លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី
ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្សក្នុង ចលនាប្រជាធិបតេយ្យ សង្គ្រោះ
ជាតិ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១២ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំមួយចំនួននៃស្រុកកោះធំ ខេត្តកណ្តាល ដើម្បីសួរសុខទុក្ខ
និងធ្វើការផ្សព្វផ្សាយអំពីគោលជំហររួមរបស់អ្នកប្រជាធិបតេយ្យ និងលទ្ធផលនៃការបង្កើតគណបក្ស សង្គ្រោះជាតិ ។
នៅក្នុងពិធីដែលបានរៀបចំឡើងរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ក្នុងស្រុកកោះធំ ខេត្តកណ្តាល
ប្រជាពលរដ្ឋដែលចូលរួមបានបង្ហាញនូវទឹកមុខរីករាយ និងស្នាមញញឹមស្វាគមន៏ចំពោះវត្តមានរួមគ្នារវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ
ដែលពួកគាត់បានអះអាងថា នេះជាលើកទី១ហើយដែលពួកគាត់បានឃើញគណបក្សទាំងពីរធ្វើការរួមគ្នាបែបនេះ
តែពួកគាត់ ចង់ឲ្យមានជាយូរមកហើយ ។
ប្រជាពលរដ្ឋដែលបានចូលរួមបញ្ជាក់ថា
ដោយសារតែកាលពីមុនអ្នកប្រជាធិបតេយ្យមានគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ស្ថិតនៅដោយឡែកពីគ្នា
ទើបធ្វើឲ្យអ្នកប្រជាធិបតេយ្យខកខានក្នុងការធ្វើជាមេឃុំឲ្យបានច្រើន ព្រោះប្រជាពលរដ្ឋមួយចំនួនបានបោះឆ្នោតគាំទ្រគណបក្ស សម រង្ស៊ី
និងខ្លះទៀតបោះឆ្នោតជូនគណបក្សសិទ្ធិមនុស្ស ទើបធ្វើឲ្យសម្លេងបែកគ្នា
ដូចលទ្ធផលដែលទទួលបានក្នុងការបោះឆ្នោតនៅឃុំឈើខ្មៅ គណបក្ស សម រង្ស៊ី ទទួលបាន៣អាសនៈ គណបក្ស សិទ្ធិមនុស្ស ២អាសនៈ
និងគណបក្សប្រជាជន ទទួលបានតែ៤អាសនៈប៉ុណ្ណោះ ។ ដូចនេះឃើញថាបើគណបក្សប្រជាធិបតេយ្យរួមគ្នា មេឃុំមិនមែនធ្លាក់លើគណបក្សប្រជាជន ដូចជានៅឃុំឈើខ្មៅ
និងនៅតាមបណ្តាឃុំមួយចំនួនទៀតទូទាំងប្រទេសនោះទេ ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋនៅឃុំឈើខ្មៅ
ស្រុកកោះធំ ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋពីតាមបណ្តាឃុំផ្សេងៗមកចូលរួមផងដែរនោះលោក អ៊ូ ចន្ទឬទ្ធិ តំណាងរាស្រ្តគណបក្ស សិទ្ធិមនុស្ស បានថ្លែងថា ពីមុនយើងនៅបែកគ្នាធ្វើឲ្យប្រជាពលរដ្ឋបោះឆ្នោតបំបែកសម្លេង
ហើយលទ្ធផលយើងទទួលបាននូវការបរាជ័យរៀងៗខ្លួន ប៉ុន្តែចាប់ពីពេលឥឡូវនេះទៅ
គណបក្សទាំងពីររួមបញ្ចូលគ្នាតែមួយ
បានធ្វើឲ្យកំលាំងរបស់អ្នកប្រជាធិបតេយ្យកាន់តែធំ និងកាន់តែរឹងមាំ ហើយប្រជាពលរដ្ឋ មានភាពងាយស្រួល
ក្នុងការជ្រើសរើស ។ ដូចនេះ នៅឆ្នាំ២០១៣ខាងមុខ ប្រជាពលរដ្ឋ ដែលធ្លាប់បោះឆ្នោតបំបែកគ្នាជូនទៅគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស
នឹងបែមកបោះឆ្នោតប្រមូលផ្តុំវិញម្តង
គឺផ្តោតតែលើគណបក្ស សង្គ្រោះជាតិ តែមួយគត់
ដែលនឹងនាំឲ្យអ្នកប្រជាធិបតេយ្យទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខនេះមិនខាន ។
ចំណែកឯលោក អេង ឆៃអ៊ាង សមាជិកព្រឹទ្ធសភា
មកពីគណបក្សសមរង្ស៊ី បានបន្ថែមថាកាលពីពេលមុន សូម្បីតែការជួបជុំក៏ត្រូវធ្វើឡើងដាច់ដោយឡែកពីគ្នា
