ពលរដ្ឋបឹងកក់និងបុរីកីឡា២០០នាក់ស្រែកតវ៉ាមុខតុលាការភ្នំពេញ
ភ្នំពេញៈនៅក្រោមដំណក់ភ្លៀងកំពុងធ្លាក់ ពលរដ្ឋក្នុងសហគមន៍បឹងកក់ និងបុរីកីឡា ប្រមាណជាង២០០នាក់ កាលពីព្រឹកថ្ងៃអង្គារនេះបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា នៅមុខតុលាការរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែងសមាជិកសហគមន៍ របស់ពួកគេ ឲ្យមានសេរីភាពឡើងវិញ ក្រោយពីត្រូវបានចាប់ឃុំខ្លួននៅគុកព្រៃសជាងបីសប្តាហ៍កន្លងមកនេះ។
អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៤ ខែ កញ្ញា ខណៈគាត់និងប្ដីរបស់គាត់នាំគ្នាទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់ស្រះចក ហើយក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមកគាត់ត្រូវបានតុលាការរាជធានីភ្នំពេញ បង្គាប់ឲ្យបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅគុកព្រៃស ដោយចោទប្រកាន់ពីបទ«ហឹង្សាដោយចេតនា» ។ មួយថ្ងៃបន្ទាប់មក តំណាងជនរងគ្រោះក្នុងជម្លោះដីធ្លីក្នុងសហគមន៍បូរីកីឡា អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានតុលាការដដែលនេះ បង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ននៅគុកព្រៃសផងដែរ ដោយចោទប្រកាន់ ពីបទ« ប្រកាសខ្លែងបន្លំការពិត» ក្រោយពីគាត់ត្រូវបានកោះឲ្យចូលបំភ្លឺចំពោះបណ្ដឹងចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» របស់អ្នកស្រីស៊ុយ សុផាន។
នៅឯកន្លែងប្រមូលផ្ដុំ ក្រុមអ្នកតវ៉ា ដែលបាននាំមកជាមួយនូវអំបិល ប្រហុក ម្ទេស អង្ករ ទាន ធូប និងបាយសីផងនោះ បានរៀបចំពិធីកោសក់ ឲ្យកូនប្រុសរបស់ស្ត្រីជាប់ឃុំទាំងពីរខាងលើ ដែលម្នាក់ជាជនពិការនិយាយមិនរួច និងមានជំងឺជាប់ខ្លួន និងម្នាក់ទៀតមានវ័យ៧ឆ្នាំ ដើម្បីបួងសួងដល់ទេវតា ជួយបន្ទន់ចិត្តអាជ្ញាធរពាក់ព័ន្ធទាំងអស់ឲ្យអាណិតអាសូរ និងដោះលែងអ្នកម្ដាយរបស់ពួកគេមកវិញ។
កូនប្រុសអ្នកស្រី យ៉ោម បុប្ផា កុមារា លួស លីហួរ អាយុ៧ឆ្នាំ ដែលបានកោសក់នៅពេលនោះ បាននិយាយទាំងយំរដឺតរដកថា៖«ខ្ញុំចង់ឲ្យម៉ាក់ខ្ញុំត្រឡប់មកផ្ទះវិញ...ខ្ញុំនឹកគាត់»។
ឳពុករបស់កុមារានេះ លោក លួស សាខន ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការទាក់ទងនិងបទចោទប្រកាន់ដូចគ្នានឹងប្រពន្ធរបស់គាត់អ្នកស្រី យ៉ោម បុប្ផា ដែរនោះ បាននិយាយដោយចាត់ទុក ការឃុំខ្លួនភរិយារបស់គាត់ថាជាអំពើ«អយុត្តិធម៌» និងទាមទារឲ្យតុលាការនេះដោះលែងប្រពន្ធគាត់ជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌអ្វីទាំងអស់។
លោកបានថ្លែងថា៖«ខ្ញុំគិតថា ការចាប់ឃុំខ្លួននិងការចោទប្រកាន់ភរិយាខ្ញុំ គឺជាអំពើអយុត្តិធម៌បំផុត ព្រោះពួកយើងមិនបានប្រព្រឹត្តដូចដែលអ្វីគេចោទប្រកាន់នោះទេ»។
ជាមួយគ្នានោះដែរ ពលរដ្ឋរងគ្រោះក្នុងតំបន់បុរីកីឡា អ្នកស្រី ជុំ ង៉ាន់ បាននិយាយថាអាជ្ញាធរ និងតុលាការ មិនបានផ្ដោតការយកចិត្តទុកដាក់ ចំពោះពួកគាត់ ដែលជាប្រជាពលរដ្ឋក្រីក្រ និងដែលរងការរំលោភបំពានសិទ្ធិគ្រប់បែបយ៉ាងពីសំណាក់ម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិចនោះទេ។
អ្នកស្រីថ្លែងថា៖«ករណីបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ពួកយើងក្នុងព្រឹត្តិការណ៍ថ្ងៃ៣មករា ២០១២ មិនទាន់មានដំណោះស្រាយនៅឡើយទេ ប៉ុន្តែអ្នកស្រី ទឹម សាក់មុន្នី ដែលចេញមុខតវ៉ា ជំនួសកូនប្រុសគាត់ដែលជាជនពិការត្រូវបានគេចាប់ដាក់គុក ដោយចោទប្រកាន់ទាំងអយុត្តិធម៌»។
ទោះជាបែបណាក្ដី ក្រោយពីគ្មានមន្ត្រីណាមួយក្នុងស្ថាប័ននេះ អើពើចំពោះការស្រែកតវ៉ាទាមទាររបស់ពួកគេ ក្រុមអ្នកតវ៉ាទាំងនេះ បាននាំគ្នាដើរត្រឡប់មកប្រមូលផ្ដុំនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលខ្មែរ ឲ្យជួយដោះលែងសមាជិកសកម្មរបស់ពួកគេ។ នៅទីនោះស្ត្រីម្នាក់ ក្នុងចំណោមក្រុមអ្នកតវ៉ាទាំងនោះ បានដួលសន្លប់ បន្ទាប់ពីអាការៈជំងឺខ្សោយបេះដូងរបស់នាង បានរើឡើងវិញ។
No comments:
Post a Comment
yes