សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

សហគមន៍​ការពារ​​ព្រៃ​ឈើ​បារម្ភ​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ឧត្ដរមានជ័យ


ព្រៃ​ស្អាក ដែល​ស្ថិត​នៅ​ឃុំ​អន្លង់វែង គឺ​ជា​តំបន់​ឧទ្យាន​ជាតិ​ជម្រក​សត្វ​ព្រៃ​ដ៏​ធំ​មួយ ដែល​ត​ភ្ជាប់​ពី​តំបន់​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព ខេត្ត​ព្រះវិហារ ទៅ​ដល់​តំបន់​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន្ត នៃ​ទឹក​ដី​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កំពុង​បាត់​បង់​ព្រៃ​ឈើ​ជាច្រើន គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយ​សារ​តែ​មាន​ការ​លួច​ចូល​ទៅ​កាប់​ដើម​ឈើ​ធំៗ ដើម្បី​ធ្វើ​ជំនួញ​ខុស​ច្បាប់។
RFA/Hang Savyouth
១៤-កុម្ភៈ-១០: ឈើ​គគីរ​ធំៗ​ដែល​ឈ្មួញ​អារ​រំលំ​និង​កាត់​ធ្វើ​អាជីវកម្ម​នៅ​ខាង​ក្រោយ​ភូមិ​អូរអំបិល តំបន់​ឧទ្យាន​ជាតិ​គូលែន​ព្រហ្មទេព​ព្រៃ​ស្អាក ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។
សហគមន៍​សង្គ្រោះ​ព្រៃ​ឈើ​ភូមិ​អូរតាម៉េង របស់​ឃុំ​អន្លង់វែង បាន​ឱ្យ​ដឹង​ថា ពួក​គេ​នឹង​មិន​អាច​ការពារ​ព្រៃ​ឈើ​ជាច្រើន​ពាន់​ហិកតារ នៅ​តំបន់​ព្រៃ​ស្អាក ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ភាគ​ខាង​កើ​ត​ពី​ទី​រួម​ស្រុក​អន្លង់វែង បាន​ទៀត​ឡើយ ប្រសិន​បើ​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ មិន​បាន​ចាត់​វិធានការ​ជួយ​ជ្រោមជ្រែង​ពួក​គេ​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​កិច្ច​ការពារ​ទេ​នោះ។
លោក ឡេវ សែត ជា​ប្រធាន​សហគមន៍​សង្គ្រោះ​ព្រៃ​ឈើ ភូមិ​អូរតាម៉េង នៃ​ឃុំ​អន្លង់វែង លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ទី​៣ ខែ​កញ្ញា ថា ពេល​បច្ចុប្បន្ន​នេះ ព្រៃ​សហគមន៍​របស់​លោក​នៅ​ក្នុង​តំបន់​ព្រៃ​ស្អាក កំពុង​ទទួល​រង​ការ​លួច​កាប់ ហើយ​ក្រុម​ឈ្មួញ​បាន​ដឹក​ជញ្ជូន​យក​ចេញ​ទៅ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ។ ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ដដែល បាន​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​ខ្លះ និង​ឧកញ៉ា​ខ្លះ គឺ​ជា​អ្នក​ចាំ​ទទួល​ទិញ​ឈើ​ដែល​គេ​លួច​កាប់​ចេញ​ពី​តំបន់​ព្រៃ​ស្អាក នោះ។

