សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 28, 2012

រដ្ឋាភិបាល​គួរកែទម្រង់​ប្រព័ន្ធតុលាការ​ឲ្យឯករាជ្យ​និងរឹងមាំ​

ក្រុម​អ្នក​ច្បាប់​និង​អ្នក​វិភាគ​និយាយ​ថាការ​កសាង​ប្រព័ន្ធ​ច្បាប់​ដ៏រឹងមាំមួយ​គឺចាំបាច់​ត្រូវធ្វើ​ក្រោយ
ពេល​សង្គ្រាម​ដើម្បីយុត្តិធម៌​ពិតប្រាកដ ចំពោះ​ប្រជា​ពលរដ្ឋ។​

វ៉ាស៊ីនតោន​​៖ ដោយ​ឃើញ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ទទួលរង​ការរិះគន់​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ទាក់ទង​នឹង​ការស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​នោះ ​ក្រុម​អ្នក​ច្បាប់​និង​អ្នក​វិភាគ​និយាយ​ថា​ រដ្ឋាភិបាល​គួរកែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​ឯករាជ្យ​និង​រឹងមាំ​ ដោយគ្មាន​ការ​ពន្យារ​ពេល​ គឺ​តាម​រយៈការ​ធ្វើច្បាប់​លក្ខខន្តិកៈ​ចៅក្រម​​ ព្រះរាជអាជ្ញា​និង​ច្បាប់​ទាក់​ទង​នឹង​តុលាការ​មួយ​ចំនួន​ទៀត។​

ច្បាប់​លក្ខ​ខន្តិកៈ​ចៅក្រម​ ព្រះរាជ​អាជ្ញា​ត្រូវ​គេ​រំពឹង​ថា​ អាច​ផ្តល់​ឲ្យ​ចៅក្រម ព្រះ​រាជ​អាជ្ញា​អាច​ដឹង​ពី​ទោសទ​ណ្ឌ​ពេល​ប្រព្រឹត្ត​ខុស​ច្បាប់​ ធានា​ពី​ការ​អនុវត្ត​ច្បាប់​ធានា​ឯករាជ្យ​ភាព​របស់​ចៅក្រម ​ព្រះរាជអាជ្ញា​ លក្ខណៈ​សម្បត្តិ ​ការងារ​ទាក់ទង​នឹង​ការ​ចូល​និវត្ត​ ការ​ដំឡើង​ស័ក្តិ​ ប្រាក់​ប៊ៀវត្ស​ ធានា​ពីការ​មិន​ជាប់​ពាក់ព័ន្ធ​សមាជិក​ គណបក្ស​នយោបាយ​ មិន​ស្ថិត​ក្រោម​សម្ពាធ​របស់​អ្នក​កាន់​អំណាច​ និង​ធានា​អំណាច​តុលាការ​ទាំងមូល​ដែល​ត្រូវ​មាន។
លោកបណ្ឌិត ​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ ​បាន​អះអាង​ថា ​ការ​កសាង​ប្រព័ន្ធ​ច្បាប់​ដ៏រឹងមាំមួយ​គឺចាំបាច់​ត្រូវធ្វើ​ក្រោយពេល​សង្គ្រាម​ដើម្បីយុត្តិធម៌​ពិតប្រាកដ ចំពោះ​ប្រជា​ពលរដ្ឋ។​

«ប្រព័ន្ធតុលាការ​និងស្ថាប័នរដ្ឋ​ក្រៅពី​តុលាការហ្នឹង​គេថា​ដូច​បងប្អូន​ភ្លោះអញ្ចឹង គឺថា​ទៅទន្ទឹមគ្នា។​ អាហ្នឹង​គេត្រូវ​កសាងច្បាប់​ ហើយច្បាប់ហ្នឹង​ត្រូវមាន​អ្នក អនុវត្ត។​ អ្នកអនុវត្តហ្នឹង​បើកាលណា​មានល្មើស​មានអី​ឬបកស្រាយ​ច្បាប់ហ្នឹង វាត្រូវមាន​តុលាការ​ ហើយតុលាការ​ត្រូវឯករាជ្យ។​ អញ្ចឹង​បានថា​បងប្អូនភ្លោះ​គឺថា ឲ្យដាច់គ្នា។​អាហ្នឹងគេ​កសាងអញ្ចឹង​គឺជន្ទល់ពីរ​គឺមួយ​ខាងរដ្ឋបាល​ ហើយមួយ ខាងតុលាការ​ហ្នឹងឯង»។

