យន្តហោះ កំពុងចុះចតនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ភ្នំពេញនឹងមា
នព្រលានយន្ដហោះមួយទៀត ។
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងសាងសង់ព្រលានយន្តហោះថ្មីមួយ នៅរាជធានីភ្នំពេញ មានទំហំធំជាងព្រលានយន្តហោះចាស់ ដើម្បីឆ្លើយតបនឹងចំនួនអ្នកធ្វើដំណើរ ដែលកើនឡើងរាល់ឆ្នាំ។
លោក ថ្លែងថា ព្រលានយន្តហោះថ្មីនេះ អាចទទួលអ្នកដំណើរបានជាង១០លាននាក់ក្នុងមួយឆ្នាំ ខណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកំណត់ថា កម្ពុជា នឹងទទួលភ្ញៀវបរទេសបាន៧លាននាក់នៅត្រឹមឆ្នាំ២០២០។
គម្រោងនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងក្នុងអំឡុងពេលចាប់ផ្តើមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យទេសចរណ៍ឆ្នាំ២០១២-២០២០ កាលពីថ្ងៃម្សិលមិញ។ លោកថ្លែងថា៖ «ក្នុងការអភិវឌ្ឍយូរអង្វែង កត្តាសំខាន់ គឺយើងត្រូវត្រួតពិនិត្យការសិក្សាអំពីលទ្ធភាពសាងសង់ព្រលាន យន្តហោះថ្មីនៅរាជធានីភ្នំពេញ ដែលអាចផ្ទុកអ្នកដំណើរបានជាង១០លាននាក់ក្នុងមួយឆ្នាំៗ»។
លោក លើកឡើងថា ព្រលានយន្តហោះបច្ចុប្បន្ន មិនអាចផ្ទុកអ្នកដំណើរបានច្រើនរហូតដល់ ៨ ទៅ ១០លាននាក់ទេក្នុងមួយឆ្នាំ ហើយមានតែយន្តហោះតូចៗប៉ុណ្ណោះដែលចុះចត។
ទោះបីយ៉ាងនេះក្តីលោក ហ៊ុន សែន មិនបានបង្ហើបឲ្យដឹងពីទីតាំងសាងសង់ព្រលានយន្តហោះនោះទេ ដោយសារលោកបារម្ភខ្លាចប្រជាជន នាំគ្នាសម្រុកទៅ ទិញដីនៅក្បែរនោះ។ លោកបញ្ជាក់ថា៖ «យើងបានគិតរួចហើយអំពីទីកន្លែងដែលត្រូវសាងសង់ វាអាចនឹងស្ថិតនៅឆ្ងាយពីព្រលានយន្តហោះចាស់បន្តិច។ ប៉ុន្តែខ្ញុំមិនចង់ប្រកាសឥឡូវទេ ប្រសិនបើខ្ញុំប្រកាស ប្រជាជននឹងទៅកក់ដីនៅទីនោះទុកជាមិនខាន»។
រដ្ឋាភិបាលកំពុងដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិ(NSRIA) ថ្មីមួយនៅខេត្តសៀមរាបផងដែរ។
ព្រលានយន្តហោះនេះត្រូវបានវិនិយោគទឹកប្រាក់១ពាន់លានដុល្លារ ដោយក្រុមហ៊ុនកូរ៉េពីរគឺ Camco Airport Co., Ltd និង Lees A&A ដោយពួកគេមានភាគហ៊ុន៥០ភាគរយម្នាក់។ នេះបើតាមលោកនាយករដ្ឋមន្ត្រី។
ព្រលានយន្តហោះអន្តរជាតិសៀមរាប អាចទទួលអ្នកដំណើរបានប្រហែល ១០ ទៅ ១៥លាននាក់ក្នុងមួយឆ្នាំៗដោយបានលាតសន្ធឹងលើផ្ទៃដី៥០០ហិកតា ស្ថិតក្នុងស្រុក ជីក្រែង និងសូត្រនិគម ចម្ងាយ៦០គីឡូម៉ែត្រពីទីរួមខេត្ត។
លោក គឹម សុភ័ន្ត អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា លោកកំពុងធ្វើការលើ NSRIA ហើយលោកមិនបានដឹងពីព្រលានយន្តហោះថ្មីនៅភ្នំពេញឡើយ។ ទោះបីយ៉ាងនេះក្តីលោកបន្តថា កំណើនភ្ញៀវទេសចរតម្រូវឲ្យរដ្ឋាភិបាលត្រូវសាងសង់ព្រលានយន្តហោះ ស្តង់ដារអន្តរជាតិ ដែលអាចទទួលយន្តហោះធំៗបាន។
