សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 23, 2012

កុមារក្រីក្រ បានចំណាយពេលច្រើនលើគំនរសំរាម

កុមារក្រីក្រ បានចំណាយពេលច្រើនលើគំនរសំរាម
កុមារី គង់ រស្មី បាន​ចំណាយពេល​ស្ទើរតែ​ទាំងអស់​របស់​នាង នៅលើ​គំនរ​សំរាម

ភ្នំពេញ: ក្រៅពី​ពេលវេលា នៅ​សាលារៀន កុមារី គង់ រស្មី បាន​ចំណាយពេល​ស្ទើរតែ​ទាំងអស់​របស់​នាង នៅលើ​គំនរ​សំរាម ដែល​ស្ថិតនៅ​ជិត​វាលពិឃាត​ជើងឯក ជាយ​រាជធានី​ភ្នំពេញ​។ 

​ជា​រៀងរាល់ថ្ងៃ កុមារី រស្មី បន្ទាប់ពី​មកពី​សាលារៀន នាង​ប្រញាប់ប្រញាល់ ស្រស់ស្រូប​អាហារ និង​ចាប់​កាន់​ដែក សម្រាប់​កាយ​សំរាម ព្រមទាំង​កា​រ៉ុង​មួយ សម្រាប់​ដាក់​នូវ​រាល់​សម្ភារៈ​អេតចាយ  ហើយ​ដើរ​សំដៅទៅ​កាន់​គំនរ​សំរាម​។​

​ពាក់​ស្បែកជើង​ជ័រ ពណ៌​ខ្មៅ​កវែង រស្មី បាន​ដើរ​ក្រោម​កំដៅថ្ងៃ ឆ្ពោះទៅកាន់​គំនរ​សំរាម ដែលមាន​ទីតាំង​ប្រមាណ​ជាង ៣ គីឡូម៉ែត្រ ពី​ផ្ទះ​របស់​នាង​។​

​កុមារី គង់ រស្មី អាយុ ១៤​ឆ្នាំ ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន ៥​នាក់ ដែលមាន​ម្តាយ​ឈ្មោះ ញៀ នឿន ឪពុក​ឈ្មោះ គង់ សុផាត (​ស្លាប់​)​។ គង់ រស្មី ជា​ក្មេងស្រី​ម្នាក់ ក្នុងចំណោម​ក្មេងប្រុស និង​ក្មេងស្រី​ជាច្រើន​នាក់​ផ្សេងទៀត ដែល​បាន​ចំណាយ​ពេលវេលា​ក្នុង​វ័យ​កុមារ នៅលើ​គនរ​សំរាម ដើម្បី​រកប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដែល​ក្រីក្រ​។ ក្រុមគ្រួសារ​របស់​កុមារ​ទាំងនោះ រស់នៅ​ពឹងពាក់​លើ​គំនរ​សំរាម ដើម្បី​រកលុយ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ 


.​ស្ថានភាព​លើ​គំនរ​សំរាម​របស់​កុមារី រស្មី​

​រស្មី ពោល​ទាំង​ទឹកមុខ​ស្រ​ងោ​ត​ស្រងាត់​ថា “​ខ្ញុំ​ទៅ​រើស​របស់របរ នៅលើ​គំនរ​សំរាម ទៅតាម​វេន​រៀន​។ បើ​ខ្ញុំ​ទៅ​រើស​ព្រឹក ម៉ោង​ប្រហែល ១១​ថ្ងៃត្រង់ គឺ​ខ្ញុំ​ត្រឡប់មកវិញ ហូបបាយ រួច​ទៅ​រៀន​។ តែបើ​ខ្ញុំ​រៀន​ព្រឹក​វិញ ពេល​ចេញពី​រៀន ហូបបាយ​រួច ម៉ោង​ប្រហែល ១២ ខ្ញុំ​ចេញទៅ​រើស រហូតដល់​ម៉ោង ៤​ល្ងាច ទើប​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ​”​។ 