លោក ម៉ុងហៃ​បានអះអាងថា​ ប្រព័ន្ធច្បាប់​លក្ខខន្តិកៈ​ចៅក្រម​ និង​ព្រះ​រាជអាជ្ញា​នេះ​ត្រូវ​ធ្វើ​តាំង​ពី​ក្រោយ​ឆ្នាំ​១៩៩៣ម្ល៉េះ​ គឺ​ដំណាល​គ្នា​នឹងច្បាប់​សហ​លក្ខខន្តិកៈ​មន្ត្រី​រាជការ​ ច្បាប់​សហ​លក្ខ​ខន្តិកៈ​យោធា​ និង​ច្បាប់​ក្រសួង​ផ្សេងៗ​ទៀត​ដែរ​ តែ​រដ្ឋាភិបាល​មិន​បាន​ដូច្នោះទេ ​ដោយ​ទុកឲ្យ​តុលាការ​ប្រតិបត្តិ​ ដោយ​គ្មាន​ច្បាប់​ផ្ទាល់​ខ្លួន​ ហើយ​ទទួលរង​ការ​រិះគន់។​

ប្រព័ន្ធ​តុលាការ​ប្រទេស​កម្ពុជា​រងការ​រិះគន់​ជា​សាធារណៈ​ដ៏ធ្ងន់ធ្ងរ​ថា​ មាន​អំពើ​ពុក​រលួយ​និង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ ​ជា​ឧបករណ៍​បម្រើ​នយោបាយ​ឲ្យ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ សមាជិក​នៃ​តុលាការ​ ជាចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​នៅ​ក្នុង​តុលាការ​ទាំង​បី​ថ្នាក់ ​ត្រូវ​គេ​អះ​អាង​ថា​ គឺជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​កាន់​អំណាច​៣ទសវត្សរ៍។​ ប្រជា​ពលរដ្ឋអស់​ជំនឿ​លើ​​ប្រព័ន្ធ​តុលាការ​កម្ពុជា​​ ដែល​ក្រុម​អ្នក​វិភាគ​អះអាង​ថា​ គួរ​មាន​ការ​កែទម្រង់​ ជាពិសេស​ការ​ធ្វើច្បាប់​ចំនួន៣ ​គឺច្បាប់​លក្ខខន្តិកៈ​ចៅក្រម ​និង​ព្រះរាជ​អាជ្ញា​ ច្បាប់​ចាត់តាំង​តុលាការ​និង​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​​ដែល​ជា​ស្ថាប័ន​​ត្រួត​ពិនិត្យ​តុលាការ។​

លោក​ សួន ប៊ុនស័ក្តិ​ នាយក​លេខាធិការដ្ឋាន​នៃ​អង្គការ​ប្រព្រឹត្តិកម្ម​ដែល​មាន​អង្គការ​សមាគម​២០​ជា​សមាជិក ​បាន​ទទួល​ស្គាល់​ថា ​មាន​ការ​រិះគន់​យ៉ាង​ក្រាសក្រែល​ពីសំណាក់​​សាធារណ​ជន​ក្នុង​ប្រទេស​កម្ពុជា​​ទៅលើ​ចៅក្រម ​ព្រះរាជ​អាជ្ញា។​

