សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

រយៈពេល​ពីរ​ថ្ងៃ បទបញ្ជា​ឃុំខ្លួន​បណ្តោះ​អាសន្ន​ចំនួន​ពីរ ដែល​មិន​ត្រឹមត្រូវ​លើ​អ្នក​ទាក់ទាញ​មតិ​គាំទ្រ​អំពី​សិ​ទិ្ធ​ដីធ្លី​ដ៏​លេចធ្លោ​នៅ​ទីក្រុង​ភ្នំពេញ​


ភ្នំពេញ (​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១២)៖ ក្នុង​រយៈពេល​ពី​បី​ថ្ងៃមុន សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​មិន​សម​ហេតុផល​មកលើ​ស្ត្រី​ទាំងពីរ​នាក់ ដែលជា​អ្នក​ទាក់ទាញ​មតិ​គ្រាំទ្រ​អំពី​សិ​ទិ្ធ​ដីធ្លី លើ​ករណី​ដែល​មិន​ពាក់ព័ន្ធ​នឹង​អ្នក​ទាំងនោះ​។ ព្រឹត្តិការណ៍​ទាំងពីរ​នេះ គឺជា​ព្រឹត្តិការណ៍​ចុងក្រោយ​នៅក្នុង​ខ្សែសង្វាក់​នៃ​ព្រឹត្តិការណ៍ ដែល​តុលាការ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឧបករណ៍ ក្នុងការ​បំបាត់​សម្លេង​សហគមន៍​ដែល​បាន​រងគ្រោះ​។​

អ្នកស្រី យ៉ោម បុប្ជា កំពុងនិយាយ ទៅកាន់សារព័ត៌មាន កាលពីដើមឆ្នាំនេះ (រូបឆ្វេង) និងអ្នកស្រី ទឹម សាក់មុន្នី កំពុងរៀបចំ សកម្មភាព អហិង្សា របស់សហគមន៍ (រួបស្តាំ)
​សកម្មជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងពីរ​នាក់ បានធ្វើ​ការតស៊ូ​ក្នុងការ​ទាក់ទាញ​មតិ​គាំទ្រ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ដែល​គ្មាន​អំណាច ទៅលើ​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា​មួយចំនួន​ដែលជា​អ្នកជំនួញ​មានអំណាច​បំផុត និង​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​អ្នកមានអំណាច​ក្នុងប្រទេស​កម្ពុជា​។​
​នៅ​ថ្ងៃទី​៤ ខែកញ្ញា ករណី​ដំបូង អ្នកតំណាង​សហគមន៍​បឹងកក់​ដែល​និយាយ​ឥត​សំចៃ អ្នកស្រី យ៉ោ​ម បុ​ប្ជា ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​សរ ម​២ (CC2) ដើម្បី​រង់ចាំ​បើកសវនាការ លើ​ការចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា ដោយមាន​ស្ថាន​ទម្ងន់ទោស​ក្នុង​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​។ អាជ្ញាធរ​អះអាងថា អ្នកស្រី​បាន​ចូលរួម​ក្នុង​ការប្រើ​ហិង្សា​វាយ​ទៅលើ​ជន​សង្ស័យថា ជា​ចោរលួច​កញ្ចក់​រថយន្ត​របស់​អ្នកស្រី​។​
​សាក្សី​បាន​ប្រាប់​អ្នកស៊ើប​អង្កេត​អង្គការ​សង្គម​ស៊ីវិល​ថា បុគ្គល​ដែល​ត្រូវបាន​គេ​វាយ​ឲ្យ​របួស ត្រូវបាន​គេ​សង្ស័យថា​បាន​លួច​កញ្ចក់​រថយន្ត​ជាច្រើន​ដង​។ អ្នកស្រី​បុ​ប្ជា បាន​ប្តឹងទៅ​អាជ្ញាធរ​នគរបាល​ក្នុង​តំបន់​ជាច្រើនលើក​ផងដែរ ប៉ុន្តែ​អ្នក​ទាំងនោះ​មិនមាន​សកម្មភាព​អ្វី​ទាំងអស់​។ នៅ​ថ្ងៃទី​៧ ខែសីហា ជនសង្ស័យ​នោះ បាន​ឈរ​ជិត​រថយន្ត​របស់​អ្នកស្រី ពេលនោះ ប្រជាពលរដ្ឋ​ជិតខាង​បានឃើញ ហើយក៏​មានការ​ចោទថា មាន​អំពើហិង្សា​ទៅលើ​បុគ្គល​នោះ​។​

