សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​ធំ អ.ស.ប


ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជាច្រើន ត្រៀម​ចូល​រួម​បាតុកម្ម​អហិង្សា​មួយ នៅ​មុខ​ទីស្នាក់ការ​ធំ​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ក្នុង​ទីក្រុង​ញីវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១២។
បាតុកម្ម​នេះ ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​កម្ពុជា ដែល​មាន​ប្រទេស​ជាច្រើន​ចុះ​ហត្ថលេខា។
អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ឯករាជ្យ​ម្នាក់ រស់នៅ​រដ្ឋ​ម៉ារីឡិន (Maryland) សហរដ្ឋ​អាមេរិក លោក គុច ចាន់លី មាន​ប្រសាសន៍​ថា បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​មុខ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​នេះ ជា​ការ​ទាម​ទារ​មុតមាំ​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់ ព្រោះ​រដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខ្លាំង​ឡើង ដែល​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ទាំង​ស្រុង៖ «ខ្មែរ​យើង​កំពុង​ត្រូវ​គេ​រំលោភ គេ​ឈ្លាន​ពាន។ យើង​មាន​សង្ឃឹម​ទៅ​លើ​សន្ធិ​សញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ហើយ​នៅ​ក្នុង​សន្ធិ​សញ្ញា​ក្រុង​ប៉ារីស នោះ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​លើក​យក​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស នោះ មក​ពិនិត្យ​សា​ឡើង​វិញ ហើយ​ផ្ទៀង​ផ្ទាត់​នូវ​ការ​រំលោភ​មក​លើ​បូរណភាព​ទឹកដី​របស់​ខ្មែរ​យើង។ ហើយ​ម្យ៉ាង​ទៀត យើង​ចង់​ឲ្យ​គេ​សើរើ​ផង​ដែរ​អំពី​ដែន​សមុទ្រ»

លោក​បន្ត​ថា សកម្មជន​ការពារ​ដីធ្លី និង​អ្នក​នយោបាយ​នៅ​កម្ពុជា កំពុង​តែ​បាត់​បង់​សិទ្ធិ​សេរីភាព និង​រង​ការ​គំរាម​កំហែង​ពី​សំណាក់​រដ្ឋ​អំណាច​បច្ចុប្បន្ន។ លោក​សង្ឃឹម​ថា អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​ទាំង​អស់ នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់​លើ​កិច្ច​ព្រមព្រៀង​សន្ធិ​សញ្ញា​ក្រុង​ប៉ារីស ថ្ងៃ​ទី២១ តុលា ឆ្នាំ​១៩៩១ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា។
លោក​ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់ ឲ្យ​ចូល​រួម​ច្រើន​ថែម​ទៀត៖ «អង្គការ​សហប្រជាជាតិ និង​ប៉ូលិស​ក្រុង​ញីវយ៉ក អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ហ្នឹង​ហើយ។ ហើយ​កំពុង​តែ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ហើយ​យើង​មិន​ភ្លេច​ទេ មិន​ចោល​ទេ។ ហើយ​នេះ​ជា​សេចក្តី​សង្ឃឹម​មួយ​ដ៏​ធំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។ ដូច្នេះ​ហើយ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​អញ្ជើញ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា ដែល​នៅ​មាន​ទឹក​ចិត្ត​អាណិត​អាសូរ​ដល់​មាតុភូមិ​របស់​យើង ចូល​រួម​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​ជួយ​អន្តរាគមន៍​របស់​យើង​ផង»
ចំណែក​តំណាង​សមាគម​ខ្មែរ​នៅ​ទីក្រុង​ហ្វីឡាដែលហ្វ្យ៉ា (Philadelphia) លោក មាស ជា ដែល​នឹង​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​ចូល​រួម​បាតុកម្ម​នេះ​ដែរ មាន​ប្រសាសន៍​ថា កម្ពុជា​មិន​អាច​បាត់​បង់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នេះ​ទេ។ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស នឹង​ទាម​ទារ​ឲ្យ​អង្គការ​សហប្រជាជាតិ​ពិនិត្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើង​វិញ នូវ​អ្វី​ដែល​មិន​បាន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស៖«យើង​អំពាវនាវ​ដោយ​ឲ្យ​ប្រទេស​ហត្ថលេខី​មួយ​ចំនួន ដែល​បាន​ទទួល​ស្គាល់​សន្ធិ​សញ្ញា​ហ្នឹង ជំរុញ​ឲ្យ​អនុវត្ត​នូវ​សន្ធិ​សញ្ញា​ហ្នឹង​ឲ្យ​បាន​មួយ​រយ​ភាគ​រយ។ ជាក់​ស្ដែង នៅ​ពេល​ថ្មីៗ​នេះ គឺ​បញ្ហា​អត់​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត»
បាតុកម្ម​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី១៩ ខែ​តុលា ចាប់​ពី​ម៉ោង ៩​ព្រឹក រហូត​ដល់​ម៉ោង ៣​រសៀល នៅ​មុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ញីវយ៉ក។ បាតុករ​ពី ដែល​បាន​ត្រៀម​ចូល​រួម មាន​ដូច​ជា​ពី​រដ្ឋ​ម៉ារីឡិន (Maryland) រ៉ូដអាយឡិន (Rhode Island) ប៉ែនស៊ីលវ័ញ៉ា (Pennsylvania) វឺហ្យីនា (Virginia) ញីវជ័រស៊ី (New Jersey) ញីវយ៉ក (New York) ណតការ៉ូឡាញណា (North Carolina) និង​ពី​ប្រទេស​កាណាដា (Canada) ផង​ដែរ។
បាតុកម្ម​នោះ រៀបចំ និង​ដឹកនាំ​ដោយ​លោក ដួង ម៉ែខល (Michael Duong) រស់នៅ​រដ្ឋ​ម៉ារីឡិន៕

No comments:

Post a Comment

yes