បច្ចុប្បន្នមានហាងកាហ្វេវៀតណាមជាច្រើន កំពុងតែដំណើរការនៅក្នុងប្រទេសកម្ពុជា ជាពិសេស រាជធានីភ្នំពេញ។ កាលពីមុនហាងកាហ្វេជាទីកន្លែងសំរាប់មនុស្សចាស់ជជែកពីនេះពីនោះ ប៉ុន្តែនៅពេលនេះ ហាងកាហ្វេវៀតណាមពេញនិយមសម្រាប់យុវជនក្មេងៗកម្ពុជា។
ដើម្បីប្រកួតប្រជែងទីផ្សារលក់កាហ្វេនៅកម្ពុជា ថៅកែវៀតណាម បានចំណាយដើមទុនជាច្រើន មករកស៊ីលក់កាហ្វេនៅក្នុងប្រទេសកម្ពុជា ដោយជួលស្ត្រីវៀតណាមក្មេងៗ ឲ្យមករត់តុ យ៉ាងហោចណាស់ ហាងមួយមានក្រុមស្ត្រីក្មេងៗយ៉ាងតិច៥នាក់ ដែលស្លៀកសំលៀកបំពាក់ខ្លីៗ ដើម្បីទាក់ទាញអារម្មណ៍យុវវ័យកម្ពុជា។
បុគ្គលិករត់តុនៅហាងកាហ្វេមួយ ស្ថិតនៅជិតផ្លូវបំបែកចំការដូង អាយុ២០ឆ្នាំ ឲ្យដឹងថា អ្នកដែលធ្វើការនៅទីនោះ ក្នុងម្នាក់យ៉ាងហោចណាស់ទទួលបានប្រាក់ខែពីប៉ែតសិបប្រំា (85$) រហូតដល់មួយរយម្ភៃ(120$)ដុល្លារអាមេរិក។ បុគ្គលិកនោះ បន្តថា ការរកស៊ីនោះមានក្រុមហ៊ុនកាហ្វេនៅប្រទេសវៀតណាមផ្តល់ជាតុ ឬទូរទស្សន៍ឲ្យផងដែរ ប៉ុន្តែថៅត្រូវបង់រំលួសប្រាក់ជារៀងរាល់ខែឲ្យក្រុមហ៊ុនវិញ ៖”ពាក្យថាបង់រំលោះដូចយើងទិញរបស់អីមួយអញ្ចឹងយើងអត់មានលុយយើងបង់ម្ដងបន្តិចៗ ដាច់លុយជាកម្មសិទ្ធិរបស់យើងហើយ។ គេឲ្យកៅអីទូរទស្សន៍ឲ្យមកហាង។អូ! អាហ្នឹងគេមានក្រុមហ៊ុនគេ”។
ហាងកាហ្វេវៀតណាមមួយនៅក្បែរស្ទឹងមានជ័យ មានស្ត្រីវៀតណាមក្មេងៗស្លៀកពាក់ខ្លីៗ និងមានសាច់ពណ៌សៗ អ្នកទំាងនោះបានអង្គុយនៅខាងមុខហាងកាហ្វេដើម្បីទទួលភ្ញៀវ។ អ្នកដែលធ្លាប់ចូលហូបនៅហាងកាហ្វេមួយនេះ តែងតែអះអាងថា ហាងកាហ្វេនេះក៏មានបម្រើផ្លូវភេទផងដែរ។
យុវវ័យឈ្មោះ ពេញ ប៉ា អាយុ ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១ ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យយុវវ័យទៅផឹកកាហ្វេវៀតណាមនោះ ដោយសារនៅក្នុងហាងនោះ មានស្ត្រីវៀតណាមដែលមានសម្រស់ស្រស់ស្អាត ទាក់ទាញភ្ញៀវឲ្យចូលផឹកកាហ្វេនៅហាងនោះ។ លោកថា លោកមិនហូបបាយក៏បានឲ្យតែបានផឹកកាហ្វេ ៖ "និយាយទៅចង់ឲ្យខ្ញុំទៅ កន្លែងនោះរាល់ថ្ងៃម៉ង ចង់ឲ្យខ្ញុំទៅម៉ង មានភាពទាក់ទាញខ្លាំងមានមែន។ ជួនកាល អត់បាយឲ្យតែបានផឹកកាហ្វេ ស្លៀកខ្លី បញ្ចេញសាច់ខ្ចីឲ្យយើងមើល។ ខ្ញុំនៅស្រុក ខ្ញុំអត់ដែលឃើញ ដ៏តែបានឃើញទាក់ទាញ។កាលមុនខ្ញុំធ្លាប់ផឹកកាហ្វេខ្មែរយើងអត់មានអញ្ចឹង។ដ៏ផឹកកាហ្វេហ្នឹងធ្វើឲ្យយើងទាក់ទាញមែនទែន”។