លោក ខែក នរិន្ទដា មន្ត្រីព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាក្រុមហ៊ុនទទួលបានសម្បទានពីរដ្ឋាភិបាលក្នុងការអភិវឌ្ឍព្រលាន យន្តហោះពីរនេះ មិនបានបង្ហាញក្តីកង្វល់ចំពោះគម្រោងថ្មីនេះឡើយ។ លោកបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងត្រៀមពង្រីកព្រលានយន្តចាស់ នៅឆ្នាំក្រោយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៤ ឬ ២០១៥។
លោកបានលើកឡើងថា ជាការឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ចដ៏ខ្លាំងក្លានៅកម្ពុជា និងតួនាទីដ៏សំខាន់ក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស វាពាក់ព័ន្ធនឹងអាជ្ញាធរក្នុងការវាយតម្លៃអនាគតព្រលានយន្តហោះ។
លោក បន្តថា៖ «យើងនឹងចាប់ផ្តើមគម្រោងនេះ [NSRIA] នៅដើមឆ្នាំ២០១៣ ការពង្រីកព្រលានយន្តហោះនេះត្រូវបង្កើនសមត្ថភាពរបស់យើងទ្វេដង រហូតដល់៥លាន [៥លានសម្រាប់សៀមរាប និង ៥លានសម្រាប់ភ្នំពេញ]»។ លោកបន្ថែមថា សមត្ថភាពបច្ចុប្បន្ន សម្រាប់ព្រលានយន្តហោះនីមួយៗគឺ ២,៥ លាននាក់ ក្នុងមួយឆ្នាំៗ។
លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឲ្យដឹងថា កម្ពុជាពិតជាតម្រូវការធ្វើឲ្យព្រលានយន្តហោះរបស់ខ្លួនឲ្យកាន់ តែទំនើប ដែលអាចផ្ទុកយន្តហោះធំៗមកពីជុំវិញពិភពលោក។
លោកបាន លើកឡើងថា៖ «បើយើងផ្អែកលើគោលដៅកំណត់របស់ក្រសួងទេសចរណ៍ នៅត្រឹមឆ្នាំ២០២០ យើងពិតជាត្រូវការព្រលានយន្តហោះថ្មី ដែលអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឲ្យមកក្នុងប្រទេសនេះ ដោយសារយើងអាចស្វាគមន៍ការហោះហើរផ្លូវឆ្ងាយបាន ដូចជា ពីសហរដ្ឋអាមេរិក ប្រទេសអឺរ៉ុប អូស្ត្រាលី។ល។»។
លោកបានផ្តល់យោបល់ថា ព្រលានយន្តហោះថ្មីនេះគួរតែសាងសង់នៅទីតាំងដែលស្ថិតនៅចម្ងាយ ៣០ ទៅ ៤០គីឡូម៉ែត្រ ពីកណ្តាលក្រុងភ្នំពេញ។
ទិន្នន័យរបស់ក្រសួង ទេសចរណ៍បានបង្ហាញថា ប្រទេសកម្ពុជាទទួលភ្ញៀវទេសចរជាង១,៨លាននាក់ ក្នុងឆមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលបានតែជាង១,៤លាននាក់ប៉ុណ្ណោះ ពោលគឺកើនឡើងជាង២៦ភាគរយ។
ចំនួន ភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាតាមផ្លូវអាកាសមានចំនួន៤៨,៤ភាគ រយ ដោយកើនឡើងចំនួន១៩,១ភាគរយក្នុងនោះព្រលានយន្តហោះអន្តរជាតិ ភ្នំពេញបានកើនឡើងចំនួន១០,៦ភាគរយ ហើយព្រលានយន្តហោះអន្តរជាតិសៀមរាបបានកើនឡើងចំនួន ២៥,៧ភាគរយ៕
No comments:
Post a Comment
yes