សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

ពលរដ្ឋ​ត្អូញត្អែរ​ចំពោះ​គម្រោង​ពង្រីក​ផ្លូវ​ធ្វើ​ឲ្យ​គាត់​បាត់​បង់​ដី​និង​ផ្ទះ​ដោយ​គ្មាន​សំណង


អ្នក​ភូមិ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល កំពុង​រង​ទុក្ខ​លំបាក​ដោយ​សារ​គម្រោង​ពង្រីក​ផ្លូវ​មួយ​ខ្សែ​របស់​រដ្ឋាភិបាល ដែល​ត​ភ្ជាប់​ពី​ខេត្ត​ព្រៃវែង ទៅ​ខេត្ត​កំពង់ចាម តាម​បណ្តោយ​ទន្លេ​មេគង្គ ដោយ​កាត់​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។
អ្នក​ភូមិ​ថា រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត​ពុំ​មាន​គោលការណ៍​ផ្តល់​សំណង​ចំពោះ​ផល​ប៉ះពាល់​ដី ឬ​ការ​ខូចខាត​ផ្ទះ​សម្បែង​នោះ​ឡើយ។
ស្ត្រី​អ្នក​ភូមិ​ម្នាក់​ឈ្មោះ កែវ ស្រី វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ រស់នៅ​ភូមិ​តាជោរ ឃុំ​សារិកាកែវ បាន​រៀបរាប់​ពី​ការ​លំបាក​ទាំង​ទឹក​ភ្នែក​នៅ​គ្រា​ដែល​គាត់​កំពុង​ជញ្ជូន​បំណែក​ឈើ និង​ប្រដាប់​ប្រើប្រាស់​ខ្លះៗ​នៅ​ពេល​គាត់​កំពុង​រុះ​ផ្ទះ​ចេញ​ពី​ទី​កន្លែង​ដែល​ត្រូវ​ពង្រីក​ផ្លូវ​នោះ។
ផ្ទះ​លោកស្រី សង់​ពី​ឈើ​ប្រក់​ស័ង្កសី ទទឹង​៧ម៉ែត្រ បណ្តោយ​ប្រមាណ​១០​ម៉ែត្រ ត្រូវ​ប៉ះពាល់​ទាំង​ស្រុង​ពី​គម្រោង​ពង្រីក​ផ្លូវ​នោះ។ បញ្ហា​សំខាន់ គឺ​លោកស្រី​ពុំ​មាន​ដី​ផ្សេង​សម្រាប់​សង់​ផ្ទះ​ថ្មី​នោះ​ទេ ហើយ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​នេះ​ដែរ។

អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត​ក៏​កំពុង​រង​ផល​ប៉ះពាល់​ដូច​គ្នា​ដែរ ពី​គម្រោង​ពង្រីក​ផ្លូវ​នេះ គឺ​ខ្លះ​ដាច់​បាត់​របង និង​ជណ្ដើរ ខ្លះ​ទៀត​ប៉ះ​ដាច់​ពាក់​កណ្ដាល​ផ្ទះ ខ្លះ​ខូច​ខាត​ទាំង​ស្រុង។ ផ្ទះ​នីមួយៗ​មាន​បណ្តោយ​ចាប់​ពី​ជាង​៥​ម៉ែត្រ ដល់​ជិត​២០​ម៉ែត្រ ហើយ​ក្រៅ​ពី​នេះ នៅ​មាន​ដំណាំ​ទៀត។
បុរស​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ញ៉ិប ថន រស់នៅ​ភូមិ​តាជោរ ដែរ បាន​ឲ្យ​ដឹង​ថា ផ្ទះ​របស់​គាត់​ត្រូវ​ខូច​ខាត​ទាំង​ស្រុង ហើយ​គ្រួសារ​គាត់​ក្រីក្រ​ពុំ​មាន​សល់​ដី​ចម្ការ ឬ​ស្រែ​សម្រាប់​ធ្វើ​លំនៅ​ជ្រក​កោន​បាន​ឡើយ។
លោក​បន្ត​ថា គម្រោង​ពង្រីក​ផ្លូវ​នេះ​ធ្វើ​ឡើង​ដោយ​តក់​ក្រហល់ ដោយ​អាជ្ញាធរ​ពុំ​បាន​ប្រាប់​ពលរដ្ឋ​ឲ្យ​បាន​ដឹង​មុន ដើម្បី​ត្រៀម​ដោះស្រាយ​ចំពោះ​ផល​ប៉ះពាល់​ពី​ចម្ងាយ​នោះ​ទេ។
ប្រធាន​សហគមន៍​ឃុំ​សារិកាកែវ លោក ចាន់ សាវ៉ន មាន​ប្រសាសន៍​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ដែរ​ថា លោក​បាន​បង្ហាញ​ទស្សនៈ​យល់​ឃើញ​ជុំវិញ​បញ្ហា​នេះ​ដែរ​ថា ការ​អភិវឌ្ឍ​ដោយ​ពុំ​បាន​គិតគូរ​ពី​ផល​ប៉ះពាល់ គឺ​ជា​ការ​អភិវឌ្ឍ​លើ​ទឹក​ភ្នែក​ពលរដ្ឋ​ក្រីក្រ និង​បន្ថែម​ទុក្ខ​លំបាក​ឲ្យ​ដល់​ពួក​គាត់​ដែល​កំពុង​ជួប​ប្រទះ​សព្វ​ថ្ងៃ​នេះ​ថែម​ទៀត។
លោក ញ៉ិប ថន វិញ​មាន​ប្រសាសន៍​ទៀត​ដែរ​ថា ការ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ បណ្ដាល​មក​ពី​គម្រោង​អភិវឌ្ឍ​រដ្ឋ​របស់​រដ្ឋាភិបាល​បែប​នេះ ជា​ការ​រំលោភ​ទៅ​នឹង​ច្បាប់​ភូមិបាល ពីព្រោះ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ម្នាក់ៗ​យ៉ាង​តិច​ចាប់​ពី​១០​ឆ្នាំ​ឡើង​ទៅ។
រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​ទី​៤៤ ត្រង់​វាក្យខណ្ឌ​ទី​៣ បាន​ចែង​ថា កម្មសិទ្ធិ​ឯកជន​ស្រប​ច្បាប់​ស្ថិត​នៅ​ក្រោម​ការ​គាំពារ​នៃ​ច្បាប់។ ចំណែក​វាក្យខណ្ឌ​ទី​៤ បាន​ចែង​ថា ដែល​នឹង​ដក​ហូត​កម្មសិទ្ធិ​ជន​ណា​មួយ​បាន​នោះ លុះត្រា​តែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឲ្យ​ធ្វើ​ក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក ហើយ​ត្រូវ​ផ្តល់​សំណង​ជា​មុន​ដោយ​សមរម្យ និង​យុត្តិធម៌។
មាត្រា​ទី​៥ នៃ​ច្បាប់​ភូមិ​បាល​បាន​ចែង​ដែរ​ថា គ្មាន​បុគ្គល​ណា​មួយ​ត្រូវ​បាន​គេ​ដក​ហូត​សិទ្ធិ​របស់​ខ្លួន​បាន​ទេ ប្រសិន​ការ​ដក​ហូត​សិទ្ធិ​នេះ​មិន​មែន​ដើម្បី​ប្រយោជន៍​សាធារណៈ។ ការ​ដក​ហូត​ត្រូវ​ធ្វើ​ទៅ​តាម​ទម្រង់​នីតិវិធី​បញ្ញត្តិ​ដោយ​ច្បាប់ និង​បទ​បញ្ជា​បន្ទាប់​ពី​បាន​ផ្តល់​សំណង​ដោយ​សមរម្យ និង​យុត្តិធម៌។
