សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 14, 2012

នគរបាល​ជាតិ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ពិសេស​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស


មន្ត្រី​នគរបាល​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ជិត​១០០​នាក់ មក​ពី​២៤​ខេត្ត-ក្រុង នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា បាន​ជួប​ប្រជុំ​គ្នា​សំខាន់​មួយ ដើម្បី​រឹត​បន្តឹង​វិធានការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស តាម​រយៈ​ទទួល​ព័ត៌មាន​ពី​មហាជន​តាម​ប្រព័ន្ធ​ទូរស័ព្ទ​លេខ​ពិសេស។

RFA/Sok Serey
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ឧត្តម​សេនីយ៍​ឯក អ្នកស្រី យក់ សុខា សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ពិសេស​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ស្ត្រី និង​កុមារ នា​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana Hotel) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១២។
ប្រព័ន្ធ​ទូរស័ព្ទ​ពិសេស​នេះ ត្រូវ​បាន​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ និង​អង្គការ​ឃែរ (Care) បាន​ឯកភាព​គ្នា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​អចិន្ត្រៃយ៍ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ អ្នកស្រី​ឧត្តម​សេនីយ៍​ឯក យក់ សុខា នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំ​អស់​ចូល​រួម​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​កម្លាំង​ពលកម្ម​តាម​រយៈ​ផ្តល់​ព័ត៌មាន​បន្ទាន់​មក​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស តាម​លេខ​ទូរស័ព្ទ​ពិសេស ដែល​ងាយ​ចងចាំ។
លេខ​ទូរស័ព្ទ​ហៅ​បន្ទាន់​នោះ មាន​ដូច​ត​ទៅ ១២៨៨ ឬ​លេខ ០២៣ ៩៩ ៧៩ ១៩ នៅ​ក្នុង​ករណី​ដែល​អ្នក​បាន​ឃើញ ឬ​ទទួល​រង​អំពើ​ជួញ​ដូរ​មនុស្ស អាជីវកម្ម​ផ្លូវ​ភេទ និង​អាជីវកម្ម​កម្លាំង​ពលកម្ម​ជាដើម។ ក្រៅ​ពី​នេះ លេខ​ទូរស័ព្ទ​ពិសេស​នោះ ក៏​សម្រាប់​ករណី​ដែល​អ្នក​បាន​ឃើញ ឬ​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

លេខ​ទូរស័ព្ទ​ពិសេស​នេះ គឺ​អាច​ហៅ​បាន​ពី​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អស់ ក្នុង​រយៈពេល​២៤ម៉ោង នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​មិន​គិត​កម្រៃ​សេវា​ពី​អ្នក​ហៅ​ទេ។
លេខ​ទូរស័ព្ទ​ពិសេស​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ៣០៥
១៤-កញ្ញា-២០១២៖ លេខ​ទូរស័ព្ទ​ពិសេស​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ស្ត្រី និង​កុមារ។ RFA/Sok Serey
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ អ្នកស្រី​ឧត្តម​សេនីយ៍​ឯក យក់ សុខា ដែល​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ពិសេស​នេះ បាន​មាន​ប្រសាសន៍​ថា ការ​ជួញ​ដូរ​មនុស្ស ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ គឺ​ជា​ទាសភាព​សម័យ​ថ្មី ដែល​បាន​រំលោភ​សិទ្ធិ​បុគ្គល៖ «អំពើ​ទាំង​នេះ សុទ្ធ​សឹង​តែ​ជា​បទល្មើស​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​ផ្សេងៗ រួម​មាន​តម្រូវ​ការ​ពលកម្ម​ពី​ប្រទេស​ជិត​ខាង ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ជំនាញ កង្វះ​ចំណេះ​ដឹង ខ្វះ​ព័ត៌មាន​ពិត​ប្រាកដ ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន»
ជាមួយ​គ្នា​នេះ​ដែរ នាយក​អង្គការ​ឃែរ អ្នកស្រី ស្តាវ ហ្សូតាលីស (Stav Zotalis) បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ទូរស័ព្ទ​លេខ​ពិសេស​នេះ គឺ​សម្រាប់​ហៅ​ចូល និង​រាយការណ៍​អំពី​អំពើ​ហិង្សា​គ្រប់​ប្រភេទ ដូច​ជា ការ​រំលោភ​បំពាន​នានា ការ​ជួញ​ដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវ​ភេទ​ជាដើម៖ «ការ​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​ស្ត្រី​លក់​ស្រាបៀ គឺ​មាន​កម្រិត​ខ្ពស់​ណាស់។ ការ​សិក្សា​ស្រាវជ្រាវ ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​ស្ត្រី​លក់​ស្រាបៀ និង​ការ​រំលោភ​បំពាន​នានា ក្លាយ​ជា​បញ្ហា​សាមញ្ញ ឬ​ជា​ទម្លាប់​នៅ​ក្នុង​ចំណោម​ស្ត្រី​លក់​ស្រាបៀ​នោះ ប៉ុន្តែ​អំពើ​នេះ គឺ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ»
ទាក់​ទង​នឹង​ការ​ជួញ​ដូរ​មនុស្ស​នេះ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ លោក​វរៈ​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​មាន​ប្រសាសន៍​ថា ស្ថានការណ៍​ជួញ​ដូរ​កម្លាំង​ពលកម្ម​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ហាក់​ដូច​ជា​កើន​ជាង​ឆ្នាំ​មុន ដោយ​សារ​តែ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​ចំណាក​ស្រុក ស្វែង​រក​កម្រៃ​នៅ​ប្រទេស​ថៃ៖«បញ្ហា​ហ្នឹង វា​ជួន​កាល​ការងារ​នៅ​ហ្នឹង​មាន​ដែរ តែ​គាត់​មិន​ធ្វើ​បាទ។ ដោយ​សារ​ផ្អែក​ទៅ​លើ​កម្រៃ​ប្រាក់​ឈ្នួល​ពលកម្ម​ខាង​ថៃ វា​មាន​ច្រើន​ជាង​យើង។ សម្រាប់​ស្រទាប់​យុវវ័យ គាត់​ចង់​ឃើញ​វប្បធម៌​ទំនើប វប្បធម៌​សង្គម​គេ​នៅ​ហ្នឹង គាត់​ចង់​ឃើញ​ការ​កម្សាន្ត​សប្បាយ​សម្រាប់​គាត់ សម្រាប់​ស្រទាប់​យុវវ័យ»
ក្រៅ​ពី​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ពិសេស​នោះ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ អ្នកស្រី​ឧត្តម​សេនីយ៍​ឯក យក់ សុខា ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​អំពី​លេខ​ទូរស័ព្ទ​ពិសេស​ផ្សេង​ទៀត គឺ​១១៨ និង​១១៧ សម្រាប់​ប្រជាពលរដ្ឋ​ហៅ​ចូល ដើម្បី​រាយការណ៍​អំពី​ការ​លួច ឆក់​ប្លន់ ការ​ផលិត​ចែក​ចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន អំពើ​អនាចារ ការ​ជួញ​ដូរ​ស្ត្រី និង​កុមារ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ក្មេង​ទំនើង និង​ល្បែង​ស៊ីសង​ជាដើម។
អំពើ​ទាំង​នោះ គឺ​ស្ថិត​នៅ​ក្នុង​ផែនការ​ភូមិ-ឃុំ​សុវត្ថិភាព ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រកាស​ឲ្យ​លុប​បំបាត់ កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១០ កន្លង​ទៅ៕

No comments:

Post a Comment

yes