«ហេតុផលនេះ​ ​ខ្ញុំ​យល់​ឃើញ​ថា​ ដោយសារ​ថា​ក្នុង​វិស័យនេះ​ គឺខ្វះ​ច្បាប់​ ដែល​ស្តី​អំពី​ការគាំទ្រ​ អំពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ផ្នែក​យុត្តិធម៌​ដែរ​ ដូចជា​ចៅក្រម​ ព្រះរាជ​អាជ្ញា​ អត់ទាន់​មាន​ច្បាប់​លក្ខខន្តិកៈ​ស្តីអំពី​ចៅក្រម​ ព្រះ​រាជអាជ្ញា​ច្បាស់​​លាស់​ ហើយ​និយាយ​អំពីច្បាប់​ស្តីអំពី​ការ​ប្រព្រឹត្ត​ទៅ​និង​ការ​ចាត់តាំង​តុលាការ​ក៏​ឃើញ​តែ​សេចក្តី​ព្រាងប៉ុណ្ណោះ»។​

លោក​បាន​បន្ត​ថា​ មាន​ចំណាត់​ការ​មួយ​ចំនួន​ ដូច​ជា​​ការ​ដាក់​ទណ្ឌកម្ម​ ការ​ផ្លាស់ប្តូរ​មន្ត្រី​
យុត្តិធម៌​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នៅ​ពេល​រដ្ឋាភិបាល​មិនទាន់​ធ្វើឲ្យ​តុលាការ​មាន​ច្បាប់​បង្អែក​ជាមូលដ្ឋាន​ដែល​លោក​ចាត់ទុក​ថា​ ជាផ្នែក​មួយ​នៃកំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ដែរ។​

ប៉ុន្តែលោក​ស៊ុយ ម៉ុងលាង ​អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​កំណែទម្រង់​ច្បាប់​និង ​ប្រព័ន្ធ​តុលាការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា​ ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ បាន​យល់ច្បាស់​ពីសារៈ​សំខាន់​នៃ​ច្បាប់​ទាក់ទិន​នឹង​តុលាការ​ ហើយ​ក្រុម​ជំនាញ​កំពុង​តាក់​តែង។​

«ដូច្នេះ​ខាងក្រុមប្រឹក្សា​អ្នកច្បាប់​ ហើយ​ខ្ញុំ​ក៏​បាន​ចូលរួម​ផ្ទាល់ដែរ​ ដើម្បីមើល​នូវ​សេចក្តី​ព្រាង​នេះ​ ហើយ​ឥឡូវ​ យើង​ធ្វើ​ជិត​សព្វ​គ្រប់​អស់ហើយ​នៅ​ចុងក្រោយ​បំផុតនៃ​សេចក្តី​ព្រាងច្បាប់​ទាក់ទង​នឹង​ការ​ចាត់តាំង​តុលាការ​នោះ។​ ដូច្នេះ​ច្បាប់​អាច​ហ្នឹង​នឹង​​ចេញ​នៅពេល​មិនយូរ​ពេក​ទេ។​ គឺថា​ យើង​រៀបចំ​បាន​ជិត​ចប់ហើយ ​នៅតែ​ឆ្លងនីតិវិធី​នៃ​ការ​ព្រាង​ច្បាប់​ដូច​ធម្មតា»។​

លោក​ ស៊ុយ ម៉ុងលាង​បានអះអាង​ថា​ សម្រាប់​លោក​​ការ​រិះគន់​ពីការ​យឺតយ៉ាវ​ជា​រឿង​មិនអាច​ទទួល​យក​បាន​ទេ​ ដោយសារ​កម្ពុជា​បាន​ធ្វើ​កិច្ចការ​ច្រើន​ណាស់​ទាក់ទង​នឹង​កំណែ​ទម្រង់​យុត្តិធម៌​ ក្រោយពី​ត្រូវ​បំផ្លាញ​ដោយ​របប​ខ្មែរក្រហម។​

ហើយ​ម្យ៉ាង​ទៀត​ការ​ធ្វើច្បាប់​ដើម្បី​អនុវត្ត​នេះ​ទៀត​សោត​គឺជួប​ការ​លំបាក​ដោយសារ​ត្រូវ​ធ្វើ​ដោយ​ប្រយ័ត្ន​ប្រយែង​ទាក់ទង​នឹង​អំណាច​ នីតិ​បញ្ញត្តិ​ អំណាច​នីតិប្រតិបត្តិ ​និង​អំណាច​តុលាការ។​