​កុមារី​រាង​ស្គម សម្បុរ​ខ្មៅ​ស្រអែម គង់ រស្មី បាន​បន្តថា “​ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ទៅ​រើស​អេតចាយ​នេះ ថ្ងៃ​ខ្លះ បាន​កន្លះ​បេ ថ្ងៃ​ខ្លះ​បាន​មួយ​បេ​ពេញ ហើយ​លី យកមក​ប្រមូល​ទុក​លក់​នៅផ្ទះ ព្រោះ​មាន​គេ​មក​ទិញ​ដល់ផ្ទះ ហើយ​ចំពោះ​លុយ​លក់បាន​ប៉ុន្មានៗ គឺ​ខ្ញុំ​មិនដឹង​ទេ ព្រោះ​ម៉ែ​ខ្ញុំ គាត់​ជា​អ្នកលក់​"​។ 

​កុមារី រស្មី ក៏បាន​បន្ថែមថា "​ប្រាក់​ដែល​លក់បាន គឺ​សម្រាប់​ប្រើប្រាស់​ទិញ​តែ​ម្ហូបអាហារ​នោះ សឹងតែ​មិន​ចង់គ្រាន់​ផង ហើយ​ថ្ងៃ​ខ្លះ ក៏មាន​ដាច់​ពេល​ដែរ គឺ​បាន​មួយពេល ខ្វះ​មួយពេល​។ ថ្ងៃ​ខ្លះ អត់លុយ ព្រោះ​លក់​របស់របរ​មិនបាន មានតែ​ទៅ​ជំពាក់​គេ ថ្ងៃ​ខ្លះ​គេ​ឲ្យ​ជំពាក់ ថ្ងៃ​ខ្លះ​គេ​មិន​ឲ្យ​ជំពាក់​ក៏មាន​”​។​

​កុមារី គង់ រស្មី ប្រែ​ទឹកមុខ​បន្តិច ហាក់ដូចជា​ភ័យខ្លាច ហើយ​បន្តថា “​នៅលើ​គំនរ​សំរាម​នោះ ក៏​កើតមាន​ជម្លោះ​ដែរ ដោយសារតែ​ពួកគេ ដណ្តើម​គ្នា និង​រករឿង​វាយ​គ្នា​ទៀតផង​។ តែ​ខ្ញុំ​មិនដែល​ត្រូវគេ​វាយ​ទេ ព្រោះ​គ្រាន់តែ​គេ​ថា ឲ្យ​មួយ​ម៉ាត់ គឺ​ខ្ញុំ​ដើរចេញ មិន​ហ៊ាន​នៅ​តតាំង​ជាមួយ​គេ​ទេ​”​។​

​អស់​រយៈពេល​ជាង ៥ ឆ្នាំ​មកហើយ ដែល​កុមារី គង់ រស្មី បាន​ចំណាយពេល​លើ​គំនរ​សំរាម​។ នាង​បានចាប់ផ្តើម​ចេញ​រើស​អេតចាយ លើ​គំនរ​សំរាម តាំងពី​អាយុ ៩​ឆ្នាំ​មកម្ល៉េះ​។ ពេលនោះ គឺ​រស្មី រើស​សំរាម នៅ​ទីតាំង​ចាក់សំរាម​ចាស់ នៅ​ស្ទឹងមានជ័យ ក្រោយ​ប៉ុស្តិ៍​វិទ្យុជាតិ ដែល​សព្វថ្ងៃ​ក្លាយជា​សំណង់ផ្ទះ​ល្វែង​។ 

