស់ លាស់។
លោកបន្ថែម ថា រាល់ការចំណាយថវិកា មិនថា គណបក្សកាន់អំណាច ឬក៏គណបក្សប្រឆាំង ត្រូវតែ បង្ហាញពីតម្លាភាព។”ការដែលចាយវាយ ទាំងភាពគគ្រឹកគគ្រេង ទូទាំងប្រទេស មិនថា គណបក្ស កាន់អំណាចឬ គណបក្សជំទាស់ទេ គឺត្រូវតែបង្ហាញនៅតម្លាភាព នៃការប្រើប្រាស់ ថវិកានឹង បានក្លាយ ទៅជាទំនុកចិត្តដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ”។

គួររម្លឹក ថា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមអង្គការឃ្លាំមើលការបោះឆ្នោតចំនួន៤ រួមមានអង្គការ ខុមហ្វ្រែល, អង្គការនិចហ្វិច, សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម និងអង្គការសកម្មភាព ដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្ដី អំពាវនាវ រួមមួយ ឲ្យមានការបង្កើត ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ។ សេចក្ដីអំពាវនាវរួម បង្ហាញ ថា ‹យើងខ្ញុំជាក្រុម អង្គការមិនមែនរដ្ឋាភិបាល សូមអំពាវដល់រដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិ មានរដ្ឋសភា ព្រឹទ្ធសភា ជាដើម សូមរៀបចំឲ្យមានច្បាប់ស្ដីពីហិរញ្ញវត្ថុ ឃោសនានយោបាយឲ្យបានឆាប់តាមដែលអាចធ្វើទៅ បាន ដើម្បីធានាសមភាព យុត្តិធម៌ តម្លាភាព និងសុចរិតភាពនៅក្នុងការប្រកួតប្រជែងក្នុងការបោះ ឆ្នោត›។
ចំពោះការចេញនូវសេចក្ដីអំពាវនាវខាងលើ ក៏ត្រូវបានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា ដែល តំណាងឲ្យអង្គការយុវជន និងអង្គការសមាគមចំនួន៣១ ចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ ដោយជំទាស់នឹងការអំពាវនាវខាងលើ និងបានយល់ឃើញថា ៖
-នៅក្នុងបរិបទដែលពិភពលោក កំពុងតែតស៊ូដើម្បីងើបរើចេញពីវិបត្តិកលិយុគ សេដ្ឋកិច្ចជាសកល ហើយទោះបីជាកម្ពុជា ធ្លាប់បានទទួលរងនូវវិបត្តិនេះតិចតួចក៏ដោយ ក៏មិនគួរតម្រូវឲ្យរាជរដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា បង្កើតច្បាប់ស្តីពី ហិរញ្ញវត្ថុនយោបាយឆាប់រហ័សពេក ឬក៏មិនគួរបង្កើតច្បាប់នេះឡើយ ពីព្រោះយើងយល់ថា ប្រទេសកម្ពុជាត្រូវការថវិកា សម្រាប់ចំណាយ លើភាពចាំបាច់ជាងនេះ លើគ្រប់វិស័យ ពិសេសវិស័យអប់រំ សុខភាព និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នានា។
-ទោះបីជាកម្ពុជា មិនទាន់មានច្បាប់ ស្តីពីហិរញ្ញវត្ថុនយោបាយក៏ដោយ ក៏ការបោះឆ្នោត ដែលបាន ប្រព្រឹត្តទៅទាំងសកល និងអសកល ជាច្រើនអាណត្តិ នាពេលកន្លងមក គឺវាពិតជាបានធានានូវ សមភាព យុត្តិធម៌ និងតម្លាភាព រួចស្រេចទៅហើយ និងក៏បានដើរស្របតាមគោលការណ៍ លទ្ធិប្រជាធិ បតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ផងដែរ។
-ចំពោះ ការអំពាវនាវរបស់សង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនតូច ដែលមានចេតនាចង់ ឲ្យច្បាប់ស្តីពីហិរញ្ញវត្ថុនយោបាយ ឆាប់បានចេញនេះ គឺវាគ្រាន់តែចង់បំពេញនូវមហិច្ឆតា និងផល ប្រយោជន៍ បម្រើឲ្យក្រុមរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែគោលបំណងនោះវាមិនបានឆ្លើយតបទៅនឹង បរិបទជាក់ស្តែងរបស់កម្ពុជា នាពេលបច្ចុប្បន្ន ដែលទាមទារឲ្យរាជរដ្ឋាភិបាលបង្កើនការចំណាយថវិកា ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍនិងការកាត់បន្ថយភាព ក្រីក្ររបស់ ប្រជាពលរដ្ឋនោះទេ។
ការលើកឡើង និងការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិល ឃ្លាំមើលដំណើរការបោះឆ្នោត នៅកម្ពុជា នេះ ក៏ត្រូវបានមន្រ្ដីជាន់ខ្ពស់អះអាង ថា បញ្ហានេះជាយល់ឃើញរបស់អង្គការសង្គមស៊ីវិលប៉ុណ្ណោះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដី លោក ផៃ ស៊ីផាន បានថ្លែង ថា ការចង់ឲ្យមាន ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ ពីសំណាក់សង្គមស៊ីវិល គឺជាឆន្ទៈរបស់អង្គការសង្គម ស៊ីវិល ។
លោកបញ្ជាក់ ថា ការបង្កើតច្បាប់នេះគឺស្ថិតនៅដែនសមត្ថកិច្ចរបស់សភា វាមិនស្ថិតនៅក្នុងកណ្ដាប់ដៃ បុគ្គលណាម្នាក់ ហើយក៏មិនស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់សង្គមស៊ីវិលនោះដែរ។
គួរកត់សម្គាល់ ថា ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ ធ្លាប់ត្រូវបានគេលើក ទៅពិភាក្សា ជាច្រើនដងមកហើយដែរ រវាងសង្គមស៊ីវិល និងគណបក្សនយោបាយនានា ប៉ុន្តែ ច្បាប់នេះនៅមិនទាន់ ចេញរួចនៅឡើយទេ។ បើតាមការសង្កេត ប្រទេសកម្ពុជា មិនទាន់មានលទ្ធភាព បង្កើតកញ្ចប់ថវិកា សម្រាប់គណបក្សនយោបាយនោះទេ ដោយកម្ពុជាត្រូវយកថវិកាទាំងនោះទៅអភិវឌ្ឍន៍ប្រទេស ដូចជាទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាដើម៕

No comments:

Post a Comment

yes