ភ្នំពេញៈ បុរស៥នាក់ និងអ្នកបើកបររថយន្តម្នាក់ ដែលស្លៀកដណ្តប់បែបលោកសង្ឃ ដោយគ្មានសិទ្ធិត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន និងកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយសារតែជនទាំងនេះធ្វើ ខូចនូវតម្លៃព្រះពុទ្ធសាសនា ក្នុងនោះដែរ នគរបាលធ្វើការឆែកឆេរឃើញ វត្ថុតាងជាក់ស្តែងនូវស្បង់ចីវ បាត្រ ឆ័ត្រនិងឃាត់រថយន្តពីរគ្រឿង ដែលជាមធ្យោបាយធ្វើដំណើរ កាលពីវេលាម៉ោង៨និង៤៥នាទីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ភូមិត្រពាំងថ្លឹង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនទាំង៦រូបនេះទី១មានឈ្មោះ ជីម ណាត ភេទប្រុស អាយុ២៧ឆ្នាំ ទី២ឈ្មោះ សន ណាក់ ភេទប្រុសអាយុ៣៦ឆ្នាំ ទី៣ឈ្មោះ សន សុណៃ ភេទប្រុស អាយុ៣៣ឆ្នាំ ទី៤ ឈ្មោះ សន សំអូន ភេទប្រុស អាយុ៣២ឆ្នាំ ទី៥ឈ្មោះ ទូច ណែត ភេទប្រុស អាយុ២៥ឆ្នាំ និងទី៦ ឈ្មោះ បឿន ធី ភេទប្រុស អាយុ២៣ឆ្នាំអ្នកទាំងអស់ស្នាក់នៅផ្ទះជួលភូមិអណ្តូងទី៣ សង្កាត់គោករកា ខណ្ឌពោធិ៍ សែនជ័យ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង ។
ក្នុងនោះដែរនគរបាល ធ្វើការឆែកឆេររកឃើញវត្ថុតាងជាក់ស្តែង ស្បង់ចីវចំនួន៥ឈុត ឆ័ត្រសម្រាប់បាំងដើរបិណ្ឌបាត្រ ចំនួន១១និងបាត្រ៩ និងរថយន្តពីរគ្រឿងជា មធ្យោបាយធ្វើដំណើរ មួយគ្រឿងម៉ាកកូរ៉ូឡាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6252 និងមួយគ្រឿងទៀត ម៉ាកកូរូឡាដូចគ្នាពាក់ស្លាកលេខ កំពង់ចាម 2A-0245 ។
លោកបានបន្តទៀតថា ដោយសារតែមានការសហការ រវាងប្រជាពលរដ្ឋ និងនគរបាលមូលដ្ឋានបានល្អទើបឈានទៅឃាត់ខ្លួន ក្រុមសង្ឃក្លែងក្លាយទាំងនេះបាន ហើយក្រុមទាំងនេះ លោកបានធ្វើការស្រាវជ្រាវ អស់រយះពេលយូរណាស់មកហើយដែរ។ ប៉ុន្តែនៅពេលកើតហេតុ គឺដោយសារតែកម្លាំងនគរបាល របស់លោកនៅសង្កាត់ក្រាំងធ្នង់ ដើរល្បាតក្នុងមូលដ្ឋានប្រទះឃើញរថយន្តទាំងពីរគ្រឿងខាងលើនេះ ដូចដែលភិនភាគប្រជាពលរដ្ឋបានរាយការណ៍ក៏ឃាត់ដើម្បីពិនិត្យមើលឃើញវត្ថុតាងជាក់ស្តែង សម្រាប់ធ្វើសកម្មភាពក្លែងជាសង្ឃ ដើម្បីបោកប្រាស់ប្រ ជាពលរដ្ឋ រួចក៏ឃាត់ទាំងរថយន្ត ទាំងមនុស្សបញ្ជូនមកកាន់អធិការដ្ឋានតែម្តង។ក្នុងនោះដែរ៥នាក់គឺជាសង្ឃក្លែងក្លាយ និងម្នាក់ជាអ្នកបើកបរស៊ីឈ្នួលដឹកដើរបិណ្ឌបាត្រ។ហើយបន្ទាប់ពីធ្វើការសាកសួរជនទាំង៦នាក់នោះបានសារភាពថា គេពិតជាបានស្លៀកស្បង់ចីវ ដើម្បីបិណ្ឌបាត្រពិតប្រាកដមែន។
លោក ប៊ន សំអាត បានបន្តទៀតថា ជនទាំងអស់នេះគឺធ្វើឲ្យខូចនូវតម្លៃព្រះពុទ្ធសាសនាខែ្មរយើង បានដើរធ្វើសកម្មភាពបិណ្ឌបាត្របោកប្រាសប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់របស់ពួកគេ ដែលជាទង្វើមួយដែលសង្គមមិនទទួលស្គាល់ ហើយក្រុមទាំងនេះបច្ចុប្បន្នត្រូវកម្លាំងនគរបាល របស់កំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូន ទៅកាន់តុលាការចាត់ការទៅ តាមនីតិវិធីនៃច្បាប់ ៕
No comments:
Post a Comment
yes