សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 14, 2012

ពលរដ្ឋ​ចោទ​មន្ត្រី​ព្រៃឈើ​និង​កង​រាជ​អាវុធហត្ថ​ថា​ជំរិត​ទារ​ប្រាក់​នៅ​មណ្ឌលគិរី


ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូត្រំ សង្កាត់​រមនា ក្រុង​សែនមនោរម្យ នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ ចោទ​ប្រកាន់​មន្ត្រី​ព្រៃ​ឈើ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ប្រចាំ​ព្រៃ​អភិរក្ស​សត្វ​ដំរី នៅ​តំបន់​ពូត្រំ​លើ ថា​បាន​ជំរិត​យក​ប្រាក់​៥០០​ដុល្លារ​ពី​គាត់ ដោយ​សារ​គាត់​បាន​ដឹក​ជញ្ជូន​ឈើ​ប្រណិត​បី​កំណាត់​ពី​ចម្ការ ហើយ​ឆ្លង​កាត់​ព្រៃ​អភិរក្ស​សត្វ​ដំរី ក្នុង​ខេត្ត​មណ្ឌលគិរី។
មន្ត្រី​ទាំង​ពីរ​រូប​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ គឺ​លោក មីយ៊ូ រ៉ាវី ជា​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក យឹម ព្រីយ៉ា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​មណ្ឌលគិរី។
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូត្រំ លោក ចាន់ គា មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​អង្គារ មន្ត្រី​បង្ក្រាប​ទាំង​ពីរ​រូប​បាន​ស្ទាក់​ចាប់​គោយន្ត​ដឹក​ជញ្ជូន​ឈើ​របស់​គាត់ នៅ​ក្នុង​ព្រៃ​ភូមិ​ដំរីជាន់ ហើយ​បង្ខំ​ទារ​ប្រាក់​២ពាន់​ដុល្លារ​ជា​ថ្នូរ​ដោះលែង ក៏ប៉ុន្តែ លោក​រក​ប្រាក់​បាន​តែ​៥០០​ដុល្លារ​ប្រគល់​ឲ្យ​មន្ត្រី​ទាំង​ពីរ និង​សន្យា​ថា​សុខ​ចិត្ត​សង​ជំពាក់​ប្រាក់​នៅ​ពេល​ក្រោយ ទើប​មន្ត្រី​ទាំង​ពីរ​អនុញ្ញាត​ឲ្យ​ចេញ​ពី​ព្រៃ៖ «គ្រាន់​តែ​ឈើ​ពីរ​ដុំ​បី​ដុំ​យក​ពី​ចម្ការ​មក យក​មក​ធ្វើ​កៅអី គេ​ចុះ​ទៅ​គេ​ចាប់។ គេ​ទារ​ដំបូង គេ​ទារ​២.០០០។ ខ្ញុំ​ប្រាប់ ហើយ​វា​ថា​បើ​មិន​ឲ្យ វា​ចាប់ វា​ហៅ​សមត្ថកិច្ច​ផ្សេងៗ​មក​ចាប់ ទាល់​តែ​ឲ្យ​លុយ​គេ​បាន​ឲ្យ​យើង​សម្រុះ​សម្រួល​នៅ​សល់​១.២០០។ ខ្ញុំ​រត់​ទៅ​ខ្ចី​គេ​បាន​៥០០ ឲ្យ​គាត់​សិន ហើយ​សល់​ប៉ុន្មាន​ជំពាក់​គាត់​ក្រោយ​ទៀត»

ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូត្រំ ម្នាក់​ទៀត គឺ​លោក គួយ សុឃុន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក និង​ប្រជាពលរដ្ឋ​អ្នក​ចូល​ព្រៃ​កាប់​ឈើ​ធ្វើ​លំនៅឋាន​ជាច្រើន ត្រូវ​បង់​ប្រាក់​ទៅ​ឲ្យ​មន្ត្រី​បង្ក្រាប​ទាំង​នោះ ទើប​អាច​ចេញ​ចូល​កាប់​ឈើ​បាន។ លោក​បន្ត​ថា បទល្មើស​ព្រៃ​ឈើ​ជាច្រើន ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ពេ្រច កាត់​តាម​ច្រក​ព្រៃ​អភិរក្ស​សត្វ​ដំរី មិន​មាន​ការ​បង្ក្រាប​ឡើយ៖ «ឡាន​ពួក​ឈ្មួញ​វា​ចេញ​ពី​ភូមិ​ពូត្រំ មក​ខាង​មេ​ម៉ង់​មក​ស្រែ ហួស​ពី​តំបន់​វា ប៉ុន្តែ​វា​ដាក់​បារ៉ាស់ គេ​បង់​លុយ​ឲ្យ​វា​អ៊ីចឹង​ទៅ។ ប៉ុន្តែ​ឈ្មួញ វា​ធម្មតា វា​គាប​សង្កត់​លើ​ឈ្មួញ​ត្រូវ​ហើយ ប៉ុន្តែ​វា​គាប​សង្កត់​លើ​ប្រជាពលរដ្ឋ​អ៊ីចឹង»
ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​មន្ត្រី​កង​រាជ​អាវុធហត្ថ លោក មីយ៉ូ រ៉ាវី បាន​បដិសេធ​ថា លោក​មិន​បាន​ជំរិត​ទារ​ប្រាក់​អ្វី​ពី​ប្រជាពលរដ្ឋ​អ្នក​ដឹក​ជញ្ជូន​ឈើ នៅ​តំបន់​នោះ​ទេ។ លោក​បន្ត​ថា ភារៈ​លោក គឺ​ការពារ​ព្រៃ​អភិរក្ស​សត្វ​ដំរី កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​តែ​ប៉ុណ្ណោះ៖«ខ្ញុំ​អត់​ដែល​ទេ ព្រោះ​ខ្ញុំ​ដើរ​ក្នុង​តំបន់​អភិរក្ស តំបន់​ការពារ​មើល​ក្រែង​គេ​កាប់ ក្រែង​មាន​ម៉ាស៊ីន​ស្អី​អ៊ីចឹង​ណា! ម្សិលមិញ​ចាប់​បាន​ម៉ាស៊ីន​មួយ​ដែរ»
ចំណែក​មន្ត្រី​ព្រៃ​ឈើ លោក យឹម ព្រីយ៉ា ក៏​បាន​បដិសេធ​សេចក្តី​ចោទ​ប្រកាន់​នេះ​ដូច​គ្នា​ដែរ៖ «ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​អត់​មាន​ទៅ​លាក់​កំបាំង​រឿង​បទល្មើស​ព្រៃ​ឈើ​ទេ។ ខ្ញុំ​អត់​មាន​ទេ ខ្ញុំ​នៅ​ត្រឹម​តែ​ពូត្រំ ទេ ហើយ​នៅ​ត្រឹម​ដំរី​ជាន់ ខ្ញុំ​ក៏​អត់​បាន​ដឹង ខ្ញុំ​និយាយ​ត្រង់ ខ្ញុំ​អត់​ទាន់​បាន​ទៅ​ដល់​ហ្នឹង​ដែរ។ អ្នក​រាយការណ៍​ព័ត៌មាន​នេះ វា​លឿន​ជ្រុល​ពេក ខ្ញុំ​អត់​ទាន់​ដឹង»
កាល​ពី​ចុង​ខែ​សីហា កន្លង​ទៅ​នេះ ប្រធាន​សហគមន៍​អភិរក្ស​ព្រៃ​ឈើ​ឈ្មោះ​សហគមន៍​ឡៃកា ក្នុង​សង្កាត់​សុខដុម្យ ក្រុង​សែនមនោរម្យ បាន​រាយការណ៍​ថា សកម្មភាព​កាប់​ឈើ​ប្រណិត​ធ្វើ​អាជីវកម្ម​នៅ​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច នៅ​ឡើយ​ទេ។
ប្រធាន​សហគមន៍​ឡៃកា លោក ផ្លឹក ម៉ាល់ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព បន្ទាប់​ពី​លោក​បាន​រាយការណ៍​ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុង​តំបន់​អភិរក្ស។ លោក​បន្ត​ថា ក្រុម​បុគ្គល​ជា​មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ បាន​គំរាម​កំហែង​ចំពោះ​សុវត្ថិភាព​លោក៖ «បើ​យើង​ចង់​មើល​ប្រហែល​បាន​១០០​គីប ខ្លះ​មិន​ទាន់​ជញ្ជូន​ដាក់​រទេះ​ទេ។ យើង​ដើរ​តាម​ព្រៃ ឃើញ​រូប​ភាព​នេះ ខ្ញុំ​ថត​បាន​អស់។ តំបន់​អូរ​រនូស អូរ​ដូនហ្សា ស្រែ​ម៉ែអែល អាហ្នឹង​កន្លែង​គេ​កាប់​បំផ្លាញ បេង នាងនួន ធ្នុង ហើយ​ឥឡូវ​នេះ ឲ្យ​តែ​ឈើ​ប្រភេទ​ក្រហម គេ​កាប់​ទាំង​អស់»
