ភ្នំពេញ ៖ កម្មករកម្មការិនីប្រមាណជិត២០០នាក់បាននាំគ្នាធ្វើកូដកម្មតវ៉ាមិនព្រមចូលធ្វើការដោយសារតែម្ចាស់ក្រុមហ៊ុនមិនអនុញ្ញាតឱ្យឈប់សំរាកទៅចុះឈ្មោះបោះឆ្នោតធ្វើអត្ដសញ្ញាណប័ណ្ណនិងកាត់ប្រាក់ខែ ឬធ្វើការសងជំនួសវិញនោះ ។
ករណីកម្មករកម្មការិនីបានធ្វើការតវ៉ានេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅចំណុចរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលការតវ៉ារបស់កម្មករ កម្មការិនីពុំទាន់ឃើញមានសមត្ថកិច្ចនិងអាជ្ញាធរ ឬមន្ដ្រីពាក់ព័ន្ធណាមួយមកចូលរួមដោះស្រាយរវាងកម្មករ កម្មារិនីនិងម្ចាស់រោងចក្រនៅឡើយទេ ។
កម្មករ ពិន រដ្ឋា បានឱ្យដឹងថា ថៅកែរោងចក្រនិងអ្នកមើលការខុសត្រូវដែលគេប្រើសម្ដីអសុរស ប្រមាថមើលងាយមកលើកម្មករ ក្នុងនោះសូម្បីតែខាងក្រសួងសង្គមកិច្ចអតីតយុទ្ធនិងយុវនីតិសម្បទាបានចុះមកណែនាំតំណាងក្រុមហ៊ុន ត្រូវតែអនុញ្ញាតច្បាប់ឱ្យកម្មករ កម្មការិនីឈប់ទៅចុះឈ្មោះបោះឆ្នោត ធ្វើអត្ដសញ្ញាណប័ណ្ណ ច្បាប់៣ថ្ងៃដោយមិនកាត់ប្រាក់ខែ ប៉ុន្ដែខាងក្រុមហ៊ុននៅតែកាត់ប្រាក់ខែ និងតម្រូវឱ្យធ្វើសងម៉ោងដដែល ។
ពិន រដ្ឋា បានបន្ដថា រូបគេបានតវ៉ាដើម្បីកុំឱ្យក្រុមហ៊ុនកាត់ប្រាក់ខែ ប៉ុន្ដែរងនូវការបណ្ដេញញពីម្ចាស់ក្រុមហ៊ុនមិនអនុញ្ញាតឱ្យចូលធ្វើការ រួមទាំងប្រពន្ធរបស់គាត់ម្នាក់ទៀតផង ។
កម្មករកម្មការិនីជាច្រើនបាននិយាយថា ក្រុមហ៊ុននេះប្រហែលជាគ្មានច្បាប់អនុញ្ញាត ដោយសារគ្មានការលើកស្លាកសញ្ញាក្រុមហ៊ុន ក៏ដូចជាការបំពេញការងាររបស់កម្មករ គ្មានម៉ោងឈប់សំរាកច្បាស់លាស់ ដូច្នេះពួកគេសូមឱ្យអាជ្ញាធរពាក់ព័ន្ធមេត្ដាចុះមកពិនិត្យនិងធ្វើការដោះស្រាយ ឱ្យពួកគេទទួលបានការឈប់សំរាកសម្រាប់ថ្ងៃបុណ្យទាន ទៅចុះឈ្មោះបោះឆ្នោតនិងធ្វើអត្ដសញ្ញាណប័ណ្ណ ហើយម្ចាស់រោងចក្រត្រូវគោរពច្បាប់ការងារ៕
No comments:
Post a Comment
yes