«ដូច្នេះការ​ថ្លឹងថ្លែង​ដើម្បីឲ្យធ្វើ​យ៉ាងណា​ឲ្យចេញ​ទៅ​ ឲ្យមាន​ដំណើរ​ស្រួល​ កុំឲ្យ​មាន​បញ្ហា​ទំនាស់​គ្នា​រវាង​អំណាច​ទាំងបី​ហ្នឹង​ គឺត្រូវការ​ពេល​វេលា​បន្តិច»។​

លោក​ម៉ុង លាង​បាន​ថ្លែងថា​ រដ្ឋាភិបាល​ក៏ចង់បាន​ការកែ​ទម្រង់​ប្រព័ន្ធ​តុលាការល្អ​ដូច​អ្នក​រិះគន់​ដែរ​ តែកំណែ​ទម្រង់​នេះ​ត្រូវការ​ដាក់​ពេល​វេលា​រយៈ​ពេលខ្លី​ រយៈពេល​មធ្យម​ និង​រយៈពេល​វែង​ ហើយ​ក៏​មិន​អាច​កែប្រែ​បាន​អស់​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ដែរ។​

«អ្នក​ចង់​បាន​នោះ​គឺ​គាត់ចង់​បាន​តែ​អ្វី​ដែល​ជា​លទ្ធផល​ចុងក្រោយ​បំផុត​របស់​កំណែ​ទម្រង់។​ បានន័យ​យ៉ាងម៉េច?​ ដូចជា​តុលាការ​អញ្ចឹង​គ​គាត់​ចង់​បាន​តុលាការ​ល្អ​១០០​ភាគរយ។​ ដូច្នេះ​វា​ពិបាកណាស់​បញ្ហា​ហ្នឹង​។ វា​ត្រូវការ​ពេលវេលា​ច្រើន​ ពេល​វេលា​យូរ​ព្រោះ​យើង​មិន​អាច​កែ​ទម្រង់​បាន​ក្នុង​រយៈពេល​ខ្លី​របៀប​នេះ​ទេ»។ ​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ សុខ សំអឿន​ នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ ការពារ​សិទ្ធិ​កម្ពុជា​ បាន​អះអាង​ថា​ សេចក្តីព្រាង​ច្បាប់​លក្ខខន្តិកៈ​ចៅក្រម​ បានព្រាង​រយៈពេល​ជាង​១២​ឆ្នាំ​ហើយ ​ហើយ​មាន​ចំណុច​មួយ ​ដែល​លោក​ពេញចិត្ត​ជាង​គេ​ក្នុង​សេចក្តី​ព្រាង​នោះ​គឺ​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​បានដាក់​បញ្ជាក់ថា​ ចៅក្រម​ព្រះរាជ​អាជ្ញា​មិនត្រូវ​ជា​សមាជិក​គណបក្ស​នយោបាយ​ណា​មួយ​ទេ។​

«ហើយ​បើដាក់​ដូច​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជជែក​គ្នា​ ហើយដាក់​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​កាលពី​ឆ្នាំ​២០០០ ​មុន​បញ្ជូន​ទៅ​គណៈ​រដ្ឋមន្ត្រី​ ​ខ្ញុំ​ថា ​អាច​នឹង​ធ្វើឲ្យ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ហ្នឹង​មាន​ឯករាជ្យ​ភាព​ច្រើន»។​

