សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 3, 2012

កម្មករ​រោង​ចក្រ​ពីរ ជិត​២០០​នាក់​បាន​ដួល​សន្លប់


ភ្នំពេញៈ កម្មករ​កាត់​ដេរ​ជិត​២០០​នាក់​នៅ​រោងចក្រ​ចំនួន​ពីរ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ដួល​សន្លប់​កាល​ពី​ចុង​សប្តាហ៍។ កម្មករ​និង​សហជីព​បាន​និយាយ​ថា ការ​ដួល​សន្លប់​នេះ​គឺ​បណ្តាល​មក​ពីជាតិ​គីមី​ដែលគេ​បាញ់​ទៅ​លើ ក្រណាត់​របស់​រោង​ចក្រ ប៉ុន្តែ​ភាគី​រោង​ចក្រ​និយាយ​ថា គឺ​បណ្តាល​មក​ពី​បរិយា​កាស​ក្នុង​រោង​ចក្រ។
អ្នកនាង អ៊ំ លីណា មន្រ្តី​សហជីព​សេរី​កម្មករ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា មាន​កម្មករ​ជាង ១០០​នាក់​នៅ​រោង​ចក្រ Hi Fashion Co. Ltd ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​ដួល​សន្លប់​រយៈ​ពេល​ពីរ​ថ្ងៃ។
អ្នកនាង​ថ្លែង​បន្ត​ថា ៖ «កម្មករ​បាន​ប្រាប់​ខ្ញុំ​កាល​ពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​ធំ​ក្លិន​ជាតិ​គីមី​បាញ់​ទៅ​លើ​សាច់​ក្រណាត់ ដែល​ជា​មូល​ហេតុ​បណ្តាល​ឲ្យ​ពួក​គេ​ដួល​សន្លប់​បន្ត​បន្ទាប់​គ្នា»។
អ្នកនាងបាន​ថ្លែង​បន្ត​ទៀត​ថា កម្មករ​នៅ​រោង​ចក្រ Hi Fashion បាន​ដួល​សន្លប់​រយៈ​ពេល​បី​ដង នៅ​ពេល​ព្រឹក​ម្តង ពេល​រសៀល​ម្តង និង​ពេល​ល្ងាច​ម្តង ហើយ​បន្ទាប់​មក​ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រដ្ឋ និង​គ្លិនិក​ឯក​ជន​ដើម្បី​ជួយ​សង្គ្រោះ។

