សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

រដ្ឋាភិបាល ត្រៀម​យុវជន ១០ ក្រុម​ថែមទៀត ចុះ​ទៅ​វាស់វែង ចែក​ដី​ជូន​ប្រជាពលរដ្ឋ​

យុវជន​ស្ម័គ្រចិត្ត ចុះវាស់វែងដីកាលពីវគ្គមុន
ភ្នំពេញ: យុវជន​ស្ម័គ្រចិត្ត បាន​វិលត្រឡប់​មក​វិញ ដែល​ជា​ក្រុម វគ្គ​ទី​៣ ហើយ​នៅ​មាន​វគ្គ​ទី​៤ ដែល​កំពុង​តែ​ហ្វឹកហាត់ ដើម្បី​ចុះ​ទៅ ១០ ក្រុម​ថែមទៀត​។ យើង​កំពុង​រៀបចំ​សម្ភារៈ ដើម្បី​រៀបចំ​បញ្ជូន​យុវជន​ស្ម័គ្រចិត្ត​ទៅ ១០ ក្រុម​ថែមទៀត​។ នេះ​តាម​សេចក្តីប្រកាស​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាកលវិទ្យាល័យ បៀ​ល​ប្រាយ នា​ព្រឹក​ថ្ងៃទី​១៥​សីហា ឆ្នាំ​២០១២ នៅ​កោះ​ពេជ្រ ដោយ​សំដែង​ក្តីរីករាយ និង​ថ្លែង​អំណរគុណ គោរព​កោតសរសើរ ចំពោះ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ថា "​មកដល់ពេលនេះ ក្រុមយុវជន​ស្ម័គ្រចិត្ត វាស់វែង​ដីធ្លី បាន​ជាង ១០ ម៉ឺន​គ្រួសារ​ហើយ ដែល​បាន​មក​ចុះ​ប្រព័ន្ធ​បញ្ជី​។ ការ​ដែល​យើង​ធ្វើ​នេះ មិនមែន​ជា​ការ​ចៃដន្យ​មួយ​ទេ​។
ដំណើរការ​ទៅ​មុខ​របស់​យើង បាន​ជាង ១០ ម៉ឺន​គ្រួសារ ហើយ​ក្នុងនោះ ផ្ទៀងផ្ទាត់​បាន ៨៤.០០០ គ្រួសារ ហើយ​តំបន់​វិនិច្ឆ័យ ចេះ​តែ​បន្ត​។ ប៉ុន្តែ​តំបន់ ដែល​ប្រកាស​ឲ្យមក​ត្រួត​ពិនិត្យ ត្រូវបាន​ប្រកាស​នៅ​តំបន់​មួយចំនួន​ហើយ​។ ធ្វើ​រួចហើយ​។ ប៉ុន្តែ​ដើម្បី​កុំឲ្យ​បន្សល់ទុក​នូវ​ទំនាស់​ព្រំ​ដី​របស់​ប្រជាពលរដ្ឋ យើង​ត្រូវ​បិទ​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ មក​ត្រួតពិនិត្យ ក្នុង​រយៈពេល ១ ខែ​។ យើង​វាស់វែង យើង​គូស​ផែនទី​រួចហើយ​? មាន​ការ​ផ្ទៀងផ្ទាត់ ដែល​បាន​បិទ​ផ្សាយ​។ នៅ​ស្រុក​ស្នួល ក្នុងខេត្តក្រចេះ មានការ​បិទ​ផ្សាយ​មួយ​ចំនួន​។ ឃុំ​ស្រែ​​ចារ និង​ឃុំ​២​ធ្នូ​។ នៅ​តំបន់​មួយចំនួនទៀត កំពុង​ធ្វើ​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា "​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ព្រោះ​នេះ មិនមែន​គ្រាន់តែ​វា​ស់ដី​ហើយ​ចប់​សព្វគ្រប់​នោះ​ទេ ត្រូវ​មាន​ការ​បិទ​ផ្សាយ​រយៈពេល​មួយខែ ដើម្បី​ផ្ទៀងផ្ទាត់ និង​មាន​ការតវ៉ា ក្នុង​រយៈពេល​នោះ​។ បើសិនជា​មិន​ត្រឹមត្រូវ ត្រូវមាន​ការកែតម្រូវ​។ ផុត​រយៈពេល​មួយ​ខែ ប័ណ្ណ​បឋម​នឹង​ត្រូវ​ចេញ មុន​នឹង​ទទួលបាន​ប័ណ្ណ​ស្ថាពរ ហើយ​ខ្ញុំ​នឹង​ធ្វើដំណើរ​ទៅ​តំបន់​ណា ដែល​ធ្វើ​ហើយ​មុនគេ​។ ឥឡូវ​​ជ្រើសរើស ប្រហែលជា​ទៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ មួយ​ខេត្ត​អាច​ខ្ញុំ​នឹង​ទៅ​មួយ​កន្លែង