សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 20, 2012

កន្លែង​ទទួល​បញ្ចាំ​យីហោ ស្រី​តុ​ប ក្រុង​ប៉ោយប៉ែត​មាន​អ្នកធំ​ធ្វើជា​ខ្នងបង្អែក​


ប៉ោយប៉ែត ៖ តំបន់​ប្រជុំជន​ជាយដែន​ប៉ោយប៉ែត​គឺជា​ក្រុង​មួយ​ដែលមាន​មនុស្ស​មក​តាំង​លំនៅដ្ឋាន​ពី​បណ្តា​ខេត្ត​ក្រុង​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ក្រុង​មួយ​នេះ​សម្បូរ​ពោរពេញ​ទៅដោយ​បន​ល្បែង​គ្រប់​រូបភាព​ទាំង​ស្របច្បាប់ និង​ខុសច្បាប់បើទោះជា​មាន​បន​ល្បែង​ច្រើន​ប្រភេទ​ក៏ដោយ​ក៏​មន្ត្រី​ពាក់ព័ន្ធ​នៅ​ជុំវិញ​ក្រុង​នេះ​មិន​ខ្ចី​ធ្វើ​ដឹង​ធ្វើ​ឮ​ឡើយ​។ ភាពអនាធិបតេយ្យ​នេះ​ត្រូវបាន​រដ្ឋាភិបាល​ដាក់ចេញ​នូវ​គោលនយោបាយ​ស្តីពី​ភូមិ​-​ឃុំ​មាន​សុវត្ថិ​ភាពជា​ប្រយោជន៍​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​រស់ក្នុង​ភាពកក់ក្តៅ​គ្មាន​ការភ័យខ្លាច​។​
         ប៉ុន្តែ​ផ្ទុយទៅវិញ​នៅ​តំបន់​នៃ​ក្រុង​ប៉ោយប៉ែត នេះ​ក្នុង​រយៈពេល​ថ្មីៗ​នេះ​មាន​ក្រុមចោរឆក់​ប្លន់ និង​គាស់​ផ្ទះ​បានធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​មានការ​ភិតភ័យ​ជាខ្លាំង​។ កត្តា​ទាំងនេះ​គឺ​វា​បណ្តាលមកពី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្វះ​សមត្ថភាព​លើ​ការពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សង្គម ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កើតការ​សង្ស័យ​នោះ​គឺ​ហាង​ទទួល​បញ្ចាំ​យីហោ ស្រី​តុ​ប នៅ​ផ្លូវ​ដើម​ពុទ្រា​ជាប់​របង​កាស៊ីណូ​ដើម​ពុទ្រា​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាចជា​ប្រភព​បទល្មើស គួរ​ឲ្យ​ព្រួយបារម្ភ​។​

         ​ប្រភព​មួយ​បាន​ឲ្យ​ដឹងថា ហាង​យីហោ ស្រី​តុ​ប នេះ​មានការ​គាំទ្រ​ពី​អ្នកធំ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​នេះហើយ​ហាង​ទទួល​បញ្ចាំ​នេះ​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ប៉េអឹម​ក្រុង​ចុះទៅ​ហ៊ុមព័ទ្ធ​ម្តង​រួចមកហើយ​។ ក្រោយមក​គេ​បានឃើញ​ហាង​មួយ​នេះ​ត្រូវបាន​ផ្អាក​ដំណើរការ​មួយរយៈ ប៉ុន្តែ​ស្រាប់តែ​ថ្មីៗ​នេះ ហាង​ទទួល​បញ្ចាំ​ខាងលើ​បើក​ដំណើរការ​យ៉ាង​រលូន​ដោយ​គ្មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​សោះឡើយ ហើយ​បុរស​ម្នា​ក់បាន​អះអាងថា ខ្លួន​ជា​ម្ចាស់​ហាង​បាន​ប្រាប់​ភ្នាក់ងារ​យើង​ថា ហាង​របស់គេ​មានការ​ពឹងពាក់​ពី​បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ផងដែរ លើសពីនេះទៅទៀត​បុរស​រូបនេះ​បាន​បន្ត​ប្រាប់ទៀតថា លោក អ៊ុំ សុផល ក៏​ដឹង​រឿងនេះ​ផងដែរ។​
         ​ចំណែក​លោក អ៊ុំ សុផល អធិការ​ប៉ូលិស​ក្រុង​បាន​ប្រាប់​ភ្នាក់ងារ​យើង​ថា ហាង​យីហោ ស្រី​តុ​ប ខាងលើនេះ​លោក​ពិតជា​គ្មាន​ការពាក់ព័ន្ធ​ជាមួយ​ទេ ប៉ុន្តែ​កន្លងមក​លោក​ធ្លាប់បាន​ហៅ​សួរនាំ​អំពី​ការទទួល​វត្ថុ​ត្រូវគេ​បញ្ចាំ បើ​ពាក់ព័ន្ធ​ករណី​ទទួលផល​ចោរកម្ម​នោះ​ត្រូវតែ​មានទោស​ព្រោះ​ហាង​នេះ​មិនមាន​ច្បាប់​គ្រប់គ្រាន់​ទេ​។ ដោយឡែក​លោក ហម ម៉ុ​ត មេបញ្ជាការ​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​បាន​មានប្រសាសន៍ថា អា​រឿង​ហាង​លើក​យីហោ​ទទួល​បញ្ចាំ​នេះ​មិនទាន់​មានច្បាប់​ជា​ផ្លូវការ​ទេ​ហើយ​ម្ចាស់​ហាង​ក៏​គេ​មិនបាន​ជូនដំណឹង​ឲ្យ​លោក​បានដឹង​នោះទេ ប៉ុន្តែ​បើ​មាន​បញ្ហា​លោក​ត្រូវតែមាន​វិធានការ​តាមផ្លូវ​ច្បាប់​។​
         បើទោះជា​បែបណា​ក្តី​សម្រាប់​ម្ចាស់​ហាង​ទទួល​បញ្ចាំ​បាន​ប្រាប់​ភ្នាក់ងារ​យើង​ថា គេ​ហ៊ាន​ទទួល​តែ​មាស ពេជ្រ ទូរស័ព្ទដៃ ប៉ុន្តែ​រឿង​រថយន្ត​គេ​មិនមាន​ជំនាញ​នៅឡើយ​ទេ​។ ចំណែក​ប្រជាពលរដ្ឋ​បាននាំគ្នា​លើកឡើងថា បើ​មាន​ហាង​ទទួល​បញ្ចាំ​បែបនេះ​អំពើចោរកម្ម នឹងមិន​ស្ងប់ស្ងាត់​ទេ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​បទល្មើស​កើតឡើង​ផ្ទួនៗ​គួរ​ឲ្យ​ព្រួយបារម្ភ​ជាទីបំផុត​៕

No comments:

Post a Comment

yes