សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

អ្នក​បឹងកក់​និង​បុរីកីឡា​ដាក់​ញត្តិ​ទៅ​ប្រទេស​ម្ចាស់​ជំនួយ​ជួយ​អន្តរាគមន៍


អ្នក​ភូមិ​បឹងកក់ និង​អ្នក​ភូមិ​បុរីកីឡា ជាង ១០០​នាក់ នាំ​គ្នា​យក​ញត្តិ​ទៅ​ជូន​ប្រទេស​ម្ចាស់​ជំនួយ សុំ​ឲ្យ​ប្រទេស​ទាំង​នោះ ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះ​លែង​សកម្មជន​តវ៉ា​ដីធ្លី​ទាំង​ពីរ​នាក់​របស់​ពួក​គេ គឺ​លោកស្រី យ៉ោម បុប្ផា សកម្មជន​នៅ​តំបន់​បឹងកក់ និង​លោកស្រី ទឹម សាក់មុន្នី សកម្មជន​នៅ​តំបន់​បុរីកីឡា។
RFA/Vichey Anandh
សកម្មភាព​អ្នក​បឹងកក់ តវ៉ា​សុំ​ប្រទេស​ម្ចាស់​ជំនួយ​ធ្វើ​អន្តរាគមន៍ ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី និង​បញ្ហា​ឃុំ​ខ្លួន​អ្នក​តំណាង​របស់​ពួក​គេ នៅ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្បែរ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១២។
អ្នក​ទាំង​ពីរ​នាក់ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី៤ និង​៥ កញ្ញា។ ក្រុម​អ្នក​តវ៉ា បាន​សុំ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ទាំង​នោះ ជំរុញ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ និង​គោរព​កិច្ច​សន្យា​សង់​អគារ​ពីរ​ខ្នង​បន្ថែម នៅ​តំបន់​បុរីកីឡា ឲ្យ​ពួក​គាត់។
តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី មាន​ប្រសាសន៍​កណ្ដាល​ហ្វូង​នៃ​បាតុករ ដែល​ឈរ​ស្រែក​អំពាវនាវ​នា​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្បែរ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ ថា ការ​ប្រមូល​គ្នា​របស់​អ្នក​បឹងកក់ និង​បុរីកីឡា មក​ឈរ​ស្រែក​អំពាវនាវ​នេះ ដោយ​លោកស្រី​សង្ឃឹម​ថា ប្រទេស​ម្ចាស់​ជំនួយ​ឮ​ពាក្យពេចន៍​របស់​ក្រុម​ពលរដ្ឋ​រងគ្រោះ​នៃ​តំបន់​ទាំង​ពីរ ដែល​ដង្ហោយ​ហៅ​រក​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់ កំពុង​តែ​ជួប​ប្រទះ និង​ទទួល​រង​នូវ​ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ជាពិសេស មន្ត្រី​សាលា​រាជធានី​ភ្នំពេញ។