អ្នកនាង អ៊ំ លីណា បាន​បញ្ជាក់​ទៀត​ថា មាន​មូល​ហេតុ​ចំនួន​ពីរ​ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​ដួល​សន្លប់ ទីមួយ​គឺ​បណ្តាល​មក​ពី​ធំ​ក្លិន​ជាតិ​គីមី​ពីសាច់​កំណាត់ និង​ទីពីរ​ដោយ​សារ​រោង​ចក្រ​មិន​បាន​សែន​ម្ហូប​អាហារ​ឲ្យ​អ្នក​តា​ក្នុង អំឡុង​សែន​ក្បាល​ទឹក។
អ្នកនាង​បាន​បន្ត​ថា៖ «សហជីព​របស់​យើង​នឹង​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​ដួល​សន្លប់ នេះ ហើយ​បញ្ជូន​របាយ​ការណ៍ ទៅ​មន្រ្តី​រដ្ឋា​ភិបាល និង​ក្រសួង​ពាក់​ព័ន្ធ​ដើម្បី​ឲ្យ​ពួក​គេ​គ្រប់​គ្រង​ស្ថាន​ភាព​នៃ​ការ ដួល​សន្លប់​របស់​កម្មករ»។
កម្មករនៅ​រោង​ចក្រ Hi Fashion ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ដែរ​ថា បង​ប្អូន​របស់​នាង​បាន​ដួល​សន្លប់​យ៉ាង​ធ្ងន់ធ្ងរ កាលពី​ថ្ងៃ​សុក្រ ហើយ​មិន​ទាន់​ធូរ​ស្បើយ​នៅ​ឡើយ​ទេ មក​ដល់​ពេល​នេះ។
នាងបន្តទៀត​ថា​៖ «ខ្ញុំ​បាន​បញ្ជូន​បង​ប្អូន​ស្រី​របស់​ខ្ញុំ​ទៅ​មន្ទីរ​ពេទ្យ​ព្រះ កុសុមៈ​ដើម្បី​ទទួល​ការ​ព្យាបាល និង​បាន​សម្រាក​នៅ​មន្ទីរ​ពេទ្យ​នោះ​អស់​មួយ​យប់ ទើប​បាន​នាំ​យក​នាង​មក​ផ្ទះ​វិញ កាល​ពី​ថ្ងៃសៅរ៍។ គ្រូពេទ្យ​បាន​ព្យួរ​សេរ៉ូម​ឲ្យ​នាង​ប្រហែល​៧​ផ្លោក ហើយ​នៅ​ផ្ទះ​យើង​បាន​ដាក់​សេរ៉ូម​ឲ្យ​នាង​បន្ថែម​ទៀត ប៉ុន្តែ នាង​មិន​ទាន់​ក្រោក​ដើរ​បាន​នៅ​ឡើយ»។
នាង​បន្ត​ទៀត​ថា បង​ប្អូន​របស់​នាង​បាន​ទៅ​ធ្វើ​ការ​កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ មាន​កម្មករ​ប្រហែល​៥០​នាក់ បាន​បន្ត​ដួល​សន្លប់​ជាថ្មី​ម្តង​ទៀត។
កម្មការិនី រូប​នេះ បាន​អះអាង​ទៀត​ថា៖ ​«មាន​កម្មករ​ជាង​១០០​នាក់ បាន​ដួល​សន្លប់​ក្នុង​រយៈ​ពេលពីរ​ថ្ងៃ​នៅ​រោង​ចក្រ​របស់​ខ្ញុំ។ បរិស្ថាន​នៅ​ក្នុង​រោង​ចក្រ​មាន​ភាព​អាប់​អួ ក្តៅ និង​ធំ​ក្លិន​អាក្រក់​ពី​កំណាត់»។ នាងបាន​បន្ថែម​ទៀត​ថា នាង​បាន​ប្រាប់​ទៅ​មន្រ្តី​រោងចក្រ​កាល​ពីរ​បី​ថ្ងៃ​មុន ពី​មុន​ពេល​កម្មករ​ដួល​សន្លប់ អំពី​ការ​ធំ​ក្លិន​ពី​ក្រណាត់​ដែល​បាន​ឲ្យ​អ្នក​នាង​មាន​សុខ​ភាព ខ្សោយ ប៉ុន្តែ រោង​ចក្រ​មិន​ខ្វល់​នឹង​អ្វី​ដែល​នាង​បាន​ប្រាប់​គេ​នោះ​ទេ។
នាង បន្តថា ៖ «ខ្ញុំ​ចង់​ស្នើ​សុំ​ឲ្យ​រោង​ចក្រ​រៀបចំ​បន្ទប់​ការ​ងារ​ឲ្យ​មាន ខ្យល់​អា​កាស​គ្រប់​គ្រាន់​និង​មិន​ត្រូវ​ផ្តល់​ការ​ងារ​ច្រើន​ហួស​ឲ្យ កម្មករ​នោះ​ទេ និង​មិន​ត្រូវ​បង្ខំ​កម្មករ​ឲ្យ​ធ្វើ​ការ​ងារ​ថែម​ម៉ោង»។ «ខ្ញុំ​បារម្ភ​ថា ការ​ដួល​សន្លប់​នឹង​កើត​មាន​ទៀត​នៅ​ពេល​យើង​ចូល​ធ្វើ​ការ​វិញ»។
លោក ហេង វីរៈ ប្រធាន​រដ្ឋបាល​នៅ​រោង​ចក្រ Hi Fashion Co., Ltd បាន​ថ្លែង​ពី​ម្សិល​មិញ​ថា ​មូល​ហេតុ​ដែល​កម្មករ​ដួល​សន្លប់ គឺ​ដោយ​សារ​តែពុំ​មាន​ខ្យល់​អាកាស​ចេញ​ចូល​គ្រប់​គ្រាន់​នៅ​ក្នុង​រោង ចក្រ។
លោក​បាន​បន្ត​ថា៖ «ដោយ​សារ​បរិយា​កាស​នៅ​ក្នុង​រោង​ចក្រ​មិនល្អ និង​អាប់​អួ ទើប​បាន​បណ្តាល​ឲ្យ​កម្មករ​ដួល​សន្លប់ ប៉ុន្តែ​ឥឡូវ​នេះ យើង​កំពុង​រៀប​ចំ​កន្លែង​ការ​ងារ ដោយ​ដាក់​កង្ហារ​ច្រើន​ជាង​មុន និង​ធ្វើ​ការ​សម្អាត​នៅ​ក្នុង​រោង​ចក្រ»។ លោក​បន្ថែម​ថា វា​គ្មានធំ​ក្លិន​ជាតិ​គីមី​នៅ​ក្នុង​រោង​ចក្រ​នោះ​ទេ។
លោក អះអាង​ថា រោង​ចក្រ​មិន​ជឿ​លើ​អបិយ​ជំនឿ​ទេ ប៉ុន្តែ រោង​ចក្រ នឹងសែន​ម្ហូប​អាហារ​ឲ្យ​អ្នក​តា​នៅ​រក្សា​ក្នុង​រោង​ចក្រ។
លោកបន្ត​ទៀត​ថា ៖ «យើង​បាន​ឲ្យ​កម្មក​​ឈប់​សម្រាក​ការ​ងារ ហើយ​ពួកគេ​នឹង​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​អង្គារ»។
លោក ប៉ុក វ៉ាន់​ថាត ប្រធាន​នាយក​ដ្ឋាន​ពេទ្យ​ការ​ងារ នៃ​ក្រសួង​ការ​ងារ បាន​ថ្លែង​ថា បុព្វ​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ដួល​សន្លប់​នេះ មិន​មែន​មក​ពី​ការ​ពុល​នោះ​ទេ ប៉ុន្តែ គឺ​ដោយ​សារ​សុខ​ភាព​របស់​កម្មករ​និង​ខ្យល់​អាកាស​ចេញ​ចូល​នៅ​ក្នុង​រោង​ចក្រ​មិន​គ្រប់​គ្រាន់។
ទន្ទឹម​នេះ កម្មករ​ចំនួន ៣៦ នាក់​រោង​ចក្រ Conpress Holding Industrial Co., Ltd. ក្នុង​ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ក៏បាន​ដួល​សន្លប់​ដែរ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ។
កម្មការិនី មាស សុផល ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មាន​កម្មករ​ ​២៩​នាក់ បាន​ដួល​សន្លប់ បន្ទាប់​មក មាន​កម្មករ​ចំនួន​៧​នាក់​បន្ថែម​ទៀត​បាន​ដួល​សន្លប់។
នាងបន្តថា ៖ «មូល​ហេតុ​នៃ​ការ​ដួល​សន្លប់​នេះ គឺ​ដោយ​សារ​តែ​ខ្យល់​អាកាស​អាប់​អួ ក្តៅ និង​ក្លិន​អាក្រក់​នៅ​ក្នុង​កន្លែង​ការងារ»​នាង​ថា កម្មករ​នឹង​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃចន្ទ៕ 

No comments:

Post a Comment

yes