សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

តុលាការ​ដោះលែង​មន្ត្រី​ដែនដី ៤រូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

តុលាការ​ដោះលែង​មន្ត្រី​ដែនដី ៤រូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

ភ្នំពេញ: មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំនួន ៤នាក់ ដែល​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពីបទ ពុករលួយ ពាក់ព័ន្ធ​នឹង​កេងប្រវ័ញ្ច​ថវិការដ្ឋ​ជិត ២ លាន​ដុល្លារ​អាមេរិក តាម​រូបភាព​កាត់​ភាគរយ លើ​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​សាងសង់​លំនៅស្ថាន ជូន​អតីតយុទ្ធជន​ និង​ជនក្រីក្រ ដើម្បី​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន បាន​ត្រូវ​លោក លាង សំណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១២ តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។ 

​ប៉ុន្តែ​រហូតមកទល់​ពេលនេះ មន្ត្រី​ទាំង ៤​រូប មិនទាន់​ចេញពី​ពន្ធនាគារ​ទេ ដោយសារ​កំពុង​រង់ចាំ​បំពេញ​សំណុំបែបបទ ហើយ​គេ​រំពឹងថា មន្ត្រី​ទាំង ៤​រូបនេះ នឹងមាន​សេរីភាព​វិញ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​។​


​ការសម្រេច​ដោះលែងឱ្យនៅ​ក្រៅ​ឃុំ​នេះ បានកើត​ឡើងក្រោយ​ពេលដែល​មេធាវី​ការពារ​ ដាក់ពាក្យ​ជា​បន្តបន្ទាប់ ឱ្យ​កូនក្តី​របស់ខ្លួន​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១០ និងថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២ កន្លងទៅ​។​

​គួររម្លឹកថា កន្លងទៅ​ រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​គម្រោង​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច និង​សាងសង់​លំនៅស្ថាន​ ជូន​អតីតយុទ្ធជន​ប្រចាំឆ្នាំ​២០១១ ដែលមាន​ទឹកប្រាក់​ប្រមាណ​រាប់សិប​ពាន់​លាន​រៀល​។ 

​ប៉ុន្តែ​នៅពេលដែល​យកទៅអនុវត្ត​ជាក់ស្តែង​ មន្ត្រី​មួយចំនួនបាន​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកា​ទាំងនេះ យកទៅ​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ឆ្លងតាម​ការត្រួតពិនិត្យ និង​ស្រាវជ្រាវ​រួចហើយ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានកំណត់​អត្តសញ្ញាណ​មនុស្ស​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ រួច​សុំ​គោលការណ៍​ពី​តុលាការ​ ឃាត់ខ្លួន​ពួកគេ​យកមក​សាកសួរ​ ប្រយោជន៍ដើម្បី​រក​បក្ខពួក និង​ខ្សែរយៈ​ជា​បន្តទៀត​។​

​មន្ត្រី​ទាំង​ ៤​នាក់​នេះ មានឈ្មោះ សារ៉េត បូរ៉ា​មី ជា​អគ្គនាយករង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ឈ្មោះ ​ផូ វុ​ឌ្ឍី ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ​, ឈ្មោះ​ មាស ឥស្ស​រ៉ា អនុប្រធាននាយកដ្ឋាន និង​ឈ្មោះ ទុយ ឡាយ​រិ​ទី្ធ ជា​មន្ត្រី​បម្រើការ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ត្រូវ​លោក សុខ រឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ ពុករលួយ រួច​ត្រូវ​ចៅក្រម​ស៊ើបសួរ​ឃុំខ្លួន កាលពី​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២​។​

​បន្ទាប់មក នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដែលមាន​ខ្លឹមសារ​ថា “​ក្រោយពី​បានទទួល​ព័ត៌មាន អំពី​ភាពមិនប្រក្រតី ស្តីពីការអនុវត្តន៍​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​ សម្រាប់​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ ដែល​បាន​ចុះផ្សាយ​នៅលើ​សារព័ត៌មាន​ខ្លះ ក្រសួង​បាន​បង្កើត​គណៈកម្មការ​មួយ ឱ្យ​ចុះទៅពិនិត្យ​ស្ថានភាព​លទ្ធផល​សម្រេច​ជាក់ស្តែង នៅ​ខេត្ត​អនុវត្ត​គម្រោង​មួយចំនួន​។ 

​ផ្អែកលើ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​បឋម​នេះ ក្រសួង​បាន​ព្យួរការងារ​របស់លោក ផូ វុ​ឌ្ឍី ប្រធាន​នាយកដ្ឋាន​ផែនការ ​សេដ្ឋកិច្ច និង​ហិរញ្ញកិច្ច របស់​ក្រសួង នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១២ ដើម្បីឱ្យ​គណៈកម្មការ​សវនកម្ម របស់​ក្រសួង ធ្វើ​អធិការកិច្ច ដោយមាន​កិច្ចសហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ 

​ជា​លទ្ធផល មន្ត្រី​របស់​ក្រសួង​ចំនួន ៤រូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការសង្ស័យ ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូនទៅ​តុលាការ ដើម្បី​បន្ត​ការស្រាវជ្រាវ និង​សម្រេច​តាម​នីតិវិធី​ច្បាប់​៕​ 

No comments:

Post a Comment

yes