សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

ខុមហ្វ្រែល​ចេញ​របាយការណ៍​រិះគន់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត


ភ្នំពេញៈ អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម ហ្វ្រែល បាន​ចេញ​របាយការណ៍​បឋម​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ស្តី​ពី​ការ​ចុះ​ឈ្មោះ​អ្នក បោះឆ្នោត ដោយ​បាន​រិះគន់​ថា ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត មាន​ភាព​មិន​ប្រក្រតី​ខ្លះ ហើយ​បាន​បន្ទោស​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) ថា​ខ្វះ​ការ​ទទួល​ខុស​ត្រូវ។
ផ្អែក​តាម​របាយការណ៍ ដែល​ភ្នំពេញ ប៉ុស្តិ៍​ ទទួល​បាន​ម្សិលមិញ COMFREL អះអាង​ថា ឃុំ​ជិត​២៥០ ដែល​ខ្លួន​ដាក់​ភ្នាក់ងារ​សង្កេត​ការណ៍ បាន​រក​ឃើញ​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ទេ ដែល​មាន​មេ​ឃុំ/​ចៅ​សង្កាត់​ ជាក្រុម​ប្រឹក្សា​ឃុំ/សង្កាត់​ បាន​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​ក៏​បាន​ដាក់​ពង្រាយ​ក្រុម​សង្កេត​ការណ៍​របស់​ខ្លួន​ផង​ដែរ។
របាយការណ៍​កត់​សម្គាល់​ថា ៖​«សមាជិក​ក្រុម​ប្រឹក្សា​មកពី​បក្ស​ប្រឆាំង​ត្រូវ​គេ​រារាំង​មិន​ឲ្យ​ ចូល​រួម​ដំណើរ​ការ​ចុង​ក្រោយ​បំផុត​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ព្រោះ សមាជិក​ទាំង​នេះ មិន​បាន​ទៅ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេត​ការណ៍​»។