លោក ពេញ សុខគា អាយុ៣៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុបនៅភូមិឬស្សី រាជធានីភ្នំពេញ និយាយថា គាត់ផឹកកាហ្វេខ្មែរពីរដងក្នុងមួយថ្ងៃ លោកថានេះជាចំណង់ចំណូលចិត្តរបស់គាត់។ លោកកត់សំគាល់ថា នៅពេលអនាគតខ្មែរប្រហែលជាមិនអាចប្រកួតប្រជែងទីផ្សារជាមួយវៀតណាមបាននោះទេ។ ម្យ៉ាងទៀតខ្មែរនឹងជួបបញ្ហាប្រឈមបិទហាងរបស់ខ្លួនផងដែរ ៖”អត់ដែលទេ ខ្ញុំហូបតែម៉ូយខ្មែរលក់ទេ គឺប្រចាំថ្ងៃក្នុងពេលព្រឹកមួយកែវធម្មតាដល់ពេលថ្ងៃត្រង់មួយកែវទៀតទៅ។ អាហ្នឹងវាអត់មានចំណាប់អារម្មណ៍មកពីការទាក់ទាញ គ្មានក្មេងស្រីស្អាត ឬមិនស្អាតទេ គឺអានេះចំណង់ចំណូលចិត្តរបស់យើង ហើយណាមួយសំខាន់ថ្វីដៃអ្នកឆុង”។
ក្នុងអំឡុងពេលប្រជាជនវៀតណាម បានធ្វើចំណាកស្រុកមកកាន់កម្ពុជា គឺប្រជាជនកម្ពុជាកំពុងតែខ្វះការងារ បាត់បង់ការងារ ហើយមិនមានឱកាសរកប្រាក់ដូចមុនទេ។
ម្ចាស់ហាងកាហ្វេខ្មែរម្នាក់ឈ្មោះ ស្រី ស អាយុ២៧ឆ្នំា នៅភូមិឬស្សី និយាយថា គាត់លក់មិនសូវដាច់នោះទេ ដោយសារតែកន្លែងរបស់គាត់មិនមានបុគ្គលិកស្រីៗ ដូចហាងវៀតណាម ៖”ថាលក់ដូចគេ មានស្រីមានអីអញ្ចឹង ខ្ញុំដឹងតែប៉ះជើងហើយ ខ្ញុំលក់មួយថ្ងៃបានតែពីរម៉ឺនមួយម៉ឺនជាង អាហ្នឹងទាន់គិតថ្លៃទឹកកកផង ផ្ទះខ្លួនឯងផង។ គេមានស្រីទឹកភ្លើង LCD អីទៀតខ្ញុំដឹងតែប៉ះជើងហើយ ។គេវិញខ្ញុំមិនដឹងដែរ មិនដឹងគេរបៀបម៉េចផង” ។
ជាងផ្សារដែក លោក ប៉ុន រិទ្ធិ អាយុ៣០ឆ្នាំ កត់សំគាល់ថា យុវវ័យមួយចំនួននឹងជួបផលពិបាកនៅពេលអនាគត ប្រសិនបើគាត់យកពេលសិក្សាទៅផឹកកាហ្វេ។ លោកកត់សំគាល់ថា ថៅកែវៀតណាមមានហាងច្រើនកន្លែង ហើយបុគ្គលិកមានការផ្លាស់ប្តូរគ្នាទៅវិញទៅមកទៀតផង។
ម្ចាស់ហាងខ្មែរម្នាក់ទៀតអ្នកស្រី ម៉ៅ និយាយថា កាហ្វេដែលគាត់លក់ គឺយកពីខេត្តរតនៈគិរី និងឡាវ ហើយគាត់លក់ចំណេញបានតិចតួច សំរាប់តែកូនទៅរៀនប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា ជនជាតិវៀតណាមតែងតែមកហាងរបស់គាត់ ដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យទិញកាហ្វេនោះលក់បន្ត ហើយក្រុមហ៊ុននឹងមានកៅអី តុ ឲ្យផងដែរ ប៉ុន្តែអ្នកស្រីមិនព្រមទិញនោះទេ ៖”សួរចុះឡើងបងឯងជួយសាកកាហ្វេនេះមួយ ចាំខ្ញុំទិញកៅអីតុអីដាក់ឲ្យ ។កូពីជាក្រដាសប៉ុណ្ណឹងមានតុប៉ុន្មានកៅអីប៉ុន្មាន ហើយមានរង្វាន់ទៀត ។ចង់និយាយថា មួយខែពីរបីខែគេសរ៉ុបយើងយកប៉ុន្មានគីឡូអញ្ចឹង គេនឹងផ្ដល់រង្វាន់ឲ្យយើងទៀត តែយើងមិនដឹងថារង្វាន់អីទេ។ខ្ញុំមិនដែលទេ ខ្ញុំមិនដែលរវីរវល់ ចែកចេះតែយកទុកទៅ តែខ្ញុំអត់ប្រើ។ក្រោយមកវាចេះតែមកសួរយើងដែរ គិតម៉េចប្រាកដថាស្អែកយករបស់គេអត់?ខ្ញុំថាអត់”។
វាគឺជាការលំបាកបំផុត នៅពេលដែលហាងកាហ្វេបានកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាជាច្រើនមិនមានការងារធ្វើ ប៉ុន្តែពួកគេនៅតែត្រូវចំណាយពេល និងប្រាក់កាសសម្រាប់ទិញកាហ្វេ និងមើលស្រ្តីវៀតណាមក្មេងៗ។