​អ្នកស្រី​បុ​ប្ជា មិនមាន​វត្តមាន ហើយក៏​មិនដែល​ត្រូវបាន​សាកសួរ​ពី​អាជ្ញាធរ អំពី​ហេតុការណ៍​នោះដែរ​។ ទោះជា​យ៉ាងណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ តែ សំអាង បានចេញ​ដីកានាំខ្លួន​ទាំង​អ្នកស្រី​បុ​ប្ជា និង​ស្វាមី​របស់គាត់ ដែល​នេះ​ជាការ​អនុវត្ត​នីតិវិធី​ប្លែក​ពី​ធម្មតា​។ ដីកានាំខ្លួន ស្មើនឹង​ដីកាចាប់ខ្លួន ដោយសារ​ដីកា​នេះ​អនុញ្ញាត​ឲ្យ​មានការ​ឃាត់ខ្លួន​ភ្លាមៗ​។ បន្ទាប់ពី​ធ្វើការ​សាកសួរ​រយៈពេល​ខ្លី លោក​ចៅក្រម តែ សំអាង បានសម្រេច​ឃុំខ្លួន​អ្នកស្រី បុ​ប្ជា ប៉ុន្តែ​ដោះលែង​ប្តី​អ្នកស្រី ដែល​មិនមែនជា​អ្នក​សកម្ម​ក្នុងការ​តវ៉ា​អំពី​បញ្ហាដីធ្លី​។​
​អ្នកស្រី បុ​ប្ជា បាន​ចូលរួម​ក្នុង​ចលនា​បាតុកម្ម ដោយ​អហិង្សា​ជាច្រើន ចាប់តាំងពី​ក្រុមហ៊ុន​ស៊ូ​កា​គូ អ៊ិន (Shukaku Inc.) ចាប់ផ្តើម​ចាក់​លុប​បឹងកក់ នាំអោយមាន​ការបណ្តេញ​ចេញ​ជាច្រើន​ពាន់​គ្រួសារ​។ អ្នកស្រី បាន​ដឹកនាំ​ការតវ៉ា​ជាច្រើនលើក សម្រាប់​ស្នើសុំ​ឲ្យ​មានការ​ដោះលែង​អ្នកភូមិ​បឹងកក់​ទាំង ១៣ នាក់ (​ក្រុម​ស្ត្រី​ត្រូវបាន​ចាប់ខ្លួន​នៅ​ដើម​ឆ្នាំនេះ​កាលពី​ថ្ងៃទី​២២ ខែឧសភា ហើយ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ រយៈពេល​ជាង​មួយខែ​)​។​
​អ្នកស្រី ទេព វ​ន្នី អ្នកភូមិ​បឹងកក់​ម្នាក់​នៃ​អ្នកភូមិ​បឹងកក់​ទាំង ១៣ បាន​មានប្រសាសន៍ថា​៖ “​ការចាប់ខ្លួន​អ្នកស្រី​បុ​ប្ជា គឺជា​ការប៉ុនប៉ង​មួយ​យ៉ាងច្បាស់​ក្នុងការ​គម្រាមកំហែង​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការអំពាវនាវ​របស់​អ្នក​ទាំងនោះ​លើ​ការទាមទារ​ឲ្យ​ធ្វើការ​បោះបង្គោល​ព្រំដី ១២.៤៤ ហិកតា ដែល​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ឲ្យ​មក​យើង​មួយឆ្នាំ​មកហើយ​”​។​
​បន្ទាប់មក​នៅ​ព្រឹក​ម្សិលមិញ សកម្មជន​ដីធ្លី​ទី​ពីរ ត្រូវបាន​ឃុំខ្លួន​ក្នុងករណី​ដោយឡែក​មួយទៀត​។ អ្នកស្រី ទឹម សាក់​មុន្នី ដែលជា​អ្នកតំណាង​គ្រួសារ​ដែល​ត្រូវគេ​បណ្តេញ​ចេញពី​បុរី​កីឡា​ដ៏​លេចធ្លោ​ម្នាក់ ត្រូវបាន​គេ​បញ្ជា​ឲ្យ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃ​សរ ម​២ (CC២) ពីបទ​ដែល​គាត់​បានធ្វើ “​ការផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក​” នៃ​មាត្រា ៦៣៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បណ្តឹង​ប្រឆាំងនឹង​អ្នកស្រី សាក់​មុន្នី ត្រូវបាន​ធ្វើឡើង​ដោយ​ម្ចាស់​ក្រុមហ៊ុន ផាន​អ៊ី​មិច អ្នកស្រី​ស៊ុយ សុផាន​។ ក្រុមហ៊ុន ផាន​អ៊ី​មិច បានទទួល​ដី​សហគមន៍ បុរី​កីឡា ជា​ថ្នូរ​នឹង​ការសន្យា​ក្នុងការ​សាងសង់​អគារ​ស្នាក់នៅ​ចំនួន ១០ ខ្នង សម្រាប់​អ្នករស់នៅ​ក្នុង​តំបន់​នោះ​។ ទោះជា​យ៉ាងណា ក្រុមហ៊ុន បានសម្រេច​ក្នុងការ​សាងសង់​ត្រឹមតែ​ចំនួន ៨ ខ្នង ដែល​បណ្តាល ឲ្យ​មាន​ជម្លោះដីធ្លី​បន្តទៀត​។​
​អាជ្ញាធរ​អះអាងថា អ្នកស្រី សាក់​មុន្នី​បានធ្វើ “​ការផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក​” នៅក្នុង​បំណង​ព្យាយាម​ទទួលបាន​ផ្ទះ​សម្រាប់​កូនប្រុស​ពិការ​របស់​អ្នកស្រី​អាយុ ៤៩​ឆ្នាំ ដែលជា​អ្នក​រស់នៅក្នុង​សហគមន៍​បុរី​កីឡា​។ កូនប្រុស​របស់​អ្នកស្រី (​ជា​ពោះម៉ាយ និង​ជា​អតីត​ទាហាន​) កំពុងមាន​ជម្ងឺ​ពិការ​មួយ​ចំហៀង និង​មិនអាច​និយាយបាន​។​
​អ្នកនាង ណា​លី ពី​ឡូ​ក នាយិកា​អង្គការ​សិ​ទិ្ធ​មនុស្ស លីកាដូ បាន​មានប្រសាសន៍ថា​៖ “​បទចោទប្រកាន់ គឺជា​ការកំប្លែងលេង​សើច ចូរ​ពិចារណា​ថា​កូនប្រុស​របស់​អ្នកស្រី គឺមាន​សិទ្ធិ​ទទួលបាន​ផ្ទះ​នៅក្នុង​អគារ​បុរី​កីឡា​”​។ អ្នកនាង​បាន​មានប្រសាសន៍​បន្តទៀតថា​៖ “​តើ​វា​ជាការ​ភូតកុហក​យ៉ាងដូចម្តេច ក្នុងការ​ធ្វើការ​ទាក់ទាញ​មតិ​គាំទ្រ​សម្រាប់​សិ​ទិ្ធ​របស់​អ្នកណាម្នាក់​នៅក្នុង​ច្បាប់​?”
​មាត្រា ៦៣៣ បាន​ហាម​ក្នុងការ​ផ្តល់ “​សេចក្តីប្រកាស​ដោយ​ភូតកុហក​ទៅ​អង្គភាព​រដ្ឋ​ក្នុង​គោលបំណង​ទទួលបាន​ធនលាភ រង្វាន់ ឬក៏​អត្ថប្រយោជន៍​ខុសច្បាប់​ណាមួយ​”​។ បទល្មើស​ព្រហ្មទណ្ឌ​នេះ គឺ​ត្រូវ​ផ្តន្ទាទោស​ដោយ​ដាក់ពន្ធនាគារ​ពី ប្រាំ​មួយខែ ដល់ ពីរ​ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់​ពី មួយ​លាន​រៀល ដល់ បួន​លាន​រៀល ( ២៥០​ដុល្លារ ទៅ ១.០០០​ដុល្លារ​)​។​