យ៉ាង​នេះ​ក្តី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​មណ្ឌលគិរី លោក កែប តក់ មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ជំនាញ​ព្រៃ​ឈើ​កំពុង​ចាត់​វិធានការ​តឹងរ៉ឹង​បំផុត ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ។ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ផ្តល់​ព័ត៌មាន​មក​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ចំពោះ​មន្ត្រី​ព្រៃ​ឈើ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ទទួល​ប្រាក់​ពី​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ៖«ខ្ញុំ​កំពុង​តែ​ស្រាវជ្រាវ​រក​នរណា​ដែល​នៅ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស យក​លុយ​ហ្នឹង ព្រោះ​ឥឡូវ​ខាង​រដ្ឋបាល​ព្រៃ​ឈើ ខ្ញុំ​កំពុង​ចាត់​វិធានការ​តឹងរ៉ឹង​បំផុត។ រឿង​អ្វី​បាន​ជា​គាត់​មិន​រាយការណ៍​មក​ខាង​រដ្ឋបាល​ព្រៃ​ឈើ បាន​ន័យ​ថា គាត់​អត់​សហការ​ល្អ​ជាមួយ​ខ្ញុំ។ ខ្ញុំ​កំពុង​តែ​ការពារ​រឿង​សហគមន៍ គាត់​យល់​ហើយ​រឿង​សហគមន៍ គាត់​ត្រូវ​ការពារ​របៀប​ម៉េច។ គាត់​ឃើញ​បទល្មើស​ព្រៃ​ឈើ គាត់​រាយការណ៍។ អ្នក​ណា​ដែល​ចាត់​វិធានការ​បាន អត់​មាន​ទៅ​លេង​សើច​បាន​ទេ​បទល្មើស​ព្រៃ​ឈើ»
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក គល់ មីឌី កត់​សម្គាល់​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ច្រើន​ពី​ប្រជាពលរដ្ឋ ស្ដីពី​បទល្មើស​ព្រៃ​ឈើ​កើត​មាន​នៅ​ក្នុង​ខេត្ត ក៏ប៉ុន្តែ ចំណាត់​ការ​បង្ក្រាប​នៅ​ខ្សោយ​មិន​មាន​ប្រសិទ្ធភាព។
លោក​ចាប់​អារម្មណ៍​ថា ប្រជាពលរដ្ឋ ឬ​សហគមន៍​អ្នក​អភិរក្ស​ព្រៃ​ឈើ កាន់​តែ​ឃ្លាត​ឆ្ងាយ​ក្នុង​កិច្ច​សហការ​ជាមួយ​មន្ត្រី​បង្ក្រាប ដែល​មិន​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ​នោះ៖ «បទល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​មណ្ឌលគិរី ជា​រឿយៗ​យើង​ឃើញ​ថា នៅ​តែ​មាន​ការ​កើត​ឡើង ហើយ​ប្រជាពលរដ្ឋ​តែង​តែ​ផ្តល់​ព័ត៌មាន​ជា​ញឹកញាប់ ក៏​ដូច​ជា​បាន​ធ្វើ​ពាក្យ​ប្ដឹង​ជា​ញឹកញាប់​ទៅ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច អាជ្ញាធរ​មាន​សមត្ថកិច្ច។ ប៉ុន្តែ​យើង​ឃើញ​ចំណាត់​ការ​របស់​អាជ្ញាធរ​មិន​មើល​ឃើញ​កាត់​ទោស​ណា​មួយ​ឲ្យ​ប្រជាពលរដ្ឋ​សហគមន៍​អស់​ចិត្ត​នោះ​ទេ។ បើ​សិន​ជា​នៅ​របៀប​នេះ​ត​ទៅ​ទៀត យើង​ឃើញ​ថា ភាព​នៃ​ការ​ជឿជាក់​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ប្រព័ន្ធ​រដ្ឋាភិបាល​ឆ្ងាយ​ទៅៗ»
ក្រុម​សមាជិក​សហគមន៍​ឡៃកា អ្នក​ដើរ​ល្បាត​ព្រៃ​រាយការណ៍​ថា គេ​បាន​រក​ឃើញ​គំនរ​ឈើ​ប្រណិត​អារ​ជា​ឈើ​ជ្រុង​រាប់​រយ​ម៉ែត្រ​គូប នៅ​តាម​អូរ​ចំនួន​បី ក្នុង​តំបន់​ព្រៃ​អភិរក្ស ដែល​គេ​ត្រៀម​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ៕

No comments:

Post a Comment

yes