.​កន្លែង​រស់នៅ​របស់​គ្រួសារ​កុមារី រស្មី​

​ជីវិត​របស់​កុមារី រស្មី ត្រូវ​រស់ក្នុង​ផ្ទះ​ខ្ទម ដែល​ដំបូល​ប្រក​ស្លឹកត្នោត និង​មាន​គ្រប​ក្រណាត់​កៅស៊ូ​តង់ ស្ថិតនៅ​លើដី ដែល​ជួល​គេ តំលៃ ២​ម៉ឺន​រៀល ក្នុង​មួយខែ​។ ពេលនេះ កុមារី រស្មី ត្រូវ​ជួប​នូវ​ការលំបាក កាន់តែខ្លាំង​ឡើង ព្រោះ​គ្រួសារ​របស់​នាង ត្រូវ​បាត់បង់​កំលាំង អ្នក​ចេញទៅ​រើស​សំរាម ដោយសារតែ​បងថ្លៃ​របស់ រស្មី បាន​ធ្លាក់ខ្លួន​ពិការ ស្វិតជើង ទាំងសងខាង ក្រោយពី​ជួប​គ្រោះថ្នាក់ ធ្លាក់​ពីលើ​ដើមត្នោត កាលពី ៥​ខែ​មុន​។ ម្យ៉ាងទៀត បងស្រី​របស់ រស្មី ទើបតែ​សម្រាលកូន​បាន ២​ខែ ធ្វើ​ឲ្យ​បន្ទុកគ្រួសារ​មួយ​នេះ កាន់តែ​ធ្ងន់​ធ្លាក់​មកលើ​កុមារី រស្មី​។​

​កុមារី គង់ រស្មី បាន​រៀបរាប់​បន្ត​ទាំង​អួលដើមក​ថា "​ពីមុន ទោះបី​ជាមាន​ភ្លៀង ក៏​ខ្ញុំ​នៅតែ​ឈរ​រើស​សំរាម ទាំង​ហាល​ភ្ញៀ​ង​ដែរ គឺ​ប្រឹង​រើស ឲ្យ​បាន​ទើប​ត្រឡប់ មក​ផ្ទះ តែ​ពេលនេះ ខ្ញុំ​នៅ​យូរ មិន​បានទេ ឲ្យ​តែ​ពេល​មាន​ភ្លៀង គឺ​ខ្ញុំ​ប្រញាប់​រត់​មក​ផ្ទះ​វិញ ព្រោះ​ខ្លាច​បងស្រី​របស់ខ្ញុំ ទាស់  ព្រោះ​គាត់ (​បងស្រី​) ទើបតែ​សម្រាលកូន​បានតែ ២​ខែ​។ ពេលនេះ ខ្ញុំ​មក​រើស​តែ​ពីរ​នាក់​បងស្រី​ខ្ញុំ​ទេ​។ ឯ​បងថ្លៃ​របស់ខ្ញុំ គាត់​ធ្លាក់ខ្លួន​ពិការ ដើរ​មិន​រួច​ទេ​"​។​

​រស្មី បាន​ស្រូបយក​ក្លិន​សំរាម ស្អុយរលួយ រហូតដល់​ស៊ាំ​ទៅហើយ​។ ក៏ប៉ុន្តែ​ក្លិន​សំរាម​ស្អុយរលួយ​ទាំងនោះ បណ្តាល​ឲ្យ​កុមារី រស្មី ឈឺក្បាល និង​ក្តៅខ្លួន ជា​ញឹកញាប់​។ ប៉ុន្តែ​ជំងឺ​ទាំងនេះ រស្មី មិនដែល​ទៅកាន់​មន្ទីរពេទ្យ​ព្យាបាល​ទេ​។​

​កុមារី រស្មី លើកឡើងថា "​ពេលដែល​ខ្ញុំ​ឈឺ ខ្ញុំ​មិនដែល​ទៅ​ពេទ្យ​ទេ ព្រោះ​ខ្ញុំ​គ្មាន​លុយ ហើយ​ណាមួយ មន្ទីរពេទ្យ នៅ​ឆ្ងាយ​ពី​ផ្ទះ គ្រាន់តែ​ជិះ​ម៉ូតូឌុប​ទៅ អស់ ៧.០០០ រៀល ទៅ ៨.០០០ រៀល ទៅហើយ​។ ចុះ​ទម្រាំ​មកវិញ គឺ​ខ្ញុំ​គ្មាន​លុយ​ទេ​។ អីចឹង​មានតែ​ទ្រាំ ហើយ​ចេញទៅ​រើស​សំរាម​ទាំង​ឈឺ និង​ទាំង​ជា​ក៏មាន នៅ​ថ្ងៃ​ខ្លះ​"​។​

