សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

គង់ គាំ ៖ ជាង៣០ឆ្នាំនៅកម្ពុជា និងការបកស្រាយជាង៥ម៉ោងនៅរដ្ឋសភារបស់លោក ហ៊ុន សែន ជាតិរលំរលាយ តែក្តីសង្ឃឹមនៅមានជាមួយគណបក្ស សង្គ្រោះជាតិ

លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី

បញ្ហាព្រំដែនគឺជារឿងក្តៅគគុកធ្វើឲ្យគ្រប់មជ្ឈដ្ឋានមានការចាប់អារម្ភយ៉ាងខ្លាំង ជាពិសេសគឺនៅ បន្ទាប់ពីការបកស្រាយរបស់លោក ហ៊ុន សែន នៅរដ្ឋសភាជាតិកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០​១២ កន្លងទៅថ្មីៗនេះ ។

ការបកស្រាយរបស់លោក ហ៊ុន សែន រឿងព្រំដែលកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ ត្រូវបាន មជ្ឈដ្ឋាននានា ក៏ដូចជាអ្នកនយោបាយជើងចាស់ និងអ្នកឃ្លាំមើលព្រំដែនបានលើកឡើងថា ការ​បកស្រាយរបស់លោក ហ៊ុន សែន នោះគឺមិនបានសមស្របទៅនិងអ្វីដែលជាសំនួររបស់​លោក ស៊ុន ឆ័យ តំណាងរាស្រ្តរបស់គណបក្ស​ សម រង្ស៊ី ដែលបានចោទសួរនោះឡើយ ដោយ ពួកគេ​បានលើកឡើងថា ការបកស្រាយរបស់លោក ហ៊ុន សែន គឺផ្ទុយទៅនិងការពិតជាក់ស្តែង ហើយ​បានយកវេទិការនោះដើម្បីធ្វើការវាយប្រហារមកលើគណបក្សប្រឆាំងថែមទៀតផង ។ ព្រោះការ​អញ្ជើញមកធ្វើការបកស្រាយរបស់លោក ហ៊ុន សែន នោះគឺមិនបានផ្តល់សិទ្ធិឲ្យតំ​ណាងរាស្រ្ត​របស់គណបក្ស សម រង្ស៊ី ធ្វើការចោទសួរ និងបញ្ជាក់បន្ថែមលើអ្វីដែលខ្លួនបានបក ស្រាយនោះ​ឡើយ ។


ដើម្បីឲ្យប្រជាពលរដ្ឋទូទៅលោកបានជ្រាបពីបញ្ហាព្រំដែននេះលោក គង់ គាំ ប្រធានស្តីទីរបស់ គណបក្ស សម រង្ស៊ី នៅក្នុងពិធីអញ្ជើញទៅចូលរួមជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ដែល​ជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ លោកបានមានប្រសាសន៏ថា « ជាង៣០ ឆ្នាំនៅកម្ពុជា ឬការប​ក​ស្រាយជា៥ម៉ោងនៅក្នុងរដ្ឋសភារបស់លោក ហ៊ុន សែន កម្ពុជាមុខជារលាយហើយ ។
មូលហេតុបានជាលោក គង់ គាំ មានប្រសាសន៏បែបនេះ គឺដោយសារតែអន្តរជាតិគេឲ្យលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស គឺលោក ហ៊ុន សែន មិនបានគោរពសិទ្ធិមនុស្សនោះទេ គឺនៅតែ​បង្ខំ​ឲ្យប្រជាពលរដ្ឋចាកចេញពីផ្ទះសម្បែង ហូតដីធ្លី វាយបង្ក្រាបនិងចាប់ដាក់គុក រួមជាមួយ​ការបាញ់សម្លាប់ប្រជាពលរដ្ឋ ដែលនេះមិនមែនដដែលជាដដែលទេឬអី ? » ។

