លោកស្រី មូរ សុខហួរ អំពាវនាវឲ្យប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិក ទាមទារទៅកាន់ប្រធានាធិបតីអាមរិក លោក បារ៉ាក់ អូបាម៉ា ឲ្យជួយជំរុញការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ស្របពេលមេដឹកនាំសហរដ្ឋអាមេរិករូបនេះ មានគម្រោងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាក្នុងខែវិច្ឆិកា។
តាមគម្រោងលោក អូបាម៉ា នឹងមកចូលរួមកិច្ចប្រជុំកំពូលនៃសមាគមអាស៊ាន ជាមួយនឹងមេដឹកនាំជាច្រើនទៀត រួមមាន មេដឹកនាំចិន ហើយក្នុងកិច្ចប្រជុំនោះ គេរំពឹងថា លោកអូបាម៉ា គឺជាមេដឹកនាំម្នាក់ដែលមានឥទ្ធិពលវាយតម្លៃស្ថានភាពប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅប្រទេសកម្ពុជាផងដែរ ។
សារជាចំហររបស់លោកស្រី មូរ សុខហួរ ក្នុងនាមជាអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានទទូចថា ប្រជាជនខ្មែររស់នៅសហ រដ្ឋអាមេរិក ត្រូវតែបង្ហាញអំពីឆន្ទៈរបស់ខ្លួន ដើម្បីចូលរួមចំណែកពង្រឹងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយឆន្ទៈនេះត្រូវតែធ្វើឡើងតាមរយៈប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា មកកាន់កម្ពុជា។
បើតាមសាររបស់លោកស្រី មូរ សុខហួរ លោកស្រីរំពឹងថា លោក អូបាម៉ា ឬក៏រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងលើកឡើងពីបរិបទនយោបាយនៅកម្ពុជា ជាពិសេសវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងជំនួបទ្វេភាគី ឬក៏វេទិកាណាមួយនៃកិច្ចប្រជុំកំពូលអាស៊ាន។
តាមគម្រោងកិច្ចប្រជុំកំពូលអាស៊ាន នឹងត្រូវធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២៕
No comments:
Post a Comment
yes