​កុមារី រស្មី មិនដែល​បានទទួល​ទាន​នូវ​ម្ហូបអាហារ​ឆ្ងាញ់ ដូច​កុមារ​ដទៃទៀត​ទេ​។ ថ្ងៃ​ខ្លះ រស្មី មានតែ​ប្រហុក និង​បាយ​។ ថ្ងៃ​ខ្លះ​អំបិល ក៏មានដែរ ដោយ​កុមារី រស្មី បាន​បញ្ជាក់ថា ម្ហូប​ដែល​ឆ្ងាញ់ សម្រាប់​នាង​នោះ គឺ​សាច់ជ្រូក​ចៀន ឬក៏​សាច់ជ្រូក យកទៅ​ឆា​។ ក្រៅពីនោះ នាង​មិនដែល​ដឹងថា មាន​អ្វី​ឆ្ងាញ់​ជាង​នេះ ទៀត​ទេ​។​

​ក្នុង​សម្លៀកបំពាក់ អាវដៃវែង ពណ៌​ខ្មៅ ខោ​ជើង​ខ្លី​ការ៉ូ មាន​ពណ៌​ចម្រុះ កុមារី រស្មី បាន​ប្រាប់ថា "​សម្លៀកបំពាក់​ភាគច្រើន គឺ​ខ្ញុំ​រើស​ពី​គំនរ​សំរាម យកមក​បោក​ទឹក រួច​យកមក​ពាក់ ហើយ​សម្លៀកបំពាក់​ទាំង​អស់ គឺ​ខ្ញុំ​មិនដែល​ទិញ​គេ​ទេ គឺ​ខ្ញុំ​រើស​វា យក​មកពី​គំនរ​សំរាម​តែប៉ុណ្ណោះ​"​។ 

​មិនមែន​មានតែ​សម្លៀកបំពាក់​ទេ ក្រុមគ្រួសារ​របស់​កុមារី រស្មី ក៏បាន​ប្រើប្រាស់​របស់របរ​ជាច្រើន​ទៀត ដែល​រើស​មកពី​គំនរ​សំរាម ដូចជា ស្លាបព្រា ចាន ឆ្នាំង និង​ផ្តិល​ទឹក ជាដើម​។​

​ទាំង​សម្លៀកបំពាក់ និង​ទាំង​របស់របរ​ប្រើប្រាស់​ទាំងនោះ ត្រូវបាន​កុមារី រស្មី យកទៅ​ដុសលាង​សំអាត សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​
    
​ក្រៅពី​សម្លៀកបំពាក់ និង​របរ​របស់​ប្រើប្រាស់ រស្មី ក៏បាន​រើស​ផ្លែឈើ នៅលើ​គំនរ​សំរាម យកមក​លាង​ទឹក សម្រាប់​ទទួលទាន និង​យកទៅ​ផ្ញើរ​អ្នកផ្ទះ​ក៏មាន​។​

​ផ្ទះ​របស់​កុមារី រស្មី ស្ថិតនៅ​ប្រហែលជា ៣០ ម៉ែត្រ ពី​ផ្លូវ ដែលមាន​ចាក់​ក្រាល​កៅស៊ូ ហើយ​ចុះទៅ​តាមផ្លូវ​ប្រឡាយ​មួយ ដែល​មិនអាច​ជិះ​ម៉ូតូ ឬ​កង់ ចូល​បាន​នៅ​រដូវរ​ស្សា និង​នៅពេល ដែលមាន​ភ្លៀវ​ធ្លាក់​។ នៅ​ទីនោះ មានផ្ទះ​ខ្ទម សង់​ជា​ជួរ នៅលើ​ភ្លឺស្រែ ប្រមាណ​ជា​ជិត ២០ ផ្ទះ​។ ផ្ទះ​ខ្ទម​ទាំងនោះ សង់​ឡើង​ពី​កំទេច​ឈើ បន្ទះ​ឈើ ដោយមាន​ជញ្ជាំង និង​ដំបូល រុំ និង​គ្រប​ដោយ​ក្រណាត់​តង់​កៅស៊ូ​។ ផ្ទះ​ខ្លះ​យក​ផ្ទាំង ឬក៏​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម មក​បិទបាំង​ក៏មាន​។ នៅមុខ​ផ្ទះ​នីមួយៗ គឺ​សុទ្ធ​តែមាន​បាវ​ធំៗ​ជាច្រើន សម្រាប់​ដាក់​សម្ភារៈ​អេតចាយ​។​

