ក្រុងវ៉ាស៊ីនតោនៈ មេដឹកនាំបក្សប្រឆាំងមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី បានជួបជាមួយលោកប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅឯសេតវិមាន និងទទួលបានរង្វាន់សភាខ្ពស់បំផុត កាលពីថ្ងៃពុធ។
លោក ស្រីស៊ូជី ដែលកំពុងបំពេញទស្សនកិច្ច នៅអាមេរិកបានធ្វើការពិភាក្សាឯកជនជាមួយលោកអូបាម៉ា នៅក្នុងការិយាល័យពងក្រពើ បន្ទាប់ពីបានជប់លៀងជាមួយក្រុមអ្នកធ្វើច្បាប់សភានៅក្នុងវិមាន កាពីតូលអាមេរិកដែលមានការតុបតែងលម្អ ជាទីដែលលោកស្រី ត្រូវបានប្រគល់មេដាយមាសសភា សម្រាប់ការតស៊ូដ៏យូរអង្វែងដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុង ប្រទេសមួយ ដែលគ្រប់គ្រងដោយក្រុមឧត្តមសេនីយ៍កងទ័ព ចាប់តាំងពីឆ្នាំ១៩៦២។
លោកស្រី បានថ្លែងថា៖ «នេះគឺជាថ្ងៃមួយដែលរំភើបបំផុតនៅក្នុងជីវិតរបស់ខ្ញុំ ដែលបាន មកដល់ទីនេះក្នុងវិមានមួយដែលមិនមានការខ្វែងគំនិត ផ្ទះមួយដែលបានរួមគ្នាដើម្បី ស្វាគមន៍ជនចម្លែកម្នាក់ពីទឹកដីឆ្ងាយមួយ»។
ដោយ ទទួលស្គាល់ការគាំទ្រដ៏រឹងមាំពីក្រុមសមាជិកសភាអាមេរិកក្នុង អំឡុងពេលនៃការឃុំខ្លួនក្នុងផ្ទះ១៧ឆ្នាំរបស់លោកស្រី លោកស្រី ស៊ូជី បាននិយាយថា៖ «ក្នុងចំណោមមុខមាត់អ្នកទាំងនេះ មានអ្នកខ្លះខ្ញុំធ្លាប់បានជួប ខណៈដែលខ្ញុំ កំពុងស្ថិតនៅក្រោមការឃុំខ្លួននៅក្នុងផ្ទះ ហើយអ្នកខ្លះ ខ្ញុំបានជួប បន្ទាប់ពីខ្ញុំត្រូវបានគេដោះលែងពីការឃុំខ្លួននៅក្នុងផ្ទះ»។
លោកអូបាម៉ា ដែលស្វែងរកការជាប់ឆ្នោតជាថ្មីនៅក្នុងខែកញ្ញា បានឆ្លៀតឱកាសដើម្បីជួបលោកស្រីស៊ូជី នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចនៅអាមេរិករបស់លោកស្រី។ ជំនួបនេះ អាចជួយឲ្យលោកជម្រាបពីអ្វីដែលមនុស្សភាគច្រើនមើលឃើញ ថាជាសមិទ្ធផលគោលនយោបាយបរទេសនៃរដ្ឋការរបស់លោកក្នុងការជួយជំរុញ ក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ាឲ្យដើរតាមផ្លូវនៃការផ្លាស់ប្តូរ តាមលទ្ធិប្រជាធិបតេយ្យ។
ក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីជំនួបនោះ សេតវិមានបាននិយាយថាលោកប្រធានាធិបតី បានសម្តែងនូវការកោតសរសើររបស់លោកចំពោះភាពក្លាហានរបស់លោកស្រី ស៊ូជី និង ការធ្វើពលិកម្មផ្ទាល់ខ្លួនក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាច្រើនឆ្នាំនេះ។
សេតវិមានបាននិយាយថា លោកអូបាម៉ា បានស្វាគមន៍ការផ្លាស់ប្តូរបែបលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអាស៊ីនោះ និងការវិវត្តថ្មីៗរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី និងលោកប្រធានាធិបតី ថេន សេន។
នៅឯ ពិធីប្រគល់មេដាយសភារបស់លោកស្រី ទាំងលោកស្រី ស៊ូជី និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន បានទទួលស្គាល់វត្តមានក្នុងសវនាការនូវរដ្ឋមន្ត្រីមួយរូបដែល តំណាងឲ្យប្រធានាធិបតីមីយ៉ាន់ម៉ា និងឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសនេះប្រចាំក្រុងវ៉ាស៊ីនតោន។
នៅ ក្នុងសុន្ទរកថាទទួលស្គាល់ លោកស្រីបានថ្លែងថា៖«កិច្ចការនេះអាចប្រព្រឹត្តទៅបានដោយសារតែវិធានការ កំណែទម្រង់ បង្កើតឡើងដោយលោកថេន សេន»៕
No comments:
Post a Comment
yes