ទោះជាយ៉ាងណា ប្រធានការិយាល័យស៊ើបអង្កេតនាយកដ្ឋានអន្តោប្រវេសន៍ លោក កុសល មុន្នី មានប្រសាសន៍ថា គាត់មិនបានដឹងពីជនអន្តោប្រវេសន៍ចូលក្នុងប្រទេសកម្ពុជាទេ ៖”ខ្ញុំអត់ដឹងទេអារឿងអីណា វៀតណាមចូលណាខ្ញុំអត់ដឹងទេ ។ខ្ញុំអត់ដឹងដែរនេះ ។ខ្ញុំអត់ដឹងមែនឲ្យខ្ញុំឆ្លើយថាម៉េច ។បាទ!ចៅអាចជួយទាក់ទងវាចូលតាមណា សួរគេខាងហ្នឹងទៅ ខ្ញុំនៅក្នុងភ្នំពេញដែរខ្ញុំម៉េចដឹង។បាទ!ខ្ញុំអត់មាន ខ្ញុំអត់ដឹង អូ! អត់ដឹងមែន” ។
អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក កែម ឡី កត់សំគាល់ថា ការអនុវត្តច្បាប់សញ្ជាតិ និងច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍នៅខ្វះចន្លោះនៅឡើយ ជាហេតុធ្វើឲ្យជនជាតិមកជំនួសមុខរបរពីប្រជាពលរដ្ឋខ្មែរផងដែរ ៖” យើងព្រួយបារម្មណ៍ បញ្ហាហ្នឹងជិត២០ឆ្នាំហើយ គឺដោយសារតែរដ្ឋាភិបាលមិនបានគ្រប់គ្រងឲ្យបានច្បាស់លាស់អំពីច្បាប់ពីរ។ ទីមួយគេហៅថាច្បាប់សញ្ជាតិ។ ទីពីរគេហៅថាច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ដែលចូលមកនៅស្រុកខ្មែរយើងហ្នឹង។រឿងគ្រប់គ្រងជនអន្តោប្រវេសន៍នេះ និយាយហើយនិយាយទៀត យើងក៏មានការព្រួយបារម្មណ៍ដែរ។ អញ្ចឹងហើយបានជាប្រជាជនខ្មែរយើងធ្វើចំណាកស្រុកច្រើន ដោយសារមានអ្នកមកជំនួសកន្លែងការងាររបស់យើងទាំងរបរ ទាំងរកស៊ី ទាំងក្រុមហ៊ុនផ្សេងៗ”។
លោកបន្តថា យុវជនដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់៣០ឆ្នាំ ជិតមួយលាននាក់ ក្នុងចំណោមបួនលាននាក់់ ដែលមិនបានសិក្សា ហើយកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារពួកគេធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់។
និយាយពីចំនួនហាងកាហ្វេនៅវៀតណាម ដែលកំពុងតែដំណើរការនៅកម្ពុជា នាពេលបច្ចុប្បន្ន គឺមិនមានតួលេខជាក់លាក់នោះទេ។ មន្ត្រីនៅតាមខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ មិនអាចទាក់ទងដើម្បីបានដឹងពីតួលេខនេះឡើយ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា ឲ្យដឹងថា ការធ្វើអាជីវកម្មខ្នាតធំៗ ទើបក្រុមហ៊ុន ឬហាងនោះត្រូវមកចុះបញ្ជីតាមច្បាប់ តែបើហាងតូចៗចុះបញ្ជីត្រឹមតែឃុំ-សង្កាត់ ឬខណ្ឌប៉ុណ្ណោះ។
នៅរយៈពេលចុងក្រោយនេះ ទីតំាងហាងកាហ្វេវៀតណាម ដែលមានស្ត្រីក្មេងៗ នៅទូទំាងប្រទេស ជាពិសេសទំាង៩ខណ្ឌ ក្នុងរាជធានីភ្នំពេញ កំពុងតែធ្វើឲ្យយុវវ័យដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់៣០ឆ្នាំ ភាគច្រើន ពួកគេចាប់ចិត្ត ហើយក៏មានយុវជនខ្មែរជាច្រើន បានយកហាងកាហ្វេទំាងនោះ ជាកន្លែងគេចវេះពីសាលាផងដែរ៕
No comments:
Post a Comment
yes