ប្រជាពលរដ្ឋ​មាន​ប្រសាសន៍​ថា ពួក​គាត់​មិន​ជំទាស់​ទេ​ចំពោះ​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ត្រូវ​តែ​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ដឹង​ជា​មុន និង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប៉ះពាល់ ហើយ​បើ​តាម​ច្បាប់ ពួក​គាត់​ត្រូវ​ទទួល​បាន​សំណង​ចំពោះ​ការ​ខូច​ខាត និង​មាន​ការ​ដោះដូរ​ដី​សង់​លំនៅឋាន​ជា​ថ្មី ក្នុង​ករណី​ពលរដ្ឋ​ណា​ទី​ទាល់​ក្រ​ពុំ​មាន​សេសសល់​ដី​សង់​លំនៅឋាន​ជា​ថ្មី​នោះ។
អ្នក​ដទៃ​ទៀត​បាន​ឲ្យ​ដឹង​ថា ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​កើត​ចេញ​ពី​ការ​ពង្រីក​ផ្លូវ​នេះ គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​២ពាន់​ដុល្លារ ទៅ​៥ពាន់​ដុល្លារ។ ដោយ​ផ្ទះ​ខ្លះ ប៉ះពាល់​ទាំង​ស្រុង ត្រូវ​រុះ​ចេញ ផ្ទះ​ខ្លះ​ដាច់​ត្រឹម​របង និង​ទីធ្លា​មុខ​ផ្ទះ ខ្លះ​ត្រូវ​ដាច់​ជណ្ដើរ​បាត់ ហើយ​ខ្លះ​ទៀត​ត្រូវ​ដាច់​ពាក់​កណ្ដាល ខ្លះ​ដាច់​អស់​សល់​ត្រឹម​តែ​បន្ទប់​ទឹក ឬ​ផ្ទះ​បាយ​ក៏​មាន។
ផ្ទះ​ទាំង​នោះ​មួយ​ចំនួន​ខាង​ក្រោម​សង់​ពី​ថ្ម ខាង​លើ​ឈើ នៅ​លើ​ដី​ឡូត៍ និង​មាន​ដំណាំ​ឈើ​ហូប​ផ្លែ​ផង​ដែរ។
វិទ្យុ​អាស៊ី​សេរី ពុំ​ទាន់​អាច​ទាក់​ទង​អភិបាល​ខេត្ត​កណ្ដាល ឬ​អភិបាល​ស្រុក​ល្វាឯម ដើម្បី​ពន្យល់​ពី​គម្រោង​ពង្រីក​ផ្លូវ​ក្នុង​ស្រុក​នេះ និង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នោះ​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី​១៥ សីហា។
ប៉ុន្តែ មេ​ឃុំ​សារិកាកែវ លោក កង លាង មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ច្បាស់​ពី​គម្រោង​ពង្រីក​ផ្លូវ​នោះ​ទេ ពីព្រោះ​ជា​គម្រោង​របស់​រាជ​រដ្ឋាភិបាល។ ប៉ុន្តែ លោក​អះអាង​ថា ពុំ​មាន​ផល​ប៉ះពាល់​ច្រើន​ពេក​ទេ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក ដែល​មាន​ប្រមាណ​ជិត​២ពាន់​គ្រួសារ​នោះ។
មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កណ្ដាល លោក ម៉ែន មករា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប៉ះពាល់​ទាំង​ឡាយ​ណា​ដែល​កើត​មាន​ចំពោះ​មុខ ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​នោះ​មាន​គោល​ដៅ​បម្រើ​ដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ពិត​ប្រាកដ។
អាជ្ញាធរ​ឃុំ​បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​ដែល​ត្រូវ​ពង្រីក​នៅ​ស្រុក​ល្វាឯម នោះ មាន​ប្រវែង​ប្រហែល​១៥​គីឡូម៉ែត្រ ទទឹង​២០​ម៉ែត្រ កាត់​តាម​ឃុំ​ប្រមាណ​៤ គឺ​ឃុំ​អរិយក្សត្រ ឃុំ​សារិកាកែវ ឃុំ​ពាមឧកញ៉ាអុង និង​ឃុំ​កោះរះ ដែល​ចាប់​ផ្ដើម​ឈូស​ឆាយ​ជា​បណ្ដើរៗ​តាំង​ពី​ខែ​មិថុនា មក ហើយ​មិន​ទាន់​ដឹង​ថា​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ៕

No comments:

Post a Comment

yes