គឺទង់ភ្លើងទៀនផ្សេង និងទង់ព្រះចន្ទផ្សេង ប៉ុន្តែនៅពេលនេះយើងធ្វើកម្មវិធីជួបជាមួយប្រជាពលរដ្ឋ
ត្រូវធ្វើឡើងក្រោមទង់ភ្លើងទៀនផង និង ព្រះចន្ទផង ហើយនៅពេលខាងមុខដ៏ខ្លីការជួបជុំជាមួយប្រជាពលរដ្ឋគឺត្រូវធ្វើឡើងក្រោមទង់តែមួយគត់
គឺទង់រូបសញ្ញា ព្រះអាទិត្យរះ
ដែលជាសញ្ញាសំគាល់របស់គណបក្ស សង្គ្រោះជាតិ ។
លោក អេង ឆៃអ៊ាង បានបន្តទៀតថា គណបក្ស សង្គ្រោះជាតិ
ដែលនឹងត្រូវចុះបញ្ជីផ្លូវការ ជាសមិទ្ធិផលរួមគ្នា រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក្នុងជំហ៊របង្រួបបង្រួមអ្នកប្រជាធិបតេយ្យ
ដើម្បីសង្គ្រោះជាតិ តាមការចង់បានរបស់ប្រជាពលរដ្ឋ ហើយជាកាលៈទេសៈចាំបាច់
ព្រោះទាំងប្រជាពលរដ្ឋ ក៏ទទួលរងគ្រោះ ទាំងធនធានធម្មជាតិ
ក៏ត្រូវបានបំផ្លាញស្ទើហិនហោច ទាំងប្រព័ន្ធយុត្តិធម៌
បានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ហើយបញ្ហាព្រំដែន នៅតែជាក្តីបារម្ភ របស់ប្រជាពលរដ្ឋ ដូចនេះហើយទើបប្រជាពលរដ្ឋត្រូវការរួមគ្នានៃអ្នកប្រជាធិបតេយ្យ
ដើម្បីសង្គ្រោះប្រទេសជាតិ
និងប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។
ដោយឡែកលោក សាន ស៊ុនឌឿន អតីតអ្នកតំណាងរាស្ត្រ បានធ្វើការពន្យល់ទៅកាន់ប្រជាពលរដ្ឋថា ជាការពិតប្រជាពលរដ្ឋ
និងប្រទេសជាតិទាំងមូលត្រូវការជួយសង្គ្រោះពីគណបក្សសង្គ្រោះជាតិ ប៉ុន្តែត្រូវតែធ្វើយ៉ាងណាឲ្យប្រាកដថា នៅឆ្នាំ២០១៣ បងប្អូនប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ដើម្បីបោះឆ្នោត ។ ព្រោះមានតែការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះទេ ទើបអាចធ្វើការផ្លាស់ប្តូររបៀបដឹកនាំប្រទេសបាន ។ ហើយដើម្បីអាចមានសិទ្ធិបោះឆ្នោត លុះត្រាតែបងប្អូន មានឈ្មោះក្នុងបញ្ជីបោះឆ្នោត
ដែលកំពុងបានបិទផ្សាយ នៅតាមសាលាឃុំ-សង្កាត់ ។ ដូច្នេះជាសំណូមពរ លោកសូមទទួចឲ្យប្រជាពលរដ្ឋ ទៅពិនិត្យឈ្មោះ
និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលកាលបរិច្ឆេទចុះឈ្មោះ
និងពិនិត្យឈ្មោះបោះឆ្នោត
បានចាប់ផ្តើមហើយ ពីពេលនេះ រហូតដល់ថ្ងៃទី១២ ខែតុលាខាងមុខ ។ ជាមួយគ្នានោះលោគ សាន ស៊ុនឌឿន បានបន្តថា ការចុះឈ្មោះបោះឆ្នោតលើកនេះគឺជាលើកចុងក្រោយហើយ
សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ ហើយវាជាជំហ៊ានដំបូង ប្រសិនបងប្អូនចង់ឲ្យមានការផ្លាស់ប្តូរ និងជំហ៊ានបន្ត គឺត្រូវនាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា ។
រីឯប្រធានស្តីទីគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា លោក គង់ គាំ បានមានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ
ក៏ដូចជាសមាជិក-សមាជិការរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សង្គ្រោះជាតិថា ដើម្បីជាមូលដ្ឋាន ក្នុងការសម្រេចចិត្ត
បោះឆ្នោតរើសមេដឹកនាំប្រទេស ប្រជាពលរដ្ឋខ្លួនឯង ត្រូវសួរខ្លួនឯងថា តើសព្វថ្ងៃនេះ