​ការប្រើប្រាស់​ការឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ករណីនេះ គឺ​ពិតជា​ការភ្ញាក់ផ្អើល ដោយ​នៅក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា​បាន​ចែងថា ការឃុំខ្លួន​បណ្តោះអាសន្ន​ត្រូវ​បានចេញ​តែ​នៅក្នុង​ករណី “​លើកលែង​”​។ ច្បាប់​ក៏បាន​ចែងថា​ការឃុំខ្លួន​នេះ អាច​ត្រូវ​បានចេញ​ក្នុង​គោលដៅ​ការពារ​ការឃុបឃិត​គ្នា​រវាង​អ្នកសមគំនិត ការពារ​ភស្តុតាង ការពារ​សណ្តាប់ធ្នាប់​សាធារណៈ ឬក៏​ធានា​វត្តមាន និង​សុវត្ថិភាព​ជនជាប់ចោទ​។ គ្មាន​ករណី​ទាំងនេះ នៅក្នុង​ករណី​របស់​អ្នកស្រី​បុ​ប្ជា ឬក៏​ករណី​អ្នកស្រី សាក់​មុន្នី​នោះទេ​។​
​លោក យ៉េ​ង វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​មានប្រសាសន៍ថា​៖ “​ការកើនឡើង​ឥតឈប់ឈរ ក្នុងការ​ប្រើប្រាស់​បទ​លើ្ម​ស​ព្រហ្មទណ្ឌ និង​ការឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បំបិទ​សម្លេង​របស់​សហ​គម​ន៍​រងគ្រោះ អ្នកតំណាង និង​អ្នកការពារ​សិ​ទិ្ធ​មនុស្ស​។ នេះ​គឺជា​វិធីសាស្ត្រ​ស៊ីចង្វាក់ ដដែលៗ និង​ជា​ប្រព័ន្ធ ដែល​រំលោភសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​”​។​
​តុលាការ​គួរតែ​ពិចារណា​លើ​ចំនុច​សំខាន់​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុង​ករណី​ទាំងពីរ​នេះ ហើយ​ធ្វើការ​ពិនិត្យ​ដោយ​ឯករាជ្យ​លើ​ការប្តឹងតវ៉ា​នឹង​ដីកាឃុំខ្លួន​ទាំងនេះ ដោយ​ផ្អែក​ការទាមទារ​ផ្លូវច្បាប់​ជាក់លាក់​ដែល​បាន​រៀបរាប់​ខាងលើ​។ យើងខ្ញុំ ជា​អង្គការ​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូចខាងក្រោម ជឿជាក់ថា​ការពិនិត្យ​ឡើងវិញ​នេះ គួរតែ​អាចឈាន​ដល់​ការដោះលែង​ស្ត្រី​ទាំងពីរ ដោយ​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​មានការ​ត្រៀមខ្លួន​បានល្អ ក្នុងការ​ការពារ​ខ្លួន​ដោយយោង​ទៅតាម​ច្បាប់​។​
​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC)
​សហព័ន្ធ​សហជីព កម្មករ​ចំណីអាហារ និង​សេវាកម្ម​(CFSWF)
​សមាគម​មន្ត្រីរាជការ​កម្ពុជា​(CICA)
​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC)
​បណ្តាញ​យុវជន​កម្ពុជា​(CYN)
​សមធម៌​កម្ពុជា​(EC)
​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA)
​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ​(LICADHO)
​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​(HRTF)
​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ​(NGO-CEDAW)
​សមាគម​ធាងត្នោត​(STT)​

No comments:

Post a Comment

yes