លោក ​សុខ សំអឿន​បាន​សង្កត់ធ្ងន់​ថា​ សំខាន់​បំផុត​ត្រូវ​ធ្វើឲ្យ​​ច្បាប់​ស្តីពីលក្ខខន្តិកៈ​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ នេះ​​​អាច​ការពារ​ឯករាជ្យ​ភាព​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ ព្រម​ផ្តល់​អំណាច​ទៅ​ដល់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ដែល​មិន​មាន​អំណាច​នោះ​ ​ជា​ពិសេស​​ ព្រះ​មហាក្សត្រ​ ជា​ព្រះរាជ​ប្រធាន។​ លោក​សំអឿន​បាន​អះអាង​ថា​ ​ក្រុម​អ្នកច្បាប់​និង​សង្គម​ស៊ីវិល​ពុំធ្លាប់​បាន​ចូលរួម​ជា​លើក​ទី២​ ដើម្បីជួយ​តាក់​តែង​ច្បាប់​នេះ​​តាំង​ពី​ឆ្នាំ​២០០០​មក​នោះ​ទេ។​ ​លោក​អះអាង​ថា​ មិន​ដឹង​ជា​សេចក្តី​ព្រាង​ច្បាប់​នោះ​ត្រូវ​គេ​កែប្រែ​យ៉ាងណា​នោះ​ទេ។​

ទោះជា​យ៉ាង​ណា​ក៏ដោយ ​បើតាម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ចៅក្រម ​ព្រះរាជ​អាជ្ញា​សរសេរ​ជា​ភាសា​អង់គ្លេស ​ដែលវីអូអេ​ទទួល​បាននោះ​ ​ពុំចែង​ច្បាស់​ពី​សមាភាព​សមាជិក​គណបក្ស​នយោបាយ​របស់​ចៅក្រម​ព្រះ​រាជអាជ្ញា​ទេ។​

សេចក្តី​ព្រាង​ដែល​ចុះ​ថ្ងៃ២៦​ខែ​មិថុនា​ឆ្នាំ​២០០៥ ​ក្នុងមាត្រាទី៣​ ជំពូក​ទីមួយ​ បាន ចែង​ថា​ ការ​វិនិច្ឆ័យក្តី​របស់ចៅក្រម​ត្រូវធ្វើតាម​គោល​ការណ៍​ឥត​លំអៀង​​ គោរព​ច្បាប់​មិន​ស្ថិត​ក្រោម​ការ​បង្ខិតបង្ខំ​ ការ​គំរាម​កំហែង ​ទោះ​ជាផ្ទាល់​ ឬ​ប្រយោល​ក្តី។​
សេចក្តី​ព្រាង​ដដែល​នោះ​ក៏បាន​ចែង​ជា​ទូទៅ​ថា៖​

«ស្ថាប័នតុលាការ​មិនត្រូវ​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​នៃ​ស្ថាប័ន​នីតិបញ្ញត្តិ ​(សភា) ​និង ​នីតិប្រតិបត្តិ ​(រដ្ឋាភិបាល) ​ឬ​ក៏គណ​បក្ស​នយោបាយ​ណា​មួយ​ទេ»។​

ចៅក្រម​និង​មន្ត្រី​តុលាការ​ខ្លះ​ ក្នុង​ប្រទេស​កម្ពុជា​​ បាន​អះអាង​ប្រាប់​វីអូអេ​​ ដូច្នេះ​ដោយសុំមិន​បញ្ចេញ​​ឈ្មោះ ​ព្រោះខ្លាច​ប៉ះពាល់​ដល់​មុខ​តំណែង។ លោក បញ្ជាក់​ថា​ ការធ្វើ​ឲ្យ​មាន​ច្បាប់​ស្តីពី​លក្ខខន្តិកៈ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ នឹង​ធ្វើឲ្យ​តុលាការ​ចាត់​វិធាន​ការ​ដោយ​ឯករាជ្យ​ មិន​ភ័យខ្លាច​អំពី​​ការ​ដកតួនាទី​ ការ​ផ្លាស់​ចេញ​ដោយ​គ្មាន​ មូលហេតុ​ នៅ​ពេល​មន្ត្រី​តុលាការ​មិន​ធ្វើតាម​ការ​បញ្ជា​ពី​អ្នក​នយោបាយ​និង​អ្នកមាន​ឥទ្ធិពល​ក្នុង​រដ្ឋាភិបាល ​ដែល​ចង់​ឲ្យ​មន្ត្រី​តុលាការ​ធ្វើ​កិច្ចការ​មិន​សមរម្យ។​