.​ពេលវេលា នៅ​សាលារៀន​

​ទោះបីជា​ជីវភាព​រស់នៅ​សព្វថ្ងៃ ស្ថិតក្នុង​ស្ថានភាព​មួយ ដែល​រកបាន​ព្រឹក​ខ្វះ​ល្ងាច និង​ថ្ងៃ​ខ្លះ​ដាច់​ពេល​ទៀត​នោះ ប៉ុន្តែ​ប្អូនស្រី រស្មី មិនបាន​បោះបង់ចោល​នូវ​ការសិក្សា​នោះទេ​។​

​រស្មី រៀន​ថ្នាក់​ទី​៥ នៅ​សាលាបឋមសិក្សា តា​គៀត ស្ថិតក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ដោយ​ត្រូវ​រ៉ាប់រង​ជីវភាព​គ្រួសារ ដោយ​ការ​រើស​សំរាម​យ៉ាងណាក៏ដោយ ក៏​កុមារី គង់ រស្មី មិនបាន​បោះបង់ចោល​ការសិក្សា​នោះទេ​។ នាង​នៅ​បន្ត​ឆ្លៀតពេល​ទៅ​រៀន ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ រស្មី ត្រូវបាន​មិត្ត​ភ័ក្តិ រួម​ថ្នាក់​ម៉ាក់​ងាយ ដោយ​អ្នកខ្លះ គេ​មិន​រាប់អាន និង​លេង​ជាមួយ​នាង​ទេ​។ 

​រម្លឹក​ដល់ពេល​វេលា​នៅ​សាលារៀន រស្មី ទម្លាក់​ទឹកមុខ ហើយ​និយាយ​មួយៗ​ថា “​មាន​មិត្ត​ភ័ក្តិ គេ​ស្អប់ខ្ពើម​ខ្ញុំ​។ គេ​មិន​លេង​ជាមួយ​ខ្ញុំ​ទេ ដោយ​ពួកគេ​ថា ខ្ញុំ​ជា​ក្មេង​រើស​សំរាម​។ កខ្វក់​។ គេ​មិន​លេង​ជាមួយ​ខ្ញុំ​ទេ​។ តែ​មិនមែន​ទាំងអស់​នោះទេ ព្រោះ​នៅ​សាលា​នោះ ក៏មាន​ក្មេង ជា​អ្នក​រើស​សំរាម ទៅ​រៀន​ជាច្រើន​នាក់​ដែរ​”​។​

​កុមារី រស្មី មាន​លុយ​ត្រឹមតែ ៥០០ រៀល ប៉ុណ្ណោះ នៅពេល​ទៅ​រៀន​។ នាង​ត្រូវ​បង់​ឲ្យ​គ្រូ​ចំនួន​ពី ២០០ រៀល ទៅ ៣០០ រៀល ក្នុងពេលដែល​មិត្ត​រួម​ថ្នាក់​ដទៃទៀត ត្រូវ​បង់លុយ ឲ្យ​អ្នកគ្រូ រហូតដល់ ៥០០ រៀល​។  

​ទោះជា​យ៉ាងណាក៏ដោយ ទៅ​ថ្ងៃ​អនាគត កុមារី គង់ រស្មី ចង់​ក្លាយជា គ្រូពេទ្យ​។ បំណងប្រាថ្នា​នេះ ត្រូវបាន រស្មី បញ្ជាក់ថា “​ខ្ញុំ​ធ្លាប់​ឈឺ មិនមាន​លុយ​ព្យាបាល​ជំងឺ ព្រោះ​គ្រូពេទ្យ​ភាគច្រើន ឲ្យ​តែ​ចូល​ពេទ្យ ដឹង​តែ​ត្រូវការ​លុយ​។ គេ​មិនដឹងថា យើង​ជា​អ្នកក្រ​អី​នោះទេ ហើយ​មាន​ប្រជាជន​ខ្លះ មាន​ជំងឺ ខ្ញុំ​ចង់​ព្យាបាល​ពួកគាត់ ឲ្យ​បានជា មិន​ឲ្យ​មាន​ជំងឺ​ផ្សេងៗ និង​មិន​យកលុយ​ទេ​”​។​

