កំពង់ចាម ៖ កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ មានករណីឆេះរថយន្តកុងតឺន័រមួយគ្រឿង លើផ្លូវជាតិលេខ៧ បណ្តាលឲ្យខូចខាតផ្លូវជិត១គីឡូម៉ែត្រ ត្រង់ចំណុចភូមិស្លា ឃុំទន្លូង ស្រុកមេមត់ខេត្តកំពង់ចាម ហើយមានកាកសំណល់គីមីដែលជ្រុះរប៉ាយតាមផ្លូវបានបន្តឆាប ឆេះរយៈពេលបីថ្ងៃ ទើបរលត់ គឺករណីមួយនេះគ្រប់ៗគ្នាបានទម្លាក់ការទទួលខុសត្រូវទៅលើជំនាញគយ ដែលមិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។
មន្ត្រីសាលាស្រុកមេមត់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានសែនសុខ ថា មានរថយន្ត របស់ក្រុមហ៊ុនវៀតណាមមួយគ្រឿង ដែលដឹកសារធាតុគីមី យកមកឲ្យក្រុមហ៊ុនដាំអំពៅរបស់ឥណ្ឌាមួយ ឈ្មោះ LIME បានឆាបឆេះ បណ្តាលឲ្យលេចធ្លាយសារធាតុគីមីនោះ ចេញពីក្នុងកុងតឺន័រ ធ្លាក់រាយប៉ាយលើផ្លូវ ហើយបានឆេះរយៈពេលបីថ្ងៃ ទើបរលត់។ ជនជាតិវៀតណាមឈ្មោះ កៅ វីវ៉ាង អាយុ ៣៤ ឆ្នាំ រស់នៅឃុំតាំងសឺង ស្រុកដុងណាយ ខេត្តដុងណាយ ជាអ្នកបើកបរ រថយន្តពាក់ស្លាកលេខ 57L-2671 បាននិយាយថា សារធាតុគីមីដែលមិនអាចយកទឹកចាក់ពន្លត់បាននោះ ខ្លួនបានដឹកមកពីប្រទេសវៀតណាមចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម ដើម្បីដឹកឆ្ពោះទៅកាន់ចម្ការអំពៅមួយកន្លែងក្នុងខេត្តក្រចេះ។
មានការបញ្ជាក់ទៀតថា សារធាតុគីមី ដែលត្រូវដឹកឲ្យក្រុមហ៊ុនរបស់ឥណ្ឌា ឈ្មោះ LIME មានចំនួន បួន កុងតឺន័រ ប៉ុន្តែរថយន្តដែលដឹកសារធាតុគីមីដែលបង្កឲ្យមានអគ្គីភ័យនោះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។ ជាពិសេសអ្នកបើកបររថយន្ត ឈ្មោះ កៅ វីវ៉ាង គឺគាត់ បានចុះផ្តាច់ទ្រុងរ៉ឺម៉កដែលផ្ទុកកុងតឺន័រដាក់លើចិញ្ចើមថ្នល់នៅកន្លែងកើតហេតុ ហើយបានបន្តឆេះរហូតដល់ថ្ងៃទី១៦ ខែកញ្ញា ទើបរលត់។ សារធាតុគីមីនោះ បានឆេះអស់មួយកុងតឺន័រ និងបានធ្វើឲ្យឆេះខ្លោចជ័រកៅស៊ូ ថ្នល់ជាតិលេខ៧ ប្រវែងជិត ៨០០ ម៉ែត្រ ព្រោះតែសារធាតុគីមីនេះមិនអាចយកទឹកចាក់ពន្លត់បានទេ។
រថយន្តដែលដឹកសារធាតុគីមី មកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម ឆ្ពោះទៅកាន់ចម្ការអំពៅមួយកន្លែងក្នុងខេត្តក្រចេះ។ ក្នុងនោះ សារធាតុគីមី ដែលត្រូវដឹកឲ្យក្រុមហ៊ុនប្រទេសឥណ្ឌាឈ្មោះ LIME មានចំនួន បួន កុងតឺន័រ ហើយបានដឹកទៅដល់គោលដៅបានចំនួន បីគ្រឿង រួចហើយគឺនៅសល់មួយ គ្រឿងទៀតបានឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។ មន្ត្រីសាលាស្រុកមេមត់បានបញ្ជាក់ថា ការឆេះរថយន្តនេះវាឆេះឆ្ងាយពីទីប្រជុំជនដូចនេះវាមិនបង្កឲ្យមានគ្រោះថ្នាក់ដល់លំនៅដ្ឋាននិងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋទេ។
បើតាមការពិនិត្យលើហេតុការណ៍ឆាបឆេះជាក់ស្តែង គឺសារធាតុគីមីនេះមិនធម្មតានោះទេ គឺឆេះមិនអាចយកទឹកចាក់ពន្លត់បានឡើយ ដូចនេះបើសិនជាឆេះនៅទីប្រជុំជនវិញ ប្រាកដជាមានឆេះលំនៅដ្ឋានអស់ជាច្រើនមិនខានឡើយ។ ដូចនេះគួរតែមានគណៈកម្មការមួយពិនិត្យអោយបានច្បាស់ថាតើ សារធាតុគីមីដែលដឹកមកពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាមនោះវាមានកម្រិតបែបណានិងមានគ្រោះថ្នាក់ដល់មនុស្សទេ ហើយនរណាជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ។
ប៉ុន្តែករណីមួយនេះ គេមិនដឹងថាតើស្ថាប័នណាមួយ ជាអ្នកទទួលខុសត្រូវបែបណានោះទេ ព្រោះគេយល់ថា ប្រសិនបើសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធបានពិនិត្យត្រឹមត្រូវម៉ត់ចត់នោះមិនអាចមានករណីរថយន្តកុងតឺន័រ លេចធ្លាយសារធាតុគីមីហើយឆាបឆេះបែបនេះ។ ហើយមតិភាគច្រើនគេបានបន្ទោស ទៅលើលោកប្រធានស្នាក់ការគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង និងលោក ឃុន រ៉ាន់ ជាប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ចាម ដ៏មហិមាដែលមិនបានពិនិត្យត្រឹមត្រូវម៉ត់ចត់ដែលគេដាក់ការសង្ស័យថា លោក វ៉ូ វណ្ណា ទំនងជាទទួលបានផលប្រយោជន៏ណាមួយហើយ ទើបបានជាមិនពិនិត្យករណីនេះឲ្យបានត្រឹមត្រូវម៉ត់ចត់៕
No comments:
Post a Comment
yes