កម្លាំងសមត្ថកិច្ចកំពុងរារាំងក្រុមកម្មករដើរក្បួន
ភ្នំពេញៈកម្មកររោងចក្រកាត់ដេរ Top Form ប្រមាណជាង៣០០នាក់ តំណាងឲ្យកម្មករ៦០០នាក់ បានប្រមូលផ្តុំនៅសួនច្បារឃ្លាំងសាំងសូគីមិច ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីតវ៉ាប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនរោងចក្រ ដែលបានរំលោភលើសិទ្ធិការងាររបស់ពួកគេ។
ការតវ៉ា គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះមានរយៈពេល ៦ថ្ងៃហើយដើម្បីទាមទារឲ្យម្ចាស់ក្រុមហ៊ុនផ្តល់នូវលក្ខខណ្ឌការងារល្អប្រសើរសម្រាប់ពួកគេ។
អ្នកស្រីឈុំ សុខន អាយុ ៣២ឆ្នាំ តំណាងកម្មករទាំងនោះ បាននិយាយថា រោងចក្របានកាត់ប្រាក់ខែរបស់ពួកគេពី៨ ទៅ៩ដុល្លារក្នុងមួយខែសម្រាប់បង់ពន្ធចូលរដ្ឋ ហើយកាត់ថ្លៃថែមម៉ោងក្នុងមួយថ្ងៃ២០០រៀលថែមទៀត មិនតែប៉ុណ្ណោះ មិនទទួលយកលិខិតបញ្ជាក់ពីមន្ទីរពេទ្យណា ក្រៅពីមន្ទីរពេទ្យកាល់ម៉ែត្រនោះទេ ក្នុងករណីដែលពួកគេឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ។
ទោះជាបែបណាក្តី ក្រុមកម្មករបានដាក់លក្ខខណ្ឌ ១៦ចំណុចដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយល់ព្រមដូចជា បញ្ឈប់ការកាត់លុយថែមម៉ោង និងលុយបង់ពន្ធចូលរដ្ឋ និងលុយអត្ថប្រយោជន៍មួយចំនួនទៀត និងអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះបានទៅពិនិត្យផ្ទៃពោះនៅក្នុងមន្ទីរពេទ្យក្នុងមួយខែម្តង និងបង់ថ្លៃព្យាបាល ថ្លៃអាហារដល់កម្មករទាំងអស់ដោយមិនកាត់ប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍នានាក្នុងករណីកម្មករមានគ្រោះថ្នាក់ការងារក្នុងរោងចក្រ..។ល។
សូមបញ្ជាក់ថា នៅម៉ោងប្រហែលជា១១និង៣០នាទីព្រឹក ក្រុមកម្មករបានដង្ហែរក្បួនតវ៉ាតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងគោលដៅឆ្ពោះទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ស្វែងរកដំណោះស្រាយជូនពួកគេ។ ប៉ុន្តែត្រូវក្រុមកម្លាំងសមត្ថកិច្ចនគរបាល ធ្វើការរារាំង បន្ទាប់ពីក្បួនរបស់ពួកគេបានចេញដំណើរមកដល់មុខមជ្ឈមណ្ឌលម៉ូឌឺន ៥ ចម្ងាយប្រមាណជា ៦០០ម៉ែត្រពីសួនច្បារឃ្លាំងសាំងសូគីមិច ជាទីដែលពួកគេធ្វើការប្រមូលផ្តុំកាលព្រឹក។
No comments:
Post a Comment
yes