លោកស្រី ទេព វន្នី៖ «ត្រូវ​ការ​ឲ្យ​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​មាន​តួនាទី​ជា​អ្នក​ការពារ​ជាតិ ការពារ​ប្រជាពលរដ្ឋ​នេះ​ឲ្យ​គាត់​ធ្វើ​ការ​បម្រើ​ពួក​ខ្ញុំ ប៉ុន្តែ ជាក់​ស្ដែង​គេ​ទុក​ពួក​ខ្ញុំ​ចោល​ដូច​កូន​តែលតោល​គ្មាន​ម៉ែ​គ្មាន​ឪ ថ្ងៃ​ណា​ត្រូវ​គេ​ចង់​វ៉ៃ គេ​វ៉ៃ​ពួក​ខ្ញុំ គេ​ចាប់ គេ​ចាប់​ពួក​ខ្ញុំ»
លោកស្រី ទេព វន្នី រៀបរាប់​ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មិន​ត្រឹម​តែ​មិន​គោរព​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​បាន​ផ្ដល់​ដី ១២,៤៤​ហិកតារ ដល់​អ្នក​ភូមិ​បឹងកក់ នោះ​ទេ តែ​មន្ត្រី​ទាំង​នោះ​តែង​ព្យាយាម​ប្រើ​មធ្យោបាយ​ផ្សេងៗ ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ភូមិ​ទៀត​ផង។ ជាក់​ស្ដែង សកម្មជន​ពីរ​នាក់ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់។
ហេតុ​នេះ លោកស្រី​ជឿ​ថា បន្ទាប់​ពី​ប្រទេស​ម្ចាស់​ជំនួយ​ឮ​សូរ​សព្ទ​រៀបរាប់​ពី​ទុក្ខ​កង្វល់​ទាំង​នេះ​ហើយ ពួក​គេ​ទទួល​យក​ញត្តិ​របស់​អ្នក​ភូមិ​ទាំង​ពីរ​យក​ទៅ​ពិចារណា និង​ជំរុញ​រដ្ឋាភិបាល​ឲ្យ​បញ្ជា​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ទៅ​តាម​អនុក្រឹត្យ និង​កិច្ច​សន្យា​ដែល​បាន​ដាក់​ចេញ និង​ព្រមព្រៀង​គ្នា​នា​ពេល​កន្លង​មក ព្រម​ទាំង​បញ្ឈប់​មន្ត្រី​ក្រោម​ឱវាទ និង​ក្រុមហ៊ុន​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឈ្នាន់ ចាប់​សកម្មជន​របស់​ពួក​គេ​ដាក់​ពន្ធនាគារ។
ជាមួយ​គ្នា​នេះ អ្នក​ភូមិ​បុរីកីឡា ឈ្មោះ ឆាយ គឹមហ៊ន មាន​ប្រសាសន៍​ថា ការ​ជួប​ប្រជុំ​គ្នា​នៃ​ប្រទេស​ម្ចាស់​ជំនួយ នៅ​ថ្ងៃ​ទី២៦ កញ្ញា ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា ក្នុង​ការ​សុំ​ឲ្យ​ប្រទេស​ទាំង​នោះ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះ​លែង​លោកស្រី ទឹម សាក់មុន្នី និង​លោកស្រី យ៉ោម បុប្ផា។ បន្ថែម​លើ​នេះ លោកស្រី​បញ្ជាក់​ថា បើ​ទោះ​បី​លោកស្រី​ខំ​ដើរ​ស្រែក​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ណា​ក៏ដោយ ក៏​រដ្ឋាភិបាល​ហាក់​ធ្វើ​មិន​ដឹង មិន​ឮ​នឹង​ទុក្ខ​លំបាក​របស់​អ្នក​ភូមិ​ឡើយ ហេតុ​នេះ លោកស្រី​គិត​ថា ប្រទេស​ម្ចាស់​ជំនួយ​ទំនង​ជា​អាច​ជួយ​ជំរុញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​អ្នក​ភូមិ​ទាំង​ពីរ ដើម្បី​បញ្ចប់​ជម្លោះ។
ទោះ​យ៉ាង​ណា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​អធិបតេយ្យ​ភាព ដូច្នេះ រឿង​រ៉ាវ​នៃ​ប្រទេស​នេះ គ្មាន​ប្រទេស​ណា ឬ​អង្គការ​ណា​មួយ​អាច​ដោះស្រាយ​ជំនួស​បាន​ឡើយ។ បន្ថែម​លើ​នេះ លោក​អះអាង​បន្ត​ថា បញ្ហា​របស់​អ្នក​បឹងកក់ និង​បុរីកីឡា នេះ ចាំបាច់​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ។
ចំណែក​ឯ​បញ្ហា​អ្នក​បឹងកក់ កន្លង​មក មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ដោះស្រាយ​ជា​ហូរហែ ហើយ​អ្នក​ភូមិ​ដែល​នៅ​សេសសល់​ចំនួន ៦៤គ្រួសារ ដែល​មិន​ទាន់​បាន​ដោះស្រាយ​នោះ មន្ត្រី​សាលា​ក្រុង​នឹង​ដោះស្រាយ​ជា​បន្ត​ទៀត៖ «អ្វី​ដែល​ចង្អុល​បង្ហាញ​តាម​រដ្ឋធម្មនុញ្ញ គឺ​ចង្អុល​បង្ហាញ​ទៅ​តាម​អ្វី​ដែល​យើង​ធ្លាប់​ប្រតិបត្តិ​ទៅ​តាម​តុលាការ​កម្ពុជា ដូច្នេះ នៅ​ក្នុង​ន័យ​នេះ គ្មាន​ប្រទេស​ណា​មួយ អង្គការ​ណា​មួយ ដែល​អាច​រក​ខុស​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​រឿង​អ្វីៗ​ទាំង​ឡាយ​ទាំង​ពួង ក្រៅ​ពី​តុលាការ​ខ្មែរ»
ផ្ទុយ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នេះ ក្រុម​អង្គការ​ឃ្លាំ​មើល និង​សង្កេតការណ៍​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​៨ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ កាល​ពី​ថ្ងៃ​ទី២៥ កញ្ញា សុំ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​ធ្វើ​យ៉ាង​ណា ជំរុញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ជាពិសេស ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោកស្រី យ៉ោម បុប្ផា លោកស្រី ទឹម សាក់មុន្នី ដែល​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី៤ និង​៥ កញ្ញា។ ព្រោះ​ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​នេះ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។
អង្គការ​អន្តរជាតិ​ទាំង​៨ នោះ មាន​អង្គការ​វេទិកា​អាស៊ី​សម្រាប់​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ (Asian Forum for Human Rights and Development) អង្គការ​ការពារ​សិទ្ធិ​ពលរដ្ឋ (Civil Rights Defenders) អង្គការ​ហ្រ្វីដឹម ហោស  (Freedom House) និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ជាដើម។
ស្រប​គ្នា​នេះ​ដែរ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរិយ៉ា ស៊ូប៊ែរឌី (Soriya, P.Subedi) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន ស្ដីពី​ផល​ប៉ះពាល់​ដោយ​សារ​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី២៥ នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថា ពលរដ្ឋ​ដែល​ទទួល​ផល​ប្រយោជន៍​ពី​ការ​ផ្ដល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​វិនិយោគ​នោះ មាន​តិច​តួច តែ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​វិញ គឺ​មាន​ច្រើន។
បន្ថែម​លើ​នេះ របាយការណ៍​នេះ​បង្ហាញ​ទៀត​ថា កត្តា​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ បណ្ដាល​មក​ពី​មន្ត្រី​របស់​រដ្ឋាភិបាល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដល់​ឆ្អឹង ចាប់​តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​មូលដ្ឋាន ដោយ​ពួក​គេ​មិន​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី​តាម​គោល​នយោបាយ និង​ច្បាប់​របស់​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នោះ​ឡើយ៕

No comments:

Post a Comment

yes