ខុម ហ្វ្រែល​បញ្ជាក់​ថា បក្ស​ប្រឆាំង​សមរង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស មាន​តំណាង ២៩៥៥​នាក់ ដែល​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ គួរ​តែ​មាន​តួនាទី​ ក្នុង​ការ​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត ដើម្បី​ធានា​ថា​មន្រ្តី​ទទួល​ខុស​ត្រូវ​ការងារ​នេះ បាន​អនុវត្ត​ត្រឹម​ត្រូវ​ស្រប​​តាម​ច្បាប់​និង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ ដែរ​ទេ។
ខុម ហ្វ្រែល​រក​ឃើញ​ថា មាន​ឃុំសង្កាត់​ ចំនួន​៥​ មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ មាន​រាជធានី​ភ្នំពេញ ខេត្ត​ប៉ៃលិន ​កណ្តាល កោះកុង និង​ខេត្ត​​សៀម​រាប​។ របាយការណ៍​នេះថា ​ឃុំ-សង្កាត់​ទាំង​នោះ​ មិន​បំពេញ​តួនាទី​ខ្លួន​ឲ្យ​បាន​សម​ស្របទេ​។ មន្រ្តី​ខ្លះ មិន​បាន​បំពេញ​ភារកិច្ច​ចុះ​ឈ្មោះ​ប្រជា​ពលរដ្ឋ ហើយ​ធ្វើ​ឲ្យ​បាត់​ឈ្មោះ​​ពលរដ្ឋ​ជាច្រើន​។ ​សម្រាប់​ខេត្ត​រតន​គិរី​វិញ​ខុម ហ្វ្រែល​រក​ឃើញ​ថា នៅ​ឃុំ​ម៉ាលិក ស្រុក​អន្លង់​មាស ស្មៀន​ឃុំ ​បាន​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​ដែល​មក​ចុះ​ឈ្មោះ​ចាប់ពី​២​ពាន់​រៀល​ ដល់​១​ម៉ឺន​រៀល សម្រាប់​មនុស្ស​ម្នាក់ ប៉ុន្តែ​ប្រាក់​នោះ​ត្រូវ​បាន​គេ​ប្រគល់​ឲ្យ​មក​វិញ​ បន្ទាប់​ពី​មាន​​អន្តរាគមន៍​ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ។
អគ្គលេខាធិការ គ.ជ.ប.លោក ទេព នីថា ច្រាន​ចោល​របាយការណ៍​ខុម ហ្វ្រែល​ថា របាយការណ៍​នេះ​មិន​ពិត ដោយ​សារ​ថា ក្រុម​សង្កេត​ការណ៍​ខុម ហ្វ្រែល យឺតយ៉ាវ​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ទៅ​គ.ជ.ប. សម្រាប់​សង្កេត​ការណ៍​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត ព្រោះ​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ហើយ​ខុម ហ្វ្រែល​ចាប់​ចុះ​សង្កេត​ការណ៍​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ប៉ុន្តែ​របាយការណ៍​នេះ ​រៀបរាប់​ពី​ថ្ងៃ​ទី​១-២ ខែ​កញ្ញា។
លោក ទេព នីថា ថា​ ៖«ខុម ហ្វ្រែល បាន​ទៅ​យក​ប័ណ្ណ​អ្នក​សង្កេត​ការណ៍​ ដែល​ធ្វើ​ការ​ក្នុង​ឃុំ​កាល​ពី​ថ្ងៃ​ទី៦-៧ ខែ​កញ្ញា។ ប៉ុន្តែ​របាយការណ៍​គាត់​លើក​ឡើង​ពី​ថ្ងៃ​ទី​១-២ កញ្ញា តើ​គាត់​បាន​របាយការណ៍​ពី​ណា​? ខ្ញុំ គិត​ថា របាយការណ៍​នេះ​មិន​គួរ​ឲ្យ​ជឿ​ទេ​»។
ទន្ទឹម​គ្នា​នេះ​ដែរ ​គ.ជ.ប បាន​អញ្ជើញ​តំណាង​ស្ថាន​ទូត​ជាង​១០​ប្រចាំ​នៅ​កម្ពុជា​ ចូល​រួម​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​បង្ហាញ​ពី​ព័ត៌មាន​ចុង​ ក្រោយ​បំផុត​អំ​ពី​ការ​កែប្រែ​បញ្ជី​អ្នក​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត ក្នុង​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​។
ថ្លែង​ទៅ​កាន់ តំណាង​ស្ថាន​ទូត​ចំនួន​១៣​ ដែល​រួម​មាន​ស្ថាន​ទូត​អាមេរិក ​អង់គ្លេស បារាំង ... អ្នក​ស្រី ស៊ីន ជុំ​បូរ អនុ​ប្រធាន​គ.ជ.ប ថ្លែង​ថា ​ចាប់​ពី​ឆ្នាំ​២០០២​ ដើម្បី​រៀបចំ​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​និង​ការ​ចុះ​ឈ្មោះ​អ្នក​ បោះឆ្នោត ​ប្រចាំ​ឆ្នាំ​ គ.ជ.ប. ​បាន​ផ្ទេរ​អំណាច​ទៅ​ឲ្យ ក្រុម​ប្រឹក្សា​គ្រប់​ឃុំ-សង្កាត់ ស្មៀន និង​ជំនួយ​ការ​ចាត់​តាំង​ធ្វើ​ការងារ​នេះ។
អ្នក​ស្រី បន្ដថា ៖ «គោលបំណង​(នៃ​កិច្ច​ប្រជុំ​)​ដែល​បាន​ធ្វើ​នៅ​ព្រឹក​នេះ ដើម្បី​ប្រាប់​សហគមន៍​អន្តរជាតិ​ថា ​ពួក​គេ​កំពុង​តែ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​យើង ហើយ​ចង់​ដឹង​អំពី​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​របស់​យើង​»៕ 

No comments:

Post a Comment

yes