.​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ តម្រូវ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ​

​លោក មាស សំណាង អគ្គលេខាធិការ សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​សិទ្ធិ​កុមារ ( ស​.​អ​.​ស​.​ក ) ដែល​ធ្វើការ​ខាង​កុមារ បាន​លើកឡើងថា "​បើ​យើង​និយាយ​ក្នុង​ក្របខណ្ឌ​ប្រទេស​ហត្ថលេខី ក្នុង​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​កុមារ ដែល​កម្ពុជា បានផ្តល់​សច្ចាប័ន នៅ​ឆ្នាំ​១៩៩២ បាន​កំនត់ថា រដ្ឋ​ជា​ភាគី ដែល​រាប់ទាំង​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល  និង​ទាំង​ឪពុកម្តាយ​ក្តី ព្រមទាំង​អង្គការសហប្រជាជាតិ ដែល​ធ្វើការ​ខាង​កុមារ ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ពលកម្ម​កុមារ ដែល​គេ​ហៅថា កុមារ​តាម​ចិញ្ចើមផ្លូវ រួមមាន​៖ កុមារ​លក់​ផ្កា កុមារ​វាយ​សា​រ៉ា​ស្បែកជើង និង​កុមារ​រើស​អេតចាយ លើ​គំនរ​សំរាម ជាដើម​។ ក៏ប៉ុន្តែ​កាតព្វកិច្ច​ដំបូង គឺ​រាជរដ្ឋាភិបាល ត្រូវ​ប្រើប្រាស់​អស់​លទ្ធភាព ដើម្បី​នឹង​ដោះស្រាយ​បញ្ហា​អស់​នេះឯង​។ គេ​អត់​បង្ខំ​ទេ ប៉ុន្តែ​បើសិនជា​រដ្ឋាភិបាល មានលទ្ធភាព គឺ​ត្រូវ​ដោះស្រាយ​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ដោះស្រាយ​បញ្ហា​នឹង​"​។​

​លោក មាស សំណាង បាន​បន្ថែមថា "​បញ្ហា​កុមា​រលក់​ផ្កា បញ្ហា​កុមារ​វាយ​សា​រ៉ា​ស្បែកជើង បញ្ហា​កុមារ​សុំទាន និង​កុមារ​រើស​អេតចាយ ជាដើម ដែល​យើង​ឃើញ​ញឹកញាប់​តាមផ្លូវ​សាធារណៈ​នោះ គឺជា​ទស្សន​របស់ខ្ញុំ​ផ្ទាល់ បញ្ហា​ទាំងអស់នោះ ជាការ​រំលោភបំពាន​ដល់​សិទ្ធិ​កុមារ​។ កុមារ​ត្រូវ​ទទួលបាន​នូវ​ការសិក្សា​រៀនសូត្រ ហើយ​ជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល ត្រូវតែមាន​ធនធាន និង​ត្រូវតែ​ស្វែងរក​ធនធាន ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំងនេះ​។ ក៏ប៉ុន្តែ​ក៏ត្រូវ​តែមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែលមាន​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ក្តី ហើយ​និង​មាតាបិតា​ផង​"​។ 