បងប្អូនរស់នៅជួបបញ្ហាអ្វីខ្លះ ? តើបងប្អូនមានប្រាក់ចំណូលគ្រប់គ្រាន់ និងទៀងទាត់ ឬទេ ? តើមានដីធ្លីគ្រប់គ្រាន់ឬទេ ? តើអាចនឹងទទួលរងគ្រោះ ដោយការបណ្តេញចេញ ឬទេ ? ហើយចំពោះប្រទេសជាតិវិញ តើបងប្អូនគិតថាកំពុងហិចហោចធនធានធម្មជាតិ យ៉ាងដូចម្តេចខ្លះ ? ការគិតលើបញ្ហាទាំងខ្លួនឯង និងប្រទេសជាតិ ទើបបងប្អូនអាចសំរេចចិត្តបានត្រឹមត្រូវ
និងច្បាស់លាស់ ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
ក្នុងឆ្នាំក្រោយ២០១៣ខាងមុខនេះ ។ លោកថា
ការបោះឆ្នោតលើកក្រោយនេះ
វាមានភាពងាយស្រួលណាស់សំរាប់ប្រជាពលរដ្ឋ ក្នុងការធ្វើសេចក្តីសំរេចចិត្ត
ព្រោះមានកំលាំងតែពីរប៉ុណ្ណោះ ដែលប្រកួតប្រជែងគ្នាពិតប្រាកដ
គឺកំលាំងអ្នកប្រជាធិបតេយ្យ និងកំលាំងផ្តាច់ការ កំលាំងយុត្តិធម៌ និងកំលាំងអយុត្តិធម៌
កំលាំងស ទល់នឹងកំលាំងខ្មៅ ឬ ហៅថាជាកំលាំងល្អ ទល់នឹងកំលាំងអាក្រក់
ដូចនេះបងប្អូនត្រូវតែជ្រើសរើស ដើម្បីសំរេចពីជោគវាសនា របស់ខ្លួនឯង កូនចៅ និងប្រទេសជាតិរបស់យើងទាំងមូល ។
សូមជំរាបជូនផងដែរថា អំពីការរួមគ្នារវាងអ្នកប្រជាធិបតេយ្យ
លោក គង់ គាំ បានមានប្រសាសន៏ថា សមិទ្ធិផលដំបូងគឺការបង្កើតគណបក្ស សង្គ្រោះជាតិ ដើម្បីចូលរួមក្នុងការបោះឆ្នោតពេលខាងមុខ ។ ដំណាក់កាលនេះ កំពុងទទួលបានជោគជ័យមួយជំហ៊ានធំហើយ និងជំហ៊ានទី២ និងទី៣ កំពុងតែធ្វើ
គឺជំរុញឲ្យមានការកែទំរង់ គ.ជ.ប
និងការរង់ចាំទទួលនូវវត្តមានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ពីប្រធានគណបក្សប្រឆាំង គឺលោក សមរង្ស៊ី
នៅចុងឆ្នាំ២០១២នេះ ។ នៅពេលដែលគ្រប់ជំហានទទួលបានជោគជ័យ
នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ខាងមុខ បងប្អូនប្រជាពលរដ្ឋ នឹងបានឃើញនូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៅកម្ពុជា
ហើយបងប្អូន នឹងបានស្គាល់អ្វីហៅថាជាការអភិវឌ្ឍន៏ និងការរីកចំរើនពិតប្រាកដ ។
ជាមួយគ្នានោះលោក គង់ គាំ ក៏បានលើកឡើងអំពីបញ្ហាព្រំដែនជំរាបជូនទៅ
ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ក៏ដូចជាសកម្មជនរបស់គណបក្ស សម
រង្ស៊ី និងគណបក្សសិទ្ធិមនុស្សថា
ជាង៣០ឆ្នាំក្នុងប្រទេសកម្ពុជា និងជាងប្រាំម៉ោងក្នុងរដ្ឋសភា ប្រទេសកម្ពុជា ទាំងមូលកំពុងស្ថិតនៅលើរណ្តៅនៃគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ។ លោកថា រដ្ឋាភិបាលសព្វថ្ងៃចោទប្រកាន់រដ្ឋាភិបាលមុនៗ ថាជាអ្នកធ្វើឲ្យបាត់បង់ទឹកដី ប៉ុន្តែតាមការយល់ឃើញរបស់លោក
រដ្ឋាភិបាលសព្វថ្ងៃទៅវិញទេ មិនត្រឹមតែធ្វើឲ្យបាត់បង់ទឹកដី គឺថែមទាំងធ្វើឲ្យបាត់បង់សិទ្ធិទាមទារតវ៉ា ទាំងស្រុងមកវិញតែម្តង ។ លោក គង់ គាំ
បន្តថា តែទោះជាយ៉ាងណានៅពេលដែលគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល នឹងធ្វើការសើរើរាល់កិច្ចព្រមព្រៀង ឬសន្ធិសញ្ញាទាំងឡាយឡើងវិញ ដើម្បីធានាបូរណភាពទឹកដីរបស់ប្រទេសជាតិយើង ។ ជាមួយគ្នានោះ លោក គង់ គាំ បានថ្លែងដោយសង្ឃឹមថា ប្រជាពលរដ្ឋគ្រប់រូប
នឹងគិតបានត្រឹមត្រូវ ហើយនឹងបោះឆ្នោតគាំទ្រគណបក្ស សង្គ្រោះជាតិ ដើម្បីភាពគង់វង្សនៃទឹកដី
និងអនាគតរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ៕

No comments:
Post a Comment
yes