សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

អ្នក​ភូមិ​នៅ​​មណ្ឌលគិរី​ចោទ​ក្រុមហ៊ុន​សម្បទាន​ថា​រំលោភ​យក​ដី


ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​ថា បាន​ឈូស​ឆាយ​រំលោភ​យក​ដី​ពួក​គាត់។ ពួក​គាត់​អះអាង​ទៀត​ថា ក្រុម​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​ពាក្យ​ប្ដឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ​បាន​ត្រឹមត្រូវ​ឡើយ។
ប្រជាពលរដ្ឋ​បី​គ្រួសារ​រស់​នៅ​ភូមិ​ពូជ្រីចាង ក្នុង​ឃុំ​ពូជ្រី ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​កញ្ញា អំពាវនាវ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់​ដែល​កំពុង​បាត់បង់​ដី​ស្រែ​ចំការ​ដោយសារ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ធី.ប៉ី.ស៊ី. (TBC) រំលោភ​យក។
ប្រជាពលរដ្ឋ​ឈ្មោះ ពៅ តុលា មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១០ ក្រុមហ៊ុន ធី.ប៉ី.ស៊ី. បាន​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​ក្រុមហ៊ុន​សម្បទាន​ចូល​មក​លើ​ដី​ស្រែ​ចំការ​ប្រជាពលរដ្ឋ​ប្រមាណ ៥០​គ្រួសារ ជា​ពិសេស​ក្រុម​គ្រួសារ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ភូមិ ដោយ​សំអាង​ថា លោក​នាយករដ្ឋមន្ត្រី​បាន​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​បាន​ប្ដឹង​តវ៉ា​ពី​ករណី​នេះ​ទៅ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត រួច​ហើយ ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​របស់​មន្ត្រី​មូលដ្ឋាន​ទាំង​អស់​មិន​បាន​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ទទួល​យក​ប្រាក់​តិច​តួច ខ្លះ​ទៀត​សុខ​ចិត្ត​ទទួល​យក​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ដាំដុះ​លើ​ដី​របស់​ខ្លួន​រយៈពេល​បី​ឆ្នាំ​តាម​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន ដោយសារ​មន្ត្រី​មូលដ្ឋាន​ទាំង​នោះ​អះអាង​ថា ដី​ទាំង​អស់​នោះ​ជា​សម្បត្តិ​រដ្ឋ ហើយ​រដ្ឋ​មាន​សិទ្ធិ​ដក​ហូត​ដី​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដោយ​គ្មាន​ការ​តវ៉ា។
លោក ពៅ តុលា៖ «មក​ភ្ជួរ​ដី​ខ្ញុំ សួរ​វា​ឆ្លើយ​ថា ដី​ហ្នឹង​សម្ដេច​នាយក​ដក​យក​មក​ឲ្យ​វា (ក្រុមហ៊ុន) ហើយ អ៊ីចឹង​បាន​ជា​ខ្ញុំ​ចង់​ផ្សាយ​ហ្នឹង ចង់​សំណូមពរ​ថា ដី​ខ្ញុំ​ហ្នឹង​សម្ដេច​នាយក​ដក​យក​មែន ឬ​អត់? ប៉ុន្តែ​ដី​ខ្ញុំ​ហ្នឹង​ខ្ញុំ​មាន​ប្លង់​ភូមិ ឃុំ គេ​ដឹង​ឮ ហើយ​ប្រធាន​ភូមិ​គេ​ទទួល​ស្គាល់»
ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ឈ្មោះ ទេព ខន មាន​ប្រសាសន៍​បញ្ជាក់​ថា ពួកគាត់​ទាំង​បី​គ្រួសារ​មិន​យល់​ព្រម​ទទួល​យក​លក្ខខណ្ឌ​នេះ​ទេ ហើយ​បន្ត​ការ​ទាមទារ​រហូត​បច្ចុប្បន្ន ក៏​ប៉ុន្តែ​មិន​មាន​ស្ថាប័ន​ណា​ជួយ​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ឡើយ។
លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ក្រុម​និស្សិត​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក៏​ប៉ុន្តែ​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​ដាំ​កៅស៊ូ​អស់​គ្មាន​សល់៖ «ទៅ​ប្រជុំ​នៅ​សាលា​ខេត្ត គេ​ថា មិន​បាច់​តវ៉ា​ទេ គេ​ឲ្យ​ដី​ធ្វើ​បី​ឆ្នាំ។ ខ្ញុំ​ថា ខ្ញុំ​មិន​អាច​ទទួល​បាន​ទេ បើ​ធ្វើ​បី​ឆ្នាំ​រួច​ផុត​បី​ឆ្នាំ​ទៅ​ខ្ញុំ​បាន​ដី​ឯ​ណា​ធ្វើ​បន្ត​ទៀត?»
ឆ្លើយ​តប​សេចក្ដី​ចោទ​ប្រកាន់​នេះ ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន ធី.ប៉ី.ស៊ី. លោក តាំ ប៊ុនធឿន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​លោក​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​រួច​ហើយ ដូច្នេះ​លោក​មិន​ដឹង​ថា តើ​ប្រជាពលរដ្ឋ​បី​គ្រួសារ​នោះ​មាន​ហេតុផល​អ្វី​ចោទ​ប្រកាន់​ក្រុមហ៊ុន​ដូច្នេះ​ឡើយ។
លោក តាំ ប៊ុនធឿន៖ «គេ​ប្រកាស​ឲ្យ​មក​ដោះស្រាយ អ្នក​ដែល​បាន​មក​គេ​ដោះស្រាយ​ឲ្យ អ្នក​ដែល​អត់​ហ្នឹង គេ​មិន​ដោះស្រាយ​ឲ្យ​ទេ។ គាត់​មិន​មែន​អ្នក​នៅ​ហ្នឹង​ទេ ភាគ​ច្រើន​នៅ​ឆ្ងាយៗ​ណាស់ ចេះ​តែ​ទិញ​ចេះ​អី​ទៅ ចូល​បី​ឆ្នាំ​ហើយ»
ក្រុមហ៊ុន ធី.ប៉ី.ស៊ី. បាន​ស្នើ​សុំ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ស្រុក​ពេជ្រាដា ប្រមាណ ១​ម៉ឺន​ហិកតារ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទទួល​បាន​ដី​ដែល​កាត់​ផល​ប៉ះពាល់​រួច​រាល់​នៅ​សល់​តែ ៥.៧០៤​ហិកតារ​ប៉ុណ្ណោះ។
មេ​ឃុំ​ពូជ្រី លោក កើញ រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​កើត​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន គឺ​ជា​ដី​ព្រៃ​របស់​រដ្ឋ ហេតុនេះ​អាជ្ញាធរ​បាន​សម្របសម្រួល​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​រួច​ហើយ តាំង​ពី​ឆ្នាំ​២០១១។ លោក​បន្ត​ថា មិន​បាន​ដឹង​ពី​ករណី​ប្រជាពលរដ្ឋ​បី​គ្រួសារ​នោះ​ទេ ក៏ប៉ុន្តែ​លោក​អះអាង​ថា ប្រសិន​ប្រជាពលរដ្ឋ​នៅ​មាន​បញ្ហា​សុំ​ឲ្យ​រាយការណ៍​មក​អាជ្ញាធរ​ឃុំ​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​បន្ត​ទៀត៖ «ខ្ញុំ​មិន​ថា មិន​ទទួល​ខុស​ត្រូវ​ទេ ប៉ុន្តែ​រឿង​ហ្នឹង​ត្រូវ​បង្ហាញ​ការ​ពិត​សិន អ៊ីចឹង​រឿង​ហ្នឹង​មិន​មែន​ខ្ញុំ​ម្នាក់​អាច​ទៅ​បាន​ទេ បើ​សិន​គាត់​មាន​ចេញ​រូបភាព​អ៊ីចឹង គឺ​ខ្ញុំ​មាន​យោបល់​មាន​ស្រុក​ខេត្ត»
យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​បី​គ្រួសារ​អះអាង​ថា ពួកគាត់​រង់ចាំ​ជាង ២​ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ ក៏​ប៉ុន្តែ​រហូត​បច្ចុប្បន្ន ដី​របស់​ពួក​គាត់​ប្រមាណ ២០​ហិកតារ ត្រូវ​ក្រុមហ៊ុន​យក​ដាំ​កៅស៊ូ​អស់៕

No comments:

Post a Comment

yes