សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 24, 2012

ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​តាកែវ​ថា​បើក​ដៃ​ឲ្យ​វៀតណាម​ចូល​នេសាទ​នៅ​កម្ពុជា


ប្រជា​នេសាទ​នៅ​ស្រុក​អង្គរបុរី និង​ស្រុក​បូរីជលសារ ខេត្ត​តាកែវ បាន​ចោទ​អាជ្ញាធរ​ពាក់ព័ន្ធ​មូលដ្ឋាន​នេះ​ថា បាន​អនុញ្ញាត​ឲ្យ​ទូក​នេសាទ​ជន​ជាតិ​វៀតណាម ចូល​នេសាទ​ក្នុង​ដែន​ទន្លេ​កម្ពុជា ជា​ថ្នូរ​ទទួល​ប្រាក់​សំណូក​ប្រចាំ​ខែ។
អ្នក​នេសាទ​ខ្មែរ បាន​ត្អូញត្អែរ​ថា រាល់​ថ្ងៃ​នេះ ពួក​គាត់​មិន​អាច​រក​ត្រី​ដើម្បី​ចិញ្ចឹម​គ្រួសារ​ដូច​បណ្ដា​ឆ្នាំ​មុនៗ​ទៀត​ទេ ព្រោះ​អ្នក​នេសាទ​វៀតណាម បាន​ចូល​មក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​អនាធិបតេយ្យ ប៉ុន្តែ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់ស្កាត់​ទេ។
ប្រជា​នេសាទ​រស់នៅ​ស្រុក​អង្គរបុរី និង​ស្រុក​បូរីជលសារ ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​តាកែវ បាន​បើក​ដៃ​ឲ្យ​ឈ្មួញ​នេសាទ​វៀតណាម ចូល​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ តាម​ឃុំ​ជាប់​ព្រំដែន​កម្ពុជា និង​វៀតណាម យ៉ាង​អានាធិបតេយ្យ។

ប្រជា​នេសាទ​ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា បទល្មើស​ទូក​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ អាច​ចូល​មក​នេសាទ​ក្នុង​ដែន​ទន្លេ​កម្ពុជា ទៅ​បាន ដោយ​សារ​តែ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​តាកែវ ពី​ថ្នាក់​មូល​ដ្ឋាន​ដល់​ថ្នាក់​ខេត្ត។
ពលរដ្ឋ​បាន​ចោទ​អាជ្ញាធរ​គ្រប់​ជំនាញ ជា​អ្នក​បើក​ដៃ​ឲ្យ​ឈ្មួញ​នេសាទ​វៀតណាម អាច​ប្រើ​ឧបករណ៍​នេសាទ និង​អាច​ចូល​នេសាទ​ក្នុង​ទឹកដី​កម្ពុជា។ ពលរដ្ឋ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ ទោះ​បី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​រំសាយ​ឡូត៍​នេសាទ មាន​ដូច​ជា​ឡូត៍​លេខ​៥ និង​ឡូត៍​លេខ​១១ ក៏​អាជ្ញាធរ​ពាក់ព័ន្ធ មាន​មន្ត្រី​ជលផល​ជាដើម មិន​អនុញ្ញាត​ឲ្យ​អ្នក​នេសាទ​ខ្មែរ ចូល​នេសាទ​ក្នុង​ឡូត៍​កាត់​រំសាយ​នេះ​ទេ ដោយ​យក​ឡូត៍​កាត់​រំសាយ​របស់​ប្រមុខ​ដឹកនាំ​លក់​បន្ត​ឲ្យ​ឈ្មួញ​នេសាទ​វៀតណាម ធ្វើ​របរ​នេសាទ​ទៅ​វិញ។
ទាក់​ទិន​បញ្ហា​នេះ លោក ស្រី បេន អភិបាល​ខេត្ត​តាកែវ ធ្លាប់​បាន​បដិសេធ​ថា គ្មាន​ជន​អន្តោប្រវេសន៍​ជន​ជាតិ​វៀតណាម ចូល​មក​ប្រទេស​កម្ពុជា ដូច​ពលរដ្ឋ​ចោទ​ទេ ហើយ​ថា​ករណី​បទល្មើស​នេសាទ មិន​មែន​ជា​សមត្ថកិច្ច​របស់​លោក​ត្រូវ​ដោះស្រាយ​ទេ ព្រោះ​បទល្មើស​នេះ​ជា​សមត្ថកិច្ច​របស់​រដ្ឋបាល​ជល​ផល។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​ជលផល​ខេត្ត​តាកែវ ដើម្បី​បំភ្លឺ​ជុំវិញ​បទល្មើស​នេសាទ​ដែល​កំពុង​កើត​មាន​ក្នុង​ស្រុក​អង្គរបុរី និង​ស្រុក​បូរីជលសារ បាន​ទេ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី២៤ ខែ​តុលា។
ទោះ​យ៉ាង​ណា លោក ម៉ៅ សុផល សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ បាន​ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​របស់​ជន​ជាតិ​វៀតណាម ពិត​ជា​កំពុង​ធ្វើ​សកម្មភាព និង​ប្រើ​ឧបករណ៍​នេសាទ ដែល​ច្បាប់​កម្ពុជា បាន​ហាម​ឃាត់​ពិត​មែន។ លោក​ថា បទល្មើស​នេសាទ​អាច​ធ្វើ​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​អង្គរបុរី និង​ស្រុក​បូរីជលសារ ដោយ​សារ​អាជ្ញាធរ​មូលដ្ឋាន និង​ផ្នែក​ពាក់ព័ន្ធ​ជា​អ្នក​អនុញ្ញាត​ជា​ថ្នូរ​ទទួល​បាន​លាភសក្ការៈ​ជាដើម។
ប្រជា​នេសាទ​ខ្មែរ បាន​ឲ្យ​ដឹង​ថា បទល្មើស​នេសាទ​របស់​ជន​ជាតិ​វៀតណាម អាច​ធ្វើ​សកម្មភាព​ក្នុង​ស្រុក​បូរីជលសារ និង​ស្រុក​អង្គរបុរី ខេត្ត​តាកែវ ទៅ​បាន ដោយ​សារ​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន ដល់​ថ្នាក់​ខេត្ត ជា​អ្នក​អនុញ្ញាត ទើប​បទល្មើស​អាច​ធ្វើ​សកម្មភាព និង​គ្មាន​ការ​ហាម​ឃាត់៕

No comments:

Post a Comment

yes