នៅក្នុង​សេចក្តីព្រាង​ច្បាប់​លក្ខខន្តិកៈ​១៩​ជំពូក​និង​១០៧មាត្រា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ត្រូវចូល​និវត្តន៍​ ពេលដល់​អាយុ​៦០​ឆ្នាំ។​ តែគេ​អាច​ពន្យារ​​ដល់​អាយុ​៦៥ឆ្នាំ ​តាម​ការ​ចាំបាច់ ​និង​ដោយមាន​ការ​យល់​ព្រម​ពី​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម។​ ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ត្រូវ​មាន​ការ​ទទួលទោស​លម្អិត​តាម​កំហុស​វិជ្ជាជីវៈ​និង​កំហុស​នីតិវិធី​គឺរាប់​ចាប់​តាំងពី​ការ​ស្តីបន្ទោស​ផ្ទាល់មាត់ ​ការ​ព្យួរ​ការងារ​មួយ​រយៈពេល​ ការ​ផ្លាស់ប្តូរ​ បញ្ចុះ​ឋានៈ​ ដាក់​ឲ្យ​ចូលនិវត្តន៍​ មុន​កាល​កំណត់​និង​បណ្តេញចេញ​ជាដើម។​

ចៅក្រមត្រូវ​តែង​តាំង​ឲ្យ​ធ្វើការ​នៅ​កន្លែង​ណា​មួយ​ បាន​តែ​៣​ឆ្នាំ​ទេ។​ នេះ​បើតាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ព្រាង​ច្បាប់​លក្ខខន្តិកៈ​ចៅក្រម ​ព្រះរាជ​អាជ្ញា។​ ក៏ប៉ុន្តែ​ចៅក្រម​ព្រះរាជ​អាជ្ញា​នៅ​តុលាការ​មួយ​ចំនួន ​ជាពិសេស​តុលាការ​ក្រុងភ្នំពេញ ​និង​តុលាការ​ខេត្ត​មួយ​ចំនួន​ ពេល​នេះ​មិន​ត្រូវគេ​ផ្លាស់​និង​ប្តូរ​ទីតាំង​ ឬ​ដាក់​ឲ្យ​ចូល​និវត្តន៍ទេ ​ទោះបី​ជាដល់​ពេលត្រូវ​ផ្លាស់ប្តូរ​និង​លើសអាយុ​ត្រូវ​ចូល​និវត្តន៍ក្តី។​
លោក​សុន ឆ័យ​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សម រង្ស៉ី​ បាន​ថ្លែង​ថា​ ការ​ធ្វើ​ច្បាប់ ​ទាក់ទង​នឹង​តុលាការ​នេះ​គឺ​ជា​រឿង​សំខាន់​ ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​តាម​រដ្ឋ​ធម្មនុញ្ញ ​ដើម្បីធានា​ថា ​ចៅក្រម​​និង​ព្រះរាជ​អាជ្ញា​តុលាការ​ ទូទាំង​ប្រទេស​យើង​ ធ្វើការងារ​ដោយការ​ទទួល​ខុស​ត្រូវ។​

«ច្បាប់នេះ​គឺតម្រូវ​ដោយ​រដ្ឋធម្មនុញ្ញ​ដើម្បីឲ្យ​ចៅក្រម​​ ព្រះរាជអាជ្ញា​មាន​ច្បាប់​មួយ ត្រួត​ពិនិត្យ​ខ្លួនគាត់​​ មិនឲ្យគាត់​ធ្វើតាមចិត្ត​ទេ​ ដើម្បីធានា​គុណភាព​និង​ការ​ទទួល​ខុសត្រូវ​របស់​ចៅក្រម​នឹង​ព្រះ​រាជអាជ្ញា។​ ក៏​ប៉ុន្តែ​ច្បាប់​នេះ​ មក​ទល់​ថ្ងៃនេះ ​រដ្ឋ​ធម្មនុញ្ញ​របស់​យើង​ហ្នឹង​មាន​អាយុ​ជិត​២០​ឆ្នាំ​ ហើយ​ពុំត្រូវ​បា​នគេ​យក​មក​ធ្វើ​ជា​ច្បាប់​តាម​គោល​ការណ៍​ទេ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​នៃទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខា​ធិការ ​បាន​អះអាង​ថា​ ទាំង​គណៈ​បក្ស​ជំទាស់​និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ខិតខំ​រិះគន់​ប្រព័ន្ធ​យុត្តិធម៌​ ជាជាង​ការទម្រង់។​ លោក​ថ្លែង​ថា ​រដ្ឋាភិបាល​បាន​ធ្វើការ​កែ​ទម្រង់​យ៉ាង​ច្រើន​ ដូចជា​ការ​ពង្រឹង​មេធាវី​ ការ​ហ្វឹកហ្វឺន​មន្ត្រី​យុត្តិធម៌​ ការ​តាក់តែង​ច្បាប់​ជាដើម។​