ដើម្បី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នូវ​ប័ណ្ណកម្មសិទ្ធិ ដែល​ពីមុន​ប្រជាពលរដ្ឋ កាន់​កាប់​​ខុសច្បាប់ ឥឡូវ​ស្របច្បាប់​ហើយ​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន បាន​បន្ថែមថា បេសកកម្ម​លើក​នេះ មិន​សាមញ្ញ​ទេ គឺ​ពិបាក​ណាស់ ត្រូវ​ចូល​ព្រៃ មុត​បន្លារ ជាដើម​។ សម្តេច​ក៏​បាន​អរគុណ​ចំពោះ​ស្ថាប័ន​នានា ដែល​បាន​ចុះ​សួរសុខទុក្ខ​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត វាស់វែង​ដីធ្លី​ចែក​ដល់​ប្រជា​ពលរដ្ឋ​ពេលនេះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន ក៏​បាន​បញ្ជាក់ថា "​ទោះជា​ប្រើប្រាស់​តម្លៃ​ណា និង​ពេល​​យូរ​​ប៉ុណ្ណា​ក៏​ដោយ ក៏​ត្រូវ​វាស់វែង​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។ សកម្មភាព​នេះ ជា​សកម្មភាព​មិន​ដកថយ​ទេ ដរាបណា​ប្រជាជន មិនទាន់​ទទួលបាន​កម្មសិទ្ធិ នៅ​តំបន់​ដែល​គប្បី ត្រូវបាន​ទទួល​។ បញ្ជាក់​ហើយ​ថា អា​ទៅ​កាប់​ថ្មី មិន​ឲ្យ​ទេ​។ អា​តំបន់ ដែល​មាន​​ជម្លោះ​វា​ក់វិន រវាង​ប្រជាជន និង​ប្រជាជន​។ អា​នឹង​ក៏​អត់ឲ្យ​ដែរ​។ យើង​ដោះ​ស្រាយ​​​បាន​ត្រឹមតែ ដី​ដែល​ត្រូវ​បាន​កាន់កាប់​មិន​ស្របច្បាប់ ឲ្យ​វា​ទៅ​ជា​ស្របច្បាប់​។ ដី​ក្នុង​ព្រៃ​សម្បទាន និង​ដី​សម្បទាន​។ ដី​សម្បទាន ត្រូវ​អាទិភាព កាត់​ឲ្យ​ប្រជាពលរដ្ឋ នៅ​ក្នុង​តំបន់ ដែល​មិន​ទាន់​មាន​ការដាំដុះ​។ កន្លែង​ខ្លះ ទៅ​បំពាន អា​នឹង​ក៏​អត់​ទៅ​រួច​ដែរ​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​យក​ឱកាស​នោះ ថ្លែងអំណរគុណ​ដល់​មាតា​បិតា ដែល​បាន​អនុញ្ញាត​ឲ្យ​កូន​ចៅទៅ​វាស់វែង ចែក​ដី​ដល់​ប្រជាពលរដ្ឋ​។ ក្រុមយុវជន​ក៏បាន​ពាំនាំ​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ មក​ជូន​សម្តេច​។ ក្នុងនោះ សម្តេច​ក៏​បាន​ផ្តល់​សាលារៀន តាម​សំណើ​របស់​ក្រុមយុវជន​ផងដែរ​។ ទៅ​លើក​នេះ ក្រុមយុវជន​របស់​​យើង បាន​ផ្សះ​ភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ​។ បន្តិចទៀត ក្រុមយុវជន​ទាំងនោះ នឹង​ក្លាយ​ជា​អ្នកបច្ចេកទេស​ពិតប្រាកដ​ខាង​ដីធ្លី និង​លើ​បញ្ហា​អភិវឌ្ឍន៍​ជនបទ​។​

​សូម​រម្លឹកថា ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន​ម៉ានិត កូនប្រុស​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ចុះ​បំពេញបេសកកម្ម វាស់វែង​ដីធ្លី ចែក​ជូន​ប្រជាពលរដ្ឋ លើកដំបូង បាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១២​។ បេសកកម្ម​នោះ មាន​យុវជន​ស្ម័គ្រចិត្ត​ជាង ១.០០០ នាក់ ដោយ​ប្រើប្រាស់​រយៈពេល ៦ ខែ​៕​

No comments:

Post a Comment

yes