សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 9, 2012

នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ចិន​បង្កើន​គុណភាព​សាងសង់​ផ្លូវ​និង​ស្ពាន


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ ខែ​តុលា បាន​បើក​ការដ្ឋាន​សាងសង់ និង​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ប្រវែង​ជាង ៣០គីឡូម៉ែត្រ ចាប់​ពី​ស្ពាន​ជ្រោយចង្វា ដល់​ព្រែក​ក្តាម ជាយ​ទីក្រុង​ភ្នំពេញ។
RFA/Sok Serey
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ) និង​ឯកអគ្គ​រដ្ឋទូត​ចិន លោក ផាន ហ្គួងហ្សេ (Phan Guang Xe) (ឆ្វេង) នៅ​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ៥ នៅ​ព្រែក​ក្ដាម ជាយ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១២។
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ ខែ​តុលា បាន​អំពាវនាវ​សុំ​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ សៀងហៃ គ្រុប (Saing Hai Group) បង្កើន​គុណភាព​សាងសង់​ផ្លូវ​ថ្នល់ និង​ស្ពាន​នានា នៅ​កម្ពុជា ដើម្បី​ប្រើប្រាស់​គង់វង្ស​បាន​យូរ ជៀសវាង​ការ​ខូច​ខាត​ដោយ​ងាយៗ​ក្រោយ​ពី​ការ​សាងសង់​ហើយ។
គម្រោង​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ៥ នោះ គឺ​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង ៥៦​លាន​ដុល្លារ​អាមេរិក ជា​កម្ចី​ឥណទាន​ពី​ប្រទេស​ចិន នៅ​ក្នុង​ចំណោម​កម្ចី​ឥណទាន​សរុប​ចំនួន​ជាង ៤០០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៨ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ កន្លង​ទៅ រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អនុ​ប្រធានាធិបតី​ចិន លោក ស៊ីជិន ពីង (XiJinping) នៅ​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ​ជាង ៥.០០០​នាក់ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​នោះ​ថា យើង​ត្រូវ​ការ​ផ្លូវ​ថ្នល់ និង​ស្ពាន ដែល​មាន​គុណភាព​ជាប់​បាន​យូរ៖ «ព្រោះ​បទពិសោធន៍​មួយ​ដែល​ក្រុមហ៊ុន សៀងហៃ គ្រុប ត្រូវ​បន្ត​ដក​បទពិសោធន៍ គឺ​ការ​កសាង​ផ្លូវ​ជាតិ​លេខ៧ គឺ​ថា​អា​ហ្នឹង គឺ​ធ្វើ​អត់​ជាប់​ទេ។ ប្រហែល​វា​មាន​មូលហេតុ​អ្វី​វា​នៅ​ខាង​ក្រោម ហើយ​ដែល​តម្រូវ​ត្រូវ​យក​ស្តង់ដារ​បែប​ថ្មី។ អា​ហ្នឹង គ្រាន់​តែ​ផ្តល់​អនុសាសន៍​សម្រាប់​ការ​ចរចា​រវាង​ក្រសួង​សាធារណការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​បន្ត​ទៅ​ទៀត​នូវ​គម្រោង​នានា»
ឯកអគ្គ​រដ្ឋទូត​ចិន ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក ផាន ហ្គួងហ្សេ (Phan Gung Xe) បាន​មាន​ប្រសាសន៍​ថា ផ្លូវ​ជាតិ​លេខ៥ នេះ គឺ​ជា​ផ្លូវ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ថៃ៖ «ផ្លូវ​នេះ​មាន​សារសំខាន់​ចំពោះ​ការ​ជំរុញ​របរ​ទេសចរណ៍ វប្បធម៌ និង​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល និង​តំបន់​ជុំវិញ​ទីក្រុង​ភ្នំពេញ។ ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន សៀងហៃ គ្រុប ដែល​គាត់​សាងសង់​ផ្លូវ​ថ្នល់ និង​សាងសង់​ពង្រីក​ផ្លូវ​ជាច្រើន នឹង​ធ្វើ​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជាជន និង​អាជ្ញាធរ​ដែនដី»
ទាក់​ទង​នឹង​គុណភាព​នៃ​ការ​សាងសង់​កន្លង​មក​ដោយ​ក្រុមហ៊ុន​ចិន នោះ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា ការ​ក្រើនរំលឹក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​សញ្ញា​វិជ្ជមាន៖ «ហើយ​រឿង​ទាំង​អស់​ហ្នឹង គឺ​អំពើ​ពុក​រលួយ​តែ​ម្តង។ អំពើ​ពុក​រលួយ​ហ្នឹង ចេញ​ពី​ណា​មក ចេញ​ពី​ស្ថាប័ន​មួយ​ចំនួន។ អីចឹង បើ​លោក​បាន​ដឹង​ជា​ការ​ល្អ ហើយ​ចាត់​វិធានការ​ទៅ ដាក់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​មាន​យន្តការ​ធ្វើ និង​យន្តការ​ត្រួត​ពិនិត្យ ដើម្បី​ធានា​ថា គុណភាព​នៃ​ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​អស់​ហ្នឹង ស្រប​តាម​ស្តង់ដារ»
ប្រជាពលរដ្ឋ​ឈ្មោះ អ៊ំ ជួប អាយុ ៥៣ឆ្នាំ នៅ​សង្កាត់​សំរោង ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​នោះ បាន​និយាយ​ថា លោក​រីករាយ​នឹង​គម្រោង​សាងសង់​នេះ៖ «ធំ​ទៅ​យើង ចិត្ត​យើង​ទូលាយ កុំ​ឲ្យ​ចរាចរណ៍​កក​ស្ទះ។ កន្លង​មក​ផ្លូវ​តូច ឧស្សាហ៍​មាន​គ្រោះថ្នាក់»
កន្លង​មក​ក្រុមហ៊ុន សៀងហៃ គ្រុប (Saing Hai Group) របស់​ចិន បាន​ទទួល​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ៦ ចាប់​ពី​ស្ពាន​ជ្រោយចង្វា ដល់​ផ្លូវ​កែង​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ ក្រុមហ៊ុន សៀងហៃ គ្រុប នោះ ក៏​បាន​ទទួល​ការ​សាងសង់​ដែរ​នូវ​ស្ពាន​ថ្មី​មួយ នៅ​ក្បែរ​ស្ពាន​ជ្រោយចង្វា។
ក្រៅ​ពី​ការ​និយាយ​ផ្ដោត​លើ​ការ​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ៥ នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​សូម​ឲ្យ​មហាសន្និបាត​នៃ​បក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ​នេះ ប្រកប​ដោយ​ជោគជ័យ ដើម្បី​ជ្រើស​រើស​មេ​ដឹកនាំ​ថ្មី​របស់​ចិន៖ «ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ចិន ព្រោះ​កំណើន​នៃ​សេដ្ឋកិច្ច​ចិន វា​នឹង​ផ្តល់​នូវ​ការ​រួម​ចំណែក មិន​ត្រឹម​តែ​ជួយ​ប្រជាជន​ចិន ខ្លួន​ឯង​ទេ គឺ​ជួយ​ដល់​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត»
គណបក្ស​កុម្មុយនីស្ត​ចិន គឺ​មាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នា​ពេល​បច្ចុប្បន្ន​នេះ៕

No comments:

Post a Comment

yes