លោក គង់ គាំ បានមានប្រសាសន៏ទៀតថា « តាមការយល់ឃើញរបស់លោក បើមានមេដឹកនាំ
ដឹកនាំប្រទេសដូចជាគណបក្សប្រជាជនបច្ចុប្បន្ន គឺបារមី មហិទ្ធិឬទ្ធិ វត្ថុសាកសិទ្ធិ ដាក់បណ្តាស់ សារយើងទាំងអស់គ្នាហើយ ឲ្យយើងជួបតែទុក្ខលំបាកវេទនាជារហូត ដូចនេះទាល់តែ​យើង​ដូរ​មេដឹកនាំរបៀបនេះចេញទើបបារមី មហិទ្ធិឬទ្ធិ វត្ថុសាកសិទ្ធិដែលលោករក្សាទឹកដីខ្មែរ ជួយយើង​ឲ្យថ្លៃថ្នូរ ជួយយើងឲ្យសុខដុមរម្យនា និងជួយយើងឲ្យចំរើនរុងរឿងបាន ។ លោក គង់ គាំ បាន​មាន​ប្រសាសន៏បន្តថា សូមក្រលែកមើលការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង រាល់ថ្ងៃ​នេះគឺរស់នៅដោយគ្មានយុត្តិធម៌ទេ គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែឆ្ងាយទៅៗ ហើយអ្វី​ដែល​សំខាន់ គឺជាង៥ម៉ោងនៅក្នុងរដ្ឋសភា លោក ហ៊ុន សែន ថា មានតែយួនខាងជើង ហា ណូយ​ទេ ដែលគោរពបូរណភាពទឹកដីកម្ពុជា លោកថាការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះដូចជាស៊ុប និងដូចជាផ្កាប់មុខពេកហើយ គឺយើងទាំងអស់គ្នាជា​ពលរដ្ឋខ្មែរដឹងហើយថា យួនណាក៏ដូចជាយួនណាដែរ គឺមានមហិច្ឆិតាមកលើខ្មែរយើងជានិច្ច » ។

ជាមួយគ្នានោះលោក គង់ គាំ ក៏បានធ្វើការបកស្រាយដោយលើកមកបញ្ជាក់ជំរាបជូន​ប្រជាពល
រ​ដ្ឋដែល​ជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ និងអ្នកនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ​ខ្មែរទូទៅ​ថា​ « ថ្ងៃ៧​ ខែមករា ឆ្នាំ១៩៧៩ កម្ពុជារបស់យើងបានក្លាយទៅជាផ្នែកមួយទៀតរបស់យួន​ដូច​កម្ពុជា​ក្រោម​បាត់ទៅហើយ ។ ហើយឥឡូវនេះកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានឲ្យសិទ្ធិយើងថា​យើងត្រូវលុប ឬទុកជាមោឃៈ សន្និសញ្ញាកិច្ចព្រមព្រៀងណាជាមួយនិងយួន ដែលធ្វើ​ឲ្យ​បាត់​បង់​បូរណភាពទឹកដី ដែលខូចអធិបតេយ្យភាព និងដែលខូចផលប្រយោជន៏ជាតិឲ្យទុកជាមោឃៈ តែ​លោក ហ៊ុន សែន គឺមិនព្រមទុកជាមោឃៈឡើយ នៅតែ ជជេះហើយជជេះទៀតទទូចយក​សន្ធិ​សញ្ញាឆ្នាំ១៩៨៥ ដែលលែងបានការ មកធ្វើសន្និសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលអ្នកណា​ប្រឆាំងគឺ​ចាប់គេចាប់ឯងដាក់គុក ហើយព្រះមហាវីរក្សត្រ នរោត្តម ស៊ីហនុ ភៀសព្រះអង្គ​ទៅប៉េ​តាំង ដែលព្រះអង្គមិនព្រមឡាយព្រះហសត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នោះ  ។ ហើយឥឡូវលោក ហ៊ុន សែន បានមកយក ការបកស្រាយរបស់ខ្លួន៥ម៉ោងជាងនៅ​ក្នុងរដ្ឋ​សភា​ បង្ខូច និងបន្ទុកបណ្តាក់អ្នកចាស់ៗ ។ លោកថាសូម្បីតែ លន់ ណុល ក៏នៅតែតវ៉ាកោះត្រល់ ហើយព្រះមហាក្សត្រ នរោត្តម ស៊ីហនុ លោកដាក់ផែនទីទៅអង្គការសហប្រជាជាតិ មិនមែន​មាន​ន័យថាឈប់ទាមទារនោះទេ ក៏ប៉ុន្តែលោក ហ៊ុន សែន ខ្លួនឯងទេជាង៥ម៉ោងនៅរដ្ឋសភា គឺគេ​ធ្វើ​ឲ្យបាត់កោះ គេធ្វើឲ្យបាត់ដី ហើយនិងគេធ្វើ​ឲ្យបាត់សមុទ្រ និងធ្វើឲ្យបាត់សិទ្ធិតវ៉ា ទាមទារ កោះ ដី សមុទ្ររបស់កម្ពុជាជាស្ថាពរនោះ » ។

ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី លោក គង់ គាំ បានមានប្រសាសន៏ជំរាបជូនទៅដល់ប្រជា​ពលរដ្ឋ និងអ្នកនយោបាយទាំងអស់ឲ្យបានជ្រាបបន្តថា « ទាំងអស់នេះសូមបងប្អូនកុំអស់សង្ឃឹម ឲ្យសោះ គឺយើងនៅមានសង្ឃឹម ហើយសូមបងប្អូនទាំងអស់កុំទុកឲ្យហួសពេល និងកុំទុកឲ្យពិ​បាក គឺនៅឆ្នាំ២០១៣នេះ ដូរគណបក្សកាន់អំណាចសព្វថ្ងៃចេញទៅ ឲ្យគណបក្ស សង្គ្រោះជាតិ របស់យើងធ្វើការសង្គ្រោះទាំងព្រំដែន សង្គ្រោះទាំងដីសប្បទាន និងសង្គ្រោះទាំងកម្មសិទ្ធរបស់ ប្រជាពលរដ្ឋទាំងអស់គ្នា ក៏ដូចជាសង្គ្រោះជីវិតរបស់យើងផងដែរ » ។

លោក គង់ គាំ បន្តថា « ការបកស្រាយរបស់លោក ហ៊ុន សែន រឿងព្រំដែននៅក្នុងរដ្ឋសភាជាង៥ ម៉ោង ថាយើងនៅលើដីយូន១.០០០ហិតា យួននៅលើដីខ្មែរ ២.០០០ហិតា នៅខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកំពត ។ លោក ថាហើយចុះលោក សម រង្ស៊ី ធ្វើការទាមទារ​នៅខេត្តស្វាយរៀង ជាមួយលោកស្រី មាស ស្រី និងលោក ព្រំ ជា ខុសឬមួយក៏ត្រូវ បើលោក ហ៊ុន សែន បានអះអាងដូចខាងលើហើយនោះ ដូចនេះគួរតែផ្តល់ភាពយុត្តិធម៌ជូនលោក សម រង្ស៊ី ដែលលោកជាវីរជនស្នេហាជាតិ ទាមទារទឹកដីដែលត្រូវយួនរំលោភយកមកប្រគល់​សង​ជូន​ប្រជាពលរដ្ឋខ្មែរវិញនោះ » ។

លោក គង់ គាំ បានមានប្រសាសន៏បន្តថា « ដើម្បីសង្គ្រោះជាតិ យើងបានបង្កើតគណបក្ស សង្គ្រោះជាតិ ដែលពាក្យនេះគឺសមរម្យ និងមានអត្ថន័យណាស់ គឺថាជាង៣០ឆ្នាំ និងជាង៥ម៉ោង នៅរដ្ឋសភា ជាតិរលំរលាយ ដូចនេះនៅឆ្នាំ២០១៣ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួម​ជាមួយនិងគណបក្ស សង្គ្រោះជាតិ ដើម្បីយើងសង្គ្រោះជាតិរបស់យើងមកវិញ ផ្តល់ស្នាម​ញញឹម​ថ្មី ជូនប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង ឲ្យមានឈ្មោះល្បីរន្ទឺនៅលើឆាកអន្តរ​ជាតិចាប់​ពី​ឆ្នាំ២០​១៣នេះតទៅ ក្រោមការដឹកនាំប្រទេសដោយអ្នកប្រជាធិបតេយ្យ ស្នេហាជាតិ និងស្រ​លាញ់​ប្រជាពលរដ្ឋកម្ពុជាដោយពិតប្រាកដនោះ » ។

ដូចនេះដើម្បីសម្រេចបាននូវជ័យជំនះទាំងអស់នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញ​ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០១២នេះតទៅ  ៕


No comments:

Post a Comment

yes