លោក ឡេវ សែត៖ «អារ​ដឹក​ចេញ​ទៅ​ខាង​ក្រុមហ៊ុន​សំរោង​រ៉ាប់ប័រ ហើយ​ខ្លះ​មួយ​ចំនួន​នោះ ដឹក​ចេញ​មក​ក្នុង​វត្ត ឱ្យ​ឧកញ៉ា​ឯណា​នោះ។ ប្រភេទ​ឈើ​ដើម​គគីរ ដើម​ឈើ​ទាល ដើម​ត្រាច ដើម​ពពេល។ ឥឡូវ​នេះ វា​អស់​អា​១២០-១៣០ ហើយ​មុខ​២០ មុខ​៣០ ក៏​អារ​ដែរ។ ខ្ញុំ​ព្រួយ​ណាស់ តែ​មិន​ដឹង​ថា​គិត​យ៉ាង​ម៉េច បើ​កម្លាំង​សមាជិក​សហគមន៍​ចេះ​តែ​ទៅ​ការពារ ទៅ​ហាម​ឃាត់​ដេញ​គេ។ ពេល​ដេញ​គេ​ចេញ ដល់​ពេល​យប់​គេ​ចូល​ទៅ​ធ្វើ​ទៀត»
ទោះ​យ៉ាង​ណា លោក ហួ គន្ធា ជា​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​អន្លង់វែង បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​លើ​បញ្ហា​នេះ​ថា​យ៉ាង​ណា​ឡើយ ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​មិន​អាច​និយាយ​ឆ្លើយ​ឆ្លង​គ្នា​តាម​រយៈ​ទូរស័ព្ទ​បាន​ទេ ប្រសិន​បើ​ចង់​ដឹង​រឿង​ផ្សេងៗ ទាល់​តែ​ទៅ​ជួប​ផ្ទាល់​នៅ​កន្លែង​របស់​លោក។
សមាជិក​សហគមន៍​សង្គ្រោះ​ព្រៃ​ឈើ ភូមិ​អូរតាម៉េង ខ្លះ បាន​រិះគន់​ទៅ​លើ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​តំបន់​នោះ​ថា មាន​កិច្ច​សហការ​តិច​តួច នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ជំនួយ​ពី​រដ្ឋបាល​ព្រៃ​ឈើ ដើម្បី​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់ ដែល​កំពុង​តែ​កើត​ឡើង​នោះ។
សមាជិក​សហគមន៍​សង្គ្រោះ​ព្រៃ​ឈើ ភូមិ​អូរតាម៉េង ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ថា អ្នក​កាប់​ឈើ​ខុស​ច្បាប់​នៅ​ព្រៃ​ស្អាក ខ្លះ ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក និង​ខ្លះ​ពាក់ព័ន្ធ​នឹង​កម្លាំង​ប្រដាប់​អាវុធ ក៏ប៉ុន្តែ គេ​ឃើញ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មាន​ការ​ចុះ​បង្ក្រាប​តិច​តួច៖ «ពេញ​តែ​ព្រៃ​ហ្នឹង​ឯង ត្រង់​ណា​ក៏​កាប់​ដែរ។ ខ្ញុំ​ដើរ​ទៅ​មើល​ថ្ងៃ​មុន ឃើញ​កាប់​ទាំង​អស់ ឃើញ​ម៉ាស៊ីន​ង៉ោង​កាត់​ឡើង​ពេញ​ទាំង​ហ្នឹង។ ដូច​អត់​ឃើញ​មាន​សមត្ថកិច្ច​ចុះ​ទៅ​ស៊ើប​ទៅ​សួរ​ទៅ​ចាប់​ទៅ​ចង​អី​ទេ។ ខាង​ពួក​ខ្ញុំ មិន​ដឹង​ជួយ​បង្ក្រាប​យ៉ាង​ម៉េច​បាន ព្រោះ​អី​យើង​បង្ក្រាប​ទៅ​មាន​ទាហាន​អី​គេ​ទៅ​សម្លុត គំរាម ពួក​ខ្ញុំ​ក៏​ខ្លាច​គេ ព្រោះ​គេ​មាន​អាវុធ»
សហគមន៍​សង្គ្រោះ​ព្រៃ​ឈើ ភូមិ​អូរតាម៉េង បាន​ឱ្យ​ដឹង​ថា គេ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល ដោយ​ទទួល​ការពារ​ព្រៃ​ស្អាក ទំហំ​ជាង​៤.១៥០​ហិកតារ ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ គេ​ប៉ាន់​ប្រមាណ​ថា ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍​របស់​គេ​ប្រមាណ​១០០​ហិកតារ បាន​បាត់​បង់ ដោយ​សារ​តែ​ក្រុម​ជន​ខិល​ខូច​តែង​តែ​លួច​ចូល​កាប់​យក​ទៅ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់៕

No comments:

Post a Comment

yes