​លោក មាស សំណាង ក៏បាន​បន្ថែមថា "​បើ​យើង​និយាយ​ពី​មាតាបិតា​របស់​កុមារ គឺ​បើ​គាត់​មានលទ្ធភាព គាត់​មិនមែន​ឲ្យ​កូន​មក​ធ្វើ​អីចឹង​ទេ​។ តែដោយសារ​តែ​គាត់​អត់​លទ្ធភាព ទើប​ឲ្យ​កូន​ជួយ​រកលុយ​ដូច្នេះ​។ អីចឹង បញ្ហា​នេះ យើង​ត្រូវ​រក​ចម្លើយ​ដោយ​ប្រើ​រយៈពេល​យូរ ទាំង​ធនធានមនុស្ស និង​ទាំង​ធនធាន​សម្ភារៈ​សម្រាប់រ​ដ្ឋ​ជា​ភាគី​មួយ ក្នុងការ​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់នេះ​។ ប៉ុន្តែ​ការ​ផ្តល់នូវ​ការអប់រំ​សម្រាប់​កុមារ​នេះ គឺជា​រឿង​សំខាន់​ណាស់ ដែល​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ដើម្បី​ធ្វើ​ម៉េច ដោះស្រាយ​បញ្ហា​កុមារ​តាម​ចិញ្ចើមថ្នល់ ដើម្បី​ឲ្យ​ពួកគេ​បាន​ចូល​សាលារៀន​ទាំងអស់គ្នា និង​ឲ្យ​មានការ​បណ្តុះបណ្តាល​ជំនាញ​ដល់​កុមារ​ទាំងអស់​ផងដែរ​"​។​

.​រាជរដ្ឋាភិបាល ប្រឹងប្រែង​លុបបំបាត់​ពលកម្ម​កុមារ​
​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ទិសដៅ កាត់បន្ថយ​ពលកម្ម​កុមារ មក​ត្រឹម ៨% នៅ​ដំណាច់ឆ្នាំ​២០១៥ និង​គោលដៅ​សាកល នា​ដំណាច់ឆ្នាំ​២០១៦ ក្នុងទិសដៅ​គ្មាន​ទម្រង់​ធ្ងន់ធ្ងរ នៃ​ពលកម្ម​កុមារ​តទៅទៀត នៅ​កម្ពុជា​។​

​ជា​លទ្ធផល​អនុវត្ត​បញ្ចប់​គម្រោង​កម្មវិធី សកម្មភាព​ឆ្ពោះទៅរក​ការបង្កើត​តំបន់​គំរូ គ្មាន​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​ពលកម្ម​កុមារ បាន​បង្ហាញថា តំបន់​មាត់ទន្លេ ក្នុង​រាជធានី​ភ្នំពេញ ជា​តំបន់​គំរូ គ្មាន​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​ពលកម្ម​កុមារ​។​

​លទ្ធផល​ដូច្នេះ ត្រូវបាន​ប្រកាស​ក្នុង​សិក្ខាសាលា​វាយតម្លៃ​នៃ​គម្រោង​កម្មវិធី សកម្មភាព​ឆ្ពោះទៅរក​ការបង្កើត​តំបន់​គំរូ គ្មាន​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​ពលកម្ម​កុមារ នៅ​រាជធានី​ភ្នំពេញ ដែល​បានរៀបចំ​នៅ​សណ្ឋាគារ​សាន់វេ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១២​។​

​គម្រោង​នោះ ទទួលបាន​ការគាំទ្រ​ថវិកា និង​បច្ចេកទេស ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​អនុវត្ត​ដោយ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រាជធានី​ភ្នំពេញ និង​សាលា​រាជធានី​ភ្នំពេញ​។​

​លោក វង សូត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​នោះ​ថា លទ្ធផល​អនុវត្ត​គម្រោង​កម្មវិធី​សកម្មភាព​ឆ្ពោះទៅរក​ការបង្កើត​តំបន់​គំរូ គ្មាន​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​ពលកម្ម​កុមារ នៅ​រាជធានី​ភ្នំពេញ ដែល​លទ្ធផល​នេះ កើតចេញពី​កិច្ចសហការ រវាង​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រាជធានី​ភ្នំពេញ និង​អង្គការ ILO/IPEC​។ នេះ​គឺជា​សក្ខីកម្ម​មួយ ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី វង់ សូត បាន​បញ្ជាក់ថា "​លទ្ធផល​ដ៏​ប្រសើរ​នេះ គឺជា​ការរួមចំណែក ដ៏​មាន​សារៈសំខាន់ ក្នុងទិសដៅ​កាត់បន្ថយ​ពលកម្ម​កុមារ មក​ត្រឹម ៨% នៅ​ដំណាច់ឆ្នាំ​២០១៥ និង​គោលដៅ​សាកល​នា​ដំណាច់ឆ្នាំ​២០១៦ ក្នុងទិសដៅ​គ្មាន​ទម្រង់​ធ្ងន់ធ្ងរ នៃ​ពលកម្ម​កុមារ​តទៅទៀត នៅ​កម្ពុជា​"​។​

