សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 25, 2012

ការ​ទទួល​ខុស​ត្រូវ​លើ​​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា


ការ​បណ្ដុះ​ធនធាន​មនុស្ស​ជា​កត្តា​សំខាន់​សម្រាប់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ប៉ុន្តែ​ការ​បណ្ដុះ​ធនធាន​មនុស្ស​ដែល​អាច​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​សង្គម​បាន លុះ​ត្រា​តែ​មាន​ប្រព័ន្ធ​អប់រំ​មួយ​ដែល​មាន​គោលដៅ​ច្បាស់លាស់ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។
Photo: RFA
វាគ្មិន​កិត្តិយស​ដែល​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី លោក កែម ឡី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១២។
សម្រាប់​កម្ពុជា អ្នក​សិក្សា​ស្រាវជ្រាវ​មើល​ឃើញ​ថា ការ​ទទួល​ខុស​ត្រូវ​លើ​គុណភាព​សិក្សា​អប់រំ​នៅ​មាន​កម្រិត ឬ​មាន​គុណភាព​ទាប​នៅ​ឡើយ ប្រើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់។
អ្នក​តាមដាន និង​សិក្សា​ពី​បញ្ហា​អភិវឌ្ឍន៍​សង្គម​បាន​ចង្អុល​បង្ហាញ​ថា ប្រទេស​មួយ​ដែល​មាន​អ្នក​ដឹកនាំ​ដែល​មាន​គុណធម៌ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​មាន​ការ​រីក​ចំរើន​ឆាប់​រហ័ស​ទៅ​បាន​នោះ ត្រូវ​ការ​ជា​ចម្បង គឺ​ធនធាន​មនុស្ស។ ធនធាន​មនុស្ស​នោះ​ទៀតសោត គឺ​ត្រូវ​តែ​ប្រសូត​ចេញ​ពី​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ចំណេះ​ដឹង​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​គុណភាព​ជា​ចម្បង។

ការ​អប់រំ​នៅ​ប្រទេស​កម្ពុជា គេ​ឃើញ​មាន​របៀប​អប់រំ​ពីរ​ជា​សំខាន់ គឺ​ការ​អប់រំ​ក្នុង​ប្រព័ន្ធ និង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ ហើយ​ប្រព័ន្ធ​ទាំង​ពីរ​នេះ ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ស្មើ​គ្នា ដោយ​រដ្ឋ​ជា​អ្នក​ដើរ​តួ​យ៉ាង​សំខាន់​លើ​បញ្ហា​នេះ។
ទាក់ទង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ទទួល​ខុស​ត្រូវ​លើ​ការ​អប់រំ​នៅ​កម្ពុជា នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ។ លោក​ថា ជា​រូបភាព​ខាង​ក្រៅ​គេ​ឃើញ​មាន​សាលា ឬ​សកល​វិទ្យាល័យ​ច្រើន មាន​អ្នក​ចូល​រៀន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ប៉ុន្តែ​សិស្ស​ទាំង​នោះ​មិន​ប្រាកដ​ថា នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​រហូត​ពេល​រៀន​ចប់​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​នោះ​គេ​នឹង​បាន​ទទួល​ការងារ​ធ្វើ ឬ​ក៏​យ៉ាងណា។
លោក​បន្ត​ថា អ្នក​គ្រប់គ្រង​លើ​វិស័យ​នេះ​ក៏​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដែរ ទាក់ទង​នឹង​ការ​តម្រង់​ទិស​ដល់​យុវ​សិស្ស​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​មុខ​វិជ្ជា​ដែល​ខ្លួន​បាន​រៀន និង​ចំណង់​ចំណូល​ចិត្ត​របស់​គេ​ទៅ​អនាគត។
ចំណែក​លោក សុខ ទូច ជា​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​សកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ មាន​ប្រសាសន៍​ថា ជា​ការ​លំបាក​មួយ​សម្រាប់​ការ​វាយ​តម្លៃ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​អប់រំ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ផ្នែក​វិទ្យាសាស្ត្រ​ពិត កម្ពុជា​កំពុង​ឈាន​ជំហាន​ក្រោយ​គេ​ឆ្ងាយ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់។
លោក​ថា ការ​អប់រំ​នៅ​កម្ពុជា កំពុង​ទាញ​យក​បរិមាណ​ជាង​គុណភាព ហើយ​ចំពោះ​ការ​សិក្សា និស្សិត​ច្រើន​និយម​រត់​តាម​ទីផ្សារ​ការងារ​ជាង​តាម​ចំណង់​ចំណូល​ចិត្ត ឬ​ទេពកោសល្យ​របស់​ខ្លួន។
លោក​បន្ត​ថា អ្នក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ គឺ​ក្រសួង​អប់រំ ដែល​ជា​ស្ថាប័ន​អាណាព្យាបាល បន្ទាប់​មក​សង្គម​ជាតិ និង​សង្គម​គ្រួសារ ក៏​ចូល​រួម​យ៉ាង​សំខាន់ នោះ​ទើប​ការ​អប់រំ​របស់​យុវជន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ត្រឡប់​មក​វិញ។
មន្ត្រី​ក្រសួង​អប់រំ​ជា​ច្រើន នៅ​ថ្ងៃ​ពុធ ទី​២៤ តុលា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ ដោយសារ​មាន​ភារៈ​រវល់​ច្រើន។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្មីៗ​នេះ បាន​ប្រកាស​ថា នឹង​កែ​ទម្រង់​វិស័យ​អប់រំ​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។
ប្រធាន​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម លោក សន ជ័យ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​វិស័យ​នេះ​ឲ្យ​ច្បាស់លាស់ ដោយ​ត្រូវ​ដាក់​វិស័យ​អប់រំ​ជា​វិស័យ​សំខាន់ ចម្បង​ជា​គេ​ក្នុង​ចំណោម​វិស័យ​ដទៃ​ទៀត។
ក្រុម​អ្នក​ឃ្លាំមើល​លើ​វិស័យ​នេះ បាន​ផ្ដល់​យោបល់​ថា ការ​ទទួល​ខុស​ត្រូវ​នេះ​គេ​ត្រូវ​គិត​តាំង​ពី​ថ្នាក់​ក្រោម​មក រហូត​ដល់​ថ្នាក់​ខ្ពស់​ទើប​ជា​ការ​ប្រសើរ ហើយ​ការ​អប់រំ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​នោះ ត្រូវ​ចាំបាច់​បញ្ចូល​ការ​អប់រំ​​លើ​សីលធម៌​សង្គម​ឲ្យ​បាន​ច្រើន ហើយ​អ្នក​ដឹកនាំ​សង្គម​ត្រូវ​តែ​ទុក​នូវ​គំរូ​ល្អ​សម្រាប់​អ្នក​សិក្សា ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​យល់​ច្បាស់​ពី​តម្លៃ​នៃ​ទំពាំង​ស្នង​ឫស្សី​របស់​ជាតិ​ទៅ​ថ្ងៃ​អនាគត៕

No comments:

Post a Comment

yes