លោក​​គឹម សោភ័ណ ​ចៅក្រម​ក្រសួង​យុត្តិធម៌​មួយរូប​ ដែល​បាន​ចូល​រួមការ​តាក់តែង​ច្បាប់​លក្ខខន្តិកៈ​ចៅក្រម​​និងព្រះរាជ​អាជ្ញា​កាលពី​ឆ្នាំ​២០០៥​និង​ឆ្នាំ​២០០៦​ បាន​អះអាង​ថា​ ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ធ្វើច្បាប់​មួយ​ចំនួន​ដើម្បីឲ្យ​វិស័យ​តុលាការធ្វើកំណែ​ទម្រង់​របស់​ខ្លួន។

«រដ្ឋាភិបាល​បាន​ខិតខំ​ឲ្យ​មាន​ក្រមបួន​សំខាន់ៗ​ គឺ ​ក្រម​រដ្ឋប្បវេណី ​ក្រម​នីតិវិធី រដ្ឋ​ប្បវេណី​ ក្រម​ព្រហ្មទណ្ឌ​ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ហើយ​ឥឡូវនេះ​នៅ​ត្រង់​ថា​  វា​នៅ​ខ្វះ​ច្បាប់​ស្តីពី​លក្ខខន្តិកៈ​ចៅក្រម​ ព្រះរាជអាជ្ញា​ តែខ្ញុំ​បាន​ដឹង​ថា ​ខាង​ទីស្តីការ​ គណៈ​រដ្ឋមន្ត្រី​កំពុង​តែ​ខិតខំ​រៀបចំ​ច្បាប់​ហ្នឹង​ហើយ»។ ​

ដោយសារ​តែមានការ​ខ្វះខាត​ច្បាប់​លក្ខខន្តិកៈ​ដើម្បីធានា​ធ្វើ​ឲ្យ​មន្ត្រីតុលាការ​​ធ្វើការ ដោយ​ឯករាជ្យ​នោះ​ ​ការដាក់ទោស​ពិន័យ​លើចៅក្រម​ និងព្រះរាជអាជ្ញា​ត្រូវគេ​មើល​ឃើញ​ថា​​ ស្ថាប័ន​នីតិប្រតិបត្តិ​បាន​ប្រើ​វិធាន​ការ​យ៉ាង​ងាយ​ស្រួល​ក្នុង​ការ​ចាត់​ការ​មន្ត្រី​តុលាការ​កម្ពុជា​ខ្លះ។​ មន្ត្រីខ្លះ​បាន​ជាប់​នៅ​ក្នុង​កណ្តាប់ដៃ​ដែក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ហើយ​ក្រោយ​មក​ត្រូវគេ​ដាក់​ឲ្យ​​ស្ថិត​ក្នុង​វិធាន​ការ​​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​​ ដើម្បី​ចាត់ការ​មន្ត្រី​តុលាការ​ណា​ដែល​គេ​សង្ស័យ​ថា​ ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ក្នុង​បំណង​ដែល​គេ​គិត​ថា ​ជា​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​របស់​រដ្ឋាភិបាល៕​

No comments:

Post a Comment

yes