រដ្ឋសភា កាលពីថ្ងៃពុធ ទី២៦ កញ្ញា បានសម្រេចផ្ដល់អភ័យឯកសិទ្ធិឲ្យតំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ វិញ ក្រោយពីបានដកហូតអស់រយៈពេល ៣ឆ្នាំមក។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ផ្ដល់បទសម្ភាសន៍អ្នកអ្នកកាសែតនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២។
ការផ្ដល់អភ័យឯកសិទ្ធិនេះ ធ្វើឡើងក្រោយពេលសាលាឧទ្ធរណ៍បានផ្ដល់នីតិសម្បទាជាតំណាងរាស្ត្រឲ្យអ្នកស្រី កាលពីដើមខែសីហា ឆ្នាំ២០១២។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា អ្នកស្រីបានទទួលព័ត៌មានពីមន្ត្រីរដ្ឋសភា កាលពីព្រឹកថ្ងៃពុធ ថា ប្រធានរដ្ឋសភា លោក ហេង សំរិន បានសម្រេចផ្ដល់អភ័យឯកសិទ្ធិរបស់អ្នកស្រីឡើងវិញ៖«ការកសាងសភានេះ យើងត្រូវកសាងដោយឯកភាពគ្នា សម្រាប់ផលប្រយោជន៍ខ្មែរ យើងត្រូវតែការពារ។ ដូច្នោះខ្ញុំមិនចង់ឃើញមានការដកហូតអភ័យឯកសិទ្ធិតំណាងរាស្ត្រណាមួយជាបន្តទៀត ជាពិសេសនៅពេលដែលតំណាងរាស្ត្រនោះកំពុងតែបំពេញភារកិច្ចបេសកម្ម»។
កាលពីឆ្នាំ២០០៩ អ្នកស្រី មូរ សុខហួរ បានប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ ក្រោយពេលលោក ហ៊ុន សែន បានថ្លែងប្រដូចស្ត្រីម្នាក់ជាស្រីជើងខ្លាំង។ អ្នកស្រី មូរ សុខហួរ អះអាងថា លោក ហ៊ុន សែន និយាយនោះ គឺសំដៅលើរូបអ្នកស្រី ប៉ុន្តែលោក ហ៊ុន សែន បានប្ដឹងតបបណ្ដឹងអ្នកស្រី មូរ សុខហួរ ពីបទបរិហារកេរ្តិ៍វិញ។ ក្រោយមកតុលាការបានកាត់ក្ដីឲ្យអ្នកស្រីចាញ់ក្ដីលោក ហ៊ុន សែន ហើយតម្រូវឲ្យអ្នកស្រីបង់ប្រាក់ចំនួន ៤ពាន់ដុល្លារ៕
No comments:
Post a Comment
yes