មន្ត្រីក្រសួងបរិស្ថាន មន្ត្រីសហគមន៍មូលដ្ឋាន និងក្រុមនិស្សិតស្រាវជ្រាវបរិស្ថាន នៅថ្ងៃទី២៤ ខែតុលា បានជួបប្រជុំគ្នាដើម្បីពិភាក្សាសំខាន់ផ្ដោតលើផលប៉ះពាល់បរិស្ថាន និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរជនជាតិភាគតិច នៅតាមដងទន្លេសេសាន ខេត្តរតនគិរី ដោយសារទំនប់វារីអគ្គិសនីរបស់វៀតណាម ឈ្មោះ យ៉ាលី (Yali)។
ក្រុមនិស្សិតស្រាវជ្រាវបរិស្ថាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមន្ត្រីសហគមន៍មូលដ្ឋាននៅខេត្តរតនគិរី បានរកឃើញថា ទំនប់វារីអគ្គិសនីរបស់វៀតណាម ឈ្មោះ យ៉ាលី បានបង្កឲ្យមានផលប៉ះពាល់បរិស្ថាន និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាច្រើន នៅតាមដងទន្លេសេសាន ខេត្តរតនគិរី កន្លងមក។
ផលប៉ះពាល់ទាំងនោះមានដូចជា ទឹកទន្លេសេសាន ល្អក់ មានជាតិពុល និងមានពពុះទឹក។ ទឹកទន្លេសេសាន ឡើង និងស្រកខុសពីធម្មតាចំនួន ២ឬ ៣ដងក្នុងមួយឆ្នាំ ដែលបណ្ដាលឲ្យខូចខាតដំណាំស្រូវ ចម្ការ និងត្រីងាប់ជាច្រើន ព្រមទាំងបំផ្លាញជម្រកត្រីពងកូនជាដើម។
បន្ថែមលើនេះទៀត ប្រជាពលរដ្ឋជនជាតិភាគតិចមួយចំនួន បានបង្ខំចិត្តផ្លាស់ទីលំនៅ និងមានគ្រោះរាំងស្ងួតខុសធម្មតា។ ចំណែកឯប្រព័ន្ធផ្តល់ព័ត៌មានពីភាគីវៀតណាម មកកម្ពុជា នៅពេលបង្ហួរទឹកចំនួន ១ពាន់ម៉ែត្រគូបក្នុង១វិនាទី គឺបានធ្វើឡើងភ្លាមៗមុនពេលបង្ហូរទឹក ហើយព័ត៌មាននោះជាភាសាវៀតណាម ត្រូវបកប្រែមកជាភាសាខ្មែរបន្ថែមទៀត នៅមុនពេលផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរ។
និស្សិតម្នាក់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឈ្មោះ ឡោ រស្មី បានចុះទៅសិក្សាស្រាវជ្រាវជាមួយនិស្សិតជាច្រើននាក់ទៀត អំពីផលប៉ះពាល់លើបរិស្ថាននៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ភាគឥសានកម្ពុជា រយៈពេល ១ឆ្នាំកន្លងមកនេះ ថ្លែងថា ប្រជាពលរដ្ឋជនជាតិភាគតិចនៅទីនោះ រស់នៅក្នុងភាពភ័យខ្លាច ចំណែកឯប្រព័ន្ធផ្តល់ព័ត៌មានពីភាគីវៀតណាម មិនមានប្រសិទ្ធភាពទេកន្លងមក៖ «ទោះបីជាកម្ពុជា ស្នើសុំឲ្យខាងវៀតណាម ហ្នឹង ផ្តល់ព័ត៌មានយ៉ាងហោចណាស់បាន ២សប្តាហ៍មុនដែរ។ អ៊ីចឹង ដំណើរការផ្តល់ព័ត៌មានហ្នឹង មានរយៈពេលយូរ ប៉ុន្តែខាងវៀតណាម នៅតែផ្តល់ព័ត៌មានមកពេលខ្លះ អាចនិយាយបានថា ផ្តល់ព័ត៌មាននៅថ្ងៃហ្នឹង បើកស្អែក (បង្ហូរទឹក) ឬក៏ផ្តល់ព័ត៌មានថ្ងៃហ្នឹង បើកថ្ងៃហ្នឹងតែម្តង។ យើងឃើញថា ភាពក្នុងការយោគយល់គ្នា ឬភាពសហការគ្នាហ្នឹង នៅមានកម្រិតនៅឡើយ»។
ជាមួយគ្នានេះដែរ មន្ត្រីសហគមន៍មូលដ្ឋាននៅខេត្តរតនគិរី លោក មៀច មាន បានមានប្រសាសន៍ថា ផលប៉ះពាល់លើបរិស្ថាន និងជីវិតរស់នៅរបស់ជនជាតិភាគតិចនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កន្លងមក គឺហួសពីការស្មាន៖ «ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០០ ឬឆ្នាំ២០០១ ២០០២ គឺកម្រិតទឹកចុះឡើងខុសពីធម្មតា ហើយនិងជាពិសេស នៅរដូវវស្សា ទឹកជំនន់ខុសប្រក្រតី»។
ទាក់ទងនឹងបញ្ហាទំនប់វារីអគ្គិសនី ឈ្មោះ យ៉ាលី របស់វៀតណាម នោះ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន លោក ខៀវ ម៉ុត និងជារដ្ឋមន្ត្រីស្តីទី មិនបានមានប្រសាសន៍ទេ អំពីផលប៉ះពាល់នោះ ប៉ុន្តែលោកបានមានប្រសាសន៍ថា ថាមពលអគ្គិសនីផលិតដោយទំនប់វារីអគ្គិសនី គឺជាថាមពលស្អាត។
គេមិនបានឃើញមានមន្ត្រីតំណាងស្ថានទូតវៀតណាម មកចូលរួមក្នុងកិច្ចពិភាក្សានេះទេ នៅថ្ងៃទី២៤ ខែតុលា។
ការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ប្រទេសវៀតណាម បានសាងសង់ទំនប់វារីអគ្គិសនី ឈ្មោះ យ៉ាលី នោះតាំងពីឆ្នាំ១៩៩៣ និងបញ្ចប់ការសាងសង់នោះនៅឆ្នាំ១៩៩៩។ ទំនប់វារីអគ្គិសនីនោះ មានកម្លាំង ៧២០មេហ្គាវ៉ាត់ (MW) នៅទន្លេសេសាន ភាគខាងលើកម្ពុជា និងមានចម្ងាយពីព្រំដែនកម្ពុជា ចំនួន ៨០គីឡូម៉ែត្រ។
ការសិក្សាស្រាវជ្រាវបានរកឃើញទៀតថា ផលប៉ះពាល់បរិស្ថាននៅចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០ កន្លងទៅនេះ មានដូចជា ប្រជាពលរដ្ឋខ្មែរចំនួន ៣២នាក់បានស្លាប់ ដោយសារទឹកជំនន់ ប្រជាពលរដ្ឋខ្មែរចំនួន ៩៥២នាក់ បានស្លាប់ដោយសារពុលទឹក និងសត្វគោក្របីមួយចំនួន បានងាប់ដោយសារពុលទឹកទន្លេសេសាន នោះ៕
No comments:
Post a Comment
yes