​គម្រោង​នោះ មាន​រយៈពេល ២៦​ខែ ចាប់ពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១០ រហូតដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ មាន​ថវិកា​សរុប ១០៨.៩៦០ ដុល្លារ​អាមេរិក ដោយ​អនុវត្ត ២៣ ទិន្នផល មាន​ចំនួន ១៦២ សកម្មភាព នៅក្នុង​សង្កាត់​ចំនួន​១៣ នៃ​ខណ្ឌដូនពេញ មាន ៤​សង្កាត់ ខណ្ឌឫស្សីកែវ មាន​៣​សង្កាត់ ខណ្ឌមានជ័យ មាន ៤​សង្កាត់ និង​ខណ្ឌចំការមន មាន ២​សង្កាត់ អនុវត្ត​ដោយ​អង្គភាព​ចំនួន​៩​គឺ ៖

​គោលដៅ នៃ​គម្រោង​កម្មវិធី​សកម្មភាព គឺ​ធ្វើ​ការងារ​ជាមួយ​កុមារ​ធ្វើ​ពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ នៃ​ពលកម្ម​កុមារ និង​ទម្រង់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត នៃ​ពលកម្ម​កុមារ នៅ​រាជធានី​ភ្នំពេញ ដូចជា​៖

-​កុមារ​សុំទាន កុមារ​រើស​អេតចាយ កុមារ​បម្រើការ​តាម​ផ្ទះ និង​កុមារ​ធ្វើការ​ផ្នែក​សំណង់​

-​កុមារ​បម្រើសេវា​ផ្សេងៗ មាន​កុមា​រលក់​ផ្កា លក់​កាសែត លក់​វត្ថុ​អនុស្សាវរីយ៍ ដុសខាត់​ស្បែកជើង លាង​រថយន្ដ បម្រើ​ក្នុង​ភោជនីយដ្ឋាន ក្លឹប​រាត្រី ខារ៉ាអូខេ​៘​

-​បម្រើ​ផ្លូវ​ផ្លូវភេទ និង​កុមារ​ជួញដូរ ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​៘​

​ទិសដៅ​នៃ​គម្រោង​កម្មវិធី​សកម្មភាព​នោះ គឺ​រួមចំណែក​ពង្រឹងសមត្ថភាព​មន្ត្រី​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ ដើម្បី​ឆ្ពោះទៅ​គោលដៅ​កាត់បន្ថយ​ពលកម្ម​កុមារ​របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៥ និង​គោលដៅ​ជា​សកល​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ក្នុងការ​លុបបំបាត់​ទាំងស្រុង​នូវ​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​ពលកម្ម​កុមារ​នៅ​កម្ពុជា នា​ឆ្នាំ​២០១៦​។​

​ក្រុម​អង្កេត​បាន​រកឃើញថា នៅ​រាជធានី​ភ្នំពេញ កុមារ​កំពុង​ធ្វើ​ពលកម្ម និង​កុមារ​ដែល​ងាយ​រងគ្រោះ​ធ្លាក់ចូល​ពលកម្ម​កុមារ​សរុប​ចំនួន ២.០៩២ នាក់ ក្នុងនោះ ស្ត្រី​មាន​ចំនួន ៩៨៦ នាក់ ស្មើនឹង ៩៤២ គ្រួសារ​។ ក្នុងនោះ មាន​កុមារ កំពុងធ្វើការ​ចំនួន ១.២៣៧ នាក់ ក្មេងស្រី​ចំនួន ៥៤០ នាក់ និង​កុមារ ដែល​ងាយ​រងគ្រោះ​ធ្លាក់ចូល​ពលកម្ម​កុមារ​ចំនួន ៨៥៥ នាក់ ក្មេងស្រី​ចំនួន ៤៤៦​នាក់​៕